យេរេមា ៣៦:១-៣២

  • យេរេមា​បង្គាប់​ឲ្យ​សរសេរ​ក្នុង​រមូរ (​១​-​៧)

  • បារូក​អាន​ឮ​ៗ​ពី​រមូរ (​៨​-​១៩)

  • យេហូយ៉ាគីម​ដុត​រមូរ (​២០​-​២៦)

  • ដំណឹង​បាន​ត្រូវ​សរសេរ​ម្ដង​ទៀត​នៅ​លើ​រមូរ​ថ្មី (​២៧​-​៣២)

៣៦  នៅ​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ២  ​«​ចូរ​យក​រមូរ​មួយ​មក ហើយ​សរសេរ​ពាក្យ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក ចាប់​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​និយាយ​មក​កាន់​អ្នក​នៅ​ក្នុង​គ្រា​យ៉ូសៀស រហូត​មក​ដល់​ថ្ងៃ​នេះ+ គឺ​ជា​ពាក្យ​ទាស់​នឹង​ពួក​អ៊ីស្រាអែល ពួក​យូដា+ និង​ប្រជា​ជាតិ​នា​នា។+ ៣  ពេល​ពូជ​ពង្ស​យូដា​ឮ​អំពី​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​បំណង​ធ្វើ​មក​លើ​ពួក​គេ ពួក​គេ​ប្រហែល​ជា​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។ បើ​ពួក​គេ​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​អភ័យ​ទោស​ចំពោះ​ទោស​កំហុស​និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​»។+ ៤  ដូច្នេះ យេរេមា​បាន​ហៅ​បារូក+ជា​កូន​នេរា​មក ហើយ​ប្រាប់​គាត់​នូវ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​បារូក​កត់​ទុក​ពាក្យ​ទាំង​នោះ​ក្នុង​រមូរ។+ ៥  រួច​មក យេរេមា​បាន​ប្រាប់​បារូក​ថា​៖ ​«​ខ្ញុំ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​វិហា​របស់​ព្រះ​យេហូវ៉ា​ទេ។ ៦  ដូច្នេះ អ្នក​ត្រូវ​យក​រមូរ​ដែល​អ្នក​បាន​កត់​តាម​បង្គាប់​ខ្ញុំ ហើយ​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​តម​អាហារ រួច​អាន​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ឮ​ៗ​នៅ​មុខ​បណ្ដា​ជន​ដែល​មូល​គ្នា​មក​ពី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។ យ៉ាង​នេះ អ្នក​អាច​អាន​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​ស្ដាប់។ ៧  ក្រោយ​ស្ដាប់​រួច ប្រហែល​ជា​ពួក​គេ​នឹង​អធិដ្ឋាន​អង្វរ​សុំ​ក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា ហើយ​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។ ព្រោះ​ព្រះ​យេហូវ៉ា​មាន​កំហឹង​ជា​ខ្លាំង​ទាស់​នឹង​ពួក​គេ​»។ ៨  ដូច្នេះ បារូក​ជា​កូន​នេរា​ក៏​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ គឺ​គាត់​បាន​អាន​ឮ​ៗ​នូវ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ពី​រមូរ*នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៩  នៅ​ឆ្នាំ​ទី​៥ ក្នុង​ខែ​ទី​៩​នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់ និង​បណ្ដា​ជន​ទាំង​ឡាយ​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា បាន​មូល​គ្នា​មក​ឯ​ក្រុង​យេរូសាឡិម ហើយ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១០  ពេល​នោះ បារូក​បាន​អាន​ឮ​ៗ​នូវ​ពាក្យ​របស់​យេរេមា​ពី​រមូរ ឲ្យ​បណ្ដា​ជន​ស្ដាប់​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា គឺ​នៅ​ក្នុង​បន្ទប់​របស់​កេម៉ារៀ+ជា​កូន​សាផាន+ដែល​ជា​អ្នក​ចម្លង​ច្បាប់ ត្រង់​ទី​ធ្លា​ខាង​លើ​ក្បែរ​ខ្លោង​ទ្វារ​ថ្មី​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+ ១១  ក្រោយ​មីកាយ៉ា​ជា​កូន​កេម៉ារៀ ត្រូវ​ជា​កូន​សាផាន បាន​ឮ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ក្នុង​រមូរ​នោះ​រួច ១២  គាត់​ក៏​ចុះ​ទៅ​វិមាន​ស្ដេច ហើយ​ចូល​ក្នុង​បន្ទប់​របស់​លេខាធិការ។ ពេល​នោះ ពួក​អ្នក​គ្រប់​គ្រង*កំពុង​អង្គុយ​នៅ​ទី​នោះ គឺ​អេលីសាម៉ា+ជា​លេខាធិការ ដេឡេយ៉ា​ជា​កូន​សិមម៉ាយ៉ា អេលណាថាន+ជា​កូន​អាកបូរ+ កេម៉ារៀ​ជា​កូន​សាផាន សេដេគា​ជា​កូន​ហាណានា និង​ពួក​អ្នក​គ្រប់​គ្រង​ឯ​ទៀត។ ១៣  មីកាយ៉ា​បាន​ប្រាប់​ពួក​គេ​គ្រប់​សេចក្ដី​ដែល​គាត់​បាន​ឮ នៅ​ពេល​ដែល​បារូក​អាន​ពី​រមូរ​នៅ​មុខ​បណ្ដា​ជន។ ១៤  បន្ទាប់​មក ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​បាន​ចាត់​យេហ៊ូដាយ​ជា​កូន​នេថានៀ ដែល​ជា​កូន​សេលេមៀ ត្រូវ​ជា​កូន​គូសាយ ឲ្យ​ទៅ​ជួប​បារូក ហើយ​និយាយ​ថា​៖ ​«​ចូរ​មក​ឯ​យើង ទាំង​នាំ​យក​រមូរ​ដែល​អ្នក​បាន​អាន​នៅ​មុខ​បណ្ដា​ជន​មក​ជា​មួយ​ផង​»។ ដូច្នេះ បារូក​ជា​កូន​នេរា​ក៏​បាន​ទៅ​ជួប​ពួក​អ្នក​គ្រប់​គ្រង​ទាំង​កាន់​រមូរ​ទៅ​ជា​មួយ​ដែរ។ ១៥  រួច​ពួក​គេ​ប្រាប់​បារូក​ថា​៖ ​«​សូម​អញ្ជើញ​អង្គុយ ហើយ​អាន​ពាក្យ​ដែល​មាន​ក្នុង​រមូរ​ឲ្យ​យើង​ស្ដាប់​»។ បារូក​ក៏​អាន​ឲ្យ​ពួក​គេ​ស្ដាប់។ ១៦  ក្រោយ​ពី​ពួក​គេ​ស្ដាប់​រួច ភ្លាម​នោះ​ពួក​គេ​មើល​មុខ​គ្នា​ដោយ​ភ័យ​តក់​ស្លុត ហើយ​និយាយ​ទៅ​បារូក​ថា​៖ ​«​យើង​ត្រូវ​តែ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ជម្រាប​ស្ដេច​»។ ១៧  រួច​ពួក​គេ​សួរ​បារូក​ថា​៖ ​«​សូម​ប្រាប់​យើង ម្ដេច​ក៏​អ្នក​សរសេរ​ពាក្យ​ទាំង​នេះ​បាន? តើ​យេរេមា​បាន​ប្រាប់​អ្នក​ឲ្យ​សរសេរ​ឬ?​»។ ១៨  បារូក​ក៏​ឆ្លើយ​ថា​៖ ​«​យេរេមា​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​មក​សរសេរ​ទុក​ក្នុង​រមូរ​នេះ​»។ ១៩  ដូច្នេះ ពួក​អ្នក​គ្រប់​គ្រង​ប្រាប់​បារូក​ថា​៖ ​«​ចូរ​អ្នក​និង​យេរេមា​ទៅ​រក​កន្លែង​លាក់​ខ្លួន​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា​អ្នក​នៅ​ឯ​ណា​ឡើយ​»។+ ២០  បន្ទាប់​មក ពួក​អ្នក​គ្រប់​គ្រង​យក​រមូរ​នោះ​ទៅ​ទុក​ក្នុង​បន្ទប់​របស់​អេលីសាម៉ា​ជា​លេខាធិការ រួច​ចូល​ទៅ​ជួប​ស្ដេច​នៅ​ឯ​ទី​ធ្លា​វិមាន ហើយ​ជម្រាប​ស្ដេច​នូវ​ពាក្យ​ទាំង​អស់​ដែល​ពួក​គេ​បាន​ឮ។ ២១  ដូច្នេះ ស្ដេច​បាន​ចាត់​យេហ៊ូដាយ+ឲ្យ​ទៅ​យក​រមូរ​ពី​បន្ទប់​របស់​អេលីសាម៉ា​ជា​លេខាធិការ។ រួច​យេហ៊ូដាយ​ក៏​យក​រមូរ​នោះ​មក​អាន​ជូន​ស្ដេច ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​ដែល​ឈរ​នៅ​ក្បែរ​នោះ។ ២២  ខណៈ​នោះ ស្ដេច​កំពុង​អង្គុយ​នៅ​ក្នុង​វិមាន​សម្រាប់​រដូវ​រងា ទាំង​មាន​ចង្ក្រាន​ភ្លើង​កម្ដៅ​ខ្លួន ព្រោះ​ពេល​នោះ​ជា​ខែ​ទី​៩។* ២៣  ក្រោយ​ពី​យេហ៊ូដាយ​អាន​ពាក្យ​ក្នុង​រមូរ​បាន​បី​បួន​ផ្នែក ស្ដេច​ក៏​យក​កាំបិត​របស់​លេខាធិការ​មក​កាត់​ផ្នែក​នោះ រួច​បោះ​ទៅ​ក្នុង​ភ្លើង​ចង្ក្រាន រហូត​ដល់​រមូរ​ទាំង​មូល​បាន​ឆេះ​អស់។ ២៤  ស្ដេច​និង​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​មិន​បាន​ភ័យ​តក់​ស្លុត​កាល​ដែល​ឮ​ពាក្យ​ក្នុង​រមូរ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ហែក​អាវ​ខ្លួន​ដែរ។ ២៥  ពេល​នោះ អេលណាថាន+ ដេឡេយ៉ា+ និង​កេម៉ារៀ+ បាន​អង្វរ​ស្ដេច​មិន​ឲ្យ​ដុត​រមូរ​នោះ តែ​ស្ដេច​មិន​ព្រម​ស្ដាប់​ពួក​គេ​ទេ។ ២៦  បន្ថែម​ទៅ​ទៀត ស្ដេច​បាន​បញ្ជា​យេរ៉ាមេល​ជា​កូន​ស្ដេច សេរ៉ាយ៉ា​ជា​កូន​អាសរាល និង​សេលេមៀ​ជា​កូន​អាប់ដៀល ឲ្យ​ទៅ​ចាប់​ខ្លួន​បារូក​ជា​លេខាធិការ​និង​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​លាក់​ពួក​គាត់​មិន​ឲ្យ​គេ​រក​ឃើញ​ឡើយ។+ ២៧  ក្រោយ​ពី​ស្ដេច​បាន​ដុត​រមូរ​ដែល​យេរេមា​បាន​ប្រាប់​បារូក​ឲ្យ​កត់​ទុក​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ម្ដង​ទៀត​ថា​៖+ ២៨  ​«​ចូរ​យក​រមូរ​មួយ​ទៀត​មក ហើយ​សរសេរ​ពាក្យ​ទាំង​ប៉ុន្មាន ឲ្យ​ដូច​ពាក្យ​ក្នុង​រមូរ​មុន​ដែល​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល។+ ២៩  រួច​អ្នក​ត្រូវ​និយាយ​ទាស់​នឹង​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​អ្នក​បាន​ដុត​រមូរ​នោះ​ចោល ហើយ​សួរ​ថា​៖ ‹ម្ដេច​ក៏​សរសេរ​ថា​៖ ​«​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​មក​បំផ្លាញ​ស្រុក​នេះ ហើយ​ធ្វើ​ឲ្យ​លែង​មាន​មនុស្ស​និង​សត្វ​រស់​នៅ​ទៀត​»​ដូច្នេះ?›។+ ៣០  ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទាស់​នឹង​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​ថា​៖ ‹នឹង​គ្មាន​កូន​ចៅ​គាត់​ណា​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ​ទេ+ ហើយ​សព​របស់​គាត់​នឹង​ត្រូវ​ទុក​ចោល​ហាល​ក្ដៅ​នៅ​ពេល​ថ្ងៃ​និង​ហាល​ត្រជាក់​នៅ​ពេល​យប់។+ ៣១  ខ្ញុំ​នឹង​ដាក់​ទោស​គាត់​និង​កូន​ចៅ​គាត់ ព្រម​ទាំង​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​ចំពោះ​កំហុស​ឆ្គង​របស់​ពួក​គេ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ និង​អ្នក​ក្រុង​យេរូសាឡិម ព្រម​ទាំង​ពួក​យូដា​ទាំង​អស់ ជួប​ប្រទះ​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង ជា​សេចក្ដី​វេទនា​ដែល​ខ្ញុំ​បាន​ព្រមាន​ពួក​គេ​រួច​ហើយ+ តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ឡើយ›​»​›​»។+ ៣២  ដូច្នេះ យេរេមា​បាន​យក​រមូរ​មួយ​ទៀត ហើយ​ឲ្យ​បារូក​ជា​កូន​នេរា​ដែល​ជា​លេខាធិការ+ កត់​ទុក​តាម​ពាក្យ​របស់​គាត់ ដូច​ពាក្យ​ក្នុង​រមូរ​មុន​ដែល​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រមូរ​នេះ​ក៏​មាន​សេចក្ដី​បន្ថែម​ទៀត​ដែរ។

កំណត់សម្គាល់

ឬ​«​សៀវភៅ​»​
ឬ​«​ពួក​មន្ត្រី​ជាន់​ខ្ពស់​»​
ចាប់​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥