យេរេមា ៣៩:១-១៨

  • ការ​ដួល​រលំ​នៃ​យេរូសាឡិម (​១​-​១០)

    • សេដេគា​រត់​គេច​ខ្លួន ហើយ​បាន​ត្រូវ​ចាប់ (​៤​-​៧)

  • យេរេមា​បាន​ត្រូវ​រក្សា​ការ​ពារ (​១១​-​១៤)

  • អ៊ីបេតមេលេក​បាន​រួច​ជីវិត (​១៥​-​១៨)

៣៩  នៅ​ឆ្នាំ​ទី​៩ ក្នុង​ខែ​ទី​១០ នៃ​រាជ្យ​សេដេគា​ស្ដេច​ស្រុក​យូដា នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​លើក​ទ័ព​ទាំង​អស់​របស់​គាត់​មក​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។+ ២  នៅ​ថ្ងៃ​ទី​៩ ខែ​ទី​៤ ក្នុង​ឆ្នាំ​ទី​១១​នៃ​រាជ្យ​ស្ដេច​សេដេគា ទ័ព​ខាល់ដេ​បាន​ទម្លាយ​កំពែង​ក្រុង​យេរូសាឡិម។+ ៣  រួច​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចូល​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារកណ្តាល។+ ពួក​គេ​មាន ណឺកាលសារីសឺ​ដែល​មាន​តំណែង​ជា​សាំកា* នីបូសាសេគីម​ដែល​មាន​តំណែង​ជា​រ៉ាបសារី* និង​ណឺកាលសារីសឺ​ដែល​មាន​តំណែង​ជា​រ៉ាបម៉ាក* រួម​ទាំង​ពួក​មន្ត្រី​ឯ​ទៀត​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ផង​ដែរ។ ៤  ពេល​សេដេគា​ស្ដេច​ស្រុក​យូដា​និង​ទាហាន​ទាំង​អស់​របស់​គាត់ បាន​ឃើញ​ពួក​ខាល់ដេ​ចូល​មក ពួក​គេ​ក៏​នាំ​គ្នា​រត់+ចេញ​ពី​ក្រុង​យេរូសាឡិម​ទាំង​យប់ គឺ​កាត់​តាម​សួន​ច្បារ​ស្ដេច ហើយ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​មាន​កំពែង​ពីរ​ជាន់។ រួច​ពួក​គេ​បន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។+ ៥  ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​សេដេគា​និង​ទាហាន​របស់​គាត់ ហើយ​តាម​ទាន់​នៅ​ត្រង់​តំបន់​វាល​ទំនាប​ក្បែរ​ក្រុង​យេរីខូ។+ ទ័ព​ខាល់ដេ​បាន​ចាប់​សេដេគា ហើយ​នាំ​គាត់​ទៅ​ប្រគល់​ឲ្យ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា+ ក្នុង​ទឹក​ដី​ហាម៉ាត។+ នៅ​ទី​នោះ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​កាត់​ទោស​សេដេគា។ ៦  នៅ​ក្រុង​រីបឡា ស្ដេច​ស្រុក​បាប៊ីឡូន​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​កូន​ប្រុស​ៗ​របស់​សេដេគា​នៅ​ចំពោះ​មុខ​គាត់។ បន្ថែម​ទៅ​ទៀត ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​បញ្ជា​ឲ្យ​គេ​ប្រហារ​ពួក​អ្នក​ដែល​មាន​វង្ស​ត្រកូល​ខ្ពស់​ក្នុង​ស្រុក​យូដា​ដែរ។+ ៧  បន្ទាប់​មក ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាក់​ភ្នែក​របស់​សេដេគា ហើយ​ដាក់​ច្រវាក់​ស្ពាន់ រួច​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+ ៨  គ្រា​នោះ ពួក​ខាល់ដេ​បាន​ដុត​បំផ្លាញ​វិមាន​ស្ដេច និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា​ជន។+ ពួក​គេ​ថែម​ទាំង​រំលំ​កំពែង​ក្រុង​យេរូសាឡិម​ផង​ដែរ។+ ៩  នេប៊ូសារ៉ាដាន+ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច បាន​ចាប់​អ្នក​ក្រុង​យេរូសាឡិម​ដែល​រួច​ជីវិត ពួក​អ្នក​ដែល​មក​ចុះ​ចូល​នឹង​គាត់ និង​ពួក​អ្នក​ឯ​ទៀត​ដែល​នៅ​សេស​សល់ យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ ១០  ប៉ុន្តែ នេប៊ូសារ៉ាដាន​ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច បាន​ទុក​ជន​ខ្លះ​ដែល​ក្រី​ក្រ​បំផុត​ជា​អ្នក​ដែល​គ្មាន​អ្វី​សោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​ប្រគល់​ដី​ស្រែ​និង​ចម្ការ​ទំពាំង​បាយ​ជូរ​ឲ្យ​ពួក​គេ​ធ្វើ។*+ ១១  រីឯ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​បង្គាប់​នេប៊ូសារ៉ាដាន​ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច​ស្ដី​អំពី​យេរេមា​ថា​៖ ១២  ​«​ចូរ​យក​គាត់​ទៅ​ទំនុក​បម្រុង ហើយ​កុំ​ធ្វើ​បាប​គាត់​ឲ្យ​សោះ។ អ្វី​ក៏​ដោយ​ដែល​គាត់​សុំ អ្នក​ត្រូវ​ផ្ដល់​ឲ្យ​គាត់​»។+ ១៣  ដូច្នេះ នេប៊ូសារ៉ាដាន​ដែល​ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច នេប៊ូសាសបាន់​ដែល​ជា​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់ និង​ណឺកាលសារីសឺ​ដែល​មាន​តំណែង​ជា​រ៉ាបម៉ាក* និង​មន្ត្រី​ឯ​ទៀត​របស់​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ចាត់​គេ ១៤  ឲ្យ​ទៅ​នាំ​យក​យេរេមា​ពី​ទី​ធ្លា​អ្នក​យាម+ ហើយ​ប្រគល់​គាត់​ទៅ​ឲ្យ​កេដាលៀ+ជា​កូន​អាហាយខាម+ ដែល​ជា​កូន​សាផាន។+ រួច​កេដាលៀ​ក៏​នាំ​យេរេមា​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​យេរេមា​ក៏​រស់​នៅ​ក្នុង​ចំណោម​បណ្ដា​ជន។ ១៥  កាល​ដែល​យេរេមា​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ទី​ធ្លា​អ្នក​យាម+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​៖ ១៦  ​«​ចូរ​ទៅ​ប្រាប់​អ៊ីបេតមេលេក+ជា​ជន​ជាតិ​អេត្យូពី​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ក្រុង​នេះ ដូច​ពាក្យ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​មិន​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​ទេ។ នៅ​ថ្ងៃ​នោះ អ្នក​នឹង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​»​›។ ១៧  ​«​‹ប៉ុន្តែ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​សង្គ្រោះ​អ្នក ហើយ​អ្នក​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​បុរស​ដែល​អ្នក​ខ្លាច​ឡើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៨  ​«​‹ព្រោះ​ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ ហើយ​អ្នក​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ។ អ្នក​នឹង​រួច​ជីវិត​ជា​ប្រាកដ+ ព្រោះ​អ្នក​បាន​ទុក​ចិត្ត​ខ្ញុំ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

កំណត់សម្គាល់

តាម​មើល​ទៅ​នេះ​ជា​ឋានៈ
ឬ​«​ជា​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់​»​
ឬ​«​ជា​មេ​លើ​គ្រូ​វេទមន្ត​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជា​កាតព្វកិច្ច​»​
ឬ​«​ជា​មេ​លើ​គ្រូ​វេទមន្ត​»​