យេរេមា ១៦:១-២១

  • យេរេមា​មិន​ត្រូវ​រៀប​ការ កាន់​ទុក្ខ ឬ​ចូល​រួម​បុណ្យ​សព (​១​-​៩)

  • ការ​ដាក់​ទោស និង​ការ​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ (​១០​-​២១)

១៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ២  ​«​អ្នក​មិន​ត្រូវ​រៀប​ការ ហើយ​ក៏​មិន​ត្រូវ​មាន​កូន​ប្រុស​កូន​ស្រី​ក្នុង​ស្រុក​នេះ​ទេ។ ៣  ព្រោះ​ស្ដី​អំពី​កូន​ប្រុស​កូន​ស្រី​ដែល​កើត​ក្នុង​ស្រុក​នេះ និង​ម្ដាយ​ដែល​បាន​សម្រាល​ពួក​គេ ព្រម​ទាំង​ឪពុក​ដែល​បាន​បង្កើត​ពួក​គេ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ៤  ‹ពួក​គេ​នឹង​ស្លាប់​ទៅ​ដោយ​ជំងឺ​សាហាវ​ៗ​+ តែ​គ្មាន​នរណា​យំ​កាន់​ទុក្ខ​ពួក​គេ ឬ​យក​ពួក​គេ​ទៅ​បញ្ចុះ​ទេ ពួក​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី។+ ឯ​អ្នក​ដែល​នៅ​សល់ ពួក​គេ​នឹង​វិនាស​ទៅ​ដោយ​ដាវ​និង​ការ​អត់​ឃ្លាន+ ហើយ​សព​ពួក​គេ​នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ស្លាប​នៅ​លើ​មេឃ​និង​សត្វ​សាហាវ​នៅ​លើ​ដី›។  ៥  ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​មាន​ពិធី​បុណ្យ​សព​ឡើយហើយ​ក៏​កុំ​យំ​ទួញ​ឬ​ចូល​រួម​រំលែក​ទុក្ខ​ពួក​គេ​ដែរ›។+ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​ខ្ញុំ​បាន​ដក​សេចក្ដី​សុខ​សាន្ត​ចេញ​ពី​ចំណោម​រាស្ត្រ​របស់​ខ្ញុំហើយ​ក៏​លែង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​ពួក​គេ​ទៀត​ដែរ។+  ៦  មនុស្ស​នឹង​ស្លាប់​ក្នុង​ស្រុក​នេះ គឺ​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ។ គ្មាន​នរណា​នឹង​យក​សព​ពួក​គេ​ទៅ​បញ្ចុះ ឬ​យំ​ស្រណោះ​ពួក​គេ​ទេហើយ​ក៏​គ្មាន​នរណា​នឹង​ឆូត​សាច់​ខ្លួន ឬ​កោរ​សក់​កាន់​ទុក្ខ​ពួក​គេ​ដែរ។*  ៧  គ្មាន​នរណា​ផ្ដល់​អាហារ​ដល់​អ្នក​កាន់​ទុក្ខ ដើម្បី​សម្រាល​ទុក្ខ​ពួក​គេ​ទេ។ គ្មាន​នរណា​ជូន​ពែង​នៃ​ការ​សម្រាល​ទុក្ខដើម្បី​ឲ្យ​ពួក​គេ​ផឹក​ក្នុង​ពិធី​បុណ្យ​សព​ឪពុក​ម្ដាយ​ពួក​គេ​ឡើយ។  ៨  កុំ​ចូល​ក្នុង​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀងហើយ​អង្គុយ​បរិភោគ​ជា​មួយ​នឹង​ពួក​គេ​ឲ្យ​សោះ›។ ៩  ​«​ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ‹នៅ​គ្រា​អ្នក និង​នៅ​ចំពោះ​មុខ​អ្នក ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ស្រុក​នេះ​ទៀត ព្រម​ទាំង​លែង​មាន​សម្រែក​អរ​សប្បាយ​របស់​កូន​កំឡោះ​និង​កូន​ក្រមុំ​ទៀត​ហើយ›។+ ១០  ​«​ពេល​អ្នក​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​បណ្ដា​ជន ពួក​គេ​នឹង​សួរ​អ្នក​ថា​៖ ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចេះ​តែ​មាន​ប្រសាសន៍​អំពី​អន្តរាយ​ដ៏​ធំ​មក​លើ​យើង​ដូច្នេះ? តើ​យើង​បាន​ធ្វើ​ខុស​អ្វី​ទាស់​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ទៅ?›។+ ១១  អ្នក​ត្រូវ​តប​ទៅ​ពួក​គេ​វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​បុព្វ​បុរស​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​កាន់​តាម​ព្រះ​ដទៃ និង​គោរព​បម្រើ​ព្រះ​ទាំង​នោះ។+ ពួក​គេ​បាន​បោះ​បង់​ចោល​ខ្ញុំ ហើយ​មិន​ធ្វើ​តាម​ច្បាប់​របស់​ខ្ញុំ​ទេ។+ ១២  រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត+ គឺ​ចេះ​តែ​ធ្វើ​តាម​ចិត្ត​រឹង​ចចេស​និង​ចិត្ត​អាក្រក់​របស់​ខ្លួន ហើយ​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​សោះ។+ ១៣  ម្ល៉ោះ​ហើយ ខ្ញុំ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ​ឲ្យ​ទៅ​រស់​នៅ​ស្រុក​ដទៃ ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​ដែល​ស្គាល់​ឡើយ។+ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​ឯ​ទៀត​ទាំង​យប់​ទាំង​ថ្ងៃ+ ព្រោះ​ខ្ញុំ​នឹង​មិន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​រាល់​គ្នា​ទៀត​ទេ​»​›។ ១៤  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​គ្រា​មួយ​ដែល​ពួក​គេ​នឹង​លែង​ស្បថ​ថា​៖ ​«​ដូច​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប!​»។+ ១៥  ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ប្រើ​ពាក្យ​សម្បថ​ដែល​ថា​៖ ​«​ដូច​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​ដែល​នៅ​ភាគ​ខាង​ជើង និង​ពី​ស្រុក​ទាំង​ឡាយ​ដែល​លោក​បាន​កម្ចាត់​កម្ចាយ​ពួក​គេ!​»។ ពេល​នោះ ខ្ញុំ​នឹង​នាំ​រាស្ត្រ​ខ្ញុំ​ត្រឡប់​មក​ស្រុក​របស់​ពួក​គេ​វិញ ជា​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​បុព្វ​បុរស​របស់​ពួក​គេ›។+ ១៦  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹មើល! ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​អ្នក​នេសាទ​ជា​ច្រើនឲ្យ​មក​នេសាទ​រាស្ត្រ​ខ្ញុំ​ដូច​ជា​នេសាទ​ត្រី។ ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​នាយ​ព្រាន​ជា​ច្រើនឲ្យ​មក​តាម​បរបាញ់​រាស្ត្រ​ខ្ញុំ​នៅ​គ្រប់​ភ្នំ​និង​ទី​ទួល​ទាំង​ប៉ុន្មានព្រម​ទាំង​នៅ​តាម​ក្រហែង​ថ្ម​ផង​ដែរ។ ១៧  ព្រោះ​ខ្ញុំ​ឃើញ​ការ​ប្រព្រឹត្ត​គ្រប់​យ៉ាង​របស់​ពួក​គេគ្មាន​អ្វី​មួយ​អាច​លាក់​កំបាំង​ពី​ភ្នែក​ខ្ញុំ​ឡើយសូម្បី​តែ​កំហុស​ឆ្គង​ទាំង​អស់​របស់​ពួក​គេ ក៏​ខ្ញុំ​ឃើញ​ដែរ។ ១៨  ដំបូង ខ្ញុំ​នឹង​សង​ពួក​គេ​ឲ្យ​សម​នឹង​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ+ព្រោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​របស់​ខ្ញុំ​ទៅ​ជា​ស្មោក​គ្រោក​ដោយ​រូប​ព្រះ​ឥត​ជីវិត​និង​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមហើយ​ធ្វើ​ឲ្យ​ស្រុក​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ពេញ​ទៅ​ដោយ​អ្វី​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម›​»។+ ១៩  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​កម្លាំង​និង​ជា​បន្ទាយ​ដ៏​រឹង​មាំ​របស់​ខ្ញុំជា​កន្លែង​ដែល​ខ្ញុំ​អាច​រត់​ទៅ​ពឹង​ជ្រក​នៅ​គ្រា​លំបាក។+ ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​មក​ហូរហែ​ពី​ចុង​ផែនដី មក​ឯ​លោកពួក​គេ​នឹង​និយាយ​ថា​៖ ​«​បុព្វ​បុរស​របស់​យើង​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​ការ​គោរព​បូជា​រូប​ព្រះ*គឺ​ជា​អ្វី​ដែល​ឥត​បាន​ការ​និង​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ​»។+ ២០  តើ​មនុស្ស​អាច​បង្កើត​ព្រះ​ណា​មួយ​សម្រាប់​ខ្លួន​បាន​ទេ? អ្វី​ដែល​គាត់​ធ្វើ​នោះ​មិន​មែន​ជា​ព្រះ​ពិត​ទេ។+ ២១  ​«​ដូច្នេះ នៅ​គ្រា​នេះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញគឺ​ឃើញ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំនោះ​ពួក​គេ​នឹង​ដឹង​ថា​នាម​ខ្ញុំ​គឺ​យេហូវ៉ា​»។

កំណត់សម្គាល់

នេះ​ជា​ទំនៀម​ទម្លាប់​កាន់​ទុក្ខ​របស់​សាសនា​មិន​ពិត ដែល​តាម​មើល​ទៅ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​បាន​ធ្វើ​តាម
ឬ​«​ទទួល​សេចក្ដី​ភូត​ភរ​ជា​កេរ​ដំណែល​»​