យេរេមា ៤៣:១-១៣

  • បណ្ដា​ជន​មិន​ស្ដាប់​បង្គាប់ ហើយ​ទៅ​ស្រុក​អេហ្ស៊ីប (​១​-​៧)

  • ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យេរេមា​នៅ​ស្រុក​អេហ្ស៊ីប (​៨​-​១៣)

៤៣  ពេល​យេរេមា​បាន​ប្រាប់​បណ្ដា​ជន​នូវ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ គឺ​ជា​ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​គេ ២  នោះ​អាសារៀ​ជា​កូន​ហូសាយ៉ា យ៉ូហាណាន+ជា​កូន​ការៀ និង​ពួក​បុរស​ទាំង​អស់​ដែល​ប្រព្រឹត្ត​ឥត​កោត​ក្រែង បាន​និយាយ​ទៅ​កាន់​យេរេមា​ថា​៖ ​«​អ្វី​ដែល​អ្នក​និយាយ​គឺ​មិន​ពិត​ទេ! ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​មិន​បាន​ចាត់​អ្នក​ឲ្យ​មក​ប្រាប់​យើង​ថា​៖ ‹កុំ​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប›​នោះ​ទេ។ ៣  ប៉ុន្តែ បារូក+ជា​កូន​នេរា​បាន​ញុះញង់​អ្នក​ឲ្យ​ទាស់​នឹង​យើង ក្នុង​បំណង​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខាល់ដេ​ដើម្បី​ឲ្យ​ពួក​គេ​សម្លាប់​យើង ឬ​នាំ​យើង​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​ប៉ុណ្ណោះ​»។+ ៤  ដូច្នេះ យ៉ូហាណាន​ជា​កូន​ការៀ និង​ពួក​មេ​ទ័ព ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់ មិន​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​ពួក​គេ​បន្ត​រស់​នៅ​ក្នុង​ស្រុក​យូដា​ទេ។ ៥  ផ្ទុយ​ទៅ​វិញ យ៉ូហាណាន​ជា​កូន​ការៀ​និង​ពួក​មេ​ទ័ព បាន​នាំ​ពួក​យូដា​ដែល​នៅ​សេស​សល់​ទៅ​ជា​មួយ គឺ​អស់​អ្នក​ដែល​បាន​ខ្ចាត់​ខ្ចាយ​ទៅ​រស់​នៅ​ក្នុង​ស្រុក​នានា ហើយ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ។+ ៦  ពួក​គេ​បាន​នាំ​យក​បុរស ស្ត្រី កូន​ក្មេង និង​កូន​ស្រី​ៗ​របស់​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​អ្នក​ឯ​ទៀត ដែល​នេប៊ូសារ៉ាដាន+ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ទុក​ឲ្យ​នៅ​ក្រោមការ​មើល​ខុស​ត្រូវ​របស់​កេដាលៀ+ជា​កូន​អាហាយខាម+ដែល​ជា​កូន​សាផាន+ ពួក​គេ​ក៏​បាន​នាំ​យក​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ និង​បារូក​ជា​កូន​នេរា​ទៅ​ជា​មួយ​ដែរ។ ៧  ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ថាផានីស+ក្នុង​ស្រុក​អេហ្ស៊ីប ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​នៅ​ក្រុង​ថាផានីស​ដូច​ត​ទៅ​៖ ៩  ​«​ចូរ​យក​ថ្ម​ធំ​ៗ​ទៅ​លាក់​ក្រោម​កម្រាល​ឥដ្ឋ ហើយ​បូក​បាយអ​ពី​លើ ត្រង់​ច្រក​ចូល​វិមាន​ផារ៉ូ​ក្នុង​ក្រុង​ថាផានីស នៅ​ចំពោះ​មុខ​បុរស​ជនជាតិ​យូដា។ ១០  រួច​មក អ្នក​ត្រូវ​និយាយ​ទៅ​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ឲ្យ​គេ​ទៅ​ហៅ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​មក+ ហើយ​ខ្ញុំ​នឹង​ដាក់​បល្ល័ង្ក​គាត់​នៅ​លើ​ថ្ម​ធំ​ៗ​ដែល​ខ្ញុំ​បាន​លាក់។ រួច​គាត់​នឹង​ដំឡើង​ត្រសាល​នៃ​រាជ្យ​គាត់​នៅ​លើ​ថ្ម​ទាំង​នោះ។+ ១១  គាត់​នឹង​មក​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប។+ ពេល​នោះ អ្នក​ណា​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នឹង​ស្លាប់​ដោយ​ដាវ។ អ្នក​ណា​ដែល​ត្រូវ​ស្លាប់​ដោយ​រោគ​រាត​ត្បាត នឹង​ស្លាប់​ដោយ​រោគ​រាត​ត្បាត។ អ្នក​ណា​ដែល​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ នឹង​ធ្វើ​ជា​ឈ្លើយ។+ ១២  ខ្ញុំ​នឹង​ដុត​បំផ្លាញ​វិហារ​ទាំង​ប៉ុន្មាន​របស់​ព្រះ​នា​នា​ក្នុង​ស្រុក​អេហ្ស៊ីប+ ហើយ​ស្ដេច​នោះ​នឹង​ដុត​បំផ្លាញ​អ្វី​ទាំង​នោះ​ចោល រួច​ប្រមូល​ព្រះ​របស់​ពួក​គេ​យក​ទៅ។ គាត់​នឹង​យក​ស្រុក​អេហ្ស៊ីប​មក​រុំ​លើ​ខ្លួន ដូច​ជា​គង្វាល​យក​សម្លៀក​បំពាក់​មក​ពាក់​ដែរ។ ក្រោយ​មក គាត់​នឹង​ចាក​ចេញ​ទៅ​ដោយ​សុខ​សាន្ត។* ១៣  គ្រា​នោះ គាត់​នឹង​វាយ​កម្ទេច​បង្គោល​ទាំង​ប៉ុន្មាន​នៅ​ក្រុង​បេតសេមែស*ក្នុង​ស្រុក​អេហ្ស៊ីប ថែម​ទាំង​ដុត​បំផ្លាញ​វិហារ​ទាំង​ឡាយ​របស់​ព្រះ​នា​នា​ក្នុង​ស្រុក​នោះ​ផង​ដែរ​»​›​»។

កំណត់សម្គាល់

ឬ​«​គ្មាន​គ្រោះ​ថ្នាក់​»​
ឬ​«​វិហារ​របស់​ព្រះ​អាទិត្យ​»។ នេះ​សំដៅ​លើ​ក្រុង​ហេលីអូផូលីស