យ៉ូប ២:១-១៣

  • សាថាន​ចោទ​ប្រកាន់​បំណង​ចិត្ត​របស់​យ៉ូប​ម្ដង​ទៀត (​១​-​៥)

  • ព្រះ​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​បាប​រូប​កាយ​យ៉ូប (​៦​-​៨)

  • ប្រពន្ធ​យ៉ូប​និយាយ​ថា​៖ ​«​ចូរ​ប្រមាថ​ព្រះ ហើយ​ស្លាប់​ទៅ!​»​ (​៩, ១០)

  • បុរស​បី​នាក់​ដែល​ស្គាល់​យ៉ូប​មក​ជួប​គាត់ (​១១​-​១៣)

 លុះ​ក្រោយ​មក កូន​ៗ​*របស់​ព្រះ​យេហូវ៉ា+បាន​ចូល​មក​ប្រជុំ​នៅ​ចំពោះ​មុខ​លោក+ដែល​ជា​ព្រះ​ពិត ហើយ​សាថាន​ក៏​បាន​ចូល​មក​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ដែរ។+ ២  បន្ទាប់​មក ព្រះ​យេហូវ៉ា​សួរ​សាថាន​ថា​៖ ​«​តើ​អ្នក​ទើប​មក​ពី​ណា?​»។ សាថាន​តប​ទៅ​ព្រះ​យេហូវ៉ា​វិញ​ថា​៖ ​«​ទើប​តែ​មក​ពី​ដើរ​ពិនិត្យ​មើល​ស្ថានភាព​នៅ​ផែនដី​»។+ ៣  ព្រះ​យេហូវ៉ា​សួរ​សាថាន​ទៀត​ថា​៖ ​«​តើ​អ្នក​បាន​សង្កេត​មើល​យ៉ូប​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ឬ​ទេ? នៅ​ផែនដី គ្មាន​មនុស្ស​ណា​ម្នាក់​ដូច​គាត់​ឡើយ។ គាត់​ជា​មនុស្ស​សុចរិត​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ*+ និង​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​គាត់​មិន​ព្រម​ធ្វើ​អំពើ​អាក្រក់​ទេ។ ទោះ​ជា​អ្នក​ព្យាយាម​ជំរុញ​ខ្ញុំ​ឲ្យ​បំផ្លាញ​ជីវិត​គាត់+ដោយ​គ្មាន​មូលហេតុ​ក៏​ដោយ គាត់​នៅ​តែ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ខ្ញុំ​ជា​និច្ច​»​។+ ៤  សាថាន​ឆ្លើយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​មនុស្ស​គ្រប់​គ្នា​រមែង​ស្រឡាញ់​ជីវិត​ខ្លួន។* មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​រក្សា​ជីវិត*ខ្លួន។ ៥  ប៉ុន្តែ បើ​លោក​សាក​បៀត​បៀន​រូប​កាយ​របស់​គាត់ នោះ​គាត់​ច្បាស់​ជា​នឹង​ប្រមាថ​លោក​នៅ​ចំពោះ​មុខ​លោក​ជា​មិន​ខាន​»។+ ៦  ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​ទៅ​សាថាន​ថា​៖ ​«​មើល! គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! ប៉ុន្តែ អ្នក​មិន​ត្រូវ​សម្លាប់​គាត់​ជា​ដាច់​ខាត!​»។ ៧  ដូច្នេះ សាថាន​ក៏​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​យ៉ូប​កើត​ដំបៅ​រលួយ​ពេញ​ខ្លួន+ តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល។ ៨  ម្ល៉ោះ​ហើយ យ៉ូប​ក៏​ទៅ​អង្គុយ​លើ​ផេះ ហើយ​យក​អំបែង​ឆ្នាំង​ដី​មក​កោស​ខ្លួន។+ ៩  នៅ​ទី​បំផុត ប្រពន្ធ​របស់​គាត់​ស្ដី​បន្ទោស​គាត់​ថា​៖ ​«​តើ​បង​នៅ​តែ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ទៀត​ឬ? ចូរ​ប្រមាថ​ព្រះ ហើយ​ស្លាប់​ទៅ!​»។ ១០  ក៏​ប៉ុន្តែ យ៉ូប​និយាយ​ទៅ​ប្រពន្ធ​ថា​៖ ​«​នាង​និយាយ​ដូច​ជា​ស្រី​ដែល​មិន​ចេះ​គិត​ពិចារណា។ បើ​យើង​ព្រម​ទទួល​របស់​ល្អ​ពី​ព្រះ​ដ៏​ពិត តើ​យើង​មិន​គួរ​ព្រម​ទទួល​របស់​មិន​ល្អ​ដែរ​ទេ​ឬ?​»។+ ទោះ​ជា​អ្វី​ទាំង​អស់​នេះ​កើត​ឡើង​ចំពោះ​យ៉ូប​ក៏​ដោយ គាត់​មិន​បាន​ពោល​ពាក្យ​មិន​ល្អ​ឡើយ។+ ១១  ក្រោយ​មក បុរស​បី​នាក់​ដែល​ស្គាល់​យ៉ូប បាន​ឮ​អំពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង​ដល់​យ៉ូប នោះ​ពួក​គេ​ក៏​ណាត់​គ្នា ហើយ​ធ្វើ​ដំណើរ​ពី​តំបន់​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ដើម្បី​ទៅ​ជួយ​រំលែក​ទុក្ខ​និង​សម្រាល​ទុក្ខ​យ៉ូប។ បុរស​បី​នាក់​នោះ​គឺ អេលីផាស+ជា​អ្នក​ស្រុក​ថេម៉ាន ប៊ីលដាឌ+ជា​កូន​ចៅ​ស៊ូអាក+ និង​សូផារ+ជា​អ្នក​ស្រុក​ណាអាម៉ា។* ១២  ពេល​ពួក​គេ​ឃើញ​យ៉ូប​ពី​ចម្ងាយ ពួក​គេ​មើល​គាត់​មិន​ស្គាល់​ទេ។ ពេល​ដឹង​ថា​ជា​យ៉ូប ពួក​គេ​ក៏​ទ្រហោ​យំ ទាំង​ហែក​អាវ បាច​ដី ហើយ​ដាក់​ដី​លើ​ក្បាល។+ ១៣  បន្ទាប់​មក ពួក​គេ​អង្គុយ​លើ​ដី​ជិត​យ៉ូប​អស់​រយៈ​ពេល​៧​ថ្ងៃ​៧​យប់។ ពួក​គេ​មិន​បាន​និយាយ​អ្វី​ទៅ​កាន់​យ៉ូប​ទេ ពី​ព្រោះ​ឃើញ​យ៉ូប​ឈឺ​ចុក​ចាប់​ខ្លាំង​ពេក។+

កំណត់សម្គាល់

ពាក្យ​នេះ​ក្នុង​ភាសា​ហេប្រឺ​សំដៅ​លើ​ទេវតា​ដែល​ជា​កូន​ៗ​របស់​ព្រះ
ឬ​«​ជា​មនុស្ស​សុចរិត​និង​គ្មាន​កន្លែង​បន្ទោស​»​
ន័យ​ត្រង់​«​ស្បែក​ប្ដូរ​នឹង​ស្បែក​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ឬ​«​ជា​កូន​ចៅ​ណាអាម៉ា​»​