យេរេមា ១១:១-២៣
១១ ព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈយេរេមាថា៖
២ «ឱបណ្ដាជនអើយ! ចូរស្ដាប់ពាក្យពេចន៍ក្នុងកិច្ចព្រមព្រៀងរបស់ខ្ញុំ។
«ចូរប្រាប់*ពាក្យទាំងនេះដល់ពួកយូដានិងអ្នកក្រុងយេរូសាឡិម
៣ គឺប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃប្រជាជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ត្រូវបណ្ដាសាហើយ អ្នកណាដែលមិនធ្វើតាមសេចក្ដីដែលចែងក្នុងកិច្ចព្រមព្រៀងរបស់ខ្ញុំ+
៤ ជាសេចក្ដីដែលខ្ញុំបានបង្គាប់បុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលខ្ញុំនាំពួកគេចេញពីស្រុកអេហ្ស៊ីប+ដែលប្រៀបដូចជាឡរំលាយដែក។+ ខ្ញុំបានប្រាប់ពួកគេថា៖ ‹ចូរស្ដាប់បង្គាប់ខ្ញុំ ហើយធ្វើតាមប្រសាសន៍របស់ខ្ញុំ នោះអ្នកនឹងទៅជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។+
៥ យ៉ាងនោះ ខ្ញុំអាចធ្វើតាមពាក្យសម្បថដែលខ្ញុំបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា គឺឲ្យពួកគេរស់នៅក្នុងស្រុកដែលសម្បូរទឹកដោះនិងទឹកឃ្មុំ+ ជាស្រុកដែលអ្នករាល់គ្នារស់នៅរហូតដល់សព្វថ្ងៃនេះ›»›»។
ខ្ញុំក៏ឆ្លើយថា៖ «អាមេន!* ឱព្រះយេហូវ៉ាអើយ!»។
៦ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ចូរប្រកាសពាក្យទាំងនេះនៅបណ្ដាក្រុងក្នុងស្រុកយូដា និងនៅតាមផ្លូវក្នុងក្រុងយេរូសាឡិមថា៖ ‹ចូរស្ដាប់ពាក្យទាំងប៉ុន្មានដែលចែងក្នុងកិច្ចព្រមព្រៀងនេះ ហើយធ្វើតាមចុះ។
៧ ព្រោះខ្ញុំបានដាស់តឿនបុព្វបុរសរបស់អ្នករាល់គ្នានៅគ្រាដែលខ្ញុំនាំពួកគេចេញពីស្រុកអេហ្ស៊ីប និងរហូតដល់សព្វថ្ងៃនេះ គឺដាស់តឿនពួកគេម្ដងហើយម្ដងទៀតថា៖ «ចូរធ្វើតាមបង្គាប់ខ្ញុំ»។+
៨ ប៉ុន្តែ ពួកគេមិនបានផ្ទៀងត្រចៀកស្ដាប់ទេ។ ផ្ទុយទៅវិញ ពួកគេចេះតែធ្វើតាមចិត្តអាក្រក់និងចិត្តរឹងចចេសរបស់ខ្លួន។+ ដូច្នេះ ខ្ញុំបានធ្វើឲ្យអ្វីដែលចែងក្នុងកិច្ចព្រមព្រៀងនោះកើតឡើងទៅលើពួកគេ គឺកិច្ចព្រមព្រៀងដែលពួកគេមិនព្រមធ្វើតាម›»។
៩ រួចព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ពួកយូដានិងអ្នកក្រុងយេរូសាឡិមបានរួមគ្នាក្បត់ខ្ញុំ។
១០ ពួកគេបានបែរទៅប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់បុព្វបុរសរបស់ពួកគេ ជាអ្នកដែលមិនព្រមស្ដាប់បង្គាប់ខ្ញុំ។+ ពួកគេក៏បានកាន់តាមព្រះឯទៀត ហើយគោរពបម្រើព្រះទាំងនោះដែរ។+ ដូច្នេះ ទាំងពូជពង្សយូដាទាំងពូជពង្សអ៊ីស្រាអែល សុទ្ធតែបំពានកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងបុព្វបុរសរបស់ពួកគេ។+
១១ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងនាំឲ្យមានសេចក្ដីវេទនាធ្លាក់មកលើពួកគេ+ គ្មានពួកគេណាម្នាក់អាចគេចរួចបានឡើយ។ ពេលពួកគេស្រែកហៅខ្ញុំឲ្យជួយ ខ្ញុំនឹងមិនព្រមស្ដាប់ពួកគេជាដាច់ខាត។+
១២ ពួកអ្នកក្រុងទាំងឡាយនៅស្រុកយូដានិងអ្នកក្រុងយេរូសាឡិម នឹងទៅរកជំនួយពីព្រះនានាដែលពួកគេជូនគ្រឿងបូជា+ តែព្រះទាំងនោះមិនអាចសង្គ្រោះពួកគេនៅគ្រាវេទនាបានឡើយ។
១៣ ព្រោះឱយូដាអើយ! បណ្ដាព្រះរបស់អ្នកគឺមានច្រើនដូចជាបណ្ដាក្រុងរបស់អ្នកដែរ ហើយទីបូជាដែលអ្នកបានដំឡើងសម្រាប់អ្វី*ដ៏គួរឲ្យអាម៉ាស់ ក៏មានច្រើនដូចជាផ្លូវក្នុងក្រុងយេរូសាឡិមដែរ គឺទីបូជាដើម្បីជូនគ្រឿងបូជាដល់ព្រះបាល›។+
១៤ «ចំណែកអ្នក*វិញ អ្នកមិនត្រូវអធិដ្ឋានឲ្យប្រជាជាតិនេះជាដាច់ខាត។ អ្នកមិនត្រូវអង្វរសុំជំនួសពួកគេ ឬធ្វើសំណូមពរឲ្យពួកគេឡើយ+ ព្រោះខ្ញុំមិនព្រមស្ដាប់ទេ។ ទោះជាពួកគេស្រែកហៅខ្ញុំឲ្យជួយនៅគ្រាវេទនា ក៏ខ្ញុំមិនស្ដាប់ដែរ។
១៥ រាស្ត្រសំណព្វជាច្រើនរបស់ខ្ញុំបានធ្វើអំពើអាក្រក់ដូច្នេះតើពួកគេមានសិទ្ធិចូលក្នុងដំណាក់របស់ខ្ញុំឬ? តើសាច់នៃគ្រឿងបូជាដែលជាចំណែកបរិសុទ្ធ* អាចជួយពួកគេឲ្យគេចរួចពីទុក្ខវេទនាបានឬ?
នៅពេលនោះ តើអ្នករាល់គ្នានឹងត្រេកអរឬ?
១៦ ព្រះយេហូវ៉ាធ្លាប់ហៅអ្នកថាដើមអូលីវដែលមានមែកត្រសុំត្រសាយជាដើមដែលបង្កើតផលផ្លែល្អៗ។
ប៉ុន្តែ លោកដុតបំផ្លាញអ្នកចោល កាលដែលលាន់ឮសំឡេងកងរំពងឯពួកសត្រូវ ពួកគេក៏បានកាប់លួសមែកទាំងអស់ចោលដែរ។
១៧ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ដែលជាអ្នកដាំ+ បានប្រកាសថានឹងមានសេចក្ដីវេទនាធ្លាក់មកលើអ្នក ព្រោះតែពូជពង្សយូដានិងពូជពង្សអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដោយជូនគ្រឿងបូជាដល់ព្រះបាល។ ការនោះបានធ្វើឲ្យខ្ញុំខឹងជាខ្លាំង»។+
១៨ ព្រះយេហូវ៉ាអើយ! លោកបានប្រាប់ខ្ញុំឲ្យដឹងហើយបណ្ដាលឲ្យខ្ញុំឃើញអ្វីដែលពួកគេកំពុងធ្វើ។
១៩ ខ្ញុំប្រៀបដូចជាចៀមស្លូតដែលគេនាំយកទៅសម្លាប់។
ខ្ញុំមិនបានដឹងថាពួកគេបានឃុបឃិតគ្នាទាស់នឹងខ្ញុំ ដោយនិយាយថា៖+
«ចូរយើងបំផ្លាញដើមឈើនេះនិងផ្លែរបស់វាចោលចូរយើងសម្លាប់គាត់ឲ្យបាត់ពីស្រុកនេះទៅដើម្បីកុំឲ្យគេនៅចាំអំពីឈ្មោះរបស់គាត់ទៀត»។
២០ ប៉ុន្តែ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌តែងវិនិច្ឆ័យដោយសុចរិតយុត្តិធម៌។
លោកពិនិត្យមើលអស់ទាំងចិត្តទាំងគំនិតដែលកប់ជ្រៅ។+
សូមឲ្យខ្ញុំឃើញការសងសឹករបស់លោកទៅលើពួកគេផងព្រោះខ្ញុំបានទុករឿងក្ដីរបស់ខ្ញុំឲ្យលោកដោះស្រាយហើយ។
២១ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ទាស់នឹងអ្នកក្រុងអាណាថោត+ដែលកំពុងស្វែងរកជីវិតខ្ញុំ ជាអ្នកដែលគំរាមខ្ញុំថា៖ «អ្នកឯងមិនត្រូវប្រកាសទំនាយដោយនូវនាមព្រះយេហូវ៉ាជាដាច់ខាត។+ បើមិនដូច្នោះទេ អ្នកឯងនឹងស្លាប់ក្នុងកណ្ដាប់ដៃយើងជាមិនខាន»។
២២ ដោយហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងឲ្យពួកគេទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួន។ ពួកយុវជននឹងត្រូវស្លាប់ដោយដាវ+ ហើយកូនប្រុសកូនស្រីពួកគេនឹងត្រូវស្លាប់ដោយការអត់ឃ្លាន។+
២៣ ដូច្នេះ អ្នកក្រុងអាណាថោត+នឹងត្រូវស្លាប់ទាំងអស់ គ្មាននៅសល់អ្នកណាម្នាក់ទេ ព្រោះខ្ញុំនឹងនាំឲ្យមានសេចក្ដីវេទនាធ្លាក់លើពួកគេនៅក្នុងឆ្នាំដែលខ្ញុំវិនិច្ឆ័យទោស»។
កំណត់សម្គាល់
^ តាមមើលទៅនេះសំដៅលើយេរេមា
^ ឬ«សូមឲ្យកើតឡើង!»
^ ឬ«ព្រះ»
^ នេះសំដៅលើយេរេមា
^ នេះសំដៅលើគ្រឿងបូជាដែលគេជូននៅវិហារ