យេរេមា ៣:១-២៥

  • កម្រិត​នៃ​ការ​ក្បត់​ជំនឿ​របស់​ជន​ជាតិ​អ៊ីស្រាអែល (​១​-​៥)

  • ទោស​នៃ​ការ​ផិត​ក្បត់​របស់​អ៊ីស្រាអែល​និង​យូដា (​៦​-​១១)

  • ការ​ដាស់​តឿន​ឲ្យ​ប្រែ​ចិត្ត (​១២​-​២៥)

 មាន​គេ​សួរ​ថា​៖ ​«​បើ​ប្ដី​ម្នាក់​លែង​ប្រពន្ធ រួច​នាង​ចេញ​ទៅ​រួម​រស់​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត តើ​ប្ដី​គួរ​ត្រឡប់​ទៅ​រក​នាង​វិញ​ឬ?​»។ ដោយ​ហេតុ​នេះ ស្រុក​ទាំង​មូល​បាន​ស្មោក​គ្រោក​ហើយ មែន​ទេ?+ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​បាន​ប្រព្រឹត្ត​ដូច​ជា​ស្រី​ពេស្យា​ជា​មួយ​នឹង​គូ​ស្នេហ៍​ជា​ច្រើន។+ ដូច្នេះ តើ​អ្នក​គួរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឬ?​»។  ២  ​«​ចូរ​ងើយ​ភ្នែក​មើល​ទៅ​បណ្ដា​ភ្នំ​ដែល​គ្មាន​ដើម​ឈើតើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​មិន​បាន​នាំ​គេ​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌? អ្នក​បាន​អង្គុយ​នៅ​តាម​ផ្លូវ​រង់​ចាំ​គូ​ស្នេហ៍ដូច​ពួក​អារ៉ាប់​អង្គុយ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដែរ។ អ្នក​បាន​ធ្វើ​ឲ្យ​ស្រុក​អ្នក​ពេញ​ទៅ​ដោយ​អំពើ​ពេស្យាចារ​និង​អំពើ​ទុច្ចរិត។+  ៣  ហេតុ​នេះ​ហើយ​បាន​ជា​លែង​មាន​ភ្លៀង​ទៀត សូម្បី​តែ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ។+ ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​នៅ​តែ​មាន​មុខ​ក្រាស់​ដូច​ប្រពន្ធ​ដែល​បាន​ផិត​ក្បត់គឺ​មិន​ចេះ​អៀន​ខ្មាស​ទាល់​តែ​សោះ។+  ៤  ប៉ុន្តែ ឥឡូវ​អ្នក​ស្រែក​ហៅ​រក​ខ្ញុំ​ថា​៖ ‹បិតា​អើយ! លោក​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង។+  ៥  តើ​លោក​គួរ​ខឹង​ខ្ញុំ​រហូត​ឬ? តើ​លោក​គួរ​គុំ​កួន​នឹង​ខ្ញុំ​ឬ?›។ អ្នក​បាន​និយាយ​ដូច្នេះ​មែន តែ​អ្នក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​»។+ ៦  នៅ​គ្រា​ស្ដេច​យ៉ូសៀស+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​‹តើ​អ្នក​ឃើញ​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់ បាន​ប្រព្រឹត្ត​អ្វី​ទេ? គឺ​នាង​បាន​ប្រព្រឹត្ត​ដូច​ជា​ស្រី​ពេស្យា​នៅ​លើ​ភ្នំ​ខ្ពស់​ៗ​និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំង​ឡាយ។+ ៧  ទោះ​ជា​នាង​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ហៅ​នាង​ឲ្យ​ត្រឡប់​មក​វិញ​ដែរ។+ ប៉ុន្តែ នាង​មិន​ព្រម​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ទេ។ ឯ​យូដា​វិញ នាង​ចេះ​តែ​សម្លឹង​មើល​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​របស់​អ៊ីស្រាអែល​ជា​បង​ស្រី​ខ្លួន។+ ៨  ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​ឲ្យ​លិខិត​លែង​លះ​ដល់​អ៊ីស្រាអែល ហើយ​បណ្ដេញ​នាង​ចេញ+ ព្រោះ​នាង​បាន​ផិត​ក្បត់​ខ្ញុំ។+ ចំណែក​យូដា​ជា​ប្អូន​ស្រី​វិញ ទោះ​ជា​បាន​ឃើញ​បែប​នោះ​ក៏​ដោយ ក៏​នាង​មិន​បាន​ខ្លាច​រអា​ដែរ។ ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​ស្រី​ពេស្យា​ដែរ។+ ៩  នាង​មិន​គិត​ថា​អំពើ​ពេស្យាចារ​របស់​នាង​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ ហើយ​នាង​បន្ត​ធ្វើ​ឲ្យ​ស្រុក​ទាំង​មូល​ទៅ​ជា​ស្មោក​គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ដុំ​ថ្ម​និង​ដើម​ឈើ។+ ១០  ទោះ​ជា​មាន​រឿង​ទាំង​នេះ​កើត​ឡើង​ក្ដី ក៏​យូដា​ជា​ប្អូន​ស្រី​ដែល​ផិត​ក្បត់ មិន​បាន​ត្រឡប់​មក​រក​ខ្ញុំ​ដោយ​អស់​ពី​ចិត្ត​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​ពុត​ប៉ុណ្ណោះ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។ ១១  រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់ បាន​បង្ហាញ​ថា​ខ្លួន​សុចរិត​ជាង​យូដា​ដែល​ផិត​ក្បត់។+ ១២  ចូរ​ទៅ​ប្រកាស​ពាក្យ​ទាំង​នេះ​ដល់​រាជាណាចក្រ​ខាង​ជើង​ថា​៖+ ​«​‹​«​ឱ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​អើយ! ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។+ ‹​«​ខ្ញុំ​នឹង​មិន​មើល​ទៅ​អ្នក​ដោយ​កំហឹង​ទេ+ ព្រោះ​ខ្ញុំ​មាន​ភក្ដី​ភាព​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។ ‹​«​ខ្ញុំ​នឹង​មិន​ខឹង​អ្នក​រហូត​ឡើយ។ ១៣  ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ទៅ ព្រោះ​អ្នក​បាន​ធ្វើ​ខុស​ចំពោះ​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។ អ្នក​ចេះ​តែ​ដេញ​តាម​ព្រះ​ដទៃ​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​មិន​ព្រម​ស្ដាប់​សម្ដី​ខ្ញុំ​ទេ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›​»។ ១៤  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ឱ​កូន​ដែល​ក្បត់​អើយ! ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ ព្រោះ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ម្ចាស់*ដ៏​ពិត​របស់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​នឹង​ទទួល​អ្នក​រាល់​គ្នា គឺ​ម្នាក់​ពី​ក្រុង​មួយ និង​ពីរ​នាក់​ពី​ក្រុម​គ្រួសារ​មួយ ហើយ​ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​ស៊ីយ៉ូន។+ ១៥  ខ្ញុំ​នឹង​ឲ្យ​ពួក​គង្វាល​ដល់​អ្នក ពួក​គេ​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ+ ហើយ​ផ្ដល់​ចំណេះ​និង​ការ​យល់​ធ្លុះ​ជ្រៅ​ដល់​អ្នក។ ១៦  នៅ​គ្រា​នោះ អ្នក​នឹង​មាន​គ្នា​ច្រើន ហើយ​មាន​កូន​ចៅ​ពេញ​ក្នុង​ស្រុក​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+ ​«​ពេល​នោះ លែង​មាន​អ្នក​ណា​និយាយ​ថា​៖ ‹នេះ​ជា​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា!›​ទៀត​ហើយ។ អ្នក​នឹង​មិន​គិត​អំពី​ហឹប​នោះ​ទៀត​ទេ ហើយ​ក៏​មិន​នឹក​ចាំ​ឬ​នឹក​នា​ដល់​ហឹប​នោះ​ដែរ។ ហឹប​នោះ​នឹង​មិន​ត្រូវ​ធ្វើ​ម្ដង​ទៀត​ឡើយ។ ១៧  គ្រា​នោះ ពួក​គេ​នឹង​ហៅ​ក្រុង​យេរូសាឡិម​ថា​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា+ ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​មូល​គ្នា​មក​សរសើរ​នាម​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។+ ពួក​គេ​នឹង​លែង​រឹង​ចចេស ហើយ​ឈប់​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​»។ ១៨  ​«​នៅ​គ្រា​នោះ ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​អ៊ីស្រាអែល​នឹង​ដើរ​ជា​មួយ​គ្នា+ ហើយ​ពួក​គេ​នឹង​ចេញ​មក​ពី​ស្រុក​នៅ​ទិស​ខាង​ជើង ធ្វើ​ដំណើរ​ទៅ​ស្រុក​ដែល​ខ្ញុំ​បាន​ឲ្យ​បុព្វ​បុរស​របស់​ពួក​គេ​ជា​មត៌ក។+ ១៩  ខ្ញុំ​បាន​គិត​ថា​៖ ‹ដោយ​សារ​ខ្ញុំ​បាន​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ៗ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​នូវ​ទឹក​ដី​ដ៏​ល្អ​និង​ស្រស់​ស្អាត ជា​មត៌ក​ដ៏​វិសេស​បំផុត​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា›+ នោះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​ហៅ​ខ្ញុំ​ថា​‹បិតា!› ថែម​ទាំង​បន្ត​ដើរ​តាម​ខ្ញុំ​រហូត។ ២០  ប៉ុន្តែ ‹ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! អ្នក​បែរ​ជា​ប្រព្រឹត្ត​ដោយ​ផិត​ក្បត់​ចំពោះ​ខ្ញុំ ដូច​ជា​ស្រី​ផិត​ក្បត់​ចុះ​ចោល​ប្ដី​របស់​ខ្លួន​ទៅ​វិញ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។ ២១  នៅ​លើ​ទី​ទួល​ទាំង​ប៉ុន្មាន មាន​ឮ​សំឡេង​របស់​ប្រជា​ជាតិ​អ៊ីស្រាអែលកំពុង​យំ​ទួញ​និង​ស្រែក​អង្វរ ព្រោះ​ពួក​គេ​បាន​បង្ខូច​ផ្លូវ​របស់​ខ្លួន​ហើយគឺ​ពួក​គេ​បាន​បំភ្លេច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។+ ២២  ​«​ឱ​កូន​ដែល​ក្បត់​អើយ! ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​មក។ ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​លែង​មាន​ចិត្ត​ក្បត់​ទៀត​»។+ ពួក​គេ​ប្រាកដ​ជា​នឹង​តប​ថា​៖ ​«​យើង​ខ្ញុំ​នៅ​ទី​នេះ! យើង​បាន​ត្រឡប់​មក​រក​លោក​វិញ​ហើយព្រោះ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ។+ ២៣  ការ​ដែល​យើង​បញ្ចេញ​សំឡេង​អឺងកង​នៅ​លើ​ភ្នំ​និង​ទី​ទួល​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទេ។+ មាន​តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ប៉ុណ្ណោះ​ដែល​ជា​សេចក្ដី​សង្គ្រោះ​របស់​អ៊ីស្រាអែល។+ ២៤  ឯ​ព្រះ​ដ៏​គួរ​ឲ្យ​អាម៉ាស់​វិញ ព្រះ​នោះ​បាន​យក​អ្វី​ៗ​ទាំង​អស់​ដែល​បុព្វ​បុរស​របស់​យើង​បាន​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ តាំង​ពី​យើង​នៅ​ក្មេង​មក​ម្ល៉េះ+គឺ​យក​ហ្វូង​ចៀម​ហ្វូង​ពពែ និង​ហ្វូង​គោព្រម​ទាំង​កូន​ប្រុស​និង​កូន​ស្រី​របស់​ពួក​គាត់​ដែរ។ ២៥  ចូរ​ឲ្យ​យើង​ដេក​ក្នុង​សេចក្ដី​ខ្មាស​របស់​ខ្លួនហើយ​ឲ្យ​សេចក្ដី​អាម៉ាស់​គ្រប​បាំង​យើង​មកព្រោះ​យើង​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ហើយ+គឺ​ទាំង​យើង​ទាំង​បុព្វ​បុរស​របស់​យើង​ផង យើង​បាន​ប្រព្រឹត្ត​ដូច្នោះ​តាំង​ពី​យើង​នៅ​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ+ហើយ​យើង​មិន​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ​»។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្ដី​»​