យេរេមា ៥០:១-៤៦

  • ទំនាយ​ទាស់​នឹង​បាប៊ីឡូន (​១​-​៤៦)

    • ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន (​)

    • អ៊ីស្រាអែល​នឹង​ត្រូវ​នាំ​មក​វិញ (​១៧​-​១៩)

    • ផ្លូវ​ទឹក​របស់​បាប៊ីឡូន​នឹង​ត្រូវ​រីង​ស្ងួត (​៣៨)

    • ស្រុក​បាប៊ីឡូន​លែង​មាន​អ្នក​រស់​នៅ​ទៀត (​៣៩, ៤០)

៥០  ស្ដី​អំពី​ក្រុង​បាប៊ីឡូន+ជា​ទឹក​ដី​របស់​ពួក​ខាល់ដេ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ដូច​ត​ទៅ​៖  ២  ​«​ចូរ​ថ្លែង​ប្រាប់ ហើយ​ប្រកាស​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ។ ចូរ​ដំឡើង​បង្គោល​សញ្ញា​មួយ ហើយ​ប្រកាស​ទៅ! កុំ​លាក់​បាំង​អ្វី​ឲ្យ​សោះ! ចូរ​ប្រកាស​ថា​៖ ‹បាប៊ីឡូន​ត្រូវ​គេ​ដណ្ដើម​យក​ហើយ។+ ព្រះបេល​បាន​បាក់​មុខ+ ព្រះ​មេរ៉ូដាក​បាន​ភ័យ​តក់​ស្លុត។ ឯ​រូប​ព្រះ​ឯ​ទៀត ក៏​បាន​អាម៉ាស់​មុខរូប​ព្រះ​នា​នា​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បាន​ភ័យ​ញាប់​ញ័រ›។  ៣  ព្រោះ​ប្រជា​ជាតិ​មួយ​ពី​ទិស​ខាង​ជើង+ បាន​មក​ទាស់​នឹង​ស្រុក​បាប៊ីឡូន។ ប្រជា​ជាតិ​នោះ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ឡើយ។ ទាំង​មនុស្ស​ទាំង​សត្វ​បាន​រត់​ចេញ គឺ​ទាំង​អស់​បាន​ចេញ​ទៅ​បាត់​ហើយ​»។ ៤  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​នឹង​មក​វិញ​ជា​មួយ​គ្នា។+ ពួក​គេ​នឹង​ដើរ​បណ្ដើរ​យំ​បណ្ដើរ+ ហើយ​ពួក​គេ​នឹង​ស្វែង​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។+ ៥  ពួក​គេ​នឹង​សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​ដំណើរ​តម្រង់​ទៅ​ទី​នោះ+ ទាំង​និយាយ​ថា​៖ ‹ចូរ​មក! យើង​នាំ​គ្នា​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​កិច្ច​ព្រម​ព្រៀង​ដែល​មិន​ត្រូវ​បំភ្លេច​ឡើយ›។+ ៦  រាស្ត្រ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​វង្វេង+ ព្រោះ​គង្វាល​ធ្វើ​ឲ្យ​ពួក​គេ​វង្វេង​ផ្លូវ+ ដោយ​នាំ​ពួក​គេ​ទៅ​តំបន់​ភ្នំ ទុក​ឲ្យ​ពួក​គេ​ដើរ​ចុះ​ឡើង​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ រហូត​ដល់​ពួក​គេ​ភ្លេច​ទី​សម្រាក​របស់​ខ្លួន។ ៧  ពួក​សត្រូវ​ដែល​ប្រទះ​ឃើញ​ពួក​គេ ក៏​បាន​ត្របាក់​ស៊ី​ពួក​គេ+ ហើយ​និយាយ​ថា​៖ ‹យើង​មិន​បាន​ធ្វើ​ខុស​អ្វី​ទេ ព្រោះ​ពួក​គេ​ទេ​តើ​ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ជា​លំនៅ​ដ៏​សុចរិត ពោល​គឺ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​ទី​សង្ឃឹម​របស់​បុព្វ​បុរស​ពួក​គេ›​»។  ៨  ​«​ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន គឺ​ចេញ​ពី​ទឹក​ដី​ពួក​ខាល់ដេ​ទៅ+ហើយ​ធ្វើ​ដូច​ជា​ចៀម​ឈ្មោល​ដើរ​នាំ​មុខ​ហ្វូង​ចៀម។  ៩  ព្រោះ​មើល! ខ្ញុំ​នឹង​ចាត់​ប្រជា​ជាតិ​មួយ​ក្រុម​ធំ​ពី​ស្រុក​ខាង​ជើងឲ្យ​មក​ប្រឆាំង​នឹង​ស្រុក​បាប៊ីឡូន។+ ប្រជា​ជាតិ​ទាំង​នោះ​នឹង​មក​ច្បាំង​ដោយ​តម្រៀប​ជា​ក្បួន។ ពី​ទី​នោះ​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​គេ​ដណ្ដើម​យក​បាន។ ព្រួញ​របស់​ប្រជា​ជាតិ​ទាំង​នោះ​ប្រៀប​ដូច​ជា​ទាហាន​ខ្លាំង​ពូកែដែល​បណ្ដាល​ឲ្យ​មាន​ការ​ព្រាត់​ប្រាស​កូន+ព្រោះ​ពេល​ដែល​បាញ់​ចេញ​ទៅ តែង​តែ​ចំ​គោល​ដៅ​ជា​និច្ច។ ១០  ស្រុក​របស់​ពួក​ខាល់ដេ​នឹង​ត្រូវ​គេ​ចាប់​យក។+ ឯ​អស់​អ្នក​ដែល​រឹប​អូស​យក​របស់​របរ​ក្នុង​ស្រុក​នោះ ពួក​គេ​នឹង​បាន​ស្កប់​ស្កល់​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១១  ​«​ព្រោះ​ពេល​អ្នក​ប្លន់​យក​មត៌ក​របស់​ខ្ញុំ+អ្នក​អរ​សប្បាយ និង​ត្រេក​អរ​ណាស់។+ អ្នក​លោត​សប្បាយ​ដូច​ជា​គោ​ញី​លោត​លើ​វាល​ស្មៅហើយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​ជា​សត្វ​សេះ។ ១២  ម្ដាយ​របស់​អ្នក​បាន​អាម៉ាស់​មុខ+ម្ដាយ​ដែល​បង្កើត​អ្នក​មក បាន​ខក​ចិត្ត​ជា​ខ្លាំង។ មើល! នាង​បាន​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​មួយ​ដែល​អន់​ជាង​គេ​បំផុតហើយ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ និង​ទី​រហោ​ស្ថាន​ហួត​ហែង។+ ១៣  ដោយ​សារ​កំហឹង​របស់​ព្រះ​យេហូវ៉ា នឹង​គ្មាន​មនុស្ស​រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​ទៀត+គឺ​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ស្ងាត់​សូន្យ។+ អស់​អ្នក​ដែល​ឆ្លង​កាត់​ស្រុក​នោះ នឹង​សម្លឹង​មើល​ដោយ​រន្ធត់ហើយ​នឹក​ហួស​ចិត្ត​នឹង​អន្តរាយ​ដែល​បាន​កើត​ឡើង​លើ​ទឹក​ដី​នោះ។+ ១៤  ឱ​ពួក​អ្នក​កំពុង​យឹត​ធ្នូ​ដែល​មក​ពី​គ្រប់​ទិស​ទី​អើយ! ចូរ​តម្រៀប​ទ័ព​ច្បាំង​នឹង​ស្រុក​បាប៊ីឡូន​ទៅ។ ចូរ​បាញ់​ព្រួញ​ទៅ​លើ​នាង កុំ​សំចៃ​ព្រួញ​ឲ្យ​សោះ+ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ហើយ។+ ១៥  ចូរ​បន្លឺ​សំឡេង​ចូល​ច្បាំង​នឹង​នាង​ពី​គ្រប់​ទិស​ទី។ មើល! នាង​បាន​សុំ​ចុះ​ចាញ់​ហើយ។ បង្គោល​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ដួល កំពែង​ក្រុង​បាន​ត្រូវ​រំលំ+ព្រោះ​នេះ​ជា​សេចក្ដី​សង​សឹក​ពី​ព្រះ​យេហូវ៉ា។+ ចូរ​សង​សឹក​នឹង​នាង​ទៅ។ ចូរ​ធ្វើ​ទៅ​លើ​នាង​ដូច​នាង​ធ្វើ​ទៅ​លើ​គេ​ដែរ។+ ១៦  ចូរ​ប្រហារ​ពួក​អ្នក​សាប​ព្រោះ និង​ពួក​អ្នក​ច្រូត​កាត់​ពី​ស្រុក​បាប៊ីឡូន​ទៅ។+ ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដ៏​សាហាវ ពួក​គេ​ម្នាក់​ៗ​នឹង​វិល​ទៅ​ឯ​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។+ ១៧  ​«​ប្រជា​ជាតិ​អ៊ីស្រាអែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ខ្ចាត់​ខ្ចាយ+ ព្រោះ​ក្រុម​តោ​បាន​កម្ចាត់​កម្ចាយ​ពួក​គេ+ គឺ​មុន​ដំបូង ស្ដេច​ស្រុក​អាស៊ីរី​បាន​ត្របាក់​ពួក​គេ។+ បន្ទាប់​មក នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​អង្កៀម​ឆ្អឹង​ពួក​គេ។+ ១៨  ដូច្នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​ធ្វើ​ទៅ​លើ​ស្ដេច​ស្រុក​បាប៊ីឡូន​និង​ទឹក​ដី​របស់​គាត់ ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ​ស្ដេច​ស្រុក​អាស៊ីរី​ដែរ។+ ១៩  រួច​ខ្ញុំ​នឹង​នាំ​អ៊ីស្រាអែល​មក​ឯ​វាល​ស្មៅ​របស់​គាត់​វិញ។+ គាត់​នឹង​មាន​អាហារ​ជា​បរិបូរ​នៅ​តំបន់​កើមែល តំបន់​បាសាន+ តំបន់​ភ្នំ​អេប្រាអ៊ីម+ និង​តំបន់​ភ្នំ​គីលាត+ ហើយ​គាត់​នឹង​បរិភោគ​ឆ្អែត​ស្កប់​ស្កល់›​»។ ២០  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះគេ​នឹង​ស្វែង​រក​ទោស​កំហុស​របស់​អ៊ីស្រាអែល តែ​រក​មិន​ឃើញ​ទេហើយ​គេ​នឹង​ខំ​រក​អំពើ​ខុស​ឆ្គង​របស់​យូដា តែ​ក៏​រក​មិន​ឃើញ​ដែរព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​ខ្ញុំ​ទុក​ឲ្យ​នៅ​សល់​»។+ ២១  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ទឹក​ដី​មេរ៉ាថេម​និង​ពួក​អ្នក​នៅ​តំបន់​ភីកូដ។+ ចូរ​ប្រហារ​ពួក​គេ ហើយ​បំផ្លាញ​ឲ្យ​សាប​សូន្យ​អស់ ដូច​ដែល​ខ្ញុំ​បាន​បង្គាប់។ ២២  មាន​សំឡេង​សង្គ្រាម​នៅ​ក្នុង​ស្រុក ជា​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំ​សម្បើម។ ២៣  មិន​គួរ​ណា ញញួរ​ដែល​បំបាក់​បំបែក​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​បាន​ត្រូវ​កម្ទេច​ចោល​សោះ!+ មិន​គួរ​ណា ស្រុក​បាប៊ីឡូន​បាន​ទៅ​ជា​កន្លែង​ដែល​នាំ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ភ័យ​រន្ធត់​បែប​នេះ​ឡើយ!+ ២៤  ឱ​ស្រុក​បាប៊ីឡូន​អើយ! ខ្ញុំ​បាន​ដាក់​អន្ទាក់​ចាប់​អ្នក​ហើយតែ​អ្នក​មិន​ដឹង​ខ្លួន​ទេ។ អ្នក​បាន​ត្រូវ​រក​ឃើញ និង​ត្រូវ​ចាប់​ហើយ+ ព្រោះ​អ្នក​បាន​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ២៥  ព្រះ​យេហូវ៉ា​បាន​បើក​ឃ្លាំង​របស់​លោកហើយ​យក​អាវុធ​នៃ​សេចក្ដី​កំហឹង​របស់​លោក​ចេញ​មក+ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ ក្នុង​ទឹក​ដី​របស់​ពួក​ខាល់ដេ។ ២៦  ឱ​អ្នក​ដែល​នៅ​កន្លែង​ឆ្ងាយ​ៗ​អើយ! ចូរ​មក​ច្បាំង​នឹង​ស្រុក​បាប៊ីឡូន​ទៅ។+ ចូរ​បើក​ជង្រុក​ទាំង​ឡាយ។+ ចូរ​គរ​អ្នក​ស្រុក​នោះ​ដូច​ជា​គំនរ​ស្រូវ។ ចូរ​បំផ្លាញ​ស្រុក​នោះ​ឲ្យ​ខ្ទេច​ខ្ទី+ កុំ​ឲ្យ​នៅ​សល់​អ្នក​ណា​ម្នាក់​ឡើយ។ ២៧  ចូរ​សម្លាប់​គោ​ស្ទាវ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ​ទៅ+គឺ​នាំ​យក​ទៅ​ឯ​កន្លែង​សម្លាប់​ចុះ។ វេទនា​ដល់​ពួក​គេ! ព្រោះ​ថ្ងៃ​អវសាន​របស់​ពួក​គេ​បាន​មក​ដល់​ហើយគឺ​ថ្ងៃ​វិនិច្ឆ័យ​ទោស​ពួក​គេ! ២៨  មាន​ឮ​សំឡេង​មនុស្ស​កំពុង​រត់ គឺ​ពួក​អ្នក​ដែល​រត់​ចេញ​ពី​ស្រុក​បាប៊ីឡូន។ ពួក​គេ​ចូល​ទៅ​ប្រកាស​ក្នុង​ក្រុង​ស៊ីយ៉ូន​អំពី​ការ​សង​សឹក​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ជា​ការ​សង​សឹក​ឲ្យ​វិហារ​របស់​លោក។+ ២៩  ចូរ​ហៅ​ទ័ព​ធ្នូ​ឲ្យ​មក​ច្បាំង​នឹង​ស្រុក​បាប៊ីឡូនគឺ​ហៅ​អស់​អ្នក​ដែល​កំពុង​យឹត​ធ្នូ។+ ចូរ​ឡោម​ព័ទ្ធ​ក្រុង​បាប៊ីឡូន កុំ​ឲ្យ​អ្នក​ណា​ម្នាក់​គេច​រួច​ឡើយ។ ចូរ​តប​ស្នង​ឲ្យ​សម​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+ ចូរ​ធ្វើ​ទៅ​លើ​ពួក​គេ​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​លើ​អ្នក​ឯ​ទៀត។+ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​ក្រអឺត​ទាស់​នឹង​ព្រះ​យេហូវ៉ាគឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+ ៣០  ដូច្នេះ ពួក​យុវជន​នៅ​ក្នុង​ក្រុង​នោះ នឹង​ដួល​ស្លាប់​នៅ​ទី​ធ្លា​សាធារណៈ+ហើយ​ពួក​ទាហាន​ទាំង​អស់​នឹង​វិនាស​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៣១  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ​«​ឱ​អ្នក​ព្រហើន​អើយ!+ ខ្ញុំ​ប្រឆាំង​នឹង​អ្នក​ហើយ។+ ព្រោះ​ថ្ងៃ​របស់​អ្នក​នឹង​មក​ដល់​ជា​មិន​ខាន គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក។ ៣២  ឱ​អ្នក​ព្រហើន​អើយ! អ្នក​នឹង​ជំពប់​ដួលហើយ​គ្មាន​នរណា​លើក​អ្នក​ឡើង​ទេ។+ ខ្ញុំ​នឹង​ដុត​បំផ្លាញ​បណ្ដា​ក្រុង​របស់​អ្នក​ចោលហើយ​ភ្លើង​នោះ​នឹង​ឆាប​ឆេះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ​»។ ៣៣  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​រង​ការ​គាប​សង្កត់។ ពួក​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ឈ្លើយ មិន​ឲ្យ​ពួក​គេ​មាន​សេរី​ភាព​ទេ+ហើយ​ក៏​មិន​ព្រម​ដោះ​លែង​ពួក​គេ​ដែរ។+ ៣៤  ប៉ុន្តែ អ្នក​ដែល​លោះ​ពួក​គេ​គឺ​ខ្លាំង​ក្លា។+ នាម​លោក​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+ លោក​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ជា​មិន​ខាន+ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រាក​ស្រាន្ត​នៅ​ក្នុង​ស្រុក+ហើយ​ឲ្យ​ពួក​អ្នក​ស្រុក​បាប៊ីឡូន​ជ្រួល​ច្របល់​»។+ ៣៥  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! មាន​ដាវ​មួយ​មក​ប្រហារ​ពួក​ខាល់ដេគឺ​ប្រហារ​ពួក​អ្នក​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ស្រុក​នោះ​ដែរ។+ ៣៦  មាន​ដាវ​មួយ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​និយាយ​ឥត​បាន​ការ* ហើយ​ពួក​អ្នក​ទាំង​នោះ​នឹង​ប្រព្រឹត្ត​ដោយ​ល្ងី​ល្ងើ។ ដាវ​នោះ​នឹង​វាយ​ប្រហារ​ទៅ​លើ​ទ័ព​ខ្លាំង​ក្លា ហើយ​ពួក​គេ​នឹង​ភ័យ​តក់​ស្លុត។+ ៣៧  មាន​ដាវ​មួយ​វាយ​ប្រហារ​ទៅ​លើ​សេះ​និង​រទេះ​ចម្បាំងនិង​ទៅ​លើ​ជាតិ​សាសន៍​ផ្សេង​ៗ​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះហើយ​ពួក​គេ​នឹង​ទន់​ខ្សោយ​ដូច​ជា​ស្ត្រីភេទ។+ ដាវ​នោះ​នឹង​វាយ​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​ស្រុក​នោះ។+ ៣៨  មាន​ការ​បំផ្លាញ​ទៅ​លើ​ផ្លូវ​ទឹក ហើយ​កន្លែង​ទាំង​នោះ​ក៏​រីង​ស្ងួត​ទៅ+ព្រោះ​ស្រុក​នោះ​ពេញ​ទៅ​ដោយ​រូប​ព្រះ+ហើយ​ដោយ​សារ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ក្នុង​គំនិត ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ឆ្កួត។ ៣៩  ហេតុ​នេះ សត្វ​ដែល​រស់​នៅ​តំបន់​ស្ងាត់​ជ្រងំ នឹង​រស់​នៅ​ជា​មួយ​សត្វ​ដែល​ចេះ​លូហើយ​ក្នុង​ស្រុក​នោះ​នឹង​ពេញ​ទៅ​ដោយ​សត្វ​អូទ្រីស។+ គ្មាន​មនុស្ស​ណា​ម្នាក់​រស់​នៅ​ទី​នោះ​ទៀត​ទេហើយ​គ្រប់​ជំនាន់​ត​ទៅ​ក៏​គ្មាន​អ្នក​ណា​តាំង​លំនៅ​ក្នុង​ស្រុក​នោះ​ដែរ​»។+ ៤០  ​«​ដូច​ព្រះ​បាន​បំផ្លាញ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា+ និង​បណ្ដា​ក្រុង​ដែល​នៅ​ក្បែរ​នោះ​យ៉ាង​ណា+ នោះ​លោក​នឹង​ធ្វើ​ទៅ​លើ​ស្រុក​បាប៊ីឡូន​យ៉ាង​នោះ​ដែរ ហើយ​នឹង​គ្មាន​អ្នក​ណា​តាំង​លំនៅ​ឬ​រស់​នៅ​ទី​នោះ​ទៀត​ទេ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៤១  ​«​មើល! ប្រជា​ជាតិ​មួយ​នឹង​មក​ពី​ទិស​ខាង​ជើងជា​ប្រជា​ជាតិ​ដ៏​ធំ ហើយ​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា+នឹង​ធ្វើ​ដំណើរមក​ពី​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី។+ ៤២  ពួក​គេ​កាន់​ធ្នូ​និង​លំពែង​មក​ជា​មួយ។+ ពួក​គេ​សាហាវ​ឃោរ​ឃៅ ឥត​ត្រា​ប្រណី​ឡើយ។+ ពេល​ពួក​គេ​ជិះ​សេះ​មក នោះ​មាន​ឮ​សូរ​សន្ធឹក​ដូច​ជា​សមុទ្រ​កញ្ជ្រោល​បក់​បោក។+ ឱ​កូន​ស្រី​នៃ​ស្រុក​បាប៊ីឡូន*អើយ! ពួក​គេ​នឹង​តម្រៀប​ទ័ព​មក​ច្បាំង​នឹង​អ្នក​ដូច​ជា​អ្នក​ចម្បាំង​មួយ​រូប។+ ៤៣  ពេល​ស្ដេច​ស្រុក​បាប៊ីឡូន​ឮ​ដំណឹង​អំពី​ពួក​គេ+គាត់​លែង​មាន​ភាព​ក្លាហាន+ គាត់​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំងហើយ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ ៤៤  ​«​មើល! មាន​បុគ្គល​ម្នាក់​នឹង​ឡើង​មក​ទាស់​នឹង​វាល​ស្មៅ​សុខ​សាន្ត ដូច​ជា​តោ​ចេញ​ពី​ព្រៃ​ស្ដុក​តាម​ដង​ទន្លេ​យ៉ូដាន់ ប៉ុន្តែ​មួយ​ប៉ប្រិច​ភ្នែក ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​រត់​ចេញ​ពី​នាង។ ខ្ញុំ​នឹង​តែង​តាំង​បុគ្គល​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​នាង។+ ព្រោះ​តើ​មាន​អ្នក​ណា​ដូច​ខ្ញុំ ហើយ​ហ៊ាន​ប្រជែង​ជា​មួយ​នឹង​ខ្ញុំ​ទៅ? តើ​គង្វាល​ណា​អាច​តតាំង​នឹង​ខ្ញុំ​បាន?+ ៤៥  ហេតុ​នេះ បណ្ដា​ជន​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​នូវ​ការ​សម្រេច​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ទាស់​នឹង​ស្រុក​បាប៊ីឡូន+ និង​អ្វី​ដែល​លោក​បាន​គិត​ទាស់​នឹង​ពួក​ខាល់ដេ។ ចៀម​តូច​ៗ​នឹង​ត្រូវ​អូស​យក​ចេញ​ពី​ហ្វូង​ជា​មិន​ខាន។ គាត់​នឹង​ធ្វើ​ឲ្យ​លំនៅ​របស់​ពួក​វា​ទៅ​ជា​តំបន់​ស្ងាត់​សូន្យ ដោយ​សារ​តែ​ពួក​គេ។+ ៤៦  សំឡេង​ដួល​រលំ​របស់​ក្រុង​បាប៊ីឡូន ធ្វើ​ឲ្យ​ផែនដី​រញ្ជួយហើយ​សម្រែក​យ៉ាង​ខ្លាំង​របស់​ពួក​គេ​លាន់​ឮ​ទៅ​ដល់​ប្រជា​ជាតិ​នា​នា​»។+

កំណត់សម្គាល់

ឬ​«​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»​
នេះ​សំដៅ​លើ​ស្រុក​បាប៊ីឡូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ