យេរេមា ៣២:១-៤៤

  • យេរេមា​ទិញ​ដី​ស្រែ​មួយ​កន្លែង (​១​-​១៥)

  • សេចក្ដី​អធិដ្ឋាន​របស់​យេរេមា (​១៦​-​២៥)

  • ចម្លើយ​របស់​ព្រះ​យេហូវ៉ា (​២៦​-​៤៤)

៣២  នៅ​ឆ្នាំ​ទី​១០​នៃ​រាជ្យ​សេដេគា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា។+ ២  នៅ​គ្រា​នោះ កង​ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន កំពុង​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ហើយ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ត្រូវ​គេ​ឃុំ​ឃាំង​នៅ​ក្នុង​ទី​ធ្លា​អ្នក​យាម+ ក្នុង​វិមាន​ស្ដេច​ស្រុក​យូដា។ ៣  ព្រោះ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា​បាន​ចាប់​គាត់​ឃុំ+ ដោយ​និយាយ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​ប្រកាស​ទំនាយ​ដូច​នេះ? គឺ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​គាត់​នឹង​ចាប់​យក​ក្រុង​នេះ​ជា​មិន​ខាន។+ ៤  ឯ​សេដេគា​ស្ដេច​ស្រុក​យូដា​វិញ គាត់​នឹង​គេច​មិន​រួច​ពី​ពួក​ខាល់ដេ​ទេ ព្រោះ​គាត់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​គាត់​នឹង​ឃើញ​ស្ដេច​នោះ​ដោយ​ផ្ទាល់​ភ្នែក រួច​និយាយ​ទល់​មុខ​គ្នា​»​›។+ ៥  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ស្ដេច​នោះ​នឹង​ចាប់​សេដេគា​យក​ទៅ​ស្រុក​បាប៊ីឡូន ហើយ​សេដេគា​នឹង​នៅ​ទី​នោះ​រហូត​ដល់​ខ្ញុំ​នឹក​គិត​ដល់​គាត់​ម្ដង​ទៀត។ ទោះ​ជា​សេដេគា​ខំ​ច្បាំង​នឹង​ពួក​ខាល់ដេ​ក៏​ដោយ ក៏​មិន​អាច​ឈ្នះ​ពួក​គេ​បាន​ដែរ›​»។+ ៦  យេរេមា​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ៧  ‹មើល! ហាណាមេល​ជា​កូន​របស់​សាលូម​ជា​ឪពុកមា*អ្នក គាត់​នឹង​មក​ជួប​អ្នក ហើយ​ប្រាប់​អ្នក​ថា​៖ ​«​ចូរ​ទិញ​ដី​ស្រែ​របស់​ខ្ញុំ​ដែល​នៅ​ក្រុង​អាណាថោត​ទៅ+ ព្រោះ​អ្នក​ជា​បុគ្គល​ទី​១​ដែល​មាន​សិទ្ធិ​ទិញ​ដី​នោះ​»​›​»។+ ៨  ហាណាមេល​ជា​កូន​ឪពុកមា​ខ្ញុំ​ក៏​បាន​មក​ជួប​ខ្ញុំ ដូច​ប្រសាសន៍​ព្រះ​យេហូវ៉ា​មែន។ គាត់​ចូល​មក​ទី​ធ្លា​អ្នក​យាម ហើយ​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ទិញ​ដី​ស្រែ​របស់​ខ្ញុំ​ដែល​នៅ​ក្រុង​អាណាថោត​ក្នុង​ទឹក​ដី​បេនយ៉ាមីន​ទៅ ព្រោះ​អ្នក​ជា​បុគ្គល​ទី​១​ដែល​មាន​សិទ្ធិ​ទិញ​ដី​នោះ។ ចូរ​ទិញ​ទុក​សម្រាប់​ខ្លួន​ចុះ​»។ ពេល​នោះ ខ្ញុំ​ក៏​យល់​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​មែន។ ៩  ដូច្នេះ ខ្ញុំ​ក៏​ទិញ​ដី​ស្រែ​ដែល​នៅ​ក្រុង​អាណាថោត​ពី​ហាណាមេល​ជា​កូន​ឪពុកមា​ខ្ញុំ។ ខ្ញុំ​ថ្លឹង​ប្រាក់+ឲ្យ​គាត់​ចំនួន​៧​ហ្សេគិល* និង​១០​កាក់​ធ្វើ​ពី​ប្រាក់។ ១០  បន្ទាប់​មក ខ្ញុំ​បាន​ធ្វើ​លិខិត​មួយ+ ហើយ​បិទ​ត្រា រួច​ហៅ​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​សាក្សី+ ហើយ​ខ្ញុំ​ក៏​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​គាត់។ ១១  រួច​ខ្ញុំ​យក​លិខិត​ទិញ​ដី​ដែល​មាន​បិទ​ត្រា​ស្រប​តាម​ច្បាប់​មាត្រា និង​លិខិត​មួយ​ទៀត​ដែល​គ្មាន​បិទ​ត្រា ១២  ប្រគល់​ឲ្យ​ដល់​បារូក+ជា​កូន​នេរា+ដែល​ជា​កូន​ម៉ាសៀ នៅ​ចំពោះ​មុខ​ហាណាមេល​ជា​កូន​ឪពុកមា​ខ្ញុំ និង​ចំពោះ​មុខ​សាក្សី​ដែល​ចុះ​ហត្ថលេខា​លើ​លិខិត​ទាំង​នោះ ព្រម​ទាំង​ចំពោះ​មុខ​ពួក​យូដា​ទាំង​អស់​ដែល​កំពុង​អង្គុយ​នៅ​ឯ​ទី​ធ្លា​អ្នក​យាម​ផង​ដែរ។+ ១៣  ខ្ញុំ​បាន​បង្គាប់​បារូក​នៅ​មុខ​ពួក​គេ​ថា​៖ ១៤  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ពស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ‹ចូរ​យក​លិខិត​ទាំង​នេះ គឺ​ទាំង​លិខិត​ដែល​មាន​បិទ​ត្រា​និង​លិខិត​ដែល​គ្មាន​ត្រា ទៅ​ដាក់​ក្នុង​ភាជនៈ​ដី​ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ​អង្វែង›។ ១៥  ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹នៅ​ក្នុង​ស្រុក​នេះ​នឹង​មាន​ការ​ទិញ​ដូរ​ដី​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ និង​ផ្ទះ​សម្បែង​ឡើង​វិញ›​»។+ ១៦  ក្រោយ​ពី​ខ្ញុំ​ប្រគល់​លិខិត​ទិញ​ដី​ដល់​បារូក​ជា​កូន​នេរា ខ្ញុំ​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ១៧  ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! លោក​ហើយ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី ដោយ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត+ ហើយ​គ្មាន​អ្វី​ណា​អស្ចារ្យ​ដែល​លោក​ធ្វើ​មិន​បាន​ឡើយ។ ១៨  លោក​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​ដ៏​ពិត ក៏​ឧត្តុង្គ​ឧត្ដម ហើយ​ខ្លាំង​ក្លា​ក្រៃ​លែង។ នាម​លោក​គឺ​យេហូវ៉ា លោក​តែង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​មនុស្ស​ទាំង​ពាន់​ៗ តែ​លោក​ក៏​សង​អំពើ​រំលង​របស់​ឪពុក​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​ដែរ។+ ១៩  គោល​បំណង​របស់​លោក​គឺ​ប្រពៃ ហើយ​ការ​ដែល​លោក​ធ្វើ​គឺ​ប្រកប​ដោយ​ឫទ្ធានុភាព។+ លោក​មើល​ឃើញ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​មនុស្ស+ ហើយ​លោក​សង​ដល់​ពួក​គេ​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ខ្លួន។+ ២០  លោក​បាន​ធ្វើ​ការ​អស្ចារ្យ​និង​អព្ភូតហេតុ​ផ្សេង​ៗ​នៅ​ស្រុក​អេហ្ស៊ីប ដែល​មនុស្ស​ឮ​សុសសាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ យ៉ាង​នោះ នាម​លោក​ល្បី​រន្ទឺ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល និង​ក្នុង​ចំណោម​មនុស្សជាតិ+ ដូចសព្វ​ថ្ងៃ​នេះ។ ២១  លោក​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដោយ​សញ្ញា​សម្គាល់ និង​អព្ភូតហេតុ ដោយ​ថាមពល​និង​ឫទ្ធានុភាពដ៏​ខ្លាំង​ក្លា និង​ការ​អស្ចារ្យ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។+ ២២  ​«​ក្រោយ​មក លោក​បាន​ឲ្យ​ស្រុក​នេះ​ដល់​ពួក​គេ ជា​ស្រុក​ដែល​សម្បូរ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ។+ ស្រុក​នេះ​ហើយ​ដែល​លោក​បាន​សន្យា​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ។+ ២៣  ពួក​គេ​បាន​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​នេះ តែ​ពួក​គេ​មិន​បាន​ស្ដាប់​លោក ឬ​កាន់​តាម​ច្បាប់​របស់​លោក​ទេ។ ពួក​គេ​មិន​ធ្វើ​តាម​អ្វី​ដែល​លោក​បង្គាប់​ពួក​គេ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​បណ្ដាល​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ជា​ច្រើន។+ ២៤  មើល! ពួក​សត្រូវ​បាន​មក​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​វាយ​ដណ្ដើម​យក​ក្រុង។+ បណ្ដា​ជន​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ+ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។+ ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខាល់ដេ​ដែល​មក​វាយ​ប្រហារ​ពួក​គេ។ ដូច្នេះ អ្វី​ដែល​លោក​មាន​ប្រសាសន៍​បាន​កើត​ឡើង​ពិត​មែន ដូច​លោក​ឃើញ​ស្រាប់​ហើយ។ ២៥  ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! ទោះ​ជា​ក្រុង​នេះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ​ក៏​ដោយ លោក​បាន​បង្គាប់​ខ្ញុំ​ថា​៖ ‹ចូរ​ទិញ​ដី​ស្រែ​សម្រាប់​ខ្លួន ហើយ​ហៅ​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​សាក្សី​ផង›​»។ ២៦  ក្រោយ​យេរេមា​អធិដ្ឋាន​រួច ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​៖ ២៧  ​«​មើល! ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​មនុស្សជាតិ។ តើ​មាន​អ្វី​ណា​អស្ចារ្យ​ដែល​ខ្ញុំ​ធ្វើ​មិន​បាន​ឬ? ២៨  ម្ល៉ោះ​ហើយ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​ក្រុង​នេះ​ឲ្យ​ដល់​ពួក​ខាល់ដេ និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន។ គាត់​នឹង​ចាប់​យក​ក្រុង​នេះ​បាន​ជា​មិន​ខាន។+ ២៩  រួច​ពួក​ខាល់ដេ​ដែល​មក​វាយ​ប្រហារ នឹង​ចូល​មក​ដុត​បំផ្លាញ​ក្រុង​នេះ+ រួម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​បណ្ដា​ជន​បាន​ជូន​គ្រឿង​បូជា​នៅ​លើ​ដំបូល​ដល់​ព្រះ​បាល និង​ច្រួច​ស្រា​ជា​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ដើម្បី​បញ្ឈឺ​ចិត្ត​ខ្ញុំ›។+ ៣០  ​«​‹ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា បាន​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​តាំង​ពី​ពួក​គេ​នៅ​ក្មេង​មក​ម្ល៉េះ។+ បណ្ដា​ជន​អ៊ីស្រាអែល​ចេះ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ដោយ​ស្នា​ដៃ​របស់​ពួក​គេ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៣១  ‹តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​សង់​ក្រុង​នេះ រហូត​មក​ដល់​សព្វ​ថ្ងៃ ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ជា​និច្ច។+ ហេតុ​នេះ ខ្ញុំ​ត្រូវ​បំផ្លាញ​ក្រុង​នេះ​ឲ្យ​បាត់​ពី​មុខ​ខ្ញុំ+ ៣២  ព្រោះ​តែ​អំពើ​អាក្រក់​គ្រប់​យ៉ាង​ដែល​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​បាន​ធ្វើ ដែល​នាំ​ឲ្យ​ខ្ញុំ​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង គឺ​ទាំង​បណ្ដា​ស្ដេច+ ពួក​អ្នក​គ្រប់​គ្រង+ ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ+ បណ្ដា​ជន​យូដា និង​អ្នក​ក្រុង​យេរូសាឡិម។ ៣៣  ពួក​គេ​ចេះ​តែ​បែរ​ខ្នង​ដាក់​ខ្ញុំ ហើយ​មិន​បែរ​មុខ​មក​រក​ខ្ញុំ​ទេ+ ទោះ​ជា​ខ្ញុំ​ព្យាយាម​បង្រៀន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ ក៏​ពួក​គេ​មិន​ព្រម​ស្ដាប់ ឬ​ទទួល​ការ​ទូន្មាន​ពី​ខ្ញុំ​ដែរ។+ ៣៤  ពួក​គេ​បាន​យក​រូប​ព្រះ​ផ្សេង​ៗ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម មក​ដាក់​ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​ទី​នោះ​ទៅ​ជា​ស្មោក​គ្រោក។+ ៣៥  បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​សង់​ទី​ខ្ពស់​ៗ​ជូន​ដល់​ព្រះ​បាល នៅ​ជ្រលង​ហ៊ីណំ*+ ដើម្បី​បូជា​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​ដល់​ព្រះ​ម៉ូឡេក។+ ខ្ញុំ​មិន​បាន​បង្គាប់​ពួក​គេ​ឲ្យ​ធ្វើ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បែប​នេះ​ទេ+ ហើយ​ក៏​មិន​ដែល​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ​សោះ​ឡើយ។ ពួក​យូដា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ណាស់›។ ៣៦  ​«​ម្ល៉ោះ​ហើយ ស្ដី​អំពី​ក្រុង​នេះ​ដែល​អ្នក​និយាយ​ថា​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន និង​ស្ដី​អំពី​បណ្ដា​ជន​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ៣៧  ‹មើល! ខ្ញុំ​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ទៅ​រស់​នៅ កាល​ដែល​ខ្ញុំ​បាន​ក្រេវ​ក្រោធ ហើយ​ខឹង​ពួក​គេ​ជា​ខ្លាំង។+ រួច​ខ្ញុំ​នឹង​នាំ​ពួក​គេ​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ព្រម​ទាំង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ​សាន្ត។+ ៣៨  ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ៣៩  ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ+ និង​ការ​ប្រព្រឹត្ត​តែ​មួយ ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​ខ្ញុំ​ជា​និច្ច។ យ៉ាង​នេះ ពួក​គេ​និង​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​នឹង​មាន​ភាព​ចម្រុង​ចម្រើន។+ ៤០  ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ​ជា​រៀង​រហូត។+ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​ពួក​គេ ចេះ​គោរព​កោត​ខ្លាច​ដល់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ពួក​គេ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ។+ ៤១  ខ្ញុំ​នឹង​រីករាយ​ធ្វើ​ល្អ​ចំពោះ​ពួក​គេ+ ហើយ​តាំង​ពួក​គេ​ឲ្យ​រឹង​មាំ​នៅ​ក្នុង​ស្រុក​នេះ+ ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ខ្ញុំ›​»។ ៤២  ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធំ​ៗ​មក​លើ​រាស្ត្រ​នេះ​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អ្វី​ល្អ​ៗ​មក​លើ​ពួក​គេ​ដូច​ខ្ញុំ​សន្យា​យ៉ាង​នោះ​ដែរ។+ ៤៣  អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​ទឹក​ដី​នេះ​បាន​ត្រូវ​ប្រគល់​ដល់​ពួក​ខាល់ដេ​ហើយ ថែម​ទាំង​ក្លាយ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​រស់​នៅ​ទេ ហើយ​ក៏​គ្មាន​សត្វ​ព្រៃ​ដែរ​»​ ទោះ​ជា​យ៉ាង​នោះ​ក្ដី ក្នុង​ស្រុក​នេះ​នឹង​មាន​ការ​ទិញ​ដូរ​ដី​ស្រែ​ឡើង​វិញ›។+ ៤៤  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹នៅ​ពេល​នោះ គេ​នឹង​ទិញ​ដី​ស្រែ ហើយ​ធ្វើ​លិខិត​ទិញ​ដី ទាំង​មាន​បិទ​ត្រា និង​មាន​សាក្សី​ផង​ដែរ។ នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ទឹក​ដី​បេនយ៉ាមីន+ តំបន់​ជុំវិញ​ក្រុង​យេរូសាឡិម បណ្ដា​ក្រុង​នៅ​ស្រុក​យូដា+ បណ្ដា​ក្រុង​នៅ​តំបន់​ភ្នំ បណ្ដា​ក្រុង​នៅ​វាល​ទំនាប+ និង​បណ្ដា​ក្រុង​នៅ​ភាគ​ខាង​ត្បូង ព្រោះ​ខ្ញុំ​នឹង​នាំ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ›​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ឪពុកមា​ខាង​ឪពុក
មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​