យេរេមា ៣៥:១-១៩

  • កូន​ចៅ​រេកាប​ទុក​គំរូ​ល្អ​ស្ដី​អំពី​ការ​ស្ដាប់​បង្គាប់ (​១​-​១៩)

៣៥  នៅ​ក្នុង​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ២  ​«​ចូរ​ទៅ​ជួប​កូន​ចៅ​រេកាប+ ហើយ​និយាយ​ជា​មួយ​នឹង​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​មក​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ចូល​ក្នុង​បន្ទប់​បរិភោគ​អាហារ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ពិសា​»។ ៣  ដូច្នេះ ខ្ញុំ​ក៏​នាំ​យ៉ាអាសានៀ​ជា​កូន​យេរេមា ត្រូវ​ជា​កូន​ហាបាស៊ីនា ព្រម​ទាំង​កូន​ប្រុស​ៗ​និង​បង​ប្អូន​ប្រុស​របស់​គាត់ និង​ពូជ​ពង្ស​រេកាប​ទាំង​អស់ ៤  មក​ឯ​វិហារ​ព្រះ​យេហូវ៉ា។ រួច​ខ្ញុំ​នាំ​ពួក​គេ​ចូល​ក្នុង​បន្ទប់​បរិភោគ​អាហារ​របស់​កូន​ចៅ​ហាណាន​ជា​កូន​អ៊ីកដាលៀ ដែល​ជា​តំណាង​ព្រះ​ពិត។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​បរិភោគ​អាហារ​របស់​ពួក​អ្នក​គ្រប់​គ្រង និង​នៅ​លើ​បន្ទប់​បរិភោគ​អាហារ​របស់​ម៉ាអាសៀ​ជា​កូន​សាលូម ដែល​ជា​អ្នក​យាម​ទ្វារ។ ៥  បន្ទាប់​មក ខ្ញុំ​ដាក់​ពែង​និង​ឪទឹន​ស្រា​នៅ​មុខ​កូន​ចៅ​រេកាប ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​អញ្ជើញ​ពិសា​ស្រា​ចុះ​»។ ៦  ប៉ុន្តែ ពួក​គេ​និយាយ​ថា​៖ ​«​យើង​មិន​ពិសា​ស្រា​ទេ ព្រោះ​យេហូណាដាប*+ជា​កូន​រេកាប​ដែល​ជា​បុព្វ​បុរស​របស់​យើង​បាន​បង្គាប់​យើង​ថា​៖ ‹អ្នក​និង​កូន​ចៅ​អ្នក​មិន​ត្រូវ​ពិសា​ស្រា​ជា​ដាច់​ខាត។ ៧  អ្នក​ក៏​មិន​ត្រូវ​សង់​ផ្ទះ ដាំ​ដុះ ឬ​មិន​ត្រូវ​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​រស់​នៅ​ក្នុង​ត្រសាល​ជា​និច្ច ដើម្បី​អ្នក​អាច​រស់​នៅ​ជា​យូរ​អង្វែង​ក្នុង​ទឹក​ដី​ដែល​អ្នក​កំពុង​ស្នាក់​នៅ​ជា​ជន​បរទេស›។ ៨  ហេតុ​នេះ យើង​តែង​តែ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេហូណាដាប*ជា​កូន​រេកាប​ដែល​ជា​បុព្វ​បុរស​យើង ដោយ​មិន​ពិសា​ស្រា​សោះ គឺ​ទាំង​ខ្លួន​យើង ទាំង​ប្រពន្ធ​កូន​យើង។ ៩  យើង​ក៏​មិន​បាន​សង់​ផ្ទះ​ដើម្បី​រស់​នៅ ឬ​មាន​ស្រែ ឬ​ស្រូវ​ពូជ ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។ ១០  យើង​តែង​តែ​រស់​នៅ​ក្នុង​ត្រសាល ហើយ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេហូណាដាប​ដែល​ជា​បុព្វ​បុរស​របស់​យើង។ ១១  ប៉ុន្តែ ពេល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ឡើង​មក​ច្បាំង​នឹង​ស្រុក​នេះ+ យើង​ក៏​និយាយ​គ្នា​ថា​៖ ‹ចូរ​យើង​នាំ​គ្នា​រត់​ទៅ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទៅ ដើម្បី​យើង​អាច​គេច​ពី​ទ័ព​ខាល់ដេ​និង​ទ័ព​ស៊ីរី›។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​រហូត​មក​ដល់​សព្វ​ថ្ងៃ​»។ ១២  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ១៣  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ​«​តើ​ខ្ញុំ​មិន​តែង​តែ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ​ឬ?​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៤  ​«​មើល! យេហូណាដាប​ជា​កូន​រេកាប​បាន​ហាម​កូន​ចៅ​របស់​គាត់​មិន​ឲ្យ​ពិសា​ស្រា ហើយ​ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​របស់​បុព្វ​បុរស​ពួក​គេ​ដោយ​មិន​ពិសា​ស្រា​សោះ​ឡើយ។+ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​តែង​តែ​និយាយ​មក​កាន់​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ។+ ១៥  ខ្ញុំ​តែង​តែ​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា+ ហើយ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹សូម​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត ហើយ​ត្រឡប់​មក​រក​ខ្ញុំ​វិញ។ ចូរ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ+ តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ! ចូរ​កុំ​កាន់​តាម​ព្រះ​ដទៃ ឬ​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ជា​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​អ្នក​រាល់​គ្នា›។+ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ ឬ​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ទេ។ ១៦  ឯ​កូន​ចៅ​យេហូណាដាប​ជា​កូន​រេកាប ពួក​គេ​ចេះ​ធ្វើ​តាម​បង្គាប់​របស់​បុព្វ​បុរស​ខ្លួន+ តែ​បណ្ដា​ជន​នេះ​មិន​ធ្វើ​តាម​បង្គាប់​ខ្ញុំ​ទាល់​តែ​សោះ​»​›​»។ ១៧  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម ជា​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ព្រមាន​ពួក​គេ។+ ព្រោះ​ខ្ញុំ​បាន​និយាយ​មក​កាន់​ពួក​គេ តែ​ពួក​គេ​មិន​ស្ដាប់​ខ្ញុំ​ទេ។ ខ្ញុំ​តែង​តែ​ហៅ​ពួក​គេ តែ​ពួក​គេ​មិន​បាន​ឆ្លើយ​ទេ›​»។+ ១៨  រួច​យេរេមា​ក៏​និយាយ​ទៅ​កាន់​កូន​ចៅ​រេកាប​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យេហូណាដាប​ជា​បុព្វ​បុរស​អ្នក​រាល់​គ្នា ហើយ​តែង​តែ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​របស់​គាត់​យ៉ាង​ដិត​ដល់ ១៩  នោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​តែង​តែ​មាន​កូន​ចៅ​យេហូណាដាប*ជា​កូន​រេកាប​បម្រើ​នៅ​ចំពោះ​មុខ​ខ្ញុំ​ជា​និច្ច​»​›​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​យ៉ូណាដាប​»​ ជា​ឈ្មោះ​កាត់​ពី​យេហូណាដាប
ន័យ​ត្រង់​«​យ៉ូណាដាប​»​ ជា​ឈ្មោះ​កាត់​ពី​យេហូណាដាប
ន័យ​ត្រង់​«​យ៉ូណាដាប​»​ ជា​ឈ្មោះ​កាត់​ពី​យេហូណាដាប