សៀវភៅម៉ាថាយ ៦:១-៣៤
៦ «ចូរប្រយ័ត្ន កុំប្រព្រឹត្តអំពើសុចរិតនៅមុខមនុស្សដើម្បីឲ្យគេឃើញឡើយ+ ពីព្រោះបើប្រព្រឹត្តដូច្នេះ អ្នករាល់គ្នានឹងមិនបានទទួលរង្វាន់ពីបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ទេ។
២ ម្ល៉ោះហើយ ពេលដែលអ្នកធ្វើទាន កុំផ្លុំត្រែមុនឡើយ ព្រោះនោះជាអ្វីដែលមនុស្សលាក់ពុតធ្វើនៅសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យអ្នកឯទៀតកោតសរសើរពួកគេ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកគេបានទទួលរង្វាន់សព្វគ្រប់ហើយ។
៣ ប៉ុន្តែអ្នកវិញ កាលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងរបស់អ្នកដឹងអំពីអ្វីដែលដៃស្ដាំកំពុងធ្វើឡើយ
៤ ដើម្បីឲ្យអ្នកអាចធ្វើទានដោយស្ងាត់កំបាំង រួចបិតារបស់អ្នកដែលកំពុងមើលពីទីស្ងាត់កំបាំង នឹងផ្ដល់រង្វាន់ឲ្យអ្នក។+
៥ «ម្យ៉ាងទៀត ពេលដែលអ្នករាល់គ្នាអធិដ្ឋាន អ្នកមិនត្រូវធ្វើដូចមនុស្សលាក់ពុតទេ+ ពីព្រោះពួកគេចូលចិត្តឈរអធិដ្ឋានក្នុងសាលាប្រជុំ និងនៅកាច់ជ្រុងផ្លូវធំៗ ដើម្បីឲ្យមនុស្សឃើញ។+ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកគេបានទទួលរង្វាន់សព្វគ្រប់ហើយ។
៦ ក៏ប៉ុន្តែ ពេលដែលអ្នកចង់អធិដ្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន ហើយបិទទ្វារ រួចអធិដ្ឋានជម្រាបបិតារបស់អ្នកដែលស្ថិតនៅទីស្ងាត់កំបាំង។+ នោះបិតារបស់អ្នកដែលមើលពីទីស្ងាត់កំបាំង នឹងផ្ដល់រង្វាន់ឲ្យអ្នក។
៧ ប៉ុន្តែ ពេលអធិដ្ឋាន កុំពោលពាក្យដដែលៗដូចជនជាតិដទៃឡើយ ព្រោះពួកគេនឹកស្មានថា ព្រះនឹងស្ដាប់ពួកគេដោយសារបានពោលពាក្យជាច្រើន។
៨ ម្ល៉ោះហើយ កុំធ្វើតាមពួកគេឡើយ ព្រោះព្រះដែលជាបិតារបស់អ្នករាល់គ្នាជ្រាបពីអ្វីដែលអ្នកត្រូវការ+ មុនដែលអ្នកសុំទៅទៀត។
៩ «ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖+
«‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមរបស់លោក+បានបរិសុទ្ធ។*+
១០ សូមឲ្យរាជាណាចក្រ+របស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នា+របស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។+
១១ សូមផ្ដល់អាហារ*ដែលយើងត្រូវការសម្រាប់ថ្ងៃនេះ។+
១២ សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង ដូចយើងបានអភ័យទោសឲ្យអ្នកដែលបានធ្វើខុសនឹងយើងដែរ។*+
១៣ សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ*+ តែសូមសង្គ្រោះ*យើងឲ្យរួចពីមេកំណាចវិញ›។+
១៤ «ពីព្រោះបើអ្នកអភ័យទោសចំពោះកំហុសរបស់អ្នកឯទៀត នោះបិតារបស់អ្នកដែលនៅស្ថានសួគ៌ក៏នឹងអភ័យទោសឲ្យអ្នកដែរ។+
១៥ ក៏ប៉ុន្តែ បើអ្នកមិនអភ័យទោសចំពោះកំហុសរបស់អ្នកឯទៀតទេ នោះបិតារបស់អ្នកក៏មិនអភ័យទោសចំពោះកំហុសរបស់អ្នកដែរ។+
១៦ «កាលណាអ្នករាល់គ្នាតមអាហារ+ ឈប់ធ្វើមុខស្រងូតដូចមនុស្សលាក់ពុត ពីព្រោះពួកគេធ្វើឲ្យមុខមិនស្អាត ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។+ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកគេបានទទួលរង្វាន់សព្វគ្រប់ហើយ។
១៧ ប៉ុន្តែអ្នករាល់គ្នាវិញ កាលណាតមអាហារ ចូរលាបប្រេងលើក្បាល* ហើយលុបមុខផង
១៨ ដើម្បីកុំឲ្យមនុស្សឃើញថាអ្នករាល់គ្នាកំពុងតមអាហារឡើយ តែដើម្បីឲ្យបិតារបស់អ្នករាល់គ្នាដែលនៅទីស្ងាត់កំបាំងឃើញវិញ។ នោះបិតារបស់អ្នករាល់គ្នាដែលមើលពីទីស្ងាត់កំបាំង នឹងផ្ដល់រង្វាន់ឲ្យអ្នករាល់គ្នា។
១៩ «ឈប់ប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដី+ ជាកន្លែងដែលសត្វល្អិតនិងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលចោរចូលលួច។
២០ ប៉ុន្តែ ចូរប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ+ ជាកន្លែងដែលគ្មានសត្វល្អិតនិងច្រែះស៊ីបំផ្លាញ+ ហើយគ្មានចោរចូលលួចឡើយ។
២១ ព្រោះទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។
២២ «ភ្នែកជាចង្កៀងនៃរូបកាយ។+ ប្រសិនបើភ្នែករបស់អ្នកសម្លឹងមើលរបស់តែមួយ នោះរូបកាយទាំងមូលរបស់អ្នកនឹងបានភ្លឺ។
២៣ ប៉ុន្តែ បើភ្នែករបស់អ្នកសម្លឹងមើលដោយចិត្តច្រណែន*+ នោះរូបកាយទាំងមូលរបស់អ្នកនឹងងងឹតវិញ។ ប្រសិនបើពន្លឺដែលនៅក្នុងអ្នកជាភាពងងឹតវិញ នោះអ្នកនឹងងងឹតក្រៃលែង!
២៤ «គ្មានអ្នកណាអាចធ្វើជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់មួយ ហើយស្អប់ម្ចាស់មួយ+ ឬក៏ស្មោះត្រង់នឹងម្ចាស់មួយ ហើយមើលងាយម្ចាស់មួយ។ អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ។+
២៥ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ឈប់ខ្វល់ខ្វាយ+អំពីជីវិត*ខ្លួនថា នឹងបានអ្វីបរិភោគឬផឹក ហើយឈប់ខ្វល់ខ្វាយអំពីរូបកាយថា នឹងបានអ្វីស្លៀកពាក់ឡើយ។+ ជីវិតមានតម្លៃជាងអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់ មែនទេ?+
២៦ ចូរសង្កេតមើលសត្វស្លាបនៅលើមេឃ+ ព្រោះវាមិនសាបព្រោះ ច្រូតកាត់ ឬប្រមូលផលទុកក្នុងជង្រុកឡើយ តែបិតារបស់អ្នករាល់គ្នាដែលស្ថិតនៅស្ថានសួគ៌ផ្ដល់ចំណីឲ្យវា។ តើអ្នករាល់គ្នាមិនមានតម្លៃជាងសត្វស្លាបទាំងនោះទេឬ?
២៧ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតរបស់ខ្លួនវែងជាង សូម្បីតែបន្តិច*បានទេ?+
២៨ ម្យ៉ាងទៀត ហេតុអ្វីអ្នកខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរទាញយកមេរៀនពីរបៀបដែលផ្កានៅឯវាលដុះឡើង។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ។
២៩ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូន+កាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។
៣០ អ្នកមានជំនឿតិចអើយ បើព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាលនៅថ្ងៃនេះ ហើយត្រូវបោះទៅក្នុងឡនៅថ្ងៃស្អែក តើព្រះនឹងមិនផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នាទេឬ?
៣១ ដូច្នេះ កុំខ្វល់ខ្វាយឲ្យសោះ+ថា៖ ‹តើយើងនឹងបានអ្វីបរិភោគ?› ឬ‹តើយើងនឹងបានអ្វីផឹក?› ឬ‹តើយើងនឹងបានអ្វីស្លៀកពាក់?›+
៣២ ព្រោះរបស់ទាំងអស់នេះជាអ្វីដែលជនជាតិដទៃកំពុងស្វះស្វែងរក។ បិតារបស់អ្នករាល់គ្នាដែលស្ថិតនៅស្ថានសួគ៌ដឹងថា អ្នករាល់គ្នាត្រូវការរបស់ទាំងនេះ។
៣៣ «ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក។+
៣៤ ម្ល៉ោះហើយ កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ+ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ ទុក្ខលំបាកនៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ។
កំណត់សម្គាល់
^ ឬ«បានត្រូវលើកតម្កើង»
^ ន័យត្រង់«នំប៉័ង»
^ ន័យត្រង់«សូមលុបបំណុលរបស់យើងចោល ដូចយើងបានលុបបំណុលរបស់អ្នកឯទៀតចោលដែរ»
^ ន័យត្រង់«កុំនាំយើងឲ្យជួបសេចក្ដីល្បួងឡើយ»
^ ឬ«រំដោះ»
^ ជនជាតិយូដាមានទម្លាប់លាបប្រេងលើក្បាលដើម្បីសម្អិតសម្អាងខ្លួនឲ្យឃើញស្អាតបាត
^ ន័យត្រង់«ភ្នែករបស់អ្នកគឺទុច្ចរិត»
^ មើលនិយមន័យពាក្យ«ជីវិត»
^ ន័យត្រង់«សូម្បីតែមួយហត្ថ»។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤