យេរេមា ២៩:១-៣២

  • សំបុត្រ​របស់​យេរេមា​ទៅ​កាន់​ជន​និរទេស​នៅ​ស្រុក​បាប៊ីឡូន (​១​-​២៣)

    • អ៊ីស្រាអែល​នឹង​ត្រឡប់​មក​ស្រុក​វិញ​ក្រោយ​៧០​ឆ្នាំ (​១០)

  • ដំណឹង​ទៅ​កាន់​សិមម៉ាយ៉ា (​២៤​-​៣២)

២៩  យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​សំបុត្រ​ពី​ក្រុង​យេរូសាឡិម ផ្ញើ​ទៅ​ពួក​បុរស​ចាស់​ទុំ​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​បណ្ដា​ជន​ទាំង​អស់ ដែល​នេប៊ូក្នេសា​បាន​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ២  គឺ​ក្រោយ​ពេល​ដែល​ស្ដេច​យេកូនាស+ និង​មាតា​ស្ដេច+ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​អ្នក​គ្រប់​គ្រង​នៅ​ស្រុក​យូដា​និង​នៅ​ក្រុង​យេរូសាឡិម រួម​ទាំង​ជាង​ចម្លាក់ និង​ជាង​ដែក* បាន​ត្រូវ​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម។+ ៣  យេរេមា​បាន​ផ្ញើ​សំបុត្រ​នោះ​តាម​រយៈ​អែលអេសា​ជា​កូន​សាផាន+ និង​កេម៉ារៀ​ជា​កូន​ហ៊ីលគីយ៉ា ពេល​ដែល​សេដេគា+ស្ដេច​ស្រុក​យូដា បាន​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ជួប​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ៤  ​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ដែល​លោក​បាន​ត្រូវ​និរទេស​ពី​ក្រុង​យេរូសាឡិម​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​៖ ៥  ‹ចូរ​សង់​ផ្ទះ​ហើយ​រស់​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​ធ្វើ​ចម្ការ ហើយ​បរិភោគ​ផល​ដែរ។ ៦  ចូរ​រៀប​ការ​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី។ រួច​រៀប​ការ​ឲ្យ​កូន​ប្រុស​កូន​ស្រី​ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​បង្កើត​កូន​ជា​ច្រើន​ឡើង។ ចូរ​បង្កើន​ចំនួន​ឲ្យ​ច្រើន​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចុះ​ឡើយ។ ៧  ចូរ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​និង​សេចក្ដី​ចម្រើន​នៅ​ក្នុង​ក្រុង​ដែល​ខ្ញុំ​បាន​និរទេស​អ្នក​រាល់​គ្នា ហើយ​អធិដ្ឋាន​ដល់​ខ្ញុំ​ជា​យេហូវ៉ា​ឲ្យ​ពួក​អ្នក​ក្រុង​នោះ​ផង ព្រោះ​បើ​ក្រុង​នោះ​មាន​សេចក្ដី​សុខ​សាន្ត អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សុខ​សាន្ត​ដែរ។+ ៨  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ចាញ់​បោក​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​គ្រូ​ទាយ​ឡើយ+ ហើយ​ក៏​កុំ​ជឿ​ការ​បក​ស្រាយ​សុបិន​របស់​ពួក​គេ​ដែរ។ ៩  ព្រោះ​‹ពួក​គេ​កំពុង​ប្រកាស​ទំនាយ​មិន​ពិត​ក្នុង​នាម​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ចាត់​ពួក​គេ​ទេ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»​›​»។ ១០  ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹លុះ​ចប់​៧០​ឆ្នាំ​ហើយ ខ្ញុំ​នឹង​ចាត់​វិធានការ​ដើម្បី​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ខ្ញុំ ដោយ​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ទី​នេះ​វិញ›។+ ១១  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​គំនិត​ដែល​ខ្ញុំ​កំពុង​គិត​ចំពោះ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត មិន​មែន​សេចក្ដី​វេទនា​ទេ+ ហើយ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ។+ ១២  ពេល​ដែល​អ្នក​រាល់​គ្នា​ហៅ​រក​ខ្ញុំ​និង​អធិដ្ឋាន​មក​ខ្ញុំ ខ្ញុំ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា›។+ ១៣  ​«​‹អ្នក​រាល់​គ្នា​នឹង​ខំ​ស្វែង​រក​ខ្ញុំ ហើយ​រក​ខ្ញុំ​ឃើញ​មែន។+ ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​ខ្ញុំ​អស់​ពី​ចិត្ត+ ១៤  ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ខ្ញុំ​នឹង​នាំ​យក​អ្នក​រាល់​គ្នា​និង​ជន​រួម​ជាតិ​ដែល​ជាប់​ជា​ឈ្លើយ ចេញ​ពី​ប្រជា​ជាតិ​នា​នា និង​ពី​កន្លែង​ដែល​ខ្ញុំ​បាន​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា។+ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ជា​ទឹក​ដី​ដែល​ខ្ញុំ​បាន​បណ្ដេញ​អ្នក​រាល់​គ្នា›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+ ១៥  ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ពួក​អ្នក​ប្រកាស​ទំនាយ​ដើម្បី​ណែនាំ​យើង​នៅ​ស្រុក​បាប៊ីឡូន​ហើយ›។ ១៦  ​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ស្ដេច​ដែល​កំពុង​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ+ និង​បណ្ដា​ជន​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែល​មិន​បាន​ត្រូវ​និរទេស។ ១៧  ប្រសាសន៍​លោក​មាន​ដូច​ត​ទៅ​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។+ បន្ថែម​ទៀត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ផ្លែ​ល្វា​ស្អុយ​រលួយ* ដែល​មិន​អាច​បរិភោគ​បាន​ឡើយ​»​›។+ ១៨  ​«​‹ខ្ញុំ​នឹង​ដេញ​តាម​ប្រហារ​ពួក​គេ​ដោយ​ដាវ+ ហើយ​ពួក​គេ​នឹង​គេច​មិន​ផុត​ពី​ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត​ទេ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី​ភ័យ​រន្ធត់​ដោយ​សារ​តែ​ពួក​គេ។+ នៅ​ស្រុក​ណា​ដែល​ពួក​គេ​ទៅ​រស់​នៅ ពួក​អ្នក​ស្រុក​នោះ​នឹង​មើល​ងាយ សើច​ចំអក ជេរ​ប្រមាថ និង​ប្រទេច​ផ្ដាសា​ពួក​គេ​ជា​និច្ច។+ ១៩  ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​ពាក្យ​របស់​ខ្ញុំ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​ពួក​អ្នក​បម្រើ​ខ្ញុំ​ទេ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ខ្ញុំ​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​ឲ្យ​ទៅ​ឯ​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត›។+ ​«​‹ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ទាល់​តែ​សោះ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២០  ​«​ហេតុ​នេះ ឱ​បណ្ដា​ជន​ដែល​ខ្ញុំ​បាន​និរទេស​ចេញ​ពី​ក្រុង​យេរូសាឡិម​ឲ្យ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ខ្ញុំ​ជា​យេហូវ៉ា! ២១  ស្ដី​អំពី​អាហាប់​ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម៉ាអាសៀ ដែល​បាន​ប្រកាស​ទំនាយ​មិន​ពិត​ក្នុង​នាម​ខ្ញុំ+ជា​យេហូវ៉ា ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ខ្ញុំ​ប្រាប់​ថា​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​គាត់​នឹង​សម្លាប់​ពួក​គេ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ ២២  រួច​មក អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួក​គេ បណ្ដា​ជន​យូដា​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន នឹង​ប្រើ​ជា​ពាក្យ​សម្រាប់​ដាក់​បណ្ដាសា​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ដល់​អ្នក ដូច​សេដេគា​និង​អាហាប់​ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ដុត​នៅ​ក្នុង​ភ្លើង!​»។ ២៣  ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ក្នុង​ស្រុក​អ៊ីស្រាអែល+ ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ប្រពន្ធ​អ្នក​ជិត​ខាង​ខ្លួន ព្រម​ទាំង​និយាយ​ពាក្យ​មិន​ពិត​ក្នុង​នាម​ខ្ញុំ ជា​ពាក្យ​ដែល​ខ្ញុំ​មិន​បាន​បង្គាប់​សោះ​ឡើយ។+ ​«​‹​«​ខ្ញុំ​ជា​សាក្សី ហើយ​ដឹង​ច្បាស់​អំពី​នេះ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›​»។ ២៤  ​«​ចំណែក​សិមម៉ាយ៉ា+ដែល​មក​ពី នេហេឡាម​វិញ អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ២៥  ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​តែ​អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​ឈ្មោះ​អ្នក​ផ្ទាល់ ទៅ​កាន់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម ទៅ​កាន់​សេផានា+ជា​កូន​ម៉ាអាសៀ​ដែល​ជា​សង្ឃ ព្រម​ទាំង​ទៅ​កាន់​ពួក​សង្ឃ​ទាំង​អស់ ដោយ​មាន​សេចក្ដី​ថា​៖ ២៦  ‹ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អ្នក​ជា​សង្ឃ ជំនួស​យេហូយ៉ាដា​ជា​សង្ឃ ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​វិហារ​របស់​ព្រះ​យេហូវ៉ា និង​ឲ្យ​ចាប់​មនុស្ស​ឆ្កួត​ណា​ដែល​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ យក​ទៅ​ដាក់​ខ្នោះ​និង​ច្រវាក់+ ២៧  បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ដាក់​ទោស​យេរេមា​ជា​អ្នក​ក្រុង​អាណាថោត+ដែល​កំពុង​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ​ទៅ?+ ២៨  ព្រោះ​គាត់​ហ៊ាន​ផ្ញើ​សំបុត្រ​មក​យើង​នៅ​ស្រុក​បាប៊ីឡូន ដោយ​និយាយ​ថា​៖ ​«​គឺ​នៅ​យូរ​ទៀត! ដូច្នេះ ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ទី​នោះ​ទៅ ព្រម​ទាំង​ធ្វើ​ចម្ការ និង​បរិភោគ​ផល​ដែរ+. . . ​»​›​»​›​»។ ២៩  ពេល​សេផានា+ជា​សង្ឃ​អាន​សំបុត្រ​នេះ នៅ​មុខ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ៣០  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ៣១  ​«​ចូរ​ផ្ញើ​ពាក្យ​នេះ​ទៅ​បណ្ដា​ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ដោយ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ស្ដី​អំពី​សិមម៉ាយ៉ា​ដែល​មក​ពី​នេហេឡាម​ថា​៖ ​«​ខ្ញុំ​មិន​បាន​ចាត់​សិមម៉ាយ៉ា​ឲ្យ​ប្រកាស​ទំនាយ​ដល់​អ្នក​រាល់​គ្នា​ទេ តែ​គាត់​បាន​ព្យាយាម​និយាយ​ពាក្យ​កុហក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ស្លុង​តាម​គាត់។+ ៣២  ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! ខ្ញុំ​នឹង​ដាក់​ទោស​សិមម៉ាយ៉ា​ដែល​មក​ពី​នេហេឡាម និង​កូន​ចៅ​គាត់។ គ្មាន​កូន​ចៅ​ណា​ម្នាក់​របស់​គាត់ នឹង​រួច​ជីវិត​ក្នុង​ចំណោម​បណ្ដា​ជន​នេះ​ទេ។ គាត់​នឹង​មិន​ឃើញ​អ្វី​ល្អ​ដែល​ខ្ញុំ​នឹង​ធ្វើ​ដើម្បី​រាស្ត្រ​ខ្ញុំ​ឡើយ ព្រោះ​គាត់​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ជា​យេហូវ៉ា›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»​›​»។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​សង់​របាំង​ការ​ពារ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្លាយ​»​