យេរេមា ២៤:១-១០

  • ផ្លែ​ល្វា​ល្អ​និង​ផ្លែ​ល្វា​ស្អុយ (​១​-​១០)

២៤  ឯ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​និរទេស​យេកូនាស*+ជា​កូន​យេហូយ៉ាគីម+ជា​ស្ដេច​ស្រុក​យូដា​ចេញ​ពី​ក្រុង​យេរូសាឡិម ព្រម​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​យូដា និង​ជាង​ចម្លាក់ រួម​ទាំង​ជាង​ដែក*ផង​ដែរ គឺ​គាត់​បាន​ចាប់​ពួក​គេ​ទាំង​អស់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។+ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ល្អី​ពីរ​ដែល​ពេញ​ទៅ​ដោយ​ផ្លែ​ល្វា* នៅ​ខាង​មុខ​វិហារ​ព្រះ​យេហូវ៉ា។ ២  ល្អី​មួយ​មាន​សុទ្ធ​តែ​ផ្លែ​ល្វា​ល្អ​ដែល​មើល​ទៅ​ដូច​ជា​ផ្លែ​ល្វា​ទុំ​នៅ​ដើម​រដូវ តែ​ល្អី​មួយ​ទៀត​មាន​សុទ្ធ​តែ​ផ្លែ​ល្វា​ស្អុយ​រលួយ​ដែល​មិន​អាច​បរិភោគ​បាន។ ៣  រួច​មក ព្រះ​យេហូវ៉ា​សួរ​ខ្ញុំ​ថា​៖ ​«​យេរេមា​អើយ! តើ​អ្នក​ឃើញ​អ្វី​ខ្លះ?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ផ្លែ​ល្វា។ ផ្លែ​ល្វា​ល្អ​គឺ​ល្អ​ខ្លាំង​ណាស់ តែ​ផ្លែ​ល្វា​ស្អុយ​គឺ​ស្អុយ​រលួយ​បរិភោគ​មិន​បាន​ទេ​»។+ ៤  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ៥  ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ដូច​ផ្លែ​ល្វា​ល្អ ខ្ញុំ​នឹង​មើល​ពួក​យូដា​ក្នុង​ផ្លូវ​ល្អ ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​និរទេស និង​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បណ្ដេញ​ចេញ​ពី​ស្រុក​នេះ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​ខាល់ដេ។ ៦  ខ្ញុំ​នឹង​តាម​មើល​ថែ​ពួក​គេ​ឲ្យ​បាន​សេចក្ដី​សុខ​ជា​និច្ច ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​នេះ​វិញ។+ ខ្ញុំ​នឹង​ពង្រឹង​ពួក​គេ ហើយ​មិន​ផ្ដួល​រំលំ​ពួក​គេ​ទេ។ ខ្ញុំ​នឹង​តាំង​ពួក​គេ​ឲ្យ​រឹង​មាំ​ឡើង ហើយ​មិន​រំលើង​ពួក​គេ​ឡើយ។+ ៧  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចង់​ស្គាល់​ខ្ញុំ​ជា​យេហូវ៉ា។+ ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ព្រោះ​ពួក​គេ​នឹង​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+ ៨  ​«​‹ប៉ុន្តែ ចំពោះ​ផ្លែ​ល្វា​ស្អុយ​រលួយ​ដែល​មិន​អាច​បរិភោគ​បាន+ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ដូច​ផ្លែ​ល្វា​ស្អុយ​នេះ ខ្ញុំ​នឹង​ចាត់​ទុក​សេដេគា+ស្ដេច​ស្រុក​យូដា​និង​ពួក​អ្នក​គ្រប់​គ្រង រួម​ទាំង​អ្នក​ក្រុង​យេរូសាឡិម​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​នេះ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​យ៉ាង​នោះ​ដែរ។+ ៩  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី​ភ័យ​រន្ធត់​និង​មាន​សេចក្ដី​វេទនា​ដោយ​សារ​តែ​ពួក​គេ។+ នៅ​ស្រុក​ណា​ដែល​ពួក​គេ​ទៅ​រស់​នៅ+ ពួក​អ្នក​ស្រុក​នោះ​នឹង​មើល​ងាយ សើច​ចំអក ជេរ​ប្រមាថ និង​ប្រទេច​ផ្ដាសា​ពួក​គេ​ជា​និច្ច។+ ១០  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដោយ​ដាវ+ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត+ រហូត​ដល់​ពួក​គេ​វិនាស​សាប​សូន្យ​អស់​ពី​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ពួក​គេ​និង​បុព្វ​បុរស​របស់​ពួក​គេ​»​›​»។

កំណត់សម្គាល់

គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូយ៉ាគីន​និង​កូនៀ​ដែរ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​សង់​របាំង​ការ​ពារ​»​
ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ