យេរេមា ៣៧:១-២១

  • ការ​ដក​ទ័ព​ចេញ​របស់​ពួក​ខាល់ដេ​ជា​បណ្ដោះ​អាសន្ន (​១​-​១០)

  • យេរេមា​ត្រូវ​គេ​ដាក់​គុក (​១១​-​១៦)

  • សេដេគា​ជួប​ជា​មួយ​យេរេមា (​១៧​-​២១)

    • យេរេមា​ត្រូវ​គេ​ផ្ដល់​ឲ្យ​នំ​ប៉័ង (​២១)

៣៧  សេដេគា+ជា​កូន​យ៉ូសៀស​បាន​គ្រង​រាជ្យ​ជំនួស​កូនៀ*+ជា​កូន​យេហូយ៉ាគីម ព្រោះ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​យូដា។+ ២  ប៉ុន្តែ​គ្រា​នោះ ស្ដេច​សេដេគា ពួក​អ្នក​បម្រើ​គាត់ និង​បណ្ដា​ជន​ក្នុង​ស្រុក​យូដា មិន​បាន​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ទេ។ ៣  ស្ដេច​សេដេគា​បាន​ចាត់​យេហ៊ូកាល+ជា​កូន​សេលេមៀ និង​សេផានា+ជា​កូន​ម៉ាអាសៀ​ដែល​ជា​សង្ឃ ឲ្យ​ទៅ​ជួប​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​និយាយ​ថា​៖ ​«​សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឲ្យ​យើង​ខ្ញុំ​ផង​»។ ៤  ពេល​នោះ យេរេមា​អាច​ទៅ​មក​ដោយ​សេរី ព្រោះ​គេ​មិន​ទាន់​ចាប់​គាត់​ដាក់​គុក​ទេ។+ ៥  គ្រា​នោះ កាល​ពួក​ខាល់ដេ​កំពុង​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ទ័ព​ផារ៉ូ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក។+ ពេល​ពួក​ខាល់ដេ​ឮ​ដំណឹង​នោះ ពួក​គេ​ក៏​ដក​ថយ​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ។+ ៦  បន្ទាប់​មក ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ៧  ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹យេរេមា​អើយ! ចូរ​ទៅ​ជួប​ស្ដេច​ស្រុក​យូដា ដែល​បាន​អង្វរ​អ្នក​ឲ្យ​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ខ្ញុំ ហើយ​ប្រាប់​គាត់​ថា​៖ ​«​មើល! ទ័ព​ផារ៉ូ​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ជួយ​អ្នក នឹង​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​ជា​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។+ ៨  រួច​ពួក​ខាល់ដេ​នឹង​ត្រឡប់​មក​ច្បាំង​នឹង​ក្រុង​នេះ​ម្ដង​ទៀត ហើយ​ពួក​គេ​នឹង​ដណ្ដើម​យក​បាន រួច​ដុត​ក្រុង​នេះ​ចោល​»។+ ៩  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កុំ​បញ្ឆោត​ខ្លួន​ដោយ​និយាយ​ថា​៖ ‹ពួក​ខាល់ដេ​នឹង​ដក​ថយ​ចេញ​ពី​យើង​ជា​មិន​ខាន›។ ពួក​គេ​នឹង​មិន​ដក​ថយ​ឡើយ។ ១០  ទោះ​ជា​អ្នក​វាយ​ប្រហារ​ទ័ព​ខាល់ដេ​ដែល​មក​ច្បាំង​នឹង​អ្នក ហើយ​នៅ​សល់​តែ​ទាហាន​រង​របួស​ក៏​ដោយ ក៏​ពួក​គេ​នឹង​ក្រោក​ឡើង​ពី​ត្រសាល​ខ្លួន​មក​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល​ដែរ​»​›​»។+ ១១  ក្រោយ​ពី​ទ័ព​ខាល់ដេ​ចេញ​ពី​ក្រុង​យេរូសាឡិម ដោយ​សារ​តែ​ទ័ព​ផារ៉ូ+ ១២  យេរេមា​ក៏​ចេញ​ដំណើរ​ពី​ក្រុង​យេរូសាឡិម ឆ្ពោះ​ទៅ​ទឹក​ដី​បេនយ៉ាមីន+ ដើម្បី​ទទួល​ចំណែក​មត៌ក​របស់​គាត់​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្លួន។ ១៣  ប៉ុន្តែ ពេល​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ខ្លោង​ទ្វារបេនយ៉ាមីន នោះ​អាយរីយ៉ា​ជា​កូន​សេលេមៀ ត្រូវ​ជា​កូន​ហាណានា ដែល​ជា​មេ​ពួក​អ្នក​យាម​បាន​ចាប់​យេរេមា ហើយ​ចោទ​គាត់​ថា​៖ ​«​អ្នក​ឯង​កំពុង​ទៅ​ចូល​ខាង​ពួក​ខាល់ដេ​ហើយ!​»។ ១៤  យេរេមា​ប្រកែក​ថា​៖ ​«​មិន​មែន​ទេ! ខ្ញុំ​មិន​ទៅ​ចូល​ខាង​ពួក​ខាល់ដេ​ទេ!​»។ ប៉ុន្តែ អាយរីយ៉ា​មិន​ព្រម​ស្ដាប់​គាត់​ទេ។ ដូច្នេះ អាយរីយ៉ា​បាន​ចាប់​យេរេមា ហើយ​នាំ​គាត់​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង។ ១៥  ពួក​អ្នក​គ្រប់​គ្រង​បាន​ខឹង​នឹង​យេរេមា​ជា​ខ្លាំង+ ហើយ​ក៏​វាយ​គាត់ រួច​ឃុំ​គាត់​ទុក+នៅ​ក្នុង​ផ្ទះ​របស់​យេហូណាថាន​ជា​លេខាធិការ ព្រោះ​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​កន្លែង​ឃុំ​ឃាំង។ ១៦  គេ​បាន​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​នៅ​ក្រោម​ដី​អស់​ជា​ច្រើន​ថ្ងៃ។ ១៧  បន្ទាប់​មក ស្ដេច​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា​មក​ឯ​វិមាន​គាត់ ហើយ​សួរ​យេរេមា​ដោយ​សម្ងាត់+ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អ្វី​ទេ?​»។ យេរេមា​ឆ្លើយ​ថា​៖ ​«​មាន!​»។ យេរេមា​បន្ត​ថា​៖ ​«​ស្ដេច​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន!​»។+ ១៨  យេរេមា​បាន​និយាយ​បន្ថែម​ទៀត​ទៅ​សេដេគា​ថា​៖ ​«​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី​នឹង​លោក ឬ​ពួក​អ្នក​បម្រើ​និង​រាស្ត្រ​របស់​លោក បាន​ជា​លោក​ចាប់​ខ្ញុំ​ដាក់​គុក​ដូច្នេះ? ១៩  ចុះ​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ប្រកាស​ប្រាប់​លោក​ថា​៖ ‹ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​មិន​មក​ច្បាំង​នឹង​លោក​ឬ​ស្រុក​នេះ​ទេ› តើ​ពួក​គេ​នៅ​ឯ​ណា?+ ២០  ឱ​ស្ដេច​ជា​ម្ចាស់​អើយ! សូម​មេត្តា​ស្ដាប់​ខ្ញុំ។ សូម​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ខ្ញុំ​ផង។ សូម​កុំ​ឲ្យ​គេ​នាំ​ខ្ញុំ​ទៅ​ឃុំ​នៅ​ផ្ទះ​របស់​យេហូណាថាន+ជា​លេខាធិការ​ទៀត​ឡើយ ព្រោះ​ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នោះ​ជា​មិន​ខាន​»។+ ២១  ដូច្នេះ ស្ដេច​សេដេគា​បាន​បញ្ជា​គេ​ឲ្យ​នាំ​យេរេមា​ទៅ​ឃុំ​នៅ​ទី​ធ្លា​អ្នក​យាម​វិញ+ ហើយ​ឲ្យ​គាត់​នំ​ប៉័ង​មួយ​ដុំ​ជា​រៀង​រាល់​ថ្ងៃ ពី​ផ្លូវ​ពួក​អ្នក​ដុត​នំ+ រហូត​ដល់​អស់​នំ​ប៉័ង​ពី​ក្រុង។+ យេរេមា​ក៏​ជាប់​ឃុំ​នៅ​ក្នុង​ទី​ធ្លា​អ្នក​យាម​នោះ​ទៅ។

កំណត់សម្គាល់

គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូយ៉ាគីន​និង​យេកូនាស