យេរេមា ៤៤:១-៣០

  • សេចក្ដី​វេទនា​ទៅ​លើ​ពួក​យូដា​នៅ​ស្រុក​អេហ្ស៊ីប​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន (​១​-​១៤)

  • បណ្ដា​ជន​មិន​ព្រម​ស្ដាប់​ការ​ព្រមាន​ពី​ព្រះ (​១៥​-​៣០)

    • ការ​គោរព​បូជា​«​ព្រះ​នាង​នៃ​មេឃា​»​ (​១៧​-​១៩)

៤៤  ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ទៅ​កាន់​ពួក​យូដា​ទាំង​អស់ ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប+ គឺ​នៅ​មីកដុល+ ក្រុង​ថាផានីស+ ក្រុង​ណូព*+ និង​តំបន់​ប៉ាត្រូស។+ លោក​មាន​ប្រសាសន៍​ថា​៖ ២  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹អ្នក​រាល់​គ្នា​បាន​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ទៅ​លើ​ក្រុង​យេរូសាឡិម+ និង​បណ្ដា​ក្រុង​ឯ​ទៀត​ក្នុង​ស្រុក​យូដា។ សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​វិនាស​ហិនហោច​អស់​ហើយ គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ទេ។+ ៣  រឿង​នេះ​បាន​កើត​ឡើង ដោយ​សារ​តែ​បណ្ដា​ជន​ទាំង​នោះ​បាន​ធ្វើ​អំពើ​អាក្រក់​ដែល​នាំ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ជា​ខ្លាំង គឺ​ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត+ និង​គោរព​បម្រើ​ដល់​ព្រះ​ទាំង​នោះ ជា​ព្រះ​ដែល​ពួក​គេ​មិន​ស្គាល់ ហើយ​សូម្បី​តែ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។+ ៤  ខ្ញុំ​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ​«​សូម​កុំ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ​ទៀត ព្រោះ​ខ្ញុំ​ស្អប់​អំពើ​ទាំង​នេះ​ណាស់​»។+ ៥  ប៉ុន្តែ ពួក​គេ​មិន​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ឡើយ ហើយ​ក៏​មិន​បាន​បែរ​ចេញ​ពី​ការ​ប្រព្រឹត្ត​អាក្រក់ ដោយ​ឈប់​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ដែរ។+ ៦  ម្ល៉ោះ​ហើយ ខ្ញុំ​ខឹង​ជា​ខ្លាំង ហើយ​បាន​បញ្ចេញ​កំហឹង​ដែល​ប្រៀប​ដូច​ជា​ភ្លើង​ឆាប​ឆេះ​ទៅ​លើ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​យេរូសាឡិម។ ក្រុង​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​សំណង់​បាក់​បែក និង​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ រហូត​មក​ដល់​សព្វ​ថ្ងៃ›។+ ៧  ​«​ឥឡូវ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នាំ​សេចក្ដី​វេទនា​ដ៏​ធំ​ធ្លាក់​មក​លើ​ខ្លួន​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​បុរស​ស្ត្រី កូន​ក្មេង​និង​ទារក​ទាំង​អស់ ត្រូវ​វិនាស​ពី​ស្រុក​យូដា​គ្មាន​សល់​អ្នក​ណា​ម្នាក់​ឬ? ៨  ហេតុ​អ្វី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​ទង្វើ​របស់​អ្នក​រាល់​គ្នា ហើយ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ក្នុង​ស្រុក​អេហ្ស៊ីប​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​រស់​នៅ​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​វិនាស​ទៅ ហើយ​នឹង​រង​ការ​ជេរ​ប្រមាថ​និង​ការ​មាក់ងាយ​ពី​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី។+ ៩  តើ​អ្នក​រាល់​គ្នា​ភ្លេច​នូវ​ទង្វើ​ដ៏​អាក្រក់​របស់​បុព្វ​បុរស​អ្នក​រាល់​គ្នា និង​អំពើ​ទុច្ចរិត​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា+និង​ប្រពន្ធ​របស់​ពួក​គេ​ហើយ​ឬ?+ ចុះ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​និង​ប្រពន្ធ​អ្នក​រាល់​គ្នា+បាន​ប្រព្រឹត្ត​ក្នុង​ស្រុក​យូដា​និង​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​វិញ តើ​អ្នក​រាល់​គ្នា​ភ្លេច​ដែរ​ឬ? ១០  រហូត​មក​ដល់​ឥឡូវ អ្នក​រាល់​គ្នា​នៅ​តែ​មិន​បាន​បន្ទាប​ខ្លួន និង​បង្ហាញ​ចិត្ត​កោត​ខ្លាច​ចំពោះ​ខ្ញុំ​ទេ+ ហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់​និងបញ្ញត្តិ​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ដែរ›។+ ១១  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​លើ​អ្នក​រាល់​គ្នា ហើយ​បំផ្លាញ​ស្រុក​យូដា​ទាំង​មូល។ ១២  ខ្ញុំ​នឹង​ចាប់​ពួក​យូដា​ដែល​នៅ​សេស​សល់ ជា​អ្នក​ដែល​បាន​តាំង​ចិត្ត​ទៅ​ស្រុក​អេហ្ស៊ីប+ ហើយ​ពួក​គេ​នឹង​វិនាស​នៅ​ក្នុង​ស្រុក​នោះ។ ពួក​គេ​នឹង​ស្លាប់​ដោយ​ដាវ និង​ការ​អត់​ឃ្លាន គឺ​ចាប់​ពី​ពួក​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត។ ពួក​គេ​នឹង​ត្រូវ​បណ្ដាសា រង​ការ​ជេរ​ប្រមាថ និង​ការ​មាក់ងាយ ហើយ​មនុស្ស​ឯ​ទៀត​នឹង​ភ័យ​តក់​ស្លុត​ពេល​ឮ​អំពី​ពួក​គេ។+ ១៣  ខ្ញុំ​នឹង​ដាក់​ទោស​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ដូច​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូសាឡិម​ដែរ គឺ​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។+ ១៤  ម្ល៉ោះ​ហើយ ពួក​យូដា​ដែល​នៅ​សេស​សល់ និង​ដែល​បាន​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ពួក​គេ​នឹង​មិន​រួច​ជីវិត​ទេ។ ទោះ​ជា​ពួក​គេ​ចង់​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ​ក្ដី ក៏​ពួក​គេ​មិន​អាច​ត្រឡប់​មក​វិញ​បាន​ដែរ លើក​លែង​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ›​»។ ១៥  បុរស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា​ប្រពន្ធ​ខ្លួន​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត បាន​ឈរ​កុះ​ករ​នៅ​ទី​នោះ​ជា​មួយ​នឹង​ប្រពន្ធ​របស់​ពួក​គេ ហើយ​បណ្ដា​ជន​ដែល​រស់​នៅ​ស្រុក​ប៉ាត្រូស+ក្នុង​ទឹក​ដី​អេហ្ស៊ីប​ក៏​នៅ​ទី​នោះ​ដែរ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​តប​ឆ្លើយ​នឹង​យេរេមា​ថា​៖ ១៦  ​«​យើង​នឹង​មិន​ស្ដាប់​ពាក្យ​ដែល​អ្នក​បាន​ប្រាប់​យើង​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ទេ។ ១៧  ផ្ទុយ​ទៅ​វិញ យើង​នឹង​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​យើង​បាន​និយាយ គឺ​យើង​នឹង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​នាង​នៃ​មេឃា* និង​ច្រួច​ស្រា​ជា​គ្រឿង​បូជា​ដល់​ព្រះ​នាង​នោះ+ ដូច​ដែល​យើង បុព្វ​បុរស​យើង ស្ដេច​យើង និង​ពួក​អ្នក​គ្រប់​គ្រង​យើង ធ្លាប់​ធ្វើ​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ។ ពេល​យើង​ធ្វើ​ដូច្នោះ យើង​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ថែម​ទាំង​មាន​ភាព​ចម្រុង​ចម្រើន ហើយ​គ្មាន​ទុក្ខ​វេទនា​ណា​ឡើយ។ ១៨  តាំង​ពី​ពេល​ដែល​យើង​ឈប់​ជូន​គ្រឿង​បូជា​និង​ឈប់​ច្រួច​ស្រា​ដល់​ព្រះ​នាង​នៃ​មេឃា* យើង​ចេះ​តែ​ខ្វះ​ខាត​សព្វ​គ្រប់ ហើយ​បាន​ស្លាប់​ដោយ​ដាវ​និង​ការ​អត់​ឃ្លាន​»។ ១៩  ពួក​ស្រី​ៗ​បាន​និយាយ​បន្ថែម​ថា​៖ ​«​ពេល​យើង​ជូន​គ្រឿង​បូជា​និង​ច្រួច​ស្រា​ដល់​ព្រះ​នាង​នៃ​មេឃា* ប្ដី​យើង​បាន​យល់​ស្រប​ទាំង​ស្រុង ហើយ​ពេល​យើង​ធ្វើ​នំ​តាម​រូប​រាង​ព្រះ​នាង​និង​ច្រួច​ស្រា​ជា​គ្រឿង​បូជា​ជូន​ព្រះ​នាង ប្ដី​យើង​ក៏​យល់​ស្រប​ដែរ​»។ ២០  បន្ទាប់​មក យេរេមា​បាន​ឆ្លើយ​ទៅ​បណ្ដា​ជន និង​ប្ដី​ប្រពន្ធ​ទាំង​នោះ​វិញ​ថា​៖ ២១  ​«​គ្រឿង​បូជា​ដែល​អ្នក​រាល់​គ្នា បុព្វ​បុរស​អ្នក​រាល់​គ្នា និង​បណ្ដា​ស្ដេច រួម​ទាំង​ពួក​អ្នក​គ្រប់​គ្រង និង​បណ្ដា​ជន​ក្នុង​ស្រុក បាន​ជូន​នៅ​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា​និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម+ ព្រះ​យេហូវ៉ា​បាន​ចាំ​ទុក​ក្នុង​ចិត្ត​លោក ហើយ​មិន​ភ្លេច​ទេ! ២២  នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​ទ្រាំ​លែង​បាន​នឹង​ការ​ប្រព្រឹត្ត​អាក្រក់ និង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ទៀត​ហើយ។ ហេតុ​នេះ ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ គ្មាន​អ្នក​ណា​រស់​នៅ​ទៀត។ អ្នក​ឯ​ទៀត​បាន​យក​ស្រុក​នេះ​សម្រាប់​ដាក់​បណ្ដាសា ហើយ​ពួក​គេ​ភ័យ​តក់​ស្លុត​ពេល​ឮ​អំពី​ស្រុក​នេះ ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។+ ២៣  នេះ​គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ជូន​គ្រឿង​បូជា​ទាំង​នេះ ហើយ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា ដោយ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ព្រម​ទាំង​មិន​ធ្វើ​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​រំលឹក​របស់​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ជួប​សេចក្ដី​វេទនា​បែប​នេះ ដូច​មាន​នៅ​សព្វ​ថ្ងៃ​»។+ ២៤  រួច​យេរេមា​និយាយ​បន្ត​ទៀត​ទៅ​កាន់​បណ្ដា​ជន និង​ពួក​ស្ត្រី​ទាំង​ឡាយ​ថា​៖ ​«​ឱ​ពួក​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ចុះ។ ២៥  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​រាល់​គ្នា​និង​ប្រពន្ធ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​និយាយ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​យើង​នឹង​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​យើង​ជា​មិន​ខាន គឺ​យើង​នឹង​ជូន​គ្រឿង​បូជា​និង​ច្រួច​ស្រា​ដល់​ព្រះ​នាង​នៃ​មេឃា​»។*+ ពួក​ស្ត្រី​ទាំង​ឡាយ​អើយ! អ្នក​រាល់​គ្នា​ច្បាស់​ជា​ធ្វើ​តាម​សម្បថ​របស់​ខ្លួន​ពិត​ប្រាកដ​មែន›។ ២៦  ​«​ហេតុ​នេះ ឱ​ពួក​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ‹​«​មើល! ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ដ៏​ឧត្ដម​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​យូដា+ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ប្រើ​នាម​ខ្ញុំ​ក្នុង​ពាក្យ​សម្បថ​របស់​ពួក​គេ​ទៀត​ទេ ជា​សម្បថ​ដែល​ពួក​គេ​និយាយ​ថា​៖ ‹ដូច​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ដែល​មាន​ជីវិត​រស់​នៅ!›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ២៧  ឥឡូវ​ខ្ញុំ​កំពុង​ពិនិត្យ​មើល​ពួក​គេ​ដើម្បី​នាំ​សេចក្ដី​វេទនា​មក​លើ​ពួក​គេ មិន​មែន​ជា​សេចក្ដី​ល្អ​ឡើយ។+ ពួក​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ និង​ការ​អត់​ឃ្លាន រហូត​ដល់​ពួក​គេ​វិនាស​សាប​សូន្យ​អស់។+ ២៨  មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នឹង​រួច​ជីវិត​ពី​ដាវ ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។+ ក្រោយ​នោះ ពួក​យូដា​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​អេហ្ស៊ីប នឹង​ដឹង​ច្បាស់​ថា​ពាក្យ​របស់​អ្នក​ណា​ក្លាយ​ទៅ​ជា​ការ​ពិត តើ​ជា​ពាក្យ​របស់​ខ្ញុំ​ឬ​ពាក្យ​របស់​ពួក​គេ?​»​›​»។ ២៩  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹នេះ​ជា​សញ្ញា​សម្គាល់​ដែល​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ក្នុង​ទឹក​ដី​នេះ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា​សេចក្ដី​វេទនា​ដែល​ខ្ញុំ​ប្រាប់​ថា​នឹង​មាន​មក​លើ​អ្នក​រាល់​គ្នា នឹង​កើត​ឡើង​ពិត​មែន។ ៣០  មើល! ខ្ញុំ​នឹង​ប្រគល់​ផារ៉ូ​ហូរ៉ា​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ និង​ពួក​អ្នក​ដែល​តាម​រក​ជីវិត​គាត់ ដូច​ខ្ញុំ​បាន​ប្រគល់​សេដេគា​ស្ដេច​ស្រុក​យូដា​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ជា​សត្រូវ​ដែល​តាម​រក​ជីវិត​គាត់​ដូច្នោះ​ដែរ។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›​»។

កំណត់សម្គាល់

ឬ​«​ក្រុង​មេមផឺស​»​
នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន
នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន
នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន
នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន