យេរេមា ២៦:១-២៤

  • យេរេមា​ត្រូវ​គេ​គំរាម​សម្លាប់ (​១​-​១៥)

  • យេរេមា​បាន​រួច​រស់​ជីវិត (​១៦​-​១៩)

    • ទំនាយ​របស់​មីកា​បាន​ត្រូវ​ដក​ស្រង់ (​១៨)

  • អ្នក​ប្រកាស​ទំនាយ​យូរ៉ាយ៉ា (​២០​-​២៤)

២៦  នៅ​ដើម​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ដែល​ជា​ស្ដេច​ស្រុក​យូដា មាន​ពាក្យ​មក​ពី​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ ២  ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ឈរ​នៅ​ឯ​ទី​ធ្លា​ក្នុង​បរិវេណ​វិហារ​ព្រះ​យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​ឡាយ​ក្នុង​ទឹក​ដី​យូដា ជា​ពួក​អ្នក​ដែល​មក​គោរព​ប្រណិប័តន៍​ខ្ញុំ​ជា​យេហូវ៉ា​នៅ​ឯ​វិហារ។ អ្នក​ត្រូវ​ប្រាប់​ពួក​គេ​តាម​ពាក្យ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ កុំ​ឲ្យ​បាត់​មួយ​ម៉ាត់​ឡើយ។ ៣  ប្រហែល​ជា​ពួក​គេ​នឹង​ស្ដាប់ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន​ក៏​មិន​ដឹង។ បើ​ពួក​គេ​ធ្វើ​ដូច្នោះ​មែន នោះ​ខ្ញុំ​នឹង​ប្រែ​គំនិត​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​ទៅ​លើ​ពួក​គេ​ដោយ​សារ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ​ឡើយ។+ ៤  ចូរ​ប្រាប់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ខ្ញុំ ហើយ​កាន់​តាម​ច្បាប់*ដែល​ខ្ញុំ​បាន​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា ៥  ហើយ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​ខ្ញុំ ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត​ទេ+ ៦  នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​ទៅ​ដូច​ជា​ស៊ីឡូរ​ដែរ+ ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ ហើយ​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​នឹង​យក​ក្រុង​នេះ​សម្រាប់​ដាក់​បណ្ដាសា›​»​›​»។+ ៧  ឯ​ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​ក៏​បាន​ឮ​ពាក្យ​សម្ដី​របស់​យេរេមា​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ដែរ។+ ៨  ដូច្នេះ ក្រោយ​ពី​យេរេមា​ប្រកាស​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​រួច នោះ​ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​បណ្ដា​ជន​ទាំង​អស់ បាន​មក​ចាប់​គាត់ ហើយ​និយាយ​ថា​៖ ​«​អ្នក​ឯង​នឹង​ស្លាប់​ជា​មិន​ខាន! ៩  ហេតុ​អ្វី​ក៏​អ្នក​ឯង​ប្រកាស​ទំនាយ​ក្នុង​នាម​ព្រះ​យេហូវ៉ា​ថា​៖ ‹វិហារ​នេះ​នឹង​ទៅ​ដូច​ជា​ស៊ីឡូរ ហើយ​ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល គ្មាន​មនុស្ស​រស់​នៅ​ទៀត›​ដូច្នេះ?​»។ ពេល​នោះ បណ្ដា​ជន​ទាំង​អស់​បាន​មក​ចោម​រោម​យេរេមា​នៅ​ក្នុង​បរិវេណ​វិហារ​ព្រះ​យេហូវ៉ា។ ១០  ពេល​ពួក​អ្នក​គ្រប់​គ្រង​បាន​ឮ​ពាក្យ​ទាំង​នោះ ពួក​គេ​ក៏​បាន​ចេញ​ពី​វិមាន​ស្ដេច​មក​ឯ​វិហារ​ព្រះ​យេហូវ៉ា រួច​អង្គុយ​នៅ​ខ្លោង​ទ្វារ​ថ្មី​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ១១  បន្ទាប់​មក ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​គ្រប់​គ្រង និង​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​បុរស​នេះ​សម​នឹង​ស្លាប់+ ព្រោះ​គាត់​បាន​ប្រកាស​ទំនាយ​ទាស់​នឹង​ក្រុង​នេះ ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ផ្ទាល់​ត្រចៀក​ហើយ​»។+ ១២  រួច​មក យេរេមា​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​គ្រប់​គ្រង និង​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ទំនាយ​ទាស់​នឹង​វិហារ​និង​ក្រុង​នេះ។ ខ្ញុំ​និយាយ​ពាក្យ​ទាំង​នោះ​តាម​បង្គាប់​លោក​ទេ។+ ១៣  ដូច្នេះ ចូរ​កែ​ខ្លួន​ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ត​ទៅ​ទៀត។ ចូរ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រែ​គំនិត​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ដូច​លោក​មាន​ប្រសាសន៍​ទេ។+ ១៤  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ប្រព្រឹត្ត​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ​និង​ត្រឹម​ត្រូវ​ចុះ។ ១៥  ប៉ុន្តែ ចូរ​ចាំ​ថា​បើ​អ្នក​រាល់​គ្នា​សម្លាប់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​នាំ​ឲ្យ​ខ្លួន​និង​ក្រុង​នេះ ព្រម​ទាំង​ពួក​អ្នក​ក្រុង មាន​ទោស​ចំពោះ​ឈាម​របស់​ជន​ស្លូត​ត្រង់​ហើយ ព្រោះ​តាម​ពិត​គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ពាក្យ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា​»។ ១៦  បន្ទាប់​មក ពួក​អ្នក​គ្រប់​គ្រង​និង​បណ្ដា​ជន​ទាំង​អស់​បាន​និយាយ​ទៅ​កាន់​ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​បុរស​នេះ​មិន​សម​នឹង​ស្លាប់​ទេ ព្រោះ​គាត់​ប្រកាស​ប្រាប់​យើង​ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​»។ ១៧  បន្ថែម​ទៀត ពួក​បុរស​ចាស់​ទុំ​ខ្លះ​បាន​ក្រោក​ឡើង ហើយ​និយាយ​ទៅ​កាន់​ពួក​ជំនុំ​ទាំង​មូល​ថា​៖ ១៨  ​«​នៅ​គ្រា​ហេសេគា+ជា​ស្ដេច​ស្រុក​យូដា មីកា+ជា​អ្នក​ក្រុង​ម៉ូរ៉ាស៊ីត​ក៏​ធ្លាប់​ប្រកាស​ទំនាយ​ដល់​អ្នក​ស្រុក​យូដា​ដែរ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ស៊ីយ៉ូន​នឹង​ត្រូវ​ភ្ជួរ​រាស់​ដូច​ជា​វាល​ស្រែក្រុង​យេរូសាឡិម​នឹង​ទៅ​ជា​គំនរ​បាក់​បែក+ឯ​ភ្នំ​ដែល​មាន​វិហារ​ព្រះ​នឹង​ទៅ​ដូច​ជា​ទី​ខ្ពស់​នៅ​ក្នុង​ព្រៃ​»​›។+ ១៩  ​«​តើ​ស្ដេច​ហេសេគា​និង​អ្នក​ស្រុក​យូដា​បាន​សម្លាប់​មីកា​ឬ? ស្ដេច​ហេសេគា​បាន​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​អង្វរ​សុំ​ក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា មែន​ទេ? ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រែ​គំនិត​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​លើ​ពួក​គេ​ដូច​ដែល​លោក​មាន​ប្រសាសន៍​ទេ។+ មើល! យើង​ហៀប​នឹង​នាំ​អន្តរាយ​ដ៏​ធំ​ធ្លាក់​មក​លើ​ខ្លួន​ហើយ។ ២០  ​«​ហើយ​ក៏​មាន​បុរស​ម្នាក់​ទៀត បាន​ប្រកាស​ទំនាយ​ក្នុង​នាម​ព្រះ​យេហូវ៉ា​ដែរ គឺ​យូរ៉ាយ៉ា​ជា​កូន​សិមម៉ាយ៉ា​ដែល​ជា​អ្នក​ក្រុង​គារីអាតយារីម។+ គាត់​បាន​ប្រកាស​ទំនាយ​ទាស់​នឹង​ក្រុង​នេះ​និង​ទឹក​ដី​នេះ ដូច​យេរេមា​បាន​ប្រកាស​ដែរ។ ២១  ឯ​ស្ដេច​យេហូយ៉ាគីម+ និង​ពួក​ទាហាន​ខ្លាំង​ក្លា​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង ពួក​គេ​ក៏​បាន​ឮ​សេចក្ដី​ប្រកាស​របស់​យូរ៉ាយ៉ា​ដែរ។ ដូច្នេះ ស្ដេច​យេហូយ៉ាគីម​ប៉ុន​ប៉ង​សម្លាប់​គាត់។+ ពេល​យូរ៉ាយ៉ា​ឮ​រឿង​នោះ គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ក៏​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប។ ២២  បន្ទាប់​មក ស្ដេច​យេហូយ៉ាគីម​បាន​ចាត់​អេលណាថាន+ជា​កូន​អាកបូរ និង​បុរស​មួយ​ចំនួន​ឲ្យ​ទៅ​ចាប់​យូរ៉ាយ៉ា​ពី​ស្រុក​អេហ្ស៊ីប។ ២៣  ក្រោយ​មក ពួក​គេ​បាន​នាំ​គាត់​ពី​ស្រុក​អេហ្ស៊ីប មក​ប្រគល់​ឲ្យ​ស្ដេច​យេហូយ៉ាគីម ហើយ​ស្ដេច​បាន​សម្លាប់​គាត់​ដោយ​ដាវ+ រួច​បោះ​សាក​សព​គាត់​ទៅ​ក្នុង​ផ្នូរ​របស់​ជន​សាមញ្ញ​»។ ២៤  ប៉ុន្តែ អាហាយខាម+ជា​កូន​សាផាន+ គាត់​បាន​ការ​ពារ​យេរេមា ដើម្បី​កុំ​ឲ្យ​គេ​ប្រគល់​គាត់​ទៅ​ឲ្យ​បណ្ដា​ជន​សម្លាប់។+

កំណត់សម្គាល់

ឬ​«​ការ​ណែនាំ​»​