យ៉ូណាស ១:១-១៧

  • យ៉ូណាស​ព្យាយាម​រត់​គេច​ពី​ព្រះ​យេហូវ៉ា (​១​-​៣)

  • ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង (​៤​-​៦)

  • យ៉ូណាស​នាំ​ឲ្យ​មាន​បញ្ហា (​៧​-​១៣)

  • យ៉ូណាស​បាន​ត្រូវ​បោះ​ទៅ​ក្នុង​សមុទ្រ​ដែល​កញ្ជ្រោល​បក់​បោក (​១៤​-​១៦)

  • ត្រី​ធំ​លេប​យ៉ូណាស (​១៧)

 ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូណាស*+ជា​កូន​របស់​អាមីតថាយ​ថា​៖ ២  ​«​ចូរ​ក្រោក​ឡើង ហើយ​ទៅ​ក្រុង​នីនីវេ+ជា​ក្រុង​ដ៏​ធំ ហើយ​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នោះ​ទៅ ព្រោះ​អំពើ​ទុច្ចរិត​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ខ្ញុំ​បាន​ឃើញ​អស់​ហើយ​»។ ៣  ប៉ុន្តែ យ៉ូណាស​បាន​ក្រោក​ឡើង​រត់​ចេញ​ពី​ព្រះ​យេហូវ៉ា​ទៅ​ស្រុក​តើស៊ីស គឺ​គាត់​បាន​ទៅ​ក្រុង​យ៉ុបប៉ា ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​តើស៊ីស។ ដូច្នេះ គាត់​បាន​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ដើម្បី​រត់​ទៅ​ឲ្យ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ ៤  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បក់​បោក​មក​លើ​ផ្ទៃទឹក​សមុទ្រ ខ្យល់​នោះ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​សំពៅ​ហៀប​នឹង​លិច។ ៥  ពួក​អ្នក​បើក​សំពៅ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ពួក​គេ​ម្នាក់​ៗ​បាន​ស្រែក​ហៅ​ព្រះ​របស់​ខ្លួន​ឲ្យ​ជួយ ហើយ​ក៏​បាន​បោះ​ទំនិញ​នៅ​លើ​សំពៅ​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល​ជាង។+ ឯ​យ៉ូណាស​វិញ គាត់​កំពុង​ដេក​លក់​នៅ​ផ្នែក​ខាង​ក្នុង​សំពៅ។ ៦  នាយ​សំពៅ​បាន​ចុះ​ទៅ​ដាស់​គាត់ រួច​និយាយ​ថា​៖ ​«​ម្ដេច​ក៏​អ្នក​កំពុង​ដេក​ដូច្នេះ? ចូរ​ក្រោក​ឡើង ស្រែក​ហៅ​រក​ព្រះ​របស់​អ្នក​ទៅ! ក្រែង​លោ​ព្រះ​ពិត​អាណិត​យើង ហើយ​ជួយ​យើង​កុំ​ឲ្យ​វិនាស​»។+ ៧  រួច​មក ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​នាំ​គ្នា​ចាប់​ឆ្នោត+ ដើម្បី​ដឹង​ថា​សេចក្ដី​វេទនា​នេះ​បណ្ដាល​មក​ពី​អ្នក​ណា​»។ ដូច្នេះ ពួក​គេ​ក៏​ចាប់​ឆ្នោត ហើយ​ត្រូវ​ចំ​យ៉ូណាស។+ ៨  ពួក​គេ​សួរ​គាត់​ថា​៖ ​«​សូម​ប្រាប់​យើង តើ​យើង​មាន​សេចក្ដី​វេទនា​នេះ​ដោយ​សារ​តែ​អ្នក​ឬ? តើ​អ្នក​ធ្វើ​ការ​អ្វី? តើ​អ្នក​មក​ពី​ណា? តើ​អ្នក​ជា​ជន​ជាតិ​អ្វី ហើយ​ស្រុក​អ្នក​នៅ​ឯ​ណា?​»។ ៩  គាត់​ក៏​តប​ថា​៖ ​«​ខ្ញុំ​ជា​ជន​ជាតិ​ហេប្រឺ។ ខ្ញុំ​គោរព​កោត​ខ្លាច*ព្រះ​យេហូវ៉ា​ជា​ព្រះនៃ​ស្ថាន​សួគ៌។ លោក​គឺ​ជា​ព្រះ​ដែល​បាន​បង្កើត​សមុទ្រ​និង​ដី​គោក​»។ ១០  ឮ​ដូច្នេះ បុរស​ទាំង​នោះ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង ហើយ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​បាន​ធ្វើ​អ្វី?​»​ (​ពួក​គេ​បាន​ដឹង​ថា​គាត់​បាន​រត់​ពី​ព្រះ​យេហូវ៉ា ព្រោះ​គាត់​បាន​ប្រាប់​ពួក​គេ​)។ ១១  រួច​ពួក​គេ​ក៏​សួរ​គាត់​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​អ្នក​ដើម្បី​ឲ្យ​សមុទ្រ​នេះ​ស្ងប់?​»។ ព្រោះ​សមុទ្រ​កញ្ជ្រោល​កាន់​តែ​ខ្លាំង ហើយ​ខ្យល់​ព្យុះ​បក់​បោក​ខ្លាំង​ឡើង​ៗ។ ១២  គាត់​តប​វិញ​ថា​៖ ​«​ចូរ​លើក​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ជា​មិន​ខាន ព្រោះ​ខ្ញុំ​ដឹង​ថា​ដោយ​សារ​តែ​ខ្ញុំ​បាន​ជា​មាន​ព្យុះ​ដ៏​ធំ​នេះ​បក់​បោក​មក​លើ​អ្នក​រាល់​គ្នា​»។ ១៣  ប៉ុន្តែ ពួក​បុរស​ទាំង​នោះ​ខំ​ចែវ​ទៅ​ដី​គោក តែ​ទៅ​មុខ​មិន​រួច​ទេ ព្រោះ​សមុទ្រ​កក្រើក​រំពើក​ខ្លាំង​ឡើង​ៗ ហើយ​ខ្យល់​ព្យុះ​បក់​បោក​កាន់​តែ​ខ្លាំង។ ១៤  បន្ទាប់​មក ពួក​គេ​ស្រែក​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​កុំ​ឲ្យ​យើង​វិនាស​ដោយ​សារ​តែ​បុរស​នេះ​អី! ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​កុំ​ឲ្យ​យើង​ទទួល​ទោស​ចំពោះ​ឈាម​ជន​ស្លូត​ត្រង់​ឡើយ ព្រោះ​លោក​បាន​ធ្វើ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ហើយ​»។ ១៥  រួច​មក ពួក​គេ​បាន​លើក​យ៉ូណាស​បោះ​ទៅ​ក្នុង​សមុទ្រ ហើយ​សមុទ្រ​ក៏​ស្ងប់​ទៅ។ ១៦  ក្រោយ​នោះ ពួក​គេ​បាន​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ខ្លាំង។+ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ហើយ​ស្បថ​ដល់​លោក។ ១៧  រួច​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ត្រី​ដ៏​ធំ​មួយ​ទៅ​លេប​យ៉ូណាស។ ម្ល៉ោះ​ហើយ យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​សត្វ​ព្រាប​»​
ឬ​«​គោរព​ប្រណិប័តន៍​»​