សំបុត្ររបស់យ៉ាកុប ២:១-២៦

  • ការ​លម្អៀង​ជា​អំពើ​ខុស​ឆ្គង (​១​-​១៣)

    • សេចក្ដី​ស្រឡាញ់​ជា​ច្បាប់​របស់​ស្ដេច (​)

  • ជំនឿ​គ្មាន​ការ​ប្រព្រឹត្ត ជំនឿ​នោះ​គឺ​ស្លាប់ (​១៤​-​២៦)

    • ពួក​វិញ្ញាណ​កំណាច​ក៏​ជឿ​ហើយ​ញ័រ​រន្ធត់ (​១៩)

    • អាប្រាហាំ​ជា​សម្លាញ់​របស់​ព្រះ​យេហូវ៉ា (​២៣)

 បង​ប្អូន​ខ្ញុំ​អើយ តើ​អ្នក​រាល់​គ្នា​កំពុង​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​ដ៏​រុង​រឿង​របស់​យើង ហើយ​ដំណាល​គ្នា​នោះ​អ្នក​រាល់​គ្នា​បែរ​ជា​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​លម្អៀង​ឬ?+ ២  ប្រសិន​បើ​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រជុំ មាន​បុរស​ម្នាក់​ចូល​មក​ទាំង​ពាក់​ចិញ្ចៀន​មាស​និង​សម្លៀក​បំពាក់​ល្អ​ប្រណីត ហើយ​មានបុរស​ក្រី​ក្រ​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​កខ្វក់​ចូល​មក​ដែរ ៣  រួច​អ្នករាល់គ្នាមើល​ទៅ​បុរស​ដែល​មាន​សម្លៀក​បំពាក់​ល្អ​ប្រណីត​ដោយ​ក្ដី​ពេញ​ចិត្ត ហើយ​និយាយ​ថា​«​សូម​អង្គុយ​កន្លែង​ល្អ​នេះ​»​ រួច​អ្នក​និយាយ​ទៅ​បុរស​ក្រី​ក្រ​ថា​«​ចូរ​ឈរ​ត​ទៅ​ទៀត​»​ ឬ​ថា​«​ចូរ​អង្គុយ​ទី​នោះ​នៅ​ជិត​កំណល់​កល់​ជើង​ខ្ញុំ​»​ តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច្នេះ​ឬ​ទេ?+ ៤  បើ​ធ្វើ​ដូច្នេះ​មែន អ្នក​រាល់​គ្នា​បាន​បែង​ចែក​វណ្ណៈ+ ហើយ​ទៅ​ជា​ចៅ​ក្រម​ដែល​កាត់​ក្ដី​ដោយ​ទុច្ចរិត​ហើយ។+ ៥  បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ស្ដាប់។ ព្រះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​មាន​ខាង​ជំនឿ+ និង​ធ្វើ​ជា​អ្នក​ទទួល​រាជាណាចក្រ​ជា​មត៌ក ជា​អ្វី​ដែល​លោក​បាន​សន្យា​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក មែន​ទេ?+ ៦  ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អ្នក​ក្រ​អាប់​ឱន​កិត្តិយស។ តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ​ដែល​ជិះ​ជាន់​អ្នក​រាល់​គ្នា+ ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​តុលាការ? ៧  តើ​មិន​មែន​ពួក​គេ​ទេ​ឬ​ដែល​ជា​អ្នក​ប្រមាថ​នាម​ល្អ​ប្រសើរ​ដែល​អ្នក​រាល់​គ្នា​ជា​តំណាង? ៨  ឥឡូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ព្យាយាម​ប្រព្រឹត្ត​តាម​ច្បាប់​របស់​ស្ដេច​ស្រប​តាម​បទ​គម្ពីរ​ដែល​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»​+ នោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ត​ល្អ​ហើយ។ ៩  ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បន្ត​បង្ហាញ​ចិត្ត​លម្អៀង+ នោះ​អ្នក​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ។ តាម​ច្បាប់​នោះ អ្នក​បាន​ត្រូវ​ចាត់​ទុក*ថា​ជា​អ្នក​រំលង​ច្បាប់។+ ១០  ព្រោះ​បើ​អ្នក​ណា​ធ្វើ​តាម​ច្បាប់*ទាំង​មូល តែ​ល្មើស​ប្រការ​ណា​មួយ អ្នក​នោះ​បាន​ល្មើស​ច្បាប់​ទាំង​មូល​ហើយ។+ ១១  ព្រោះ​លោក​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​មិន​ត្រូវ​សម្លាប់​មនុស្ស​»​+ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​អ្នក​មិន​ត្រូវ​ផិត​ក្បត់​»។+ ឥឡូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផិត​ក្បត់ តែ​សម្លាប់​មនុស្ស នោះ​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​អ្នក​រំលង​ច្បាប់​ហើយ។ ១២  ចូរ​បន្ត​និយាយ​និង​ប្រព្រឹត្ត​ដូច​អ្នក​ដែល​នឹង​ត្រូវ​វិនិច្ឆ័យ​តាម​ច្បាប់​សម្រាប់​មនុស្ស​ដែល​មាន​សេរី​ភាព។*+ ១៣  ព្រោះ​អ្នក​ណា​ដែល​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា អ្នក​នោះ​ក៏​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​គ្មាន​សេចក្ដី​មេត្តា​ករុណា​ដែរ។+ សេចក្ដី​មេត្តា​ករុណា​ឈ្នះ​ការ​វិនិច្ឆ័យ។ ១៤  បង​ប្អូន​ខ្ញុំ​អើយ ប្រសិន​បើ​អ្នក​ណា​ម្នាក់​និយាយ​ថា​ខ្លួន​មាន​ជំនឿ តែ​អ្នក​នោះ​គ្មាន​ការ​ប្រព្រឹត្ត តើ​មាន​ប្រយោជន៍​អ្វី?+ ជំនឿ​របស់​អ្នក​នោះ​មិន​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ឡើយ មែន​ទេ?+ ១៥  ប្រសិន​បើ​បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​ណា​ម្នាក់​គ្មាន​សម្លៀក​បំពាក់ ឬ​អាហារ​គ្រប់​គ្រាន់​សម្រាប់​ថ្ងៃ​នេះ ១៦  ប៉ុន្តែ អ្នក​រាល់​គ្នា​ណា​ម្នាក់​និយាយ​ទៅ​អ្នក​នោះ​ថា​«​សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ ហើយ​សូម​ឲ្យ​ខ្លួន​ប្រាណ​បាន​កក់​ក្ដៅ និង​ឆ្អែត​ស្កប់​ស្កល់​ចុះ​»​ តែ​អ្នក​មិន​ឲ្យ​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ​សម្រាប់​រូប​កាយ តើ​មាន​ប្រយោជន៍​អ្វី?+ ១៧  ដូច​គ្នា​ដែរ ប្រសិន​បើ​មាន​ជំនឿ តែ​គ្មាន​ការ​ប្រព្រឹត្ត ជំនឿ​នោះ​គឺ​ស្លាប់​ហើយ។+ ១៨  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​អ្នក​ណា​ម្នាក់​និយាយ​ថា​៖ ​«​អ្នក​មាន​ជំនឿ ឯ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត។ តើ​អ្នក​អាច​បង្ហាញ​ជំនឿ​របស់​អ្នក​ឲ្យ​ខ្ញុំ​ឃើញ​ដូច​ម្ដេច​បាន បើ​អ្នក​គ្មាន​ការ​ប្រព្រឹត្ត? តែ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ឲ្យ​អ្នក​ឃើញ ដោយ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​»។ ១៩  អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ មែន​ទេ? បើ​អ្នក​ជឿដូច្នោះ នោះ​ល្អ​ហើយ។ សូម្បី​តែ​ពួក​វិញ្ញាណ​កំណាច* ក៏​ជឿ​ហើយ​ញ័រ​រន្ធត់​ដែរ។+ ២០  មនុស្ស​គំនិត​រាក់​កំភែល​អើយ តើ​អ្នក​មិន​ដឹង​ទេ​ឬ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត នោះ​គ្មាន​ប្រយោជន៍? ២១  អាប្រាហាំ​ដែល​ជា​ឪពុក​របស់​យើង​បាន​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​គាត់​បូជា​អ៊ីសាក​ជា​កូន​លើ​ទី​បូជា មែន​ទេ?+ ២២  អ្នក​រាល់​គ្នា​ឃើញ​ថា ជំនឿ​របស់​គាត់​បាន​ស​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ការ​ប្រព្រឹត្ត​របស់​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​មាន​ជំនឿ​ពិត​ប្រាកដ។*+ ២៣  អ្វី​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បទ​គម្ពីរ​បាន​ត្រូវ​សម្រេច ដែល​ថា​៖ ​«​អាប្រាហាំ​បាន​ជឿ​ព្រះ​យេហូវ៉ា* ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​»​+ ហើយ​គាត់​បាន​ត្រូវ​ហៅ​ថា​«​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​»។*+ ២៤  អ្នក​ឃើញ​ថា​មនុស្ស​ម្នាក់​នឹង​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត មិន​គ្រាន់​តែ​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ ២៥  ដូច​គ្នា​ដែរ រ៉ាហាប​ដែល​ជា​ស្រី​ពេស្យា​បាន​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​នាង​បាន​ទទួល​អ្នក​នាំ​សារ​យ៉ាង​រាក់​ទាក់ រួច​បាន​ឲ្យ​ពួក​គេ​ចេញ​ទៅ​តាម​ផ្លូវ​ផ្សេង មែន​ទេ?+ ២៦  ពិត​ណាស់ ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​គឺ​ស្លាប់​ហើយ+ ដូច​រូប​កាយ​ដែល​គ្មាន​ជីវិត។*+

កំណត់សម្គាល់

ឬ​«​ផ្ដន្ទា​ទោស​»​
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ន័យ​ត្រង់​«​ច្បាប់​នៃ​សេរី​ភាព​»​
ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់
ន័យ​ត្រង់​«​ជំនឿ​របស់​គាត់​គឺ​ល្អ​ឥត​ខ្ចោះ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​