ម៉ាឡាគី ២:១-១៧

  • ពួក​សង្ឃ​ខក​ខាន​មិន​បាន​ផ្ដល់​ការ​ណែនាំ​ដល់​បណ្ដា​ជន (​១​-​៩)

    • ពួក​សង្ឃ​គួរ​តែ​បង្រៀន​ចំណេះ​អំពី​ព្រះ (​)

  • ទោស​របស់​បណ្ដា​ជន​ដែល​មក​ពី​ការ​លែង​លះ​ដោយ​អយុត្តិធម៌ (​១០​-​១៧)

    • ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្អប់​ការ​លែង​លះ​»​› (​១៦)

 ​«​ឥឡូវ ឱ​ពួក​សង្ឃ​អើយ បញ្ញត្តិ​នេះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា។+ ២  បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់ ហើយ​មិន​អើពើ​ចំពោះ​ការ​លើក​តម្កើង​នាម​របស់​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា​ទៅ​ជា​បណ្ដាសា​វិញ។+ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពរ​ទៅ​ជា​បណ្ដាសា​រួច​ហើយ ដោយ​សារ​អ្នក​រាល់​គ្នា​មិន​អើពើ​នឹង​បញ្ញត្តិ​របស់​ខ្ញុំ​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ៣  ​«​មើល! ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​បំផ្លិច​បំផ្លាញ*គ្រាប់​ពូជ​ដែល​អ្នក​រាល់​គ្នា​បាន​សាប​ព្រោះ+ ហើយ​ខ្ញុំ​នឹង​ជះ​លាមក​សត្វ​លើ​មុខ​របស់​អ្នក​រាល់​គ្នា ជា​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​បូជា​ក្នុង​ពិធី​បុណ្យ។ រួច​គេ​នឹង​បោះ​អ្នក​រាល់​គ្នា​ទៅ​លើ​គំនរ​លាមក។* ៤  នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​បាន​ឲ្យ​បញ្ញត្តិ​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​លេវី​អាច​មាន​សុពលភាព​ត​ទៅ​ទៀត​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ៥  ​«​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​គាត់ បាន​រក្សា​ជីវិត​របស់​គាត់ ហើយ​នាំ​ឲ្យ​គាត់​មាន​សេចក្ដី​សុខ​សាន្ត ដើម្បី​ឲ្យ​គាត់​កោត​ខ្លាច​ខ្ញុំ។ គាត់​បាន​កោត​ខ្លាច​ខ្ញុំ ហើយ​ស្ញប់​ស្ញែង​នាម​របស់​ខ្ញុំ។ ៦  មាត់​របស់​គាត់​បង្រៀន​អំពី​សេចក្ដី​ពិត*+ ហើយ​គាត់​មិន​ដែល​ប្រើ​សម្ដី​មិន​សុចរិត​ឡើយ។ គាត់​បាន​ដើរ​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ទៀង​ត្រង់​និង​ដោយ​សន្តិភាព+ ហើយ​គាត់​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ឈប់​ធ្វើ​ខុស។ ៧  ព្រោះ​សង្ឃ​គួរ​តែ​បង្រៀន​ចំណេះ​អំពី​ព្រះ​ដល់​បណ្ដា​ជន ហើយ​បណ្ដា​ជន​គួរ​ទៅ​រក​គាត់​ដើម្បី​ទទួល​ការ​បង្រៀន*+ ដោយ​សារ​គាត់​ជា​ទូត​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ៨  ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បែរ​ចេញ​ពី​ផ្លូវ។ អ្នក​រាល់​គ្នា​បាន​នាំ​ឲ្យ​បណ្ដា​ជន​ជា​ច្រើន​មិន​ធ្វើ​តាម​ច្បាប់។*+ អ្នក​រាល់​គ្នា​បាន​បង្ខូច​កិច្ច​ព្រម​ព្រៀង​របស់​លេវី​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ៩  ​«​ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ប្រមាថ​មើល​ងាយ​និង​ការ​អាប់​ឱន​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ដោយ​សារ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​តាម​ផ្លូវ​របស់​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បែរ​ជា​អនុវត្ត​ច្បាប់​ដោយ​លម្អៀង​»។+ ១០  ​«​ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ មែន​ទេ?+ តើ​មិន​មែន​ព្រះ​តែ​មួយ​ទេ​ឬ​ដែល​បាន​បង្កើត​ពួក​យើង? ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​យើង​ក្បត់​គ្នា+ ហើយ​បង្អាប់​បង្អោន​កិច្ច​ព្រម​ព្រៀង​របស់​បុព្វ​បុរស​ពួក​យើង​ដូច្នេះ? ១១  យូដា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ ហើយ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បាន​កើត​ឡើង​នៅ​ក្នុង​អ៊ីស្រាអែល​និង​យេរូសាឡិម* គឺ​យូដា​បាន​ធ្វើ​ឲ្យ​ភាព​បរិសុទ្ធ*ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​ទៅ​ជា​ស្មោក​គ្រោក+ ហើយ​យូដា​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​គោរព​បូជា​ព្រះ​ដទៃ។+ ១២  អ្នក​ណា​ក៏​ដោយ​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​អ្នក​នោះ​ឲ្យ​ផុត​ពី​ត្រសាល​របស់​យ៉ាកុប ទោះ​ជា​អ្នក​នោះ​ជូន​គ្រឿង​បូជា​ជា​អំណោយ​ដល់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ក្ដី​»។+ ១៣  ​«​មាន​ទង្វើ​មួយ​ទៀត​របស់​អ្នក​រាល់​គ្នា​ដែល​បាន​ធ្វើ​ឲ្យ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ពេញ​ទៅ​ដោយ​ទឹក​ភ្នែក ការ​ស្រែក​យំ និង​ការ​ដក​ដង្ហើម​ធំ។ ដូច្នេះ លោក​លែង​អើពើ​នឹង​គ្រឿង​បូជា​ជា​អំណោយ​របស់​អ្នក​រាល់​គ្នា ហើយ​លែង​ពេញ​ចិត្ត​នឹង​អ្វី​គ្រប់​យ៉ាង​ពី​ដៃ​របស់​អ្នក​រាល់​គ្នា។+ ១៤  រួច​អ្នក​រាល់​គ្នា​សួរ​ថា​៖ ‹ហេតុ​អ្វី?›។ នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​សាក្សី​ប្រឆាំង​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ក្បត់​ប្រពន្ធ​ដែល​អ្នក​រាល់​គ្នា​បាន​រួម​រស់​ជា​មួយ​តាំង​ពី​នៅ​វ័យ​ក្មេង ទោះ​ជា​នាង​ជា​គូ​ជីវិត​និង​ជា​ប្រពន្ធ​ស្រប​ច្បាប់​ក៏​ដោយ។+ ១៥  ប៉ុន្តែ មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​មាន​ឫទ្ធានុភាព​របស់​ព្រះ​នៅ​ជា​មួយ​នឹង​គាត់។ តើ​គាត់​ចង់​បាន​អ្វី? គាត់​ចង់​បាន​កូន​ចៅ*របស់​ព្រះ។ ដូច្នេះ ចូរ​ការ​ពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ហើយ​កុំ​ក្បត់​ប្រពន្ធ​ដែល​អ្នក​រាល់​គ្នា​បាន​រួម​រស់​ជា​មួយ​តាំង​ពី​នៅ​វ័យ​ក្មេង​ឡើយ។ ១៦  ព្រោះ​ខ្ញុំ​ស្អប់​ការ​លែង​លះ​»។+ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច្នោះ។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​ខ្ញុំ​ស្អប់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ។ ដូច្នេះ ចូរ​ការ​ពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ហើយ​កុំ​ប្រព្រឹត្ត​អំពើ​ក្បត់​ឲ្យ​សោះ។+ ១៧  ​«​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ធុញ​ទ្រាន់​ខ្លាំង​ណាស់។+ តែ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹តើ​ពួក​យើង​បាន​ធ្វើ​ឲ្យ​លោក​ធុញ​ទ្រាន់​នៅ​ពេល​ណា?› គឺ​នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹អ្នក​ណា​ដែល​ធ្វើ​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​លោក​ពេញ​ចិត្ត​អ្នក​នោះ›+ ឬ​និយាយ​ថា​៖ ‹តើ​ព្រះ​នៃ​យុត្តិធម៌​នៅ​ឯ​ណា?›​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ស្ដី​បន្ទោស​»​
នេះ​សំដៅ​លើ​កន្លែង​ដែល​គេ​បោះ​ចោល​លាមក​សត្វ​ដែល​គេ​យក​ទៅ​បូជា
ន័យ​ត្រង់​«​ច្បាប់​នៃ​សេចក្ដី​ពិត​នៅ​ក្នុង​មាត់​របស់​គាត់​»​
ឬ​«​ច្បាប់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា​នាំ​ឲ្យ​បណ្ដា​ជន​ធ្វើ​ខុស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទី​បរិសុទ្ធ​»​
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ន័យ​ត្រង់​«​ពូជ​»​