យេរេមា ២៧:១-២២

  • នឹម​របស់​បាប៊ីឡូន (​១​-​១១)

  • សេដេគា​បាន​ត្រូវ​បង្គាប់​ឲ្យ​ចុះ​ចូល​នឹង​បាប៊ីឡូន (​១២​-​២២)

២៧  នៅ​ដើម​រាជ្យ​យេហូយ៉ាគីម​ជា​កូន​យ៉ូសៀស​ដែល​ជា​ស្ដេច​ស្រុក​យូដា មាន​ពាក្យ​មក​កាន់​យេរេមា​ពី​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ ២  ​«​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹ចូរ​ធ្វើ​នឹម​សម្រាប់​ខ្លួន រួច​ចង​ខ្សែ ហើយ​ពាក់​នៅ​លើ ក​អ្នក។ ៣  បន្ទាប់​មក ចូរ​ផ្ញើ​នឹម​ទាំង​នោះ​ទៅ​ស្ដេច​ស្រុក​អេដំ+ ស្ដេច​ស្រុក​ម៉ូអាប់+ ស្ដេច​ស្រុក​អាំម៉ូន+ ស្ដេច​ក្រុង​ទីរ៉ុស+ និង​ស្ដេច​ក្រុង​ស៊ីដូន+ តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​ពួក​គេ​ដែល​បាន​មក​ជួប​សេដេគា​ស្ដេច​ស្រុក​យូដា​នៅ​ឯ​ក្រុង​យេរូសាឡិម។ ៤  រួច​បង្គាប់​ពួក​គេ​ឲ្យ​ប្រាប់​ចៅហ្វាយ​ខ្លួន​ដូច​ត​ទៅ​៖ ​«​‹​«​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍។ អ្នក​ទាំង​អស់​គ្នា​ត្រូវ​ប្រាប់​ចៅហ្វាយ​ខ្លួន​ថា​៖ ៥  ‹ខ្ញុំ​នេះ​ហើយ​ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី មនុស្សជាតិ និង​សត្វ​ទាំង​ឡាយ ដោយ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ឲ្យ​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​ណា​ដែល​ខ្ញុំ​ពេញ​ចិត្ត។+ ៦  មើល! ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ទាំង​មូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា+ស្ដេច​ស្រុក​បាប៊ីឡូន​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ហើយ។ សូម្បី​តែ​សត្វ​ព្រៃ​ដែល​នៅ​ឯ​វាល ក៏​ខ្ញុំ​ឲ្យ​ពួក​វា​នៅ​ក្រោម​អំណាច​គាត់​ដែរ។ ៧  ប្រជា​ជាតិ​ទាំង​អស់​នឹង​បម្រើ​គាត់ កូន​គាត់ និង​ចៅ​គាត់ រហូត​ដល់​គ្រា​កំណត់​នៃ​ស្រុក​គាត់​មក​ដល់។+ ពេល​នោះ ប្រជា​ជាតិ​ជា​ច្រើន​និង​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា នឹង​យក​គាត់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ពួក​គេ​វិញ›។+ ៨  ​«​‹​«​‹ប្រសិន​បើ​ប្រជា​ជាតិ​ឬ​រាជាណាចក្រ​ណា​មិន​ព្រម​បម្រើ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​មិន​ព្រម​ចុះ​ចូល​នឹង​គាត់​ទេ* នោះ​ខ្ញុំ​នឹង​ដាក់​ទោស​ប្រជា​ជាតិ​នោះ​ដោយ​ដាវ+ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​អស់​ដោយ​ដៃ​របស់​ស្ដេច​នោះ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៩  ​«​‹​«​‹ហេតុ​នេះ ចូរ​កុំ​ស្ដាប់​ពួក​អ្នក​ប្រកាស​ទំនាយ គ្រូ​ទាយ គ្រូ​ស្រាយ​សុបិន គ្រូ​វេទមន្ត និង​គ្រូ​ធ្មប់​ដែល​ប្រាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ឡើយ​»។ ១០  ព្រោះ​ពួក​គេ​កំពុង​ប្រកាស​ទំនាយ​មិន​ពិត​ដល់​អ្នក​រាល់​គ្នា​ហើយ គឺ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ឃ្លាត​ចេញ​ពី​ស្រុក​ខ្លួន​ទៅ​នៅ​ស្រុក​ឆ្ងាយ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្ចាត់​ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​នឹង​វិនាស​ទៅ។ ១១  ​«​‹​«​‹ប៉ុន្តែ បើ​ប្រជា​ជាតិ​ណា​ព្រម​ចុះ​ចូល​នឹង*ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​បម្រើ​គាត់ នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រជា​ជាតិ​នោះ​បន្ត​រស់​នៅ​ក្នុង​ស្រុក​ខ្លួន ហើយ​អាច​ដាំ​ដុះ​លើ​ទឹក​ដី​នោះ​ត​ទៅ​ទៀត›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»​›​»។ ១២  ខ្ញុំ​ក៏​ប្រាប់​ពាក្យ​ដូច​នោះ​ដែរ​ទៅ​កាន់​សេដេគា+ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ​«​ចូរ​ចុះ​ចូល*បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន និង​រាស្ត្រ​របស់​គាត់​ចុះ នោះ​អ្នក​នឹង​អាច​រស់​នៅ​ត​ទៅ​ទៀត។+ ១៣  ហេតុ​អ្វី​ក៏​អ្នក​និង​រាស្ត្រ​របស់​អ្នក​ចង់​ស្លាប់​ដោយ​ដាវ+ ការ​អត់​ឃ្លាន+ និង​រោគ​រាត​ត្បាត​ដូច្នេះ?+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ​ថា​ប្រជា​ជាតិ​ណា​ដែល​មិន​ព្រម​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន នឹង​ត្រូវ​រង​ទុក្ខ​ដូច​នោះ​ជា​មិន​ខាន។ ១៤  ចូរ​កុំ​ស្ដាប់​ពាក្យ​របស់​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ‹អ្នក​នឹង​មិន​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ›+ ព្រោះ​ពួក​គេ​កំពុង​ប្រកាស​ពាក្យ​មិន​ពិត​ដល់​អ្នក​ហើយ។+ ១៥  ​«​‹ព្រោះ​ខ្ញុំ​មិន​បាន​ចាត់​ពួក​គេ​ទេ គឺ​ពួក​គេ​ខ្លួន​ឯង​ទេ​ដែល​កំពុង​ប្រកាស​ពាក្យ​មិន​ពិត​ក្នុង​នាម​ខ្ញុំ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ហេតុ​នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ទាំង​នោះ​វិនាស​ខ្ចាត់​ខ្ចាយ​ទៅ›​»។+ ១៦  ខ្ញុំ​បាន​និយាយ​ទៅ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​នេះ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​កុំ​ស្ដាប់​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ​«​មើល! ឆាប់​ៗ​ខាង​មុខ​នេះ គេ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ដែល​ប្រើ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា មក​ពី​ស្រុក​បាប៊ីឡូន​វិញ​ជា​មិន​ខាន​»។+ កុំ​ជឿ​ពួក​គេ​ឲ្យ​សោះ ពួក​គេ​កំពុង​ប្រកាស​ពាក្យ​កុហក​ដល់​អ្នក​រាល់​គ្នា​ទេ។+ ១៧  កុំ​ស្ដាប់​ពួក​គេ​ឡើយ។ ចូរ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ត​ទៅ​ទៀត។+ តើ​គួរ​ឲ្យ​ក្រុង​នេះ​ត្រូវ​បំផ្លាញ​ចោល​ឬ? ១៨  ប៉ុន្តែ បើ​ពួក​គេ​ជា​អ្នក​ប្រកាស​ទំនាយ​ពិត ហើយ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​តាម​រយៈ​ពួក​គេ​មែន សូម​ឲ្យ​ពួក​គេ​អង្វរ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដើម្បី​កុំ​ឲ្យ​ពួក​សត្រូវ​មក​ប្រមូល​ប្រដាប់​ប្រដា​ដែល​នៅ​សេស​សល់​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ក្នុង​វិមាន​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូសាឡិម​ទៅ​ស្រុក​បាប៊ីឡូន​ទៀត›។ ១៩  ​«​ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​អំពី​សសរ+ អាង​ទឹក​ធំ*+ រទេះ​ទឹក+ និង​ប្រដាប់​ប្រដា​ដែល​នៅ​សល់​ក្នុង​ក្រុង​នេះ ២០  ដែល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​មិន​បាន​ប្រមូល​យក​ទៅ កាល​ដែល​គាត់​ចាប់​យេកូនាស​ជា​កូន​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា និង​ពួក​អ្នក​មាន​មុខ​មាត់​ទាំង​អស់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡិម យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។+ ២១  ស្ដី​អំពី​ប្រដាប់​ប្រដា​ដែល​នៅ​សល់​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ក្នុង​វិមាន​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូសាឡិម ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ២២  ‹​«​ប្រដាប់​ប្រដា​ទាំង​នេះ​នឹង​ត្រូវ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន+ ហើយ​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​គិត​អំពី​របស់​ទាំង​នោះ។* បន្ទាប់​មក ខ្ញុំ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​មក​ដាក់​នៅ​កន្លែង​ដើម​វិញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›​»។+

កំណត់សម្គាល់

ឬ​«​មិន​ព្រម​ពាក់​នឹម​របស់​គាត់​ទេ​»​
ឬ​«​ពាក់​នឹម​»​
ឬ​«​ពាក់​នឹម​»​
អាង​នេះ​ធ្វើ​ពី​ស្ពាន់​ដើម្បី​ប្រើ​នៅ​វិហារ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រជា​ជាតិ​អ៊ីស្រាអែល​»​