យេរេមា ១៣:១-២៧

  • ខ្សែ​ក្រវាត់​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ​ខូច​អស់ (​១​-​១១)

  • ថូ​ស្រា​ទំពាំង​បាយ​ជូរ​បាន​ត្រូវ​បំបែក (​១២​-​១៤)

  • យូដា​ដែល​មិន​ប្រែ​ចិត្ត​បាន​ត្រូវ​និរទេស (​១៥​-​២៧)

    • «​តើ​ជន​ជាតិ​គូស​អាច​ដូរ​ពណ៌​សម្បុរ​របស់​ខ្លួន​បាន​ទេ?​»​ (​២៣)

១៣  ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ទៅ​ទិញ​ខ្សែ​ក្រវាត់​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ រួច​ចង​នៅ​ចង្កេះ​អ្នក តែ​មិន​ត្រូវ​ឲ្យ​វា​សើម​ទេ​»។ ២  ដូច្នេះ ខ្ញុំ​ក៏​ទៅ​ទិញ​ខ្សែ​ក្រវាត់​តាម​បង្គាប់​ព្រះ​យេហូវ៉ា រួច​ចង​នៅ​ចង្កេះ​ខ្ញុំ។ ៣  ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ៤  ​«​ចូរ​យក​ខ្សែ​ក្រវាត់​នៅ​ចង្កេះ​អ្នក ជា​ខ្សែ​ក្រវាត់​ដែល​អ្នក​បាន​ទិញ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត ហើយ​លាក់​វា​ទុក​ក្នុង​ក្រហែង​ថ្ម​»។ ៥  ដូច្នេះ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ រួច​លាក់​ខ្សែ​ក្រវាត់​នោះ​នៅ​ក្បែរ​ទន្លេ​អឺប្រាត​តាម​បង្គាប់​ព្រះ​យេហូវ៉ា។ ៦  អស់​ជា​ច្រើន​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​ទន្លេ​អឺប្រាត រួច​យក​ខ្សែ​ក្រវាត់​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​លាក់​នោះ ត្រឡប់​មក​វិញ​»។ ៧  ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ទៅ​ទី​នោះ ហើយ​កាយ​យក​ខ្សែ​ក្រវាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក តែ​ខ្ញុំ​ឃើញ​ថា​វា​បាន​ពុក​ផុយ​អស់​ទៅ​ហើយ គឺ​មិន​អាច​ប្រើ​ការ​បាន​ទៀត​ទេ។ ៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ៩  ​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដែល​ថា​៖ ‹តាម​របៀប​ដូច​គ្នា​នេះ ខ្ញុំ​នឹង​បំបាក់​អំណួត​របស់​ពួក​យូដា និង​ការ​ក្រអឺតក្រអោង​របស់​អ្នក​ក្រុង​យេរូសាឡិម។+ ១០  ប្រជា​ជាតិ​ដ៏​អាក្រក់​នេះ​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ+ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ណាស់ ហើយ​ចូល​ចិត្ត​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន។+ ពួក​គេ​កាន់​តាម​ព្រះ​ឯ​ទៀត ហើយ​គោរព​បម្រើ​ដល់​ព្រះ​ទាំង​នោះ។ ហេតុ​នេះ ពួក​គេ​នឹង​ដូច​ជា​ខ្សែ​ក្រវាត់​នេះ​ដែរ គឺ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ›។ ១១  ‹ព្រោះ​ដូច​ខ្សែ​ក្រវាត់​ជាប់​នៅ​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដា​ជាប់​នឹង​ខ្ញុំ​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ+ ជា​កិត្តិនាម+ ជា​ការ​សរសើរ និង​អ្វី​ដ៏​ស្រស់​ស្អាត​ដល់​ខ្ញុំ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​មិន​បាន​ស្ដាប់​ខ្ញុំ​ទេ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១២  ​«​បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​នាំ​ដំណឹង​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ថូ​ធំ​ៗ​ទាំង​ប៉ុន្មាន គួរ​តែ​ពេញ​ទៅ​ដោយ​ស្រា​»​›។ ពួក​គេ​នឹង​ឆ្លើយ​មក​អ្នក​ថា​៖ ‹យើង​ដឹង​ហើយ​តើ ថា​ថូ​ធំ​ៗ​ទាំង​អស់​ត្រូវ​ដាក់​ស្រា​ពេញ›។ ១៣  រួច​អ្នក​ត្រូវ​និយាយ​ទៅ​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នេះ​ស្រវឹង​ជោក​ជាំ+ គឺ​ចាប់​ពី​ស្ដេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ រហូត​ដល់​ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់។ ១៤  ខ្ញុំ​នឹង​បោក​ពួក​គេ​ផ្ទប់​ជា​មួយ​គ្នា គឺ​ទាំង​ឪពុក​ទាំង​កូន។+ ខ្ញុំ​នឹង​មិន​ត្រា​ប្រណី ឬ​បង្ហាញ​សេចក្ដី​មេត្តា និង​សេចក្ដី​អាណិត​អាសូរ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក៏​គ្មាន​អ្វី​អាច​រា​រាំង​ខ្ញុំ​មិន​ឲ្យ​បំផ្លាញ​ពួក​គេ​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។+ ១៥  ចូរ​ត្រង​ត្រាប់​ស្ដាប់​ចុះកុំ​មាន​ចិត្ត​អំណួត​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ ១៦  ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នកមុន​លោក​នាំ​ឲ្យ​មាន​ភាព​ងងឹតនិង​មុន​អ្នក​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ​នា​ពេល​ព្រលប់។ អ្នក​ទន្ទឹង​ចាំ​ទទួល​ពន្លឺ តែ​លោក​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត​សូន្យសុងគឺ​លោក​ធ្វើ​ឲ្យ​ពន្លឺ​ប្រែ​ទៅ​ជា​ភាព​ងងឹត​យ៉ាង​ក្រាស់​វិញ។+ ១៧  ប៉ុន្តែ ប្រសិន​បើ​អ្នក​មាន​អំណួត​ហើយ​មិន​ព្រម​ស្ដាប់​ទេនោះ​ខ្ញុំ​នឹង​ពួន​យំ​តែ​ម្នាក់​ឯង។ ទឹក​ភ្នែក​ខ្ញុំ​នឹង​ហូរ​មក​ឥត​ល្ហែ​ដូច​ជា​ក្បាល​ទឹក+ព្រោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា+ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ហើយ។ ១៨  ចូរ​ប្រាប់​ដល់​ស្ដេច​និង​មាតា​ស្ដេច​ថា​៖+ ‹ចូរ​អង្គុយ​នៅ​កន្លែង​ទាប​ជាងព្រោះ​មកុដ​ដ៏​រុង​រឿង​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ពី​លើ​ក្បាល​អ្នក​ហើយ›។ ១៩  ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ភាគ​ខាង​ត្បូង​បាន​ត្រូវ​បិទ​ទ្វារ*ហើយ គ្មាន​នរណា​ម្នាក់​បើក​ទៀត​ទេ។ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​គេ​និរទេស​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+ ២០  ចូរ​ងើយ​ភ្នែក​មើល​ទៅ​ពួក​អ្នក​ដែល​កំពុង​មក​ពី​ភាគ​ខាង​ជើង។+ តើ​ហ្វូង​ចៀម​ស្អាត​ៗ​ដែល​អ្នក​បាន​ទទួល​នៅ​ឯ​ណា?+ ២១  ពេល​មិត្ត​ជិត​ស្និទ្ធ​ដែល​អ្នក​បាន​រាប់​អាន​ពី​ដំបូង+មក​ដាក់​ទោស​អ្នក តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ? តើ​អ្នក​នឹង​មិន​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​ទេ​ឬ?+ ២២  បើ​អ្នក​ឆ្ងល់​ក្នុង​ចិត្ត​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​ដល់​ខ្ញុំ?›+ នោះ​គឺ​ដោយ​សារ​តែ​កំហុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​របស់​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដោះ​សំពត់​អ្នក+ ហើយ​កែង​ជើង​អ្នក​ឈឺ​ចុក​ចាប់​ជា​ខ្លាំង។ ២៣  តើ​ជន​ជាតិ​គូស*អាច​ដូរ​ពណ៌​សម្បុរ​របស់​ខ្លួន​បាន​ទេ? ហើយ​តើ​ខ្លា​រខិន​អាច​ដូរ​ស្នាម​អុជ​របស់​វា​បាន​ឬ?+ បើ​បាន​មែន ឱ​អ្នក​ដែល​មាន​ទម្លាប់​ធ្វើ​អាក្រក់​អើយ! អ្នក​ក៏​អាច​ធ្វើ​ល្អ​បាន​ដែរ។ ២៤  ហេតុ​នេះ ដូច​ចំបើង​ត្រូវ​ខ្យល់​ពី​តំបន់​ស្ងាត់​ជ្រងំ​បក់​ប៉ីង​យ៉ាង​ណា​ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ​យ៉ាង​នោះ​ដែរ។+ ២៥  នោះ​ជា​ចំណែក​របស់​អ្នក​ហើយ ជា​ចំណែក​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ​«​អ្នក​បាន​បំភ្លេច​ខ្ញុំ+ និង​ទុក​ចិត្ត​ពាក្យ​ភូត​ភរ+ ២៦  ដោយ​ហេតុ​នោះ ខ្ញុំ​នឹង​លាត់​សំពត់​អ្នក​មក​គ្រប​ក្បាល​អ្នកហើយ​អ្នក​ឯ​ទៀត​នឹង​ឃើញ​កេរ្តិ៍​ខ្មាស​របស់​អ្នក+ ២៧  គេ​នឹង​ឃើញ​អំពើ​ផិត​ក្បត់​របស់​អ្នក+ និង​សម្រែក​ត្រេក​ត្រអាល​របស់​អ្នកព្រម​ទាំង​ឃើញ​អំពើ​ពេស្យាចារ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​អ្នក​ដែរ។ នៅ​លើ​ទី​ទួល​នា​នា និង​នៅ​ឯ​វាលខ្ញុំ​បាន​ឃើញ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​របស់​អ្នក។+ ឱ​ក្រុង​យេរូសាឡិម​អើយ! អ្នក​នឹង​ត្រូវ​វេទនា​ហើយ! តើ​អ្នក​នៅ​តែ​ប្រព្រឹត្ត​ដោយ​ស្មោក​គ្រោក​ដល់​កាល​ណា​ទៀត?​»។+

កំណត់សម្គាល់

ឬ​«​ឡោម​ព័ទ្ធ​»​
ឬ​«​អេត្យូពី​»​