យ៉ូប ៣០:១-៣១
៣០ «ឥឡូវ មនុស្សក្មេងជាងខ្ញុំសើចចំអកឲ្យខ្ញុំ+ឪពុករបស់ពួកគេសុទ្ធតែឥតបានការសូម្បីតែឲ្យធ្វើការជាមួយឆ្កែដើម្បីការពារហ្វូងចៀមខ្ញុំ ក៏ខ្ញុំមិនឲ្យធ្វើដែរ។
២ ពួកគេលែងមានកម្លាំងកំហែងទៅហើយបើដូច្នេះ តើពួកគេមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ?
៣ ពួកគេខ្សោះល្វើយ ដោយសារតែការខ្វះខាតនិងការស្រេកឃ្លានពួកគេកកេរអ្វីដែលពួកគេរកបាននៅតំបន់ហួតហែងជាតំបន់ដែលបានត្រូវបំផ្លិចបំផ្លាញនិងទុកចោល។
៤ ពួកគេបោចស្លឹកជីរ*ពីគុម្ពោតក៏ប្រមូលឫសឈើល្វីងធ្វើជាអាហារ។
៥ ពួកគេបានត្រូវបណ្ដេញចេញពីសហគមន៍+មនុស្សស្រែកដេញពួកគេ ដូចស្រែកដេញចោរ។
៦ ពួកគេរស់ទាំងត្រដរតាមជ្រលងភ្នំតាមរណ្ដៅនិងតាមក្រហែងថ្ម។
៧ ពួកគេស្រែកយំពីគុម្ពោតហើយប្រជ្រៀតគ្នានៅក្នុងគុម្ពខ្ញែរ។
៨ ពួកគេបានត្រូវបណ្ដេញចេញពីទឹកដីដោយសារពួកគេជាកូនរបស់មនុស្សល្ងង់ខ្លៅនិងមនុស្សឥតបានការ។
៩ ប៉ុន្តែពេលនេះ ពួកគេថែមទាំងច្រៀងឡកឡឺយឲ្យខ្ញុំទៀតផង+ពួកគេយកឈ្មោះខ្ញុំទៅនិយាយចំអកមើលងាយ។+
១០ ពួកគេខ្ពើមឆ្អើមខ្ញុំ ហើយនៅឆ្ងាយពីខ្ញុំ+ពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់មុខខ្ញុំឡើយ។+
១១ ព្រះធ្វើឲ្យខ្ញុំអស់ផ្លូវ* ហើយធ្វើឲ្យខ្ញុំធ្លាក់ខ្លួនហេតុនេះ ពួកគេធ្វើអ្វីដោយមិនក្រែងចិត្តខ្ញុំទាល់តែសោះ។*
១២ ក្រុមមនុស្សលើកគ្នាមកវាយប្រហារខ្ញុំពីខាងស្ដាំពួកគេបង្ខំខ្ញុំឲ្យរត់គេចខ្លួន ហើយដាក់របងរាំងផ្លូវដើម្បីនាំឲ្យខ្ញុំអន្តរាយ។
១៣ ពួកគេបំផ្លាញផ្លូវដែលខ្ញុំដើរ ហើយធ្វើឲ្យខ្ញុំកាន់តែវេទនា+តែគ្មានអ្នកណាមកឃាត់ពួកគេទេ។*
១៤ ពួកគេចូលមកប្រហារខ្ញុំដូចជាចូលមកទម្លុះកំពែងពួកគេសម្រុកចូលកន្លែងដែលវិនាសហិនហោចរួចទៅហើយ។
១៥ ការតក់ស្លុតគ្របសង្កត់លើខ្ញុំ។ សេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាត់ទៅដូចជាខ្យល់។
រីឯសេចក្ដីសង្គ្រោះរបស់ខ្ញុំរសាត់ទៅដូចជាពពក។
១៦ ពេលនេះ ខ្ញុំជិតស្លាប់ហើយ+ខ្ញុំរងទុក្ខវេទនាជារៀងរាល់ថ្ងៃ។+
១៧ នាពេលរាត្រី ខ្ញុំឈឺចុកចាប់រហូតដល់ឆ្អឹង+ការឈឺចាប់នោះញាំញីខ្ញុំឥតស្រាកស្រាន្ត។+
១៨ សម្លៀកបំពាក់*របស់ខ្ញុំត្រូវពូតខ្ញុកខ្ញូវ ដោយឥទ្ធិពលដ៏ខ្លាំងក្លា*ប្រៀបដូចជាកអាវរឹតកខ្ញុំធ្វើឲ្យពិបាកដកដង្ហើម។
១៩ ព្រះបានបោះខ្ញុំទៅក្នុងភក់ជ្រាំខ្ញុំមិនខុសពីធូលីនិងផេះទេ។
២០ ខ្ញុំស្រែកឲ្យលោកជួយ តែលោកមិនឆ្លើយតបសោះ+ខ្ញុំក្រោកឈរឡើង តែលោកគ្រាន់តែមើលខ្ញុំប៉ុណ្ណោះ។
២១ លោកប្រព្រឹត្តនឹងខ្ញុំយ៉ាងព្រៃផ្សៃ+លោកធ្វើបាបខ្ញុំដោយឥតសំចៃដៃឡើយ។
២២ លោកធ្វើឲ្យខ្យល់បក់ផាត់ខ្ញុំទៅរួចលោកគ្រវីគ្រវាត់ខ្ញុំនៅក្នុងព្យុះ។*
២៣ ព្រោះខ្ញុំដឹងថាលោកនឹងបញ្ជូនខ្ញុំទៅឯសេចក្ដីស្លាប់គឺទៅលំនៅដែលមនុស្សគ្រប់រូបត្រូវទៅ។
២៤ ប៉ុន្តែ កាលដែលមនុស្សគ្មានទីពឹងស្រែកសុំជំនួយក្នុងវេលាជួបអន្តរាយនោះគ្មានអ្នកណាមកប្រហារគាត់ឡើយ។+
២៥ តើខ្ញុំមិនបានយំពេលមនុស្សរងទុក្ខលំបាកទេឬ?
ពេលឃើញជនក្រីក្រ តើខ្ញុំមិនបានសោកសៅទេឬ?+
២៦ ខ្ញុំសង្ឃឹមថានឹងជួបអ្វីដែលល្អ តែខ្ញុំបែរជាជួបអ្វីដែលអាក្រក់ខ្ញុំរំពឹងថាឃើញពន្លឺ តែបែរជាឃើញភាពងងឹតទៅវិញ។
២៧ ចិត្តខ្ញុំជ្រួលច្របល់មិនឈប់សោះជីវិតខ្ញុំជួបតែភាពគ្រោតគ្រាតគ្រប់វេលា។
២៨ ខ្ញុំដើរចុះឡើងទាំងទឹកមុខក្រៀមក្រំ+ មិនឃើញពន្លឺរស្មីឡើយខ្ញុំក្រោកឈរស្រែករកជំនួយនៅកណ្ដាលទីប្រជុំជន។
២៩ ខ្ញុំបានក្លាយទៅជាបងប្អូនរបស់ឆ្កែព្រៃក៏បានទៅជាមិត្តភក្ដិរបស់សត្វអូទ្រីស។*+
៣០ ស្បែករបស់ខ្ញុំឡើងខ្មៅ ហើយរលេះចេញ+ឆ្អឹងរបស់ខ្ញុំរលាកព្រោះតែឡើងកម្ដៅ។*
៣១ ពិណរបស់ខ្ញុំដេញបានតែបទទំនួញហើយខ្លុយរបស់ខ្ញុំផ្លុំចេញតែសំឡេងយំសោកប៉ុណ្ណោះ។
កំណត់សម្គាល់
^ ន័យត្រង់«ជីរអំបិល»
^ ន័យត្រង់«ព្រះបន្ធូរខ្សែធ្នូរបស់ខ្ញុំ»
^ ឬ«ពួកគេដោះបង្ហៀរនៅមុខខ្ញុំ»
^ ឬប្រហែលជាមានន័យថា«គ្មានអ្នកណាមកជួយពួកគេទេ»
^ ប្រហែលជាសំដៅលើស្បែក
^ ឬប្រហែលជាមានន័យថា«ជំងឺធ្ងន់ធ្ងរបានធ្វើឲ្យខ្ញុំខូចរូបរាង»
^ ឬប្រហែលជាមានន័យថា«លោកបំផ្លាញខ្ញុំដោយសំឡេងគ្រាំគ្រេង»
^ ន័យត្រង់«កូនញីរបស់សត្វអូទ្រីស»
^ ឬប្រហែលជាមានន័យថា«ព្រោះតែក្ដៅខ្លួន»