សំបុត្ររបស់យ៉ាកុប ៤:១-១៧
៤ តើអ្វីបណ្ដាលឲ្យឈ្លោះប្រកែកនិងកើតវិវាទក្នុងចំណោមអ្នករាល់គ្នា? ការទាំងនោះបណ្ដាលមកពីសេចក្ដីប៉ងប្រាថ្នាខាងរូបកាយរបស់អ្នករាល់គ្នា ដែលកំពុងប្រយុទ្ធក្នុងរូបកាយរបស់អ្នករាល់គ្នា មែនទេ?+
២ អ្នករាល់គ្នាចង់បាន តែមិនបានទេ។ អ្នករាល់គ្នាចេះតែស្អប់គ្នា*និងប៉ងប្រាថ្នាចង់បានរបស់អ្នកឯទៀត តែមិនអាចបានដូចបំណងទេ។ អ្នករាល់គ្នាចេះតែកើតវិវាទនឹងគ្នា ហើយឈ្លោះប្រកែកគ្នា។+ អ្នករាល់គ្នាមិនបានទទួល ដោយសារមិនបានសុំ។
៣ ពេលដែលអ្នករាល់គ្នាសុំ នោះមិនបានទទួលទេ ពីព្រោះអ្នករាល់គ្នាសុំដោយមានបំណងអាក្រក់ ដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាខាងរូបកាយរបស់អ្នករាល់គ្នា។
៤ មនុស្សផិតក្បត់*អើយ តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តរបស់ពិភពលោកនេះ មានន័យថាធ្វើជាសត្រូវរបស់ព្រះ? ដូច្នេះ អ្នកណាដែលចង់ធ្វើជាមិត្តរបស់ពិភពលោកនេះ អ្នកនោះតាំងខ្លួនជាសត្រូវរបស់ព្រះហើយ។+
៥ ឬតើអ្នករាល់គ្នាគិតថាបទគម្ពីរចែងឥតប្រយោជន៍ឬ ដែលថា៖ «ដោយសារយើងមានភាពទោរទន់ទៅរកការច្រណែន នោះយើងតែងតែប៉ងប្រាថ្នាចង់បានអ្វីផ្សេងៗ»?+
៦ ក៏ប៉ុន្តែ គុណដ៏វិសេសលើសលប់ដែលព្រះផ្ដល់ឲ្យ គឺខ្លាំងជាង។ ដូច្នេះ បទគម្ពីរចែងថា៖ «ព្រះប្រឆាំងមនុស្សក្រអឺតក្រទម+ តែលោកផ្ដល់គុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប»។+
៧ ហេតុនេះ ចូរចុះចូលនឹងព្រះ+ តែចូរតស៊ូនឹងមេកំណាច*+ នោះវានឹងរត់ចេញពីអ្នករាល់គ្នា។+
៨ ចូរចូលទៅជិតព្រះ នោះលោកនឹងចូលមកជិតអ្នករាល់គ្នា។+ ពួកអ្នកប្រព្រឹត្តអំពើខុសឆ្គងអើយ+ ចូរសម្អាតដៃអ្នករាល់គ្នា ហើយពួកអ្នកដែលមានចិត្តពីរអើយ ចូរសម្អាតចិត្តអ្នករាល់គ្នា។+
៩ ចូរកើតទុក្ខ សោកសៅ ហើយយំសោកចុះ។+ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាក្លាយទៅជាការយំសោក ហើយអំណរក្លាយទៅជាការព្រួយចិត្តវិញ។
១០ ចូរបន្ទាបខ្លួននៅចំពោះមុខព្រះយេហូវ៉ា*ចុះ+ ហើយលោកនឹងតម្កើងអ្នករាល់គ្នា។+
១១ បងប្អូនអើយ ឈប់និយាយអាក្រក់ពីគ្នាទៅវិញទៅមក។+ អ្នកណាដែលនិយាយអាក្រក់អំពីបងប្អូនឬវិនិច្ឆ័យបងប្អូន អ្នកនោះនិយាយអាក្រក់អំពីច្បាប់ ហើយវិនិច្ឆ័យច្បាប់។ ឥឡូវ ប្រសិនបើអ្នកវិនិច្ឆ័យច្បាប់ អ្នកមិនមែនជាអ្នកប្រព្រឹត្តតាមច្បាប់ទេ តែជាចៅក្រមវិញ។
១២ លោកដែលបង្កើតច្បាប់និងជាចៅក្រម+ មានតែមួយទេ គឺលោកដែលអាចសង្គ្រោះនិងអាចបំផ្លាញ។+ ប៉ុន្តែអ្នកវិញ តើអ្នកជាអ្នកណាបានជាវិនិច្ឆ័យអ្នកជិតខាងរបស់ខ្លួន?+
១៣ ឯអ្នករាល់គ្នាដែលនិយាយថា៖ «ថ្ងៃនេះឬថ្ងៃស្អែក យើងនឹងទៅក្រុងនេះឬក្រុងនោះ រួចស្នាក់នៅទីនោះមួយឆ្នាំ ហើយរកស៊ីបានចំណេញ» សូមគិតទៅមើល+
១៤ អ្នករាល់គ្នាមិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេនៅថ្ងៃស្អែក។+ ព្រោះអ្នករាល់គ្នាជាអ័ព្ទដែលនៅតែមួយរយៈពេលខ្លី រួចបាត់ទៅ។+
១៥ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរនិយាយថា៖ «ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា*+ យើងនឹងរស់ ហើយធ្វើការនេះឬការនោះ»។
១៦ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាមានមោទនភាពដោយសារការអួតអាងរបស់អ្នករាល់គ្នា។ ការអួតអាងទាំងអស់បែបនេះគឺទុច្ចរិត។
១៧ ដូច្នេះ ប្រសិនបើអ្នកណាចេះធ្វើអ្វីដែលត្រឹមត្រូវ តែបែរជាមិនធ្វើទៅវិញ នោះជាការខុសឆ្គងហើយ។+
កំណត់សម្គាល់
^ ន័យត្រង់«ចេះតែសម្លាប់»
^ ឬ«មនុស្សមិនស្មោះត្រង់»
^ ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»