សៀវភៅម៉ាថាយ ៩:១-៣៨

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​សះ​ស្បើយ (​១​-​៨)

  • លោក​យេស៊ូ​ហៅ​ម៉ាថាយ (​៩​-​១៣)

  • សំណួរ​អំពី​ការ​តម​អាហារ (​១៤​-​១៧)

  • កូន​ស្រី​យ៉ែរ៉ូស។ ស្ត្រី​ម្នាក់​ដែល​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​យេស៊ូ (​១៨​-​២៦)

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​និង​បុរស​គ​ជា​សះ​ស្បើយ (​២៧​-​៣៤)

  • ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ (​៣៥​-​៣៨)

 ដូច្នេះ លោក​បាន​ចុះ​ទូក ហើយ​ឆ្លង​ទៅ​ក្រុង​របស់​លោក*វិញ។+ ២  រួច​មក មាន​គេ​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដែល​ដេក​លើ​គ្រែ មក​ឯ​លោក។ ពេល​ដែល​លោក​យេស៊ូ​ឃើញ​ជំនឿ​របស់​ពួក​គេ នោះ​លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​កូន​អើយ! ចូរ​មាន​សង្ឃឹម​ឡើង ការ​ខុស​ឆ្គង​របស់​កូន​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។+ ៣  ខណៈ​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ខ្លះ​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ​«​បុរស​នេះ​កំពុង​និយាយ​ប្រមាថ​ព្រះ​»។ ៤  លោក​យេស៊ូ​ជ្រាប​អំពី​គំនិត​របស់​ពួក​គេ។ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​គិត​អ្វី​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ?+ ៥  ជា​ឧទាហរណ៍ តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ថា​៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ› ឬនិយាយ​ថា​៖ ‹ចូរ​ងើប​ឡើង​ហើយ​ដើរ​ទៅ​ចុះ›។+ ៦  ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នៅ​ផែនដី​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​»។ រួច​លោក​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា​៖ ​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ចុះ​»។+ ៧  គាត់​ក៏​ងើប​ឡើង​ទៅ​ផ្ទះ​គាត់​វិញ។ ៨  ពេល​ឃើញ​ដូច្នេះ បណ្ដា​ជន​តាំង​ភ័យ​ខ្លាច ហើយ​សរសើរ​តម្កើង​ព្រះ ដែល​បាន​ផ្ដល់​អំណាច​ដូច​នេះ​ដល់​មនុស្ស។ ៩  បន្ទាប់​មក ពេល​ដែល​លោក​យេស៊ូ​ដើរ​ហួស​ពី​ទី​នោះ លោក​ក្រឡេក​ទៅ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ​កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។* រួច​គាត់​ក្រោក​ឡើង​ទៅ​តាម​លោក។+ ១០  ក្រោយ​មក ពេល​លោក​យេស៊ូ​កំពុង​អង្គុយ​ពិសា​អាហារ​ក្នុង​ផ្ទះ នោះ​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន​នាក់​បាន​មក ហើយ​អង្គុយ​រួម​តុ​ជា​មួយ​នឹង​លោក​និង​ពួក​អ្នក​កាន់​តាម​លោក។+ ១១  ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ចាប់​ផ្ដើម​សួរ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​អ្វី​គ្រូ​របស់​អ្នក​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?​»។+ ១២  ពេល​ឮ​ពួក​គេ​និយាយ​ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។+ ១៣  ហេតុ​នេះ ចូរ​ទៅ​រៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​ដែល​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្តា​ករុណា មិន​មែន​គ្រឿង​បូជា​ទេ›។+ ព្រោះ​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ​»។ ១៤  ក្រោយ​មក អ្នក​កាន់​តាម​យ៉ូហាន​បាន​មក​សួរ​លោក​ថា​៖ ​«​យើង​និង​ពួក​ផារិស៊ី​មាន​ទម្លាប់​តម​អាហារ តែ​ហេតុ​អ្វី​បាន​ជា​អ្នក​កាន់​តាម​លោក​មិន​តម​អាហារ?​»។+ ១៥  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​មិត្ត​ភក្ដិ​របស់​កូន​កំលោះ​គ្មាន​មូលហេតុ​ឲ្យ​តម​អាហារ​ទេ ដរាប​ណា​កូន​កំលោះ+នៅ​ជា​មួយ​នឹង​ពួក​គេ មែន​ទេ? ក៏​ប៉ុន្តែ​នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​កូន​កំលោះ​នឹង​ត្រូវ​គេ​ពង្រាត់​ចេញ​ពី​មិត្ត​ភក្ដិ+ ហើយ​ពេល​នោះ​ពួក​គេ​នឹង​តម​អាហារ។ ១៦  គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ឡើយ ពី​ព្រោះ​ក្រណាត់​ថ្មី​នោះ​នឹង​រួញ ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ចាស់​រហែក​លើស​ដើម។+ ១៧  ក៏​គ្មាន​អ្នក​ណា​យក​ស្រា​ថ្មី​មក​ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ។ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ស្រា​ក៏​ហូរ​ចេញ​អស់ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ដែរ។ ប៉ុន្តែ គេ​ដាក់​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ ទើប​អាច​រក្សា​របស់​ទាំង​ពីរ​បាន​»។ ១៨  ពេល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ នាយក​សាលា​ប្រជុំ​ម្នាក់​បាន​មក​លំឱន​កាយ​គោរព​លោក ហើយ​ជម្រាប​ថា​៖ ​«​ឥឡូវ​នេះ​កូន​ស្រី​របស់​ខ្ញុំ​ច្បាស់​ជា​ស្លាប់​ហើយ ប៉ុន្តែ​សូម​លោក​អញ្ជើញ​មក​ដាក់​ដៃ​លើ​នាង នោះ​នាង​នឹង​រស់​ឡើង​វិញ​»។+ ១៩  រួច​មក លោក​យេស៊ូ​ក្រោក​ឡើង​ទៅ​តាម​គាត់ ហើយ​អ្នក​កាន់​តាម​ក៏​បាន​ទៅ​ដែរ។ ២០  មើល! មាន​ស្ត្រី​ម្នាក់​ដែល​បាន​រង​ទុក្ខ​អស់​១២​ឆ្នាំ​ដោយ​សារ​ជំងឺ​ធ្លាក់​ឈាម+ នាង​បាន​ដើរ​មក​ពី​ក្រោយ រួច​ចូល​ទៅ​ពាល់​ជាយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក+ ២១  ព្រោះ​នាង​បាន​ប្រាប់​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ជាយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​ខ្ញុំ​នឹង​បាន​ជា​»។ ២២  លោក​យេស៊ូ​បែរ​ទៅ​ឃើញ​នាង ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ស្រី​អើយ កុំ​ភ័យ​ឡើយ! ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ​»។+ តាំង​ពី​ពេល​នោះ​មក ស្ត្រី​នោះ​ក៏​បាន​ជា។+ ២៣  លុះ​លោក​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​នាយក​សាលា​ប្រជុំ លោក​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ​លេង​ភ្លេង​កាន់​ទុក្ខ ឯ​បណ្ដា​ជន​កំពុង​ជ្រួល​ច្របល់។+ ២៤  លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចេញ​ពី​ទី​នេះ​ទៅ ព្រោះ​ក្មេង​ស្រី​នេះ​មិន​បាន​ស្លាប់​ទេ តែ​នាង​កំពុង​ដេក​លក់​»។+ ឮ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​សើច​ចំអក​ឲ្យ​លោក។ ២៥  ពេល​បណ្ដា​ជន​បាន​ចេញ​ទៅ​ក្រៅ​អស់​ហើយ លោក​ក៏​ចូល​ទៅ​ខាង​ក្នុង ហើយ​ចាប់​ដៃ​របស់​នាង+ នោះ​នាង​បាន​ងើប​ឡើង។+ ២៦  ដំណឹង​អំពី​រឿង​នេះ បាន​លេច​ឮ​ខ្ចរ​ខ្ចាយ​ពេញ​តំបន់​នោះ។ ២៧  ពេល​ដែល​លោក​យេស៊ូ​ដើរ​ហួស​ពី​ទី​នោះ បុរស​ងងឹត​ភ្នែក​ពីរ​នាក់+បាន​ទៅ​តាម​លោក ហើយ​ស្រែក​ថា​៖ ​«​បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​យើង​ផង​»។ ២៨  ក្រោយ​ពី​លោក​បាន​ចូល​ទៅ​ក្នុង​ផ្ទះ បុរស​ងងឹត​ភ្នែក​ទាំង​នោះ​បាន​មក​ឯ​លោក។ រួច​លោក​យេស៊ូ​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ទេ?​»។+ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យើង​ជឿ! លោក​ម្ចាស់​»។ ២៩  រួច​លោក​ពាល់​ភ្នែក​របស់​ពួក​គេ+ ដោយ​ពោល​ថា​៖ ​«​សូម​ឲ្យ​កើត​ឡើង​ចំពោះ​អ្នក សម​ស្រប​ទៅ​តាម​ជំនឿ​របស់​អ្នក​»។ ៣០  ក្រោយ​មក ភ្នែក​របស់​ពួក​គេ​ក៏​ភ្លឺ​ឡើង ហើយ​លោក​យេស៊ូ​បង្គាប់​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​»។+ ៣១  ប៉ុន្តែ ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ទៅ​ក្រៅ នោះ​ពួក​គេ​ក៏​រៀប​រាប់​ប្រាប់​អំពី​លោក​ពេញ​តំបន់​នោះ។ ៣២  ពេល​ដែល​ពួក​គេ​កំពុង​ចេញ​ពី​ទី​នោះ មនុស្ស​បាន​នាំ​បុរស​គ​ម្នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល មក​ឯ​លោក។+ ៣៣  ក្រោយ​ពី​វិញ្ញាណ​កំណាច​បាន​ត្រូវ​បណ្ដេញ​ចេញ​ហើយ បុរស​គ​នោះ​ចាប់​ផ្ដើម​និយាយ។+ ម្ល៉ោះ​ហើយ បណ្ដា​ជន​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ក៏​ពោល​ថា​៖ ​«​យើង​មិន​ដែល​ឃើញ​អ្វី​បែប​នេះ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ​»។+ ៣៤  ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា​៖ ​«​អ្នក​នេះ​បណ្ដេញ​វិញ្ញាណ​កំណាច ដោយ​សារបាន​ទទួល​អំណាច​ពី​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច​»។+ ៣៥  រួច​មក លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ក្រុង​គ្រប់​ភូមិ ដោយ​បង្រៀនក្នុង​សាលា​ប្រជុំ ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជាសះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​យ៉ាង។+ ៣៦  ពេល​ដែល​ឃើញ​បណ្ដា​ជន លោក​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ+ ពី​ព្រោះ​ពួក​គេ​បាន​ត្រូវ​សង្កត់​សង្កិន* និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។+ ៣៧  ក្រោយ​មក លោក​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។+ ៣៨  ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​ធ្វើ​កិច្ច​ការ​របស់​លោក​»។+

កំណត់សម្គាល់

ជា​ក្រុង​កាពើណិម​ដែល​លោក​ច្រើន​តែ​ស្នាក់​នៅ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ស្រុកកាលីឡេ
ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ
ន័យ​ត្រង់​«​បាន​ត្រូវ​គេ​ពន្លាត់​ស្បែក​»​