សៀវភៅម៉ាថាយ ៥:១-៤៨
-
សុន្ទរកថានៅលើភ្នំ (១-៤៨)
-
លោកយេស៊ូចាប់ផ្ដើមបង្រៀននៅលើភ្នំ (១, ២)
-
សុភមង្គល៩យ៉ាង (៣-១២)
-
អំបិលនិងពន្លឺ (១៣-១៦)
-
លោកយេស៊ូធ្វើឲ្យច្បាប់បានសម្រេចគ្រប់ជំពូក (១៧-២០)
-
ឱវាទអំពីកំហឹង (២១-២៦) ការផិតក្បត់ (២៧-៣០) ការលែងលះ (៣១, ៣២) ការស្បថ (៣៣-៣៧) ការសងសឹក (៣៨-៤២) ការស្រឡាញ់សត្រូវ (៤៣-៤៨)
-
៥ ពេលលោកឃើញបណ្ដាជន លោកក៏ឡើងលើភ្នំ ហើយអង្គុយចុះ។ រួចពួកអ្នកកាន់តាមបានមកឯលោក។
២ បន្ទាប់មក លោកចាប់ផ្ដើមមានប្រសាសន៍ ហើយបង្រៀនពួកគេថា៖
៣ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!+ ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
៤ «អស់អ្នកដែលមានទុក្ខព្រួយ នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលការសម្រាលទុក្ខ។+
៥ «អស់អ្នកដែលមានចិត្តស្លូតបូត* នោះមានសុភមង្គលហើយ!+ ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក។+
៦ «អស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត នោះមានសុភមង្គលហើយ!+ ពីព្រោះអ្នកទាំងនោះនឹងបានឆ្អែតស្កប់ស្កល់។+
៧ «អស់អ្នកដែលមានចិត្តមេត្តាករុណា នោះមានសុភមង្គលហើយ!+ ពីព្រោះអ្នកទាំងនោះក៏នឹងទទួលសេចក្ដីមេត្តាករុណាដែរ។
៨ «អស់អ្នកដែលមានចិត្តបរិសុទ្ធ នោះមានសុភមង្គលហើយ!+ ពីព្រោះអ្នកទាំងនោះនឹងឃើញព្រះ។
៩ «អស់អ្នកដែលធ្វើឲ្យមានសន្តិភាព នោះមានសុភមង្គលហើយ!+ ពីព្រោះអ្នកទាំងនោះនឹងត្រូវហៅថាកូនព្រះ។
១០ «អស់អ្នកដែលត្រូវគេបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ!+ ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
១១ «នៅពេលដែលមនុស្សតិះដៀល+ បៀតបៀន+ និងនិយាយរឿងអាក្រក់គ្រប់បែបយ៉ាងដើម្បីបង្កាច់បង្ខូចអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!+
១២ ពីព្រោះពួកអ្នកប្រកាសទំនាយនៅសម័យមុន ក៏ធ្លាប់ត្រូវគេបៀតបៀនដូចអ្នករាល់គ្នាដែរ។+ ហេតុនេះ ចូរសប្បាយ ហើយត្រេកអរចុះ!+ ពីព្រោះអ្នករាល់គ្នាមានរង្វាន់+យ៉ាងធំនៅស្ថានសួគ៌។
១៣ «អ្នករាល់គ្នាជាអំបិលនៃផែនដី។+ ប៉ុន្តែ ប្រសិនបើអំបិលបាត់បង់ជាតិប្រៃ តើធ្វើដូចម្ដេចឲ្យមានជាតិប្រៃឡើងវិញបាន? អំបិលនោះនឹងគ្មានប្រយោជន៍អ្វីសោះ គឺសមតែបោះចោល+ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។
១៤ «អ្នករាល់គ្នាជាពន្លឺបំភ្លឺពិភពលោក។+ ក្រុងមួយដែលស្ថិតនៅលើភ្នំ គឺមិនកំបាំងពីភ្នែកមនុស្សឡើយ។
១៥ មនុស្សមិនដែលអុជចង្កៀង រួចដាក់ក្រោមកញ្ឆេ*ឡើយ តែពួកគេដាក់លើជើងចង្កៀងវិញ ដើម្បីបំភ្លឺផ្ទះទាំងមូល។+
១៦ ដូចគ្នាដែរ ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នករាល់គ្នា។+ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នករាល់គ្នាដែលនៅស្ថានសួគ៌+ ពេលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត។+
១៧ «កុំគិតស្មានថា ខ្ញុំបានមកដើម្បីបំផ្លាញច្បាប់* ឬសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយឡើយ។ ខ្ញុំមិនបានមកដើម្បីបំផ្លាញនោះទេ តែខ្ញុំមកដើម្បីធ្វើឲ្យច្បាប់ និងសេចក្ដីបង្រៀនទាំងនោះបានសម្រេចវិញ។+
១៨ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ទោះជាមេឃនិងផែនដីបាត់សូន្យទៅក៏ដោយ ក៏សញ្ញាបន្តក់មួយក្នុងច្បាប់នឹងមិនបាត់សូន្យឡើយ ទាល់តែច្បាប់ទាំងមូលបានត្រូវសម្រេចគ្រប់ជំពូក។+
១៩ ហេតុនេះ សូម្បីតែបញ្ញត្ដិដែលមនុស្សចាត់ទុកថាមិនសូវសំខាន់ តែបើអ្នកណាល្មើសបញ្ញត្ដិនោះ ហើយបង្រៀនអ្នកឯទៀតឲ្យធ្វើដូច្នោះ អ្នកនោះមិនសមនឹងចូលរាជាណាចក្រស្ថានសួគ៌ឡើយ។ ផ្ទុយទៅវិញ អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្ដិទាំងនោះ ហើយបង្រៀនអ្នកឯទៀតឲ្យប្រព្រឹត្តតាមដែរ អ្នកនោះសមនឹងចូលរាជាណាចក្រស្ថានសួគ៌។
២០ ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើការប្រព្រឹត្តរបស់អ្នករាល់គ្នាមិនសុចរិតជាងពួកផារិស៊ី និងពួកអ្នកជំនាញខាងច្បាប់ទេ+ នោះអ្នករាល់គ្នានឹងមិនបានចូលរាជាណាចក្រស្ថានសួគ៌ឡើយ។+
២១ «អ្នករាល់គ្នាធ្លាប់ឮអ្វីដែលគេប្រាប់ដល់មនុស្សនៅសម័យបុរាណថា៖ ‹កុំធ្វើឃាតកម្មឲ្យសោះ+ តែអ្នកណាដែលធ្វើឃាតកម្ម អ្នកនោះនឹងត្រូវតុលាការវិនិច្ឆ័យ›។+
២២ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលខឹងងំនឹងបងប្អូនខ្លួន+ អ្នកនោះនឹងត្រូវតុលាការវិនិច្ឆ័យ។ តែអ្នកណាដែលនិយាយទៅកាន់បងប្អូនដោយប្រើពាក្យប្រមាថមើលងាយមិនគួរឲ្យពោល អ្នកនោះនឹងត្រូវវិនិច្ឆ័យដោយតុលាការកំពូល។ រីឯអ្នកដែលប្រើពាក្យថា៖ ‹អាគម្រក់!› នឹងត្រូវទទួលទោសក្នុងភ្លើងកេហេណា។*+
២៣ «ដូច្នេះ ប្រសិនបើអ្នកកំពុងយកគ្រឿងបូជាមកទីបូជា+ ហើយនៅទីនោះអ្នកនឹកឃើញថាមានបងប្អូនណាម្នាក់កំពុងប្រកាន់ទោសអ្នក
២៤ ចូរទុកគ្រឿងបូជារបស់អ្នកនៅមុខទីបូជា រួចទៅរកជានឹងបងប្អូនរបស់អ្នកសិន។ បន្ទាប់មក ចូរត្រឡប់មកបូជាអ្វីទាំងនោះចុះ។+
២៥ «កាលដែលធ្វើដំណើរទៅតុលាការជាមួយនឹងអ្នកដែលរកប្ដឹងអ្នក ចូរឆាប់ដោះស្រាយជាមួយនឹងគាត់។ បើមិនដូច្នោះទេ គាត់អាចបញ្ជូនអ្នកទៅចៅក្រម រួចចៅក្រមប្រគល់អ្នកទៅមន្ត្រីជំនួយតុលាការ ហើយអ្នកត្រូវជាប់គុក។+
២៦ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា គេប្រាកដជាមិនដោះលែងអ្នកពីគុកទេ ទាល់តែអ្នកបានសងបំណុលឲ្យអស់ឥតខ្វះមួយសេន។*
២៧ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកមិនត្រូវផិតក្បត់ឡើយ›។+
២៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្រី+រហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ។+
២៩ ដូច្នេះ ប្រសិនបើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល* ចូរខ្វេះវាចេញ ហើយបោះចោលទៅ+ ពីព្រោះបើអ្នកបាត់បង់ភ្នែកម្ខាង គឺប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងកេហេណា។*+
៣០ បន្ថែមទៅទៀត ប្រសិនបើដៃស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ+ ពីព្រោះបើអ្នកបាត់បង់ដៃម្ខាង គឺប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងកេហេណា។*+
៣១ «ម្យ៉ាងវិញទៀត អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកណាដែលលែងលះប្រពន្ធ អ្នកនោះត្រូវឲ្យលិខិតលែងលះទៅនាង›។+
៣២ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងលះប្រពន្ធដែលមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អ្នកនោះធ្វើឲ្យនាងអាចធ្លាក់ខ្លួនទៅជាអ្នកផិតក្បត់។ រីឯអ្នកណាដែលរៀបការជាមួយនឹងស្ត្រីដែលប្ដីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។+
៣៣ «អ្នករាល់គ្នាក៏ធ្លាប់ឮអ្វីដែលគេប្រាប់ដល់មនុស្សនៅសម័យបុរាណថា៖ ‹អ្នកមិនត្រូវស្បថបំពានឡើយ+ តែអ្នកត្រូវធ្វើតាមពាក្យសម្បថចំពោះព្រះយេហូវ៉ា*កុំខាន›។+
៣៤ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។+ អ្នកមិនត្រូវស្បថដោយយកស្ថានសួគ៌ជាសាក្សីឡើយ ពីព្រោះនោះជាបល្ល័ង្ករបស់ព្រះ
៣៥ ក៏មិនត្រូវស្បថដោយយកផែនដីជាសាក្សីដែរ ពីព្រោះនោះជាទីកំណល់ជើងរបស់លោក។+ កុំស្បថដោយយកក្រុងយេរូសាឡិមជាសាក្សីឡើយ ពីព្រោះនោះជាក្រុងរបស់ស្ដេចដ៏ឧត្ដុង្គឧត្ដម+
៣៦ ហើយអ្នកមិនត្រូវយកជីវិត*ខ្លួនមកស្បថទេ ពីព្រោះសូម្បីតែសក់មួយសរសៃ ក៏អ្នកមិនអាចធ្វើឲ្យប្រែទៅជាសឬខ្មៅបានដែរ។
៣៧ អ្នកគ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺមែន បើថា‹ទេ› គឺទេ+ ពីព្រោះសម្ដីណាដែលលើសពីនេះ គឺមកពីមេកំណាច។+
៣៨ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹បើធ្វើឲ្យអ្នកណាម្នាក់របួសភ្នែក អ្នកត្រូវទទួលទោសឲ្យរបួសភ្នែកដែរ ហើយបើធ្វើឲ្យអ្នកណាម្នាក់បាក់ធ្មេញ អ្នកត្រូវទទួលទោសឲ្យបាក់ធ្មេញដែរ›។+
៣៩ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំសងសឹកមនុស្សទុច្ចរិតឡើយ តែបើអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតចុះ+
៤០ ហើយប្រសិនបើមានអ្នកណាចង់ប្ដឹងអ្នកទៅតុលាការ ដើម្បីទារយកសម្លៀកបំពាក់ក្នុងរបស់អ្នក នោះចូរឲ្យអ្នកនោះយកទាំងសម្លៀកបំពាក់ក្រៅរបស់អ្នកផង។+
៤១ បន្ថែមទៅទៀត បើអ្នកដែលមានអំណាចប្រើអ្នកឲ្យធ្វើការ ដោយបញ្ជាឲ្យទៅតាមគាត់មួយគីឡូម៉ែត្រ* ចូរទៅជាមួយនឹងគាត់ពីរគីឡូម៉ែត្រចុះ។
៤២ ពេលមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យទៅអ្នកនោះចុះ ហើយកុំបែរចេញពីអ្នកណាដែលចង់ខ្ចី*អ្វីពីអ្នកឡើយ។+
៤៣ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាង+ តែត្រូវស្អប់សត្រូវ›។
៤៤ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក+ ហើយអធិដ្ឋានឲ្យអ្នកដែលបៀតបៀនអ្នក។+
៤៥ យ៉ាងនេះ អ្នកអាចបង្ហាញថាអ្នកជាកូននៃបិតារបស់អ្នកដែលនៅស្ថានសួគ៌+ ពីព្រោះលោកធ្វើឲ្យថ្ងៃរះលើមនុស្សល្អនិងមនុស្សអាក្រក់ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សមិនសុចរិត។+
៤៦ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអ្នកណាដែលស្រឡាញ់អ្នក តើនោះមានប្រយោជន៍អ្វី?+ ពួកអ្នកយកពន្ធក៏ធ្វើដូច្នោះដែរ មែនទេ?
៤៧ ហើយបើអ្នករាល់គ្នាសួរសុខទុក្ខតែបងប្អូនរបស់អ្នករាល់គ្នាប៉ុណ្ណោះ តើមានអ្វីអស្ចារ្យទៅ? ពីព្រោះជនជាតិដទៃក៏ធ្វើដូច្នោះដែរ មែនទេ?
៤៨ ហេតុនេះ អ្នករាល់គ្នាត្រូវមានគុណសម្បត្តិសព្វគ្រប់ ដូចបិតារបស់អ្នកដែលនៅស្ថានសួគ៌ក៏មានគុណសម្បត្តិសព្វគ្រប់ដែរ។+
កំណត់សម្គាល់
^ ឬ«មានចិត្តសុភាព»
^ ឬ«ប្រដាប់វាល់ស្រូវ»
^ នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
^ មើលនិយមន័យពាក្យ«កេហេណា»
^ ន័យត្រង់«មួយខ្វាដ្រាន»។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ សំដៅលើការភ្លាត់ធ្វើខុស ឬការជួបប្រទះឧបសគ្គចំពោះជំនឿ
^ មើលនិយមន័យពាក្យ«កេហេណា»
^ មើលនិយមន័យពាក្យ«កេហេណា»
^ ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ ន័យត្រង់«ក្បាល»
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ នេះសំដៅលើការខ្ចីដោយមិនយកការ