ម៉ាឡាគី ១:១-១៤

  • សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​លោក (​១​-​៥)

  • ពួក​សង្ឃ​ជូន​គ្រឿង​បូជា​អន់​ៗ​ (​៦​-​១៤)

    • នាម​របស់​ព្រះ​នឹង​បាន​ឧត្តុង្គ​ឧត្តម​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា (​១១)

 សេចក្ដី​ប្រកាស​៖ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល តាម​រយៈ​ម៉ាឡាគី​៖* ២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​»។+ ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​និយាយ​ថា​៖ ​«​តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​លោក​ស្រឡាញ់​ពួក​យើង?​»។ ព្រះ​យេហូវ៉ា​តប​ថា​៖ ​«​តើ​អេសាវ​មិន​មែន​ជា​បង​ប្រុស​របស់​យ៉ាកុប​ទេ​ឬ?+ តែ​ខ្ញុំ​ស្រឡាញ់​យ៉ាកុប ៣  ហើយ​ខ្ញុំ​ស្អប់​អេសាវ។+ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ភ្នំ​របស់​គាត់​ក្លាយ​ជា​កន្លែង​ដែល​គេ​ទុក​ចោល+ ហើយ​ឲ្យ​មត៌ក​របស់​គាត់​ដល់​ឆ្កែ​ព្រៃ​នៅ​តំបន់​ស្ងាត់​ជ្រងំ​»។+ ៤  ​«​ទោះ​ជា​អេដំ​និយាយ​ថា​៖ ‹យើង​បាន​ត្រូវ​បំផ្លាញ​ចោល​ក៏​ពិត​មែន តែ​យើង​នឹង​ត្រឡប់​មក​វិញ ហើយ​សង់​ក្រុង​ដែល​ខូច​បង់​សា​ជា​ថ្មី›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ថា​៖ ‹ពួក​គេ​នឹង​សង់ តែ​ខ្ញុំ​នឹង​រំលំ​ចោល ហើយ​មនុស្ស​នឹង​ហៅ​ទី​នោះ​ថា​«​ទឹក​ដី​នៃ​អំពើ​ទុច្ចរិត​»​ ហើយ​ហៅ​ពួក​គេ​ថា​«​បណ្ដា​ជន​ដែល​នៅ​ជាប់​ការ​ផ្ដន្ទា​ទោស​ពី​ព្រះ​យេហូវ៉ា​ជា​ដរាប​»។+ ៥  អ្នក​រាល់​គ្នា​នឹង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក រួច​អ្នក​រាល់​គ្នា​នឹង​ពោល​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​លើក​តម្កើង​នៅ​ទូទាំង​ទឹក​ដី​នៃ​អ៊ីស្រាអែល​»​›​»។ ៦  ​«​ខ្ញុំ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សង្ឃ​ដែល​ប្រមាថ​នាម​របស់​ខ្ញុំ។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​៖ ‹តាម​ធម្មតា កូន​គោរព​ឪពុក+ ហើយ​អ្នក​បម្រើ​គោរព​ចៅហ្វាយ។ ចុះ​បើ​ខ្ញុំ​ជា​ឪពុក+ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​គោរព​ខ្ញុំ?+ ហើយ​បើ​ខ្ញុំ​ជា​ម្ចាស់* ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច*ខ្ញុំ?›។+ ​«​‹ប៉ុន្តែ អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​តើ​នៅ​ពេល​ណា​ដែល​ពួក​យើង​បាន​ប្រមាថ​នាម​របស់​លោក?​»​›។ ៧  ​«​‹អ្នក​រាល់​គ្នា​បាន​ជូន​អាហារ​ស្មោក​គ្រោក​នៅ​លើ​ទី​បូជា​របស់​ខ្ញុំ›។ ​«​‹ហើយ​អ្នក​រាល់​គ្នា​ស្រដី​ថា​៖ ​«​តើ​ពួក​យើង​បាន​ធ្វើ​ឲ្យ​លោក​ស្មោក​គ្រោក​នៅ​ពេល​ណា?​»​›។ ​«​‹អ្នក​រាល់​គ្នា​ក៏​ពោល​ទៀត​ថា​៖ ​«​តុ​របស់​ព្រះ​យេហូវ៉ា+ពិត​ជា​គួរ​ឲ្យ​ខ្ពើម​ណាស់​»។ ៨  ពេល​អ្នក​រាល់​គ្នា​ជូន​សត្វ​ខ្វាក់​ភ្នែក​ជា​គ្រឿង​បូជា អ្នក​រាល់​គ្នា​ពោល​ថា​៖ ​«​មិន​មែន​ជា​អ្វី​អាក្រក់​ទេ​»​ ហើយ​ពេល​អ្នក​រាល់​គ្នា​ជូន​សត្វ​ពិការ​ជើង​ឬ​សត្វ​ដែល​ឈឺ អ្នក​រាល់​គ្នា​ក៏​តែង​ពោល​ថា​៖ ​«​មិន​មែន​ជា​អ្វី​អាក្រក់​ទេ​»​›​»។+ ​«​សូម​អ្នក​រាល់​គ្នា​សាក​ជូន​អ្វី​ទាំង​នោះ​ដល់​អភិបាល​របស់​អ្នក តើ​គាត់​នឹង​ពេញ​ចិត្ត​អ្នក ឬ​ព្រម​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ?​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ៩  ​«​ឥឡូវ​សូម​យើង​រាល់​គ្នា​អង្វរ​ព្រះ ក្រែង​លោ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​យើង។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជូន​គ្រឿង​បូជា​បែប​នោះ តើ​លោក​នឹង​ពេញ​ចិត្ត​ទទួល​អ្នក​រាល់​គ្នា​ណា​ម្នាក់​ឬ?​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១០  ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ទៅ​បិទ​ទ្វារ*ទេ?+ ព្រោះ​សូម្បី​តែ​ដុត​ភ្លើង​នៅ​ទី​បូជា​របស់​ខ្ញុំ ក៏​អ្នក​រាល់​គ្នា​មិន​ទាំង​ធ្វើ​ផង បើ​គ្មាន​កម្រៃ​នោះ។+ ខ្ញុំ​មិន​ពេញ​ចិត្ត​អ្នក​រាល់​គ្នា​ទាល់​តែ​សោះ ហើយ​ក៏​មិន​ពេញ​ចិត្ត​គ្រឿង​បូជា​ណា​មួយ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ដល់​ខ្ញុំ​ដែរ​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+ ១១  ​«​ចាប់​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច នាម​របស់​ខ្ញុំ​នឹង​បាន​ឧត្តុង្គ​ឧត្តម​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។+ នៅ​គ្រប់​កន្លែង​នឹង​មាន​ការ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ព្រម​ទាំង​មាន​ការ​ជូន​គ្រឿង​បូជា​ដើម្បី​លើក​តម្កើង​នាម​របស់​ខ្ញុំ ជា​ជំនូន​ដែល​ខ្ញុំ​ព្រម​ទទួល។ ព្រោះ​នាម​របស់​ខ្ញុំ​នឹង​បាន​ឧត្តុង្គ​ឧត្តម​ក្នុង​ចំណោម​ប្រជា​ជាតិ​នានា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១២  ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​កំពុង​បង្អាប់​បង្អោន​នាម​របស់​ខ្ញុំ*+ ដោយ​និយាយ​ថា​៖ ‹តុ​របស់​ព្រះ​យេហូវ៉ា​គឺ​ស្មោក​គ្រោក ទាំង​ផ្លែ​ឈើ ទាំង​អាហារ​ដែល​នៅ​លើ​តុ​នោះ​ផង សុទ្ធ​តែ​ជា​របស់​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម›។+ ១៣  មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​រាល់​គ្នា​ធ្វើ​មុខ​ពេប​ជ្រាយ​ចំពោះ​អ្វី​ទាំង​នោះ ហើយ​ពោល​ថា​៖ ‹មើល! នេះ​ពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់!›​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​យក​សត្វ​ដែល​លួច​ពី​គេ សត្វ​ពិការ និង​សត្វ​មាន​ជំងឺ មក​ជូន​ខ្ញុំ! តើ​គួរ​ឲ្យ​ខ្ញុំ​ទទួល​ជំនូន​នោះ​ពី​ដៃ​របស់​អ្នក​ទេ?​»។+ ១៤  ​«​មនុស្ស​មាន​កលល្បិច​ត្រូវ​បណ្ដាសា​ហើយ ព្រោះ​អ្នក​នោះ​មាន​សត្វ​ល្អ​ឥត​ខ្ចោះ តែ​បែរ​ជា​ស្បថ ហើយ​យក​សត្វ​ដែល​មិន​ល្អ*ធ្វើ​ជា​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា​ទៅ​វិញ។ ខ្ញុំ​ជា​ស្ដេច​ដ៏​ឧត្តុង្គ​ឧត្តម+ ហើយ​នាម​របស់​ខ្ញុំ​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

កំណត់សម្គាល់

មាន​ន័យ​ថា​«​ទូត​របស់​ខ្ញុំ​»​
ឬ​«​ម្ចាស់​ដ៏​ឧត្ដម​»​
ឬ​«​គោរព​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​ទ្វារ​វិហារ ដែល​គេ​មាន​តួ​នាទី​ចាំ​បិទ​បើក
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កំពុង​បង្អាប់​បង្អោន​ខ្ញុំ​»​
ឬ​«​សត្វ​ដែល​មាន​ខ្ចោះ​»​