យេរេមា ១២:១-១៧

  • ការ​ត្អូញត្អែរ​របស់​យេរេមា (​១​-​៤)

  • ចម្លើយ​របស់​ព្រះ​យេហូវ៉ា (​៥​-​១៧)

១២  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​សុចរិត​ណាស់។+ ពេល​ខ្ញុំ​ត្អូញត្អែរ​ប្រាប់​លោក​និង​ពេល​ខ្ញុំ​និយាយ​អំពី​ការ​វិនិច្ឆ័យ​របស់​លោកលោក​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌។ ប៉ុន្តែ ហេតុ​អ្វី​ពួក​មនុស្ស​អាក្រក់​តែង​តែ​ទទួល​ផល​ល្អ?+ ហើយ​ហេតុ​អ្វី​មនុស្ស​ក្បត់​គ្មាន​ទុក្ខ​ព្រួយ​ដូច្នេះ?  ២  លោក​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​បាន​ចាក់​ឫសរួច​លូត​លាស់​ឡើង ព្រម​ទាំង​បង្កើត​ផល​ផ្លែ​ដែរ។ មាត់​គេ​តែង​និយាយ​អំពី​លោក តែ​ក្នុង​ចិត្ត*របស់​ពួក​គេ​វិញ គ្មាន​លោក​ទេ។+  ៣  ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ស្គាល់​ខ្ញុំ​ច្បាស់+ ថែម​ទាំង​ឃើញ​ខ្ញុំ​ផងលោក​បាន​ពិនិត្យ​មើល​ចិត្ត​ខ្ញុំ ហើយ​ឃើញ​ថា​ចិត្ត​ខ្ញុំ​ស្រប​នឹង​ចិត្ត​របស់​លោក។+ សូម​លោក​ញែក​ពួក​គេ ដូច​ជា​ញែក​ចៀម​យក​ទៅ​សម្លាប់សូម​លោក​ញែក​ពួក​គេ​ទុក​ដោយ​ឡែក​សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។  ៤  តើ​គួរ​ឲ្យ​ស្រុក​នេះ​ហិនហោច​ដល់​កាល​ណា​ទៅ? តើ​រហូត​ដល់​រុក្ខជាតិ​ទាំង​ឡាយ​ក្រៀម​ស្វិត​ឬ?+ ដោយ​សារ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុកសត្វ​ចតុប្បាទ​និង​សត្វ​ស្លាប​លែង​មាន​ទៀត។ ព្រោះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​លោក​មិន​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង​ទេ​»។  ៥  បើ​អ្នក​រត់​ប្រណាំង​ជា​មួយ​មនុស្ស ហត់​ប៉ុណ្ណឹង​ទៅ​ហើយតើ​អ្នក​អាច​រត់​ប្រណាំង​ជា​មួយ​សេះ​ម្ដេច​នឹង​បាន​ទៅ?+ បើ​អ្នក​ធ្លាប់​តែ​សុខ​ស្រួល​ក្នុង​ស្រុក​ដែល​មាន​សន្តិភាពចុះ​ពេល​អ្នក​នៅ​ក្នុង​ព្រៃ​ស្ដុក​តាម​ដង​ទន្លេ​យ៉ូដាន់ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ទៅ?  ៦  ព្រោះ​សូម្បី​តែ​បង​ប្អូន​បង្កើត​របស់​អ្នក ក៏​ក្បត់​អ្នក​ដែរ។+ ពួក​គេ​បាន​ស្រែក​យ៉ាង​ខ្លាំង​ទាស់​នឹង​អ្នក។ ទោះ​ជា​ពួក​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក៏​ដោយ កុំ​ជឿ​ពួក​គេ​ឲ្យ​សោះ។  ៧  ​«​ខ្ញុំ​បាន​ចាក​ចោល​វិហារ​របស់​ខ្ញុំ+ ហើយ​ក៏​បាន​បោះ​បង់​ចោល​មត៌ក​របស់​ខ្ញុំ​ដែរ។+ ខ្ញុំ​បាន​ប្រគល់​រាស្ត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ​របស់​ពួក​គេ។+  ៨  រាស្ត្រ​ដែល​ជា​មត៌ក​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​តោ​នៅ​ក្នុង​ព្រៃ។ ពួក​គេ​បាន​គ្រហឹម​ដាក់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ស្អប់​ពួក​គេ​ណាស់។  ៩  រាស្ត្រ​ដែល​ជា​មត៌ក​របស់​ខ្ញុំ ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដ៏​សាហាវ​ដែល​មាន​ពណ៌​ចម្រុះ។ សត្វ​ស្លាប​សាហាវ​ឯ​ទៀត បាន​មក​ឡោម​ព័ទ្ធ​ហើយ​ចឹក​វា។+ ឱ​សត្វ​សាហាវ​នៅ​ឯ​វាល​អើយ! ចូរ​នាំ​គ្នា​មក! ចូរ​មក​ស៊ី​វា​ទៅ។+ ១០  គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ+ហើយ​ជាន់​ឈ្លី​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ខ្ញុំ។+ ពួក​គេ​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​ទី​គាប់​ចិត្ត​ខ្ញុំ ប្រែ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​វិញ។ ១១  ទឹក​ដី​នោះ​បាន​ទៅ​ជា​ទី​រហោ​ស្ថាន មាន​សភាព​ក្រៀម​ក្រោះ*និង​ត្រូវ​ទុក​ចោល​នៅ​ចំពោះ​មុខ​ខ្ញុំ។+ ទឹក​ដី​ទាំង​មូល​បាន​សូន្យ​ស្ងាត់ តែ​គ្មាន​នរណា​អើពើ​ទេ។+ ១២  ពួក​អ្នក​បំផ្លាញ​បាន​មក​ពី​គ្រប់​ផ្លូវ​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ ព្រោះ​ដាវ​របស់​ព្រះ​យេហូវ៉ា​កំពុង​វាយ​ប្រហារ​ស្រុក​នេះ ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង+ហើយ​គ្មាន​នរណា​ម្នាក់​មាន​សេចក្ដី​សុខ​ឡើយ។ ១៣  ពួក​គេ​បាន​សាប​ព្រោះ​ពូជ​ស្រូវ​សាលី តែ​ច្រូត​បាន​បន្លា​វិញ។+ ពួក​គេ​ខំ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍។ ពួក​គេ​នឹង​ទទួល​ការ​អាម៉ាស់​ចំពោះ​ភោគ​ផល​របស់​ខ្លួនដោយ​សារ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា​»។ ១៤  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ស្ដី​អំពី​ប្រជា​ជាតិ​ជិត​ខាង​ដ៏​អាក្រក់ ដែល​មក​ប៉ះ​ពាល់​មត៌ក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ+ នោះ​ខ្ញុំ​នឹង​រំលើង​ពួក​គេ​ចេញ​ពី​ស្រុក​របស់​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​ដក​ពូជ​ពង្ស​យូដា​ចេញ​ពី​ចំណោម​ពួក​គេ។ ១៥  ប៉ុន្តែ ក្រោយ​ខ្ញុំ​រំលើង​ពួក​អ្នក​ទាំង​នោះ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​គេ​ម្ដង​ទៀត ហើយ​នាំ​ពួក​គេ​មក​ស្រុក​របស់​ពួក​គេ​វិញ ហើយ​ឲ្យ​ពួក​គេ​រស់​នៅ​លើ​ដី​ធ្លី​ជា​មត៌ក​រៀង​ៗ​ខ្លួន​»។ ១៦  ​«​បើ​ពួក​គេ​ខិត​ខំ​រៀន​ដើរ​តាម​ផ្លូវ​របស់​រាស្ត្រ​ខ្ញុំ ហើយ​ស្បថ​ដោយ​នូវ​នាម​ខ្ញុំ គឺ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ដូច​ពួក​គេ​ធ្លាប់​បង្រៀន​រាស្ត្រ​ខ្ញុំ​ឲ្យ​ស្បថ​ដោយ​នូវ​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​បាន​ចម្រុង​ចម្រើន​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ។ ១៧  ផ្ទុយ​ទៅ​វិញ បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​ដក​រំលើង ហើយ​បំផ្លាញ​ពួក​គេ​ចោល​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

កំណត់សម្គាល់

ឬ​«​អារម្មណ៍​កប់​ជ្រៅ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កើត​ទុក្ខ​»​