យ៉ូណាស ៣:១-១០

  • យ៉ូណាស​ស្ដាប់​បង្គាប់​ព្រះ​ហើយ​ទៅ​ក្រុង​នីនីវេ (​១​-​៤)

  • ពួក​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត​ពេល​ឮ​ដំណឹង​ពី​យ៉ូណាស (​៥​-​៩)

  • ព្រះ​សម្រេច​ចិត្ត​មិន​បំផ្លាញ​ក្រុង​នីនីវេ (​១០)

 បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូណាស​ជា​លើក​ទី​២​ថា​៖+ ២  ​«​ចូរ​ក្រោក​ឡើង ហើយ​ទៅ​ក្រុង​នីនីវេ+ជា​ក្រុង​ដ៏​ធំ រួច​ប្រកាស​ដំណឹង​ដែល​ខ្ញុំ​ប្រាប់​អ្នក ដល់​ក្រុង​នោះ​ទៅ​»។ ៣  ដូច្នេះ យ៉ូណាស​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ+តាម​បង្គាប់​ព្រះ​យេហូវ៉ា។+ ក្រុង​នីនីវេ​ជា​ក្រុង​ធំ​ក្រៃ​លែង ត្រូវ​ដើរ​អស់​បី​ថ្ងៃ​ទើប​សព្វ។ ៤  បន្ទាប់​មក យ៉ូណាស​បាន​ចូល​ក្នុង​ក្រុង​នោះ ហើយ​ដើរ​អស់​មួយ​ថ្ងៃ ទាំង​ប្រកាស​ថា​៖ ​«​នៅ​៤០​ថ្ងៃ​ទៀត ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ​»។ ៥  ឮ​ដូច្នេះ អ្នក​ក្រុង​នីនីវេ​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​ព្រះ+ ហើយ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ និង​ស្លៀក​បាវ ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត។ ៦  ពេល​ដំណឹង​ឮ​ទៅ​ដល់​ស្ដេច គាត់​ក៏​ក្រោក​ពី​បល្ល័ង្ក ដោះ​សម្លៀក​បំពាក់​ស្ដេច​ចេញ រួច​ស្លៀក​បាវ ហើយ​អង្គុយ​លើ​ផេះ។ ៧  បន្ថែម​ទៅ​ទៀត គាត់​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ទូទាំង​ក្រុង​នីនីវេ​ថា​៖ ​«​ស្ដេច​និង​មន្ត្រី​ទាំង​អស់​បាន​ចេញ​បង្គាប់​ដូច​ត​ទៅ​៖ មិន​ត្រូវ​ឲ្យ​មនុស្ស​បរិភោគ​ឬ​ផឹក​អ្វី​ជា​ដាច់​ខាត ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ហ្វូង​គោ ហ្វូង​ចៀម និង​សត្វ​ឯ​ទៀត​ស៊ី​ចំណីឬ​ផឹក​ទឹក​ដែរ។ ៨  ចូរ​ឲ្យ​ទាំង​មនុស្ស​ទាំង​សត្វ​ស្លៀក​បាវ។ ចូរ​ឲ្យ​បណ្ដា​ជន​ស្រែក​អង្វរ​រក​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ឲ្យ​ពួក​គេ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​និង​អំពើ​ឃោរឃៅ​ត​ទៅ​ទៀត។ ៩  បើ​យើង​ធ្វើ​ដូច្នេះ ប្រហែល​ជា​ព្រះ​ពិត​គិត​ឡើង​វិញ​អំពី​អ្វី​ដែល​លោក​ចង់​ធ្វើ រួច​ឈប់​ខឹង​នឹង​យើង ហើយ​មិន​បំផ្លាញ​យើង​ក៏​មិន​ដឹង​»។ ១០  ពេល​ព្រះ​ពិត​ឃើញ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ និង​ឃើញ​ពួក​គេ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត+ នោះ​លោក​ក៏​ប្ដូរ​គំនិត​មិន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា ធ្លាក់​ទៅ​លើ​ពួក​គេ​ដូច​ដែល​លោក​មាន​បំណង​នោះ​ទេ។+

កំណត់សម្គាល់