យេរេមា ៦:១-៣០

  • ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ជិត​មក​ដល់ (​១​-​៩)

  • កំហឹង​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​ក្រុង​យេរូសាឡិម (​១០​-​២១)

    • ការ​និយាយ​ថា​«​មាន​សន្តិភាព​ហើយ!​»​ តែ​គ្មាន​សន្តិភាព​សោះ (​១៤)

  • ការ​វាយលុក​ដ៏​ឃោរ​ឃៅ​ពី​ទិស​ខាង​ជើង (​២២​-​២៦)

  • យេរេមា​បម្រើ​ជា​អ្នក​ពិសោធ​មើល​លោហៈ (​២៧​-​៣០)

 ឱ​កូន​ចៅ​បេនយ៉ាមីន​អើយ! ចូរ​រក​កន្លែង​ជ្រក​ឲ្យ​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម​ទៅ។ ចូរ​ផ្លុំ​ស្នែង+នៅ​ក្រុង​ថេកូអា+ហើយ​ដុត​ភ្លើង​ធ្វើ​ជា​សញ្ញា​នៅ​លើ​បេតហាកេរែម​ចុះ! ព្រោះ​អន្តរាយ​ពី​ទិស​ខាង​ជើង​ជិត​មក​ដល់​ហើយ ជា​សេចក្ដី​ហិន​វិនាស​ដ៏​ធំ។+  ២  ឯ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន* នាង​ដូច​ជា​ស្រី​ល្វត​ល្វន់​ស្រស់​ស្អាត។+  ៣  ពួក​គង្វាល​នឹង​មក​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​គេ​ជា​ក្រុម​ៗ។ ពេល​មក​ដល់ ពួក​គេ​នឹង​ដំឡើង​ត្រសាល​នៅ​ជុំវិញ​នាង+ហើយ​ឲ្យ​ហ្វូង​សត្វ​ស៊ី​ចំណី​នៅ​កន្លែង​រៀង​ៗ​ខ្លួន។+  ៤  ​«​ចូរ​ត្រៀម​ច្បាំង​នឹង​នាង​ទៅ! នៅ​ពេល​ថ្ងៃ​ត្រង់ ចូរ​យើង​ក្រោក​ឡើង ហើយ​វាយ​ប្រហារ​នាង!​»។ ​«​វរ​ហើយ! ព្រោះ​ថ្ងៃ​កាន់​តែ​ជ្រេ​ហើយ ឯ​យប់​ក៏​កាន់​តែ​ងងឹត​ដែរ​»។  ៥  ​«​ចូរ​យើង​ក្រោក​ឡើង ហើយ​វាយ​ប្រហារ​នាង​នៅ​ពេល​យប់ហើយ​បំផ្លាញ​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​របស់​នាង​ទៅ​»។+  ៦  ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កាប់​ដើម​ឈើ ហើយ​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​វាយលុក​ក្រុង​យេរូសាឡិម​ទៅ+ក្រុង​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទោស​កំហុស​ខ្លួនព្រោះ​ក្នុង​ក្រុង​នោះ​មាន​សុទ្ធ​តែ​ការ​សង្កត់​សង្កិន​ប៉ុណ្ណោះ។+  ៧  ដូច​អណ្ដូង​ជា​ប្រភព​នៃ​ទឹក​ត្រជាក់ នាង​ក៏​ជា​ប្រភព​នៃ​សេចក្ដី​ទុច្ចរិត​ដែរ។ ក្នុង​ក្រុង​នោះ​ឮ​តែ​អំពើ​ហិង្សា និង​ការ​បំផ្លិច​បំផ្លាញ+ថែម​ទាំង​មាន​ជំងឺ​និង​ទុក្ខ​វេទនា​ឥត​ស្រាក​ស្រាន្ត​នៅ​ចំពោះ​មុខ​ខ្ញុំ។  ៨  ឱ​ក្រុង​យេរូសាឡិម​អើយ! ចូរ​ភ្ញាក់​ខ្លួន​ឡើង! បើ​មិន​ដូច្នោះ​ទេ​ខ្ញុំ​នឹង​បែរ​ចេញ​ពី​នាង​ដោយ​ស្អប់​ខ្ពើម+ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​កន្លែង​ដែល​គេ​ទុក​ចោល​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​»។+  ៩  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​នៅ​សល់ ដូច​ជា​ប្រមូល​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ចុង​ក្រោយ។ ចូរ​លូក​ដៃ​ទៅ​ប្រឡេះ​ម្ដង​ទៀត ដូច​អ្នក​ប្រឡេះ​ផ្លែ​ពី​ដើម​ទំពាំង​បាយ​ជូរ​»។ ១០  ​«​តើ​ខ្ញុំ​គួរ​ព្រមាន​អ្នក​ណា​ទៅ? តើ​អ្នក​ណា​នឹង​ស្ដាប់​ខ្ញុំ? មើល! ពួក​គេ​បាន​ខ្ទប់​ត្រចៀក​ខ្លួន ដើម្បី​កុំ​ឲ្យ​ស្ដាប់​ឮ។+ មើល! ពួក​គេ​បាន​មើល​ងាយ​ពាក្យ​សម្ដី​របស់​ព្រះ​យេហូវ៉ា+ហើយ​មិន​ពេញ​ចិត្ត​នឹង​ប្រសាសន៍​របស់​លោក​ទេ។ ១១  ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ទៅ​ដោយ​កំហឹង​របស់​ព្រះ​យេហូវ៉ា រហូត​ដល់​ទប់​លែង​បាន​»។+ លោក​ក៏​ប្រាប់​ថា​៖ ​«​ចូរ​បញ្ចេញ​កំហឹង​ខ្ញុំ​ទៅ​លើ​កូន​ក្មេង​នៅ​តាម​ផ្លូវ​ទៅ+និង​ទៅ​លើ​ក្រុម​យុវជន​ដែល​បាន​មក​ជួប​ជុំ​គ្នា។ ពួក​គេ​ទាំង​អស់​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ គឺ​ទាំង​ប្ដី​ទាំង​ប្រពន្ធទាំង​បុរស​វ័យ​ចាស់ ទាំង​មនុស្ស​ចាស់​ជរា។+ ១២  អ្នក​ឯ​ទៀត​នឹង​ដណ្ដើម​យក​ផ្ទះ​សម្បែង ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​ពួក​គេ+ព្រោះ​ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ពួក​អ្នក​ស្រុក​នោះ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៣  ​«​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+ ១៤  ពួក​គេ​ធ្វើ​ឲ្យ​របួស​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖ ‹មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!› តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+ ១៥  តើ​ពួក​គេ​អៀន​ខ្មាស​ចំពោះ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឬ​ទេ? ពួក​គេ​គ្មាន​ការ​អៀន​ខ្មាស​ទាល់​តែ​សោះ! គឺ​ពួក​គេ​មិន​ទាំង​ដឹង​ថា​ការ​អៀន​ខ្មាស​ជា​អ្វី​ផង។+ ហេតុ​នេះ ពួក​គេ​នឹង​ដួល​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ដួល​រួច​ហើយ។ ពេល​ខ្ញុំ​ដាក់​ទោស​ពួក​គេ ពួក​គេ​នឹង​ជំពប់​ដួល​ជា​មិន​ខាន​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ១៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឈរ​នៅ​ផ្លូវ​បំបែក ហើយ​សម្លឹង​មើល។ បន្ទាប់​មក ចូរ​សួរ​រក​ផ្លូវ​ពី​ចាស់​បុរាណ​ដែល​ជា​ផ្លូវ​ដ៏​ល្អ រួច​ដើរ​តាម​ផ្លូវ​នោះ​ចុះ+ដើម្បី​អ្នក​អាច​រក​កន្លែង​សម្រាក​សម្រាប់​ខ្លួន​»។ ប៉ុន្តែ ពួក​គេ​និយាយ​ថា​៖ ​«​យើង​នឹង​មិន​ដើរ​តាម​ផ្លូវ​នោះ​ជា​ដាច់​ខាត​»។+ ១៧  ​«​ខ្ញុំ​ក៏​បាន​តែង​តាំង​ពួក​អ្នក​យាម+ ហើយ​ពួក​គេ​បាន​និយាយ​ថា​៖ ‹ចូរ​ប្រុង​ស្ដាប់​សំឡេង​ផ្លុំ​ស្នែង​ទៅ!›​»។+ ប៉ុន្តែ បណ្ដា​ជន​ឆ្លើយ​ថា​៖ ​«​យើង​មិន​ស្ដាប់​ទេ!​»។+ ១៨  ​«​ដូច្នេះ ឱ​ប្រជា​ជាតិ​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ចុះ! ឱ​ពួក​ជំនុំ​អើយ! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ដើម្បី​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ។ ១៩  ឱ​ផែនដី​អើយ! ចូរ​ត្រង​ត្រាប់​ស្ដាប់! ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​មក​លើ​ប្រជា​ជាតិ​នេះ+ជា​ផល​ដែល​ពួក​គេ​បាន​សាប​ព្រោះព្រោះ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​ទេហើយ​ក៏​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​ខ្ញុំ​ដែរ​»។ ២០  ​«​ម្សៅ​ក្រអូប​ដែល​អ្នក​យក​មក​ពី​ស្រុក​សេបានិង​ឈើ​ក្រអូប*ដែល​អ្នក​យក​មក​ពី​ស្រុក​ឆ្ងាយ តើ​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ឬ? ខ្ញុំ​មិន​ព្រម​ទទួល​គ្រឿង​បូជា​ដុត​របស់​អ្នក​ឡើយហើយ​ក៏​មិន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​ឯ​ទៀត​របស់​អ្នក​ដែរ​»។+ ២១  ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ដាក់​ឧបសគ្គ​នៅ​មុខ​ពួក​គេពួក​គេ​នឹង​ជំពប់​ដួល គឺ​ទាំង​ឪពុក ទាំង​កូន ទាំង​អ្នក​ជិត​ខាងទាំង​មិត្ត​សម្លាញ់ ហើយ​ពួក​គេ​នឹង​វិនាស​អស់​ទៅ​»។+ ២២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! មាន​ប្រជា​ជាតិ​មួយ​កំពុង​មក​ពី​ស្រុក​នៃ​ភាគ​ខាង​ជើងគឺ​ជា​ប្រជា​ជាតិ​ដ៏​ខ្លាំង​ក្លា​ដែល​មក​ពី​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​ពួក​គេ​នឹង​ត្រូវ​ដាស់​ឲ្យ​មក។+ ២៣  ពួក​គេ​នឹង​មក​ដោយ​ជិះ​សេះ+ ទាំង​មាន​ធ្នូ​និង​លំពែង។ ពួក​គេ​ជា​មនុស្ស​សាហាវ​ព្រៃ​ផ្សៃ គ្មាន​ចិត្ត​មេត្តា​ឡើយ។ សម្រែក​របស់​ពួក​គេ​ដូច​ជា​សំឡេង​សមុទ្រ​កញ្ជ្រោល​បក់​បោក។ ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន*អើយ! ពួក​គេ​តម្រៀប​ទ័ព​មក​ទាស់​នឹង​នាង​ប្រៀប​ដូច​ជា​អ្នក​ចម្បាំង​ម្នាក់​»។ ២៤  ពេល​យើង​ឮ​ដំណឹង​នោះ ដៃ​របស់​យើង​បាន​ស្រយង់​ទៅ+ហើយ​សេចក្ដី​វេទនា​ធ្វើ​ឲ្យ​យើង​តក់​ស្លុត​ជា​ខ្លាំងការ​ឈឺ​ចាប់​គឺ​ប្រៀប​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន។+ ២៥  ចូរ​កុំ​ចេញ​ទៅ​ឯ​វាល ឬ​ដើរ​តាម​ផ្លូវ​ឡើយព្រោះ​ពួក​សត្រូវ​បាន​មក​ទាំង​មាន​ដាវ​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​ភ័យ​តក់​ស្លុត​នៅ​គ្រប់​ទិស​ទី។ ២៦  ឱ​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ស្លៀក​បាវ+ ហើយ​រមៀល​ខ្លួន​នៅ​លើ​ផេះ​ទៅ។ ចូរ​ស្រែក​ទ្រហោ​យំ ដូច​ជា​យំ​កាន់​ទុក្ខ​កូន​ប្រុស​តែ​មួយ​ចុះ+ព្រោះ​អ្នក​ដែល​បំផ្លាញ​នឹង​មក​វាយ​ប្រហារ​អ្នក​ភ្លាម​មួយ​រំពេច។+ ២៧  ​«​ខ្ញុំ​បាន​តែង​តាំង​អ្នក*ឲ្យ​ពិសោធ​មើល​រាស្ត្រ​របស់​ខ្ញុំ ដូច​ជាង​ពិសោធ​លោហៈចូរ​ពិសោធ​មើល​ពួក​គេ​ឲ្យ​បាន​ល្អិត​ល្អន់គឺ​អ្នក​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ឲ្យ​បាន​ហ្មត់​ចត់។ ២៨  ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​មនុស្ស​រឹង​ចចេស​បំផុត+ប្រៀប​ដូច​ជា​ដែក​និង​ស្ពាន់។ ពួក​គេ​ចេះ​តែ​ដើរ​និយាយ​បង្កាច់​បង្ខូច+ហើយ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​សុទ្ធ​តែ​ខូច​អាក្រក់។ ២៩  ជាង​ខំ​ប្រឹង​សប់​ខ្យល់ បាញ់​ទៅ​លើ​ភ្លើង​ដើម្បី​បន្សុទ្ធ​ប្រាក់។ គាត់​សប់​រហូត​ដល់​ឆេះ​ស្នប់​របស់​គាត់ប៉ុន្តែ ការ​ខំ​ប្រឹង​របស់​គាត់​គឺ​ឥត​ប្រយោជន៍+ ព្រោះ​មាន​តែ​សំណ​ប៉ុណ្ណោះ​ចេញ​ពី​ភ្លើង។ ដូច​គ្នា​ដែរ ពួក​អ្នក​ដែល​ធ្វើ​អាក្រក់​មិន​បាន​ត្រូវ​ដក​ចេញ​ពី​ចំណោម​បណ្ដា​ជន​ឡើយ។+ ៣០  បណ្ដា​ជន​ទាំង​ឡាយ​នឹង​ហៅ​ពួក​គេ​ថា​ជា​ប្រាក់​ដែល​គ្មាន​តម្លៃព្រោះ​ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​ពួក​គេ​ឡើយ​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
ឬ​«​ការ​ណែនាំ​»​
នេះ​សំដៅ​លើ​ដើម​ត្រែង​ដែល​មាន​ក្លិន​ក្រអូប
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
សំដៅ​លើ​យេរេមា