យេរេមា ២៨:១-១៧

  • យេរេមា​ប្រឆាំង​នឹង​ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ​ក្លែង​ក្លាយ (​១​-​១៧)

២៨  នៅ​ឆ្នាំ​ដដែល​នោះ គឺ​នៅ​ខែ​ទី​៥ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​សេដេគា+ស្ដេច​ស្រុក​យូដា ហាណានា​ជា​កូន​អាសសឺ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​មក​ពី​ក្រុង​គីបៀន+ បាន​និយាយ​មក​ខ្ញុំ​នៅ​មុខ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​ឡាយ​នៅ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ២  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។+ ៣  ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ខ្ញុំ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​មក​វិញ គឺ​ជា​ប្រដាប់​ប្រដា​ដែល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​នាំ​យក​ទៅ​ស្រុក​គាត់›​»។+ ៤  ​«​‹ហើយ​ខ្ញុំ​ក៏​នាំ​យេកូនាស+ជា​កូន​យេហូយ៉ាគីម+ដែល​ជា​ស្ដេច​ស្រុក​យូដា និង​ពួក​យូដា​ទាំង​អស់​ដែល​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ឲ្យ​ត្រឡប់​មក​វិញ​ដែរ។+ ព្រោះ​ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ជា​មិន​ខាន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។ ៥  បន្ទាប់​មក យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ក៏​និយាយ​ទៅ​កាន់​ហាណានា​នៅ​ខាង​មុខ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​អស់ ដែល​កំពុង​ឈរ​នៅ​បរិវេណ​វិហារ​ព្រះ​យេហូវ៉ា។ ៦  យេរេមា​និយាយ​ថា​៖ ​«​អាមេន!* សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​កើត​ឡើង​ដូច្នេះ! សូម​ឲ្យ​ព្រះ​យេហូវ៉ា​នាំ​យក​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​វិហារ​ព្រះ​យេហូវ៉ា និង​នាំ​ពួក​យូដា​ដែល​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ​ដូច​ពាក្យ​អ្នក​ប្រកាស​ចុះ! ៧  ប៉ុន្តែ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ដំណឹង​ដែល​ខ្ញុំ​កំពុង​ប្រាប់​អ្នក​និង​បណ្ដា​ជន​ទាំង​អស់។ ៨  នៅ​សម័យ​មុន​ខ្ញុំ​និង​មុន​អ្នក ធ្លាប់​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ប្រកាស​អំពី​សង្គ្រាម សេចក្ដី​វេទនា និង​រោគ​រាត​ត្បាត ដែល​ស្រុក​ទាំង​ឡាយ​និង​រាជាណាចក្រ​ខ្លាំង​ក្លា​ជា​ច្រើន​នឹង​ជួប​ប្រទះ។ ៩  បើ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ប្រកាស​ថា​នឹង​មាន​សន្តិភាព ហើយ​ពាក្យ​របស់​គាត់​ក្លាយ​ទៅ​ជា​ការ​ពិត នោះ​គេ​នឹង​ដឹង​ថា​អ្នក​ប្រកាស​ទំនាយ​នោះ​ពិត​ជា​ត្រូវ​ព្រះ​យេហូវ៉ា​ចាត់​ឲ្យ​មក​មែន​»។ ១០  ឮ​ដូច្នេះ ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ បាន​យក​នឹម​ពីក​យេរេមា​ទៅ​បំបាក់​ចោល។+ ១១  រួច​ហាណានា​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹គឺ​យ៉ាង​នេះ​ឯង ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន ពី​ប្រជា​ជាតិ​ទាំង​ឡាយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ›​»។+ ស្ដាប់​រួច យេរេមា​ក៏​ចាក​ចេញ​ពី​ទី​នោះ​ទៅ។ ១២  ក្រោយ​ពី​ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ​បំបាក់​នឹម​ពីកយេរេមា ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ១៣  ​«​ចូរ​ទៅ​ប្រាប់​ហាណានា​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​បាន​បំបាក់​នឹម​ឈើ+ តែ​នឹង​មាន​នឹម​ដែក​ជំនួស​វិញ​»។ ១៤  ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ដាក់​នឹម​ដែក​នៅ​លើក​ប្រជាជាតិ​នា​នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ពួក​គេ​ត្រូវ​បម្រើ​ស្ដេច​នោះ​ជា​ប្រាកដ។+ សូម្បី​តែ​សត្វ​ព្រៃ​ដែល​នៅ​ឯ​វាល ក៏​ខ្ញុំ​ឲ្យ​ពួក​វា​នៅ​ក្រោម​អំណាច​គាត់​ដែរ​»​›​»។+ ១៥  បន្ទាប់​មក យេរេមា​និយាយ​ទៅ​កាន់​ហាណានា+ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ឱ​ហាណានា​អើយ! សូម​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​មិន​បាន​ចាត់​អ្នក​ទេ តែ​អ្នក​បាន​និយាយ​ពាក្យ​កុហក​ដែល​នាំ​ឲ្យ​បណ្ដា​ជន​ជឿ​ស្លុង​តាម​អ្នក។+ ១៦  ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​កាត់​អ្នក​ចេញ​ពី​ផែនដី គឺ​នៅ​ឆ្នាំ​នេះ​ឯង អ្នក​នឹង​ស្លាប់​ជា​មិន​ខាន ព្រោះ​អ្នក​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ជា​យេហូវ៉ា›​»។+ ១៧  ដូច្នេះ ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ស្លាប់​នៅ​ខែ​ទី​៧​ក្នុង​ឆ្នាំ​នោះ​ឯង។

កំណត់សម្គាល់

ឬ​«​សូម​ឲ្យ​កើត​ឡើង!​»​