យេរេមា ៨:១-២២

  • បណ្ដា​ជន​បាន​ជ្រើស​រើស​ទៅ​តាម​ផ្លូវ​ដែល​ពេញ​និយម (​១​-​៧)

  • តើ​ជា​ប្រាជ្ញា​អ្វី​ទៅ​បើ​គ្មាន​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា? (​៨​-​១៧)

  • យេរេមា​យំ​អំពី​ការ​បាក់​រលំ​របស់​យូដា (​១៨​-​២២)

    • «​នៅ​ស្រុក​គីលាត តើ​គ្មាន​ប្រេង​បាលសាម​ទេ​ឬ?​»​ (​២២)

 ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ឆ្អឹង​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា ពួក​អ្នក​គ្រប់​គ្រង ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​ឆ្អឹង​របស់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម នឹង​ត្រូវ​យក​ចេញ​ពី​ទី​បញ្ចុះ​សព។ ២  គេ​នឹង​យក​ឆ្អឹង​របស់​អ្នក​ទាំង​នោះ​ទៅ​រាយ​នៅ​លើ​ដី​ក្រោម​ដួង​អាទិត្យ ដួង​ចន្ទ និង​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ ព្រោះ​អ្នក​ទាំង​នោះ​ធ្លាប់​ស្រឡាញ់ ធ្លាប់​បម្រើ កាន់​តាម ស្វែង​រក និង​គោរព​បូជា​អ្វី​ទាំង​នោះ។+ គេ​នឹង​មិន​ប្រមូល​ឆ្អឹង​ទាំង​នោះ​ទៅ​បញ្ចុះ​ទេ តែ​នឹង​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​លើ​ដី​ដូច​ជា​ជី​វិញ​»។+ ៣  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​ឯ​ពួក​អ្នក​ដែល​នៅ​សល់​ពី​ប្រជា​ជាតិ​ដ៏​អាក្រក់​នេះ ពួក​គេ​នឹង​សុខ​ចិត្ត​ស្លាប់​ជា​ជាង​រស់​នៅ គឺ​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​កម្ចាត់​កម្ចាយ​នៅ​គ្រប់​ទី​កន្លែង​»។ ៤  ​«​អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​ដែល​ដួល​នឹង​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ? បើ​ម្នាក់​ត្រឡប់​មក​វិញ តើ​អ្នក​ឯ​ទៀត​នឹង​មិន​ត្រឡប់​មក​ដែរ​ទេ​ឬ?  ៥  ហេតុ​អ្វី​ក៏​អ្នក​ក្រុង​យេរូសាឡិម​តែង​តែ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដូច្នេះ? ពួក​គេ​ជឿ​ការ​បោក​បញ្ឆោត ហើយ​មិន​ព្រម​ត្រឡប់​មក​វិញ​ទេ។+  ៦  ខ្ញុំ​ខំ​ស្ដាប់ តែ​ពួក​គេ​មិន​បាន​និយាយ​អ្វី​ដែល​ពិត​ត្រង់​ទេ។ គ្មាន​នរណា​ម្នាក់​ប្រែ​ចិត្ត​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​សួរ​ថា​៖ ‹ម្ដេច​ក៏​ខ្ញុំ​ធ្វើ​ដូច្នេះ?›។+ ពួក​គេ​ម្នាក់​ៗ​ចេះ​តែ​ទៅ​តាម​ផ្លូវ​ដែល​ពេញ​និយម​ប្រៀប​ដូច​ជា​សេះ​បោល​ចូល​ក្នុង​ចម្បាំង។  ៧  សត្វ​កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាលឯ​លលក ត្រចៀក​កាំ និង​បក្សី​ឯ​ទៀត* ពួក​វា​ស្គាល់​ពេល​កំណត់​ដែល​ត្រូវ​ហោះ​ត្រឡប់​មក​សម្បុក*វិញ។ ប៉ុន្តែ រាស្ត្រ​ខ្ញុំ​មិន​ស្គាល់​ពេល​វេលា​ដែល​ខ្ញុំ​ជា​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ពួក​គេ​ទេ​»​›។+  ៨  ‹តើ​អ្នក​អាច​និយាយ​ម្ដេច​នឹង​បាន​ថា​៖ ​«​យើង​មាន​ប្រាជ្ញា ហើយ​ក៏​មាន​ច្បាប់*របស់​ព្រះ​យេហូវ៉ា​ដែរ​»​? តាម​ពិត ពួក​អ្នក​ចម្លង​ច្បាប់​ប្រើ​ស្លាបប៉ាកកា​ក្លែង​ក្លាយ+ ដើម្បី​កត់​ទុក​នូវ​អ្វី​ដែល​មិន​ពិត​ប៉ុណ្ណោះ។  ៩  ពួក​អ្នក​ប្រាជ្ញ​បាន​រង​ការ​អាម៉ាស់។+ ពួក​គេ​នឹង​ភ័យ​តក់​ស្លុត ហើយ​នឹង​ត្រូវ​ចាប់​ខ្លួន។ មើល! ពួក​គេ​បាន​មើល​ងាយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ហើយដូច្នេះ តើ​ពួក​គេ​មាន​ប្រាជ្ញា​អ្វី​ទៅ? ១០  ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ​ឲ្យ​បុរស​ឯ​ទៀតហើយ​ប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ឲ្យ​អ្នក​ឯ​ទៀត។+ ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​រហូត​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+ ១១  ពួក​គេ​ធ្វើ​ឲ្យ​របួស​របស់​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖ ​«​មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!​»​ តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+ ១២  តើ​ពួក​គេ​អៀន​ខ្មាស​ចំពោះ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឬ​ទេ? ពួក​គេ​គ្មាន​ការ​អៀន​ខ្មាស​ទាល់​តែ​សោះ! គឺ​ពួក​គេ​មិន​ទាំង​ដឹង​ថា​ការ​អៀន​ខ្មាស​ជា​អ្វី​ផង។+ ហេតុ​នេះ ពួក​គេ​នឹង​ដួល​លើ​ពួក​អ្នក​ដែល​បាន​ដួល​រួច​ហើយ។ ពេល​ខ្ញុំ​ដាក់​ទោស​ពួក​គេ ពួក​គេ​នឹង​ជំពប់​ដួល​ជា​មិន​ខាន›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ១៣  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ពេល​ខ្ញុំ​ប្រមូល​ពួក​គេ​មក​ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​អស់​គ្មាន​សល់គឺ​ដូច​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​ដែល​គ្មាន​ផ្លែ​នៅ​សល់។ ឯ​ស្លឹក​ក៏​ស្វិត​ស្រពោន​អស់​ដែរ។ អ្វី​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ពួក​គេ​នឹង​សូន្យ​បាត់​ទៅ›​»។ ១៤  ​«​ហេតុ​អ្វី​ក៏​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​ទៀត? ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ+​ហើយ​ស្លាប់​នៅ​ទី​នោះ​ទៅ។ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នឹង​ប្រហារ​យើង​ជា​មិន​ខាន។ លោក​នឹង​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល+ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ហើយ។ ១៥  យើង​សង្ឃឹម​ថា​មាន​សេចក្ដី​សុខ​សាន្ត តែ​គ្មាន​អ្វី​ល្អ​កើត​ឡើង​ទេយើង​សង្ឃឹម​ថា​មាន​ការ​ជា​សះ​ស្បើយ តែ​មាន​តែ​ការ​ភ័យ​តក់​ស្លុត​ប៉ុណ្ណោះ។+ ១៦  មាន​ឮ​សំឡេង​ដង្ហើម​សេះ​របស់​ពួក​សត្រូវ​ពី​ទឹក​ដី​ដាន់ហើយ​ពេល​សេះ​ខ្លាំង​ក្លា​របស់​ពួក​គេ​ស្រែក​កញ្ជ្រៀវ ទឹក​ដី​ទាំង​មូល​ញ័រ​រញ្ជួយ។ ពួក​សត្រូវ​ចូល​មក​បំផ្លាញ​ស្រុក​ទាំង​មូល​និង​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​នោះគឺ​ទាំង​ក្រុង ទាំង​បណ្ដា​ជន​»។ ១៧  ​«​មើល! ខ្ញុំ​នឹង​ឲ្យ​ពស់​មាន​ពិស​ចូល​ទៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាគឺ​ជា​ពស់​ដែល​មិន​អាច​សណ្ដំ​បានពួក​វា​នឹង​ចឹក​អ្នក​រាល់​គ្នា​ជា​មិន​ខាន​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៨  ខ្ញុំ​មាន​ទុក្ខ​ព្រួយ មិន​ចេះ​ស្រាក​ស្រាន្ត​ទេ ហើយ​ចិត្ត​ខ្ញុំ​ក៏​ឈឺ​ចាប់​ខ្លាំង​ដែរ។ ១៩  ពី​ស្រុក​ឆ្ងាយ មាន​ឮ​សំឡេង​ស្រែក​សុំ​ជំនួយគឺ​ជា​សម្រែក​របស់​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ ដែល​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​ទេ​ឬ? តើ​ស្ដេច​មិន​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?​»។ ​«​ហេតុ​អ្វី​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​រូប​ព្រះ​របស់​ពួក​គេជា​ព្រះ​ដែល​ឥត​បាន​ការ​របស់​ជន​ជាតិ​ដទៃ?​»។ ២០  ​«​រដូវ​ប្រមូល​ផល​បាន​កន្លង​ផុត​ទៅ ហើយ​រដូវ​ក្ដៅ​ក៏​ចប់​ហើយ​ដែរតែ​យើង​មិន​ទាន់​បាន​សង្គ្រោះ​ទេ!​»។ ២១  ចិត្ត​ខ្ញុំ​ខ្ទេច​ខ្ទាំ​ដោយ​សារទុក្ខ​វេទនា​របស់​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ។+ ខ្ញុំ​បាន​កើត​ទុក្ខ ហើយ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ ២២  នៅ​ស្រុក​គីលាត តើ​គ្មាន​ប្រេង​បាលសាម*ទេ​ឬ?+ តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ?+ ចុះ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ​នៅ​តែ​មិន​ទាន់​មាន​សុខភាព​ល្អ​ឡើង​វិញ​ដូច្នេះ?+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រៀល​»​
ឬ​«​ហោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»​
ឬ​«​ការ​ណែនាំ​»​
ឬ​«​ប្រេង​លាប​របួស​»​