យេរេមា ២៥:១-៣៨

  • រឿង​ក្ដី​របស់​ព្រះ​យេហូវ៉ា​នឹង​ប្រជា​ជាតិ​នានា (​១​-​៣៨)

    • ប្រជា​ជាតិ​នា​នា​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​រយៈ​ពេល​៧០​ឆ្នាំ (​១១)

    • ពែង​ស្រា​នៃ​សេចក្ដី​កំហឹង​របស់​ព្រះ (​១៥)

    • សេចក្ដី​វេទនា​ធ្លាក់​លើ​ប្រជា​ជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ (​៣២)

    • សាក​សព​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រហារ (​៣៣)

២៥  នៅ​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា ដែល​ជា​ឆ្នាំ​ទី​១​នៃ​រាជ្យ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ស្ដី​អំពី​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​យូដា។ ២  យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ បាន​ប្រកាស​អំពី*បណ្ដា​ជន​ក្នុង​ស្រុក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់​ថា​៖ ៣  ​«​អស់​រយៈ​ពេល​២៣​ឆ្នាំ​ហើយ តាំង​ពី​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស+ជា​កូន​អេម៉ុន​ដែល​ជា​ស្ដេច​ស្រុក​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ទេ។+ ៤  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​ក៏​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​ដែល​ជា​អ្នក​បម្រើ​របស់​លោក​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ជា​ច្រើន​លើក​ច្រើន​សា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ទេ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ដែរ។+ ៥  ពួក​អ្នក​ប្រកាស​ទំនាយ​តែង​និយាយ​ថា​៖ ‹ឱ​អ្នក​រាល់​គ្នា​អើយ! សូម​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​និង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ខ្លួន​ទៅ។+ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​យារ​មក​ហើយ។ ៦  កុំ​ដើរ​តាម​ព្រះ​ឯ​ទៀត ហើយ​កុំ​បម្រើ និង​ក្រាប​គោរព​ព្រះ​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​តែ​រូប​ព្រះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្លាក់​នោះ​ឡើយ។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​នាំ​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា›។ ៧  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ខ្ញុំ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​តែ​ស្នា​ដៃ​របស់​អ្នក​រាល់​គ្នា។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​វេទនា​ហើយ›។+ ៨  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹​«​ដោយ​សារ​អ្នក​មិន​ស្ដាប់​បង្គាប់​ខ្ញុំ ៩  នោះ​ខ្ញុំ​នឹង​ចាត់​បណ្ដា​ជន​ទាំង​ឡាយ​ពី​ភាគ​ខាង​ជើង​ឲ្យ​មក​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ​«​ខ្ញុំ​នឹង​ចាត់​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+ ឲ្យ​មក​ទាស់​នឹង​ស្រុក​នេះ​និង​ពួក​អ្នក​ស្រុក​នេះ+ ព្រម​ទាំង​ទាស់​នឹង​ប្រជា​ជាតិ​នា​នា​ដែល​នៅ​ជុំវិញ។+ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​តក់​ស្លុត និង​ធ្វើ​ឲ្យ​ពួក​គេ​រង​ការ​ប្រមាថ​មើល​ងាយ ហើយ​ត្រូវ​វិនាស​ជា​រៀង​រហូត។ ១០  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លែង​មាន​សំឡេង​ហ៊ោ​កញ្ជ្រៀវ និង​សំឡេង​ត្រេក​អរ​របស់​ពួក​គេ+ រួម​ទាំង​សំឡេង​សប្បាយ​រីករាយ​របស់​កូន​កំលោះ​កូន​ក្រមុំ+ ព្រម​ទាំង​សំឡេង​កិន​ម្សៅ​ទៀត​ផង។ សូម្បី​តែ​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។ ១១  ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​បំផ្លាញ ហើយ​ទៅ​ជា​កន្លែង​គួរ​ឲ្យ​ភ័យ​ខ្លាច។ ប្រជា​ជាតិ​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​រយៈ​ពេល​៧០​ឆ្នាំ​»​›។+ ១២  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹លុះ​ចប់​៧០​ឆ្នាំ​ហើយ+ ខ្ញុំ​នឹង​ឲ្យ​ស្ដេច​ស្រុក​បាប៊ីឡូន​និង​ប្រជា​ជាតិ​នោះ​ទទួល​ខុស​ត្រូវ​ចំពោះ​ទោស​កំហុស​របស់​ខ្លួន+ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​ខាល់ដេ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត។+ ១៣  ម្ល៉ោះ​ហើយ អ្វី​ដែល​ខ្ញុំ​បាន​មាន​ប្រសាសន៍​ទាស់​នឹង​ស្រុក​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​ជា​មិន​ខាន ពោល​គឺ​អ្វី​ទាំង​អស់​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នេះ ជា​ទំនាយ​ដែល​យេរេមា​បាន​ប្រកាស​ទាស់​នឹង​ប្រជា​ជាតិ​នា​នា។ ១៤  ព្រោះ​ប្រជា​ជាតិ​ជា​ច្រើន​និង​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា+ នឹង​យក​ពួក​គេ​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ+ ហើយ​ខ្ញុំ​នឹង​សង​ពួក​គេ​ឲ្យ​សម​នឹង​ការ​ប្រព្រឹត្ត​និង​ស្នា​ដៃ​របស់​ពួក​គេ​វិញ›​»។+ ១៥  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ចូរ​យក​ពែង​ស្រា​នៃ​សេចក្ដី​កំហឹង​របស់​ខ្ញុំ​ចេញ​ពី​ដៃ​ខ្ញុំ ទៅ​ឲ្យ​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ រួច​ឲ្យ​ពួក​គេ​ផឹក។ ១៦  ពួក​គេ​នឹង​ផឹក​ស្រា​នោះ ហើយ​ដើរ​ទ្រេត​ទ្រោត ព្រម​ទាំង​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ឆ្កួត ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ចំណោម​ពួក​គេ​»។+ ១៧  ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​ចេញ​ពី​ដៃ​ព្រះ​យេហូវ៉ា ទៅ​ឲ្យ​ប្រជា​ជាតិ​នា​នា​ផឹក ជា​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ពួក​គេ។+ ១៨  ដំបូង​គឺ​ពួក​អ្នក​ក្រុង​យេរូសាឡិម និង​អ្នក​រស់​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា+ រួម​ទាំង​បណ្ដា​ស្ដេច​និង​ពួក​អ្នកគ្រប់​គ្រង ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​វិនាស និង​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​តក់ស្លុត ហើយ​ត្រូវ​គេ​ប្រមាថ​មើល​ងាយ​និង​ត្រូវ​បណ្ដាសា+ ដូច​ឃើញ​នៅ​សព្វថ្ងៃ​នេះ។ ១៩  បន្ទាប់​មក​គឺ​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប និង​ពួក​អ្នក​បម្រើ​គាត់ ព្រម​ទាំង​មន្ត្រី​និង​រាស្ត្រ​របស់​គាត់+ ២០  ថែម​ទាំង​ជន​ជាតិ​ផ្សេង​ៗ​ដែល​រស់​នៅ​ក្នុង​ស្រុកនោះ។ បន្ទាប់​នោះ​គឺ​បណ្ដា​ស្ដេច​ក្នុង​ស្រុក​អ៊ូស បណ្ដា​ស្ដេច​ក្នុង​ស្រុក​ភីលីស្ទីន+ អ្នកក្រុង​អាសកាឡូន+ អ្នក​ក្រុង​កាសា អ្នក​ក្រុង​អេក្រុន និង​អ្នក​ដែល​នៅ​សេស​សល់​ក្នុងក្រុងអា​សូត ២១  ពួក​អេដំ+ ពួក​ម៉ូអាប់+ ពួក​អាំម៉ូន+ ២២  បណ្ដា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស បណ្ដា​ស្ដេច​នៅ​ក្រុង​ស៊ីដូន+ រួម​ទាំង​បណ្ដា​ស្ដេច​នៃ​កោះ​នៅ​សមុទ្រ។ ២៣  ពួក​ដេដាន់+ ពួក​តេម៉ា ពួក​ប៊ូស និង​អស់​អ្នក​ដែល​តម្រឹម​សក់​ត្រឹម​សៀត​ផ្កា+ ២៤  ព្រម​ទាំង​បណ្ដា​ស្ដេច​របស់​ពួក​អារ៉ាប់+ និង​បណ្ដា​ស្ដេច​របស់​ជន​ជាតិ​ផ្សេង​ៗ​ដែល​រស់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ២៥  បណ្ដា​ស្ដេច​នៅ​តំបន់​ស៊ីមរី បណ្ដា​ស្ដេច​នៅ​ស្រុក​អេឡាំ+ និង​បណ្ដា​ស្ដេច​របស់​ជន​ជាតិ​មេឌី+ ២៦  បណ្ដា​ស្ដេច​នៅ​ភាគ​ខាង​ជើង​ទាំង​ជិត​ទាំង​ឆ្ងាយ ពី​រាជាណាចក្រ​មួយ​ទៅ​រាជាណាចក្រ​មួយ ព្រម​ទាំង​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី ហើយ​អ្នក​ដែល​ផឹក​ចុង​ក្រោយ​បង្អស់ គឺ​ស្ដេច​ក្រុង​សេសាក។*+ ២៧  ​«​រួច​ចូរ​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់ក្អួត ហើយ​ដួល​ទៅ ដើម្បី​មិន​អាច​ក្រោក​ឡើង​បាន+ ព្រោះ​ខ្ញុំ​នឹង​ចាត់​សត្រូវ​ឲ្យ​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​»​›។ ២៨  បើ​ពួក​គេ​មិន​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ នោះ​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បង្គាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​ផឹក​ជា​ដាច់​ខាត!។ ២៩  ព្រោះ​មើល! បើ​ខ្ញុំ​នាំ​សេចក្ដី​វេទនា​មក​លើ​ក្រុង​ដែល​ជា​តំណាង​នាម​ខ្ញុំ+ តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ទោស​បាន​ឬ?​»​›។+ ​«​‹អ្នក​រាល់​គ្នា​នឹង​មិន​រួច​ខ្លួន​ទេ ព្រោះ​ខ្ញុំ​នឹង​ចាត់​ឲ្យ​មាន​ដាវ​មួយ​ទៅ​វាយ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​ផែនដី›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៣០  ​«​អ្នក​ត្រូវ​ប្រកាស​ទុក​ជា​មុន​នូវ​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ​ថា​៖ ‹ពី​កន្លែង​ដ៏​ខ្ពស់ ព្រះ​យេហូវ៉ា​នឹង​គ្រហឹមពី​លំនៅ​បរិសុទ្ធ​របស់​លោក លោក​នឹង​បន្លឺ​សំឡេង​លាន់​ឮ​រំពង។ លោក​នឹង​គ្រហឹម​យ៉ាង​ខ្លាំង​ទាស់​នឹង​លំនៅ​របស់​លោក។ ដូច​សំឡេង​ច្រៀង​អរ​សប្បាយ​របស់​ពួក​អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រានោះ​លោក​នឹង​ច្រៀង​អបអរ​ជ័យ​ជម្នះ​ទៅ​លើ​អស់​អ្នក​ដែល​រស់​នៅ​ផែនដី​ដូច្នោះ​ដែរ›។ ៣១  ‹មាន​សំឡេង​មួយ​លាន់​ឮ​ទៅ​ដល់​ចុង​ផែនដីព្រោះ​ព្រះ​យេហូវ៉ា​មាន​រឿង​ក្ដី​នឹង​ប្រជា​ជាតិ​នា​នា។ លោក​នឹង​វិនិច្ឆ័យ​ទោស​មនុស្សជាតិ​ទាំង​ឡាយ​ដោយ​ខ្លួន​លោក​ផ្ទាល់+ហើយ​នឹង​ប្រហារ​មនុស្ស​ទុច្ចរិត​ដោយ​ដាវ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៣២  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​លើ​ប្រជា​ជាតិ​មួយ​ទៅ​ប្រជា​ជាតិ​មួយ+ហើយ​ព្យុះ​សង្ឃរា​ដ៏​ធំ​សម្បើម នឹង​បក់​បោក​មក​យ៉ាង​ខ្លាំង​ពី​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី។+ ៣៣  ​«​‹នៅ​ថ្ងៃ​នោះ សាក​សព​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រហារ នឹង​មាន​ច្រើន​ត្រៀប​ត្រា​ពី​ចុង​ផែនដី​ម្ខាង​ទៅ​ចុង​ផែនដី​ម្ខាង។ គ្មាន​អ្នក​ណា​យំ​កាន់​ទុក្ខ​ពួក​គេ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​យក​សព​ពួក​គេ​ទៅ​បញ្ចុះ​ដែរ។ សាក​សព​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី​វិញ›។ ៣៤  ឱ​ពួក​គង្វាល​អើយ! ចូរ​ទ្រហោ​យំ​ចុះ! ឱ​ពួក​អ្នក​ដែល​រុង​រឿង​ក្នុង​ចំណោម​ហ្វូង​ចៀម​អើយ! ចូរ​ននៀល​នៅ​ដី​ទៅ! ព្រោះ​វេលា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​និង​ត្រូវ​ស្លាប់​បាន​មក​ដល់​ហើយអ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភាជនៈ​មាន​តម្លៃ​ដែល​ធ្លាក់​បែក​ខ្ទេច​ខ្ទី! ៣៥  នៅ​ពេល​នោះ ពួក​គង្វាល​នឹង​គ្មាន​ផ្លូវ​គេច​រួច​ទេឯ​ពួក​អ្នក​ដែល​រុង​រឿង​ក្នុង​ចំណោម​ហ្វូង​ចៀម ក៏​គេច​មិន​ផុត​ដែរ។ ៣៦  ចូរ​ស្ដាប់​សម្រែក​របស់​ពួក​គង្វាល​ចុះ! ហើយ​ក៏​ស្ដាប់​សំឡេង​ទ្រហោ​យំ​របស់​ពួក​អ្នក​ដែល​រុង​រឿង​ក្នុង​ចំណោម​ហ្វូង​ចៀម​ដែរព្រោះ​ព្រះ​យេហូវ៉ា​កំពុង​បំផ្លាញ​វាល​ស្មៅ​ខៀវ​ខ្ចី​របស់​ពួក​គេ​ហើយ។ ៣៧  ចំណែក​ឯ​លំនៅ​ដែល​ធ្លាប់​តែ​មាន​សេចក្ដី​សុខ​សាន្ត ក៏​ប្រែ​ទៅ​ជា​កន្លែង​ស្ងាត់​ច្រៀប​គ្មាន​មនុស្ស​រស់​នៅព្រោះ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា។ ៣៨  លោក​ចាក​ចោល​លំនៅ​របស់​លោក ដូច​ជា​តោ​ស្ទាវ​បោះ​បង់​ចោល​រូង+ហើយ​ទឹក​ដី​របស់​ពួក​គេ​បាន​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាចព្រោះ​លោក​បាន​ប្រើ​ដាវ​វាយ​ប្រហារ​ដោយ​គ្មាន​មេត្តានិង​ដោយ​សារ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​លោក​»។

កំណត់សម្គាល់

ឬ​«​ដល់​»​
តាម​មើល​ទៅ​ឈ្មោះ​នេះ​សំដៅ​ទៅ​ក្រុង​បាបិល (​បាប៊ីឡូន​)