យ៉ូស្វេ ១០:១-៤៣

  • អ៊ីស្រាអែល​ការ​ពារ​ក្រុង​គីបៀន (​១​-​៧)

  • ព្រះ​យេហូវ៉ា​ច្បាំង​ដើម្បី​អ៊ីស្រាអែល (​៨​-​១៥)

    • ដុំ​ទឹក​កក​ធ្លាក់​លើ​ពួក​សត្រូវ​ដែល​រត់​គេច​ខ្លួន (​១១)

    • ដួង​អាទិត្យ​នៅ​ទ្រឹង (​១២​-​១៤)

  • ស្ដេច​ទាំង​ប្រាំ​ដែល​មក​វាយ​ប្រហារ​បាន​ត្រូវ​សម្លាប់ (​១៦​-​២៨)

  • ការ​ដណ្ដើម​យក​បាន​ក្រុង​ផ្សេង​ៗ​នៅ​ទឹក​ដី​ទិស​ខាង​ត្បូង (​២៩​-​៤៣)

១០  នៅ​ពេល​នោះ​អាដូណាយសេដិក​ជា​ស្ដេច​ក្រុង​យេរូសាឡិម* គាត់​បាន​ឮ​ថា យ៉ូស្វេ​បាន​ចាប់​យក​ក្រុង​អៃ និង​បំផ្លាញ​ក្រុង​នោះ​ខ្ទេច​ខ្ទី​អស់។ យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ​និង​ស្ដេច​ក្រុង​នោះ+ ដូច​ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ​និង​ស្ដេច​ក្រុង​នោះ​ដែរ។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ឮ​ដែរ​ថា​ពួក​អ្នក​ក្រុង​គីបៀន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស​ន្តិ​ភាព​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល+ ថែម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ទៀត​ផង។ ២  ពេល​អាដូណាយសេដិក​ឮ​ដូច្នោះភ្លាម គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង+ ដោយ​សារ​ក្រុង​គីបៀន​ជា​ក្រុង​ធំ​មួយ ដូច​ក្រុង​ដែលមាន​ស្ដេច​គ្រប់​គ្រង​ដែរ។ ក្រុង​គីបៀន​ធំ​ជាង​ក្រុង​អៃ+ ហើយ​ពួក​បុរស​ទាំង​អស់​ក្នុង​ក្រុង​នោះ​សុទ្ធតែ​ជា​អ្នក​ចម្បាំង​ខ្លាំង​ពូកែ។ ៣  ម្ល៉ោះ​ហើយ អាដូណាយសេដិក​ស្ដេច​ក្រុង​យេរូសាឡិម​បាន​ផ្ញើ​សារ​ទៅ​ហូហាំ​ស្ដេច​ក្រុង​ហេប្រុន+ ពីរ៉ាម​ស្ដេច​ក្រុង​យ៉ាមុត យ៉ាភាអា​ស្ដេច​ក្រុង​ឡាគីស និង​ដេបៀរ​ស្ដេច​ក្រុង​អេកឡូន ដោយ​ប្រាប់​ថា​៖+ ៤  ​«​សូម​មក​ជួយ​ខ្ញុំ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​គីបៀន ពី​ព្រោះ​ពួក​គេ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស​ន្តិ​ភាព​ជា​មួយ​នឹង​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល​»។+ ៥  ដូច្នេះ ស្ដេច​ទាំង​ប្រាំ​របស់​ជន​ជាតិ​អាម៉ូរី+ គឺ​ស្ដេច​ក្រុង​យេរូសាឡិម ស្ដេច​ក្រុង​ហេប្រុន ស្ដេច​ក្រុង​យ៉ាមុត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេកឡូន ពួក​គេ​បាន​ជួប​ជុំ​គ្នា​នាំ​ទាហាន​ចេញ​ទៅ​បោះ​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​អ្នក​ក្រុង​គីបៀន។ ៦  រួច​មក ពួក​បុរស​ក្រុង​គីបៀន​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​យ៉ូស្វេ​នៅ​ជំរំ​ជិត​ក្រុង​គីលកាល​ថា​៖+ ​«​សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ដែល​ជា​ខ្ញុំ​បម្រើ​របស់​លោក​ឡើយ។+ សូម​មេត្តា​ប្រញាប់​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង! ព្រោះ​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អាម៉ូរី​ពី​តំបន់​ភ្នំ បាន​ប្រមូល​គ្នា​មក​ប្រយុទ្ធ​នឹង​យើង​ខ្ញុំ​»។ ៧  ឮ​ដូច្នោះ យ៉ូស្វេ​និង​កង​ទ័ព រួម​ទាំង​ពួក​ទាហាន​ខ្លាំង​ក្លា​ទាំង​អស់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​គីលកាល។+ ៨  ពេល​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ+ ព្រោះ​ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។+ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឈ្នះ​អ្នក​បាន​ទេ​»។+ ៩  យ៉ូស្វេ​បាន​ធ្វើ​ដំណើរ​ពេញ​មួយ​យប់​ពី​ក្រុង​គីលកាល​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​គេ ដោយ​មិន​ឲ្យ​ពួក​គេ​ដឹង​ខ្លួន​ជា​មុន។ ១០  លុះ​ទៅ​ដល់​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​សត្រូវ​ច្របូក​ច្របល់​នៅ​មុខ​កង​ទ័ព​អ៊ីស្រាអែល។+ កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​គេ​យ៉ាង​រង្គាល​នៅ​ក្រុង​គីបៀន និង​ដេញ​ប្រហារ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ក្រុង​បេតហូរ៉ុន ហើយ​សម្លាប់​ពួក​គេ​រហូត​ដល់​ក្រុង​អាសេកា និង​ក្រុង​ម៉ាកេដា។ ១១  កាល​ដែល​ពួក​គេ​រត់​គេច​ពី​កង​ទ័ព​អ៊ីស្រាអែល​តាម​ផ្លូវ​ចុះ​ពី​ក្រុង​បេតហូរ៉ុន នោះ​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ដុំ​ទឹក​កក​យ៉ាង​ច្រើន​ពី​លើ​មេឃ​មក​សម្លាប់​ពួក​គេ រហូត​ដល់​ក្រុង​អាសេកា។ អ្នក​ដែល​ស្លាប់​ដោយ​សារ​ដុំ​ទឹក​កក មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​សារ​ដាវ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​ទៀត។ ១២  នៅ​ថ្ងៃ​នោះ​ឯង ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ជន​ជាតិ​អាម៉ូរី​រត់​បាក់​ទ័ព​ពី​មុខ​កង​ទ័ព​អ៊ីស្រាអែល។ ពេល​នោះ យ៉ូស្វេ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​នៅ​ចំពោះ​មុខ​កង​ទ័ព​អ៊ីស្រាអែល​ថា​៖ «​សូម​ឲ្យ​ដួង​អាទិត្យ​នៅ​ទ្រឹង+លើ​ក្រុង​គីបៀន+ហើយ​សូម​ឲ្យ​ដួង​ខែ​នៅ​ទ្រឹង​លើ​ជ្រលង​ភ្នំ*ជិត​ក្រុង​អៃយ៉ាឡូន!​»។ ១៣  ដូច្នេះ ដួង​អាទិត្យ​បាន​នៅ​ទ្រឹង ហើយ​ដួង​ខែ​នៅ​នឹង​ថ្កល់ រហូត​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​សត្រូវ។ រឿង​នេះ​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​យ៉ាសា។+ នៅ​ថ្ងៃ​នោះ ដួង​អាទិត្យ​បាន​នៅ​ទ្រឹង​កណ្ដាល​មេឃ ហើយ​នៅ​ភ្លឺ​រហូត​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ។ ១៤  មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​មាន​តែ​ថ្ងៃ​នោះ​ប៉ុណ្ណោះ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ការ​អស្ចារ្យ​បែប​នោះ​តាម​សំណូម​ពរ​របស់​បុរស​ម្នាក់+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ច្បាំង​ដើម្បី​អ៊ីស្រាអែល។+ ១៥  ក្រោយ​មក យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ត្រឡប់​ទៅ​ទី​បោះ​ទ័ព​ជិត​ក្រុង​គីលកាល​វិញ។+ ១៦  ស្រប​ពេល​នោះ​ដែរ ស្ដេច​ទាំង​ប្រាំ​របស់​ជន​ជាតិ​អាម៉ូរី​បាន​រត់​ទៅ​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​នៅ​ក្រុង​ម៉ាកេដា។+ ១៧  ក្រោយ​មក មាន​គេ​ទៅ​រាយ​ការណ៍​ប្រាប់​យ៉ូស្វេ​ថា​៖ ​«​ស្ដេច​ទាំង​ប្រាំ​នោះ​កំពុង​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​នៅ​ក្រុង​ម៉ាកេដា​»។+ ១៨  ដូច្នេះ យ៉ូស្វេ​បង្គាប់​ថា​៖ ​«​ចូរ​ប្រមៀល​ថ្ម​ធំ​ៗ​ទៅ​បិទ​មាត់​រូង​ភ្នំ​នោះ​ទៅ ហើយ​ឲ្យ​បុរស​ខ្លះ​នៅ​ចាំ​យាម​ពួក​គេ។ ១៩  ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​នៅ​សល់ ត្រូវ​បន្ត​ដេញ​តាម​សម្លាប់​ពួក​សត្រូវ។+ កុំ​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ពួក​គេ​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ​»។ ២០  យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​សម្លាប់​ពួក​សត្រូវ​យ៉ាង​សន្ធឹក​សន្ធាប់​ស្ទើរតែ​ទាំង​អស់ មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​រួច​ជីវិត ដោយ​សារ​អ្នក​ទាំង​នោះ​បាន​រត់​ចូល​ទៅ​ក្នុង​ក្រុង​ផ្សេង​ៗ​ដែល​មាន​កំពែង​រឹង​មាំ។ ២១  រួច​កង​ទ័ព​ទាំង​អស់​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព ហើយ​ទៅ​ជួប​យ៉ូស្វេ​នៅ​ជំរំ​ជិត​ក្រុង​ម៉ាកេដា​វិញ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ ២២  បន្ទាប់​មក យ៉ូស្វេ​និយាយ​ថា​៖ ​«​ចូរ​ទៅ​បើក​មាត់​រូង​ភ្នំ ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ​»។ ២៣  ដូច្នេះ ពួក​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​ពី​រូង​ភ្នំ​មក គឺ​ស្ដេច​ក្រុង​យេរូសាឡិម ស្ដេច​ក្រុង​ហេប្រុន ស្ដេច​ក្រុង​យ៉ាមុត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេកឡូន។+ ២៤  ពេល​ពួក​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​មក យ៉ូស្វេ​កោះ​ហៅ​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​បង្គាប់​ពួក​មេ​បញ្ជាការ​កង​ទ័ព​ដែល​បាន​ទៅ​ជា​មួយ​នឹង​គាត់​ថា​៖ ​«​ចូរ​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ពួក​ស្ដេច​ទាំង​នេះ​ទៅ​»។ ពួក​គេ​ក៏​ចូល​មក ហើយ​ជាន់​ក​ពួក​ស្ដេច​ទាំង​នោះ។+ ២៥  យ៉ូស្វេ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​ឡើយ។+ ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​រឹង​មាំ​ឡើង ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដូច្នេះ​ចំពោះ​សត្រូវ​ទាំង​អស់​ដែល​ច្បាំង​នឹង​អ្នក​រាល់​គ្នា​»។+ ២៦  រួច​មក យ៉ូស្វេ​សម្លាប់​ពួក​ស្ដេច​ទាំង​ប្រាំ​នោះ ហើយ​ព្យួរ​សព​ពួក​គេ​លើ​បង្គោល​ទុក​រហូត​ដល់​ល្ងាច។ ២៧  ពេល​ថ្ងៃ​លិច យ៉ូស្វេ​បញ្ជា​ឲ្យ​គេ​យក​សព​ស្ដេច​ទាំង​នោះ​ចុះ​ពី​បង្គោល+ ហើយ​បោះ​ទៅ​ក្នុង​រូង​ភ្នំ​ដែល​ស្ដេច​ទាំង​នោះ​ធ្លាប់​លាក់​ខ្លួន រួច​ឲ្យ​គេ​យក​ថ្ម​ធំ​ៗ​ទៅ​បិទ​មាត់​រូង​ភ្នំ​នោះ។ ថ្ម​ទាំង​នោះ​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។ ២៨  នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​ចាប់​យក​ក្រុង​ម៉ាកេដា+ ហើយ​បាន​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ចោល។ គាត់​បាន​សម្លាប់​ស្ដេច​និង​មនុស្ស​គ្រប់​គ្នា​ក្នុង​ក្រុង​នោះ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ។+ យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​ម៉ាកេដា+ ដូច​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។ ២៩  បន្ទាប់​មក យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ចេញ​ពី​ក្រុង​ម៉ាកេដា​ទៅ​ក្រុង​លិបណា ហើយ​ធ្វើ​សង្គ្រាម​នឹង​អ្នក​ក្រុង​នោះ។+ ៣០  ព្រះ​យេហូវ៉ា​ក៏​បាន​ប្រគល់​ក្រុង​លិបណា​និង​ស្ដេច​ក្រុង​នោះ+ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រាអែល​ដែរ។ ពួក​គេ​បាន​វាយ​ប្រហារ​ក្រុង​នោះ និង​សម្លាប់​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លិបណា ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។+ ៣១  បន្ទាប់​មក យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ចេញ​ពី​ក្រុង​លិបណា​ទៅ​ក្រុង​ឡាគីស+ ហើយ​បោះ​ទ័ព​នៅ​ទី​នោះ រួច​ច្បាំង​នឹង​ក្រុង​នោះ។ ៣២  ព្រះ​យេហូវ៉ា​បាន​ប្រគល់​ក្រុង​ឡាគីស​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​អ៊ីស្រាអែល ហើយ​នៅ​ថ្ងៃ​ទី​២ ពួក​គេ​បាន​ចាប់​យក​ក្រុង​នោះ។ ពួក​គេ​បាន​វាយ​ប្រហារ​ក្រុង​នោះ និង​សម្លាប់​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ+ ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លិបណា​ដែរ។ ៣៣  ពេល​នោះ ហូរ៉ាម​ជា​ស្ដេច​ក្រុង​គីសឺ+បាន​ធ្វើ​ដំណើរ​ឡើង​មក​ជួយ​ក្រុង​ឡាគីស។ ប៉ុន្តែ យ៉ូស្វេ​បាន​សម្លាប់​ហូរ៉ាម​និង​ទាហាន​របស់​គាត់ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ។ ៣៤  បន្ទាប់​មក​ទៀត យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​ក្រុង​អេកឡូន+ ហើយ​បោះ​ទ័ព​នៅ​ទី​នោះ រួច​ច្បាំង​នឹង​ក្រុង​នោះ។ ៣៥  នៅ​ថ្ងៃ​នោះ ពួក​គេ​បាន​ចាប់​យក​ក្រុង​អេកឡូន ហើយ​វាយ​ប្រហារ​ក្រុង​នោះ។ ពួក​គេ​សម្លាប់​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ​ចោល ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។+ ៣៦  ក្រោយ​មក យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ចេញ​ពី​ក្រុង​អេកឡូន​ទៅ​ក្រុង​ហេប្រុន+ ហើយ​ប្រយុទ្ធ​នឹង​ក្រុង​នោះ។ ៣៧  ពួក​គេ​បាន​ចាប់​យក​ក្រុង​ហេប្រុន ហើយ​វាយ​ប្រហារ​ក្រុង​នោះ និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​ក្រុង​នោះ ព្រម​ទាំង​សម្លាប់​ស្ដេច​និង​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​រួច​ជីវិត*ឡើយ។ យ៉ូស្វេ​បាន​បំផ្លាញ​និង​សម្លាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ក្រុង​ហេប្រុន ដូច​គាត់​បាន​ធ្វើ​នៅ​ក្រុង​អេកឡូន​ដែរ។ ៣៨  លុះ​ក្រោយ​មក យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​បាន​ធ្វើ​ដំណើរ​បក​ទៅ​ក្រុង​ដេបៀរ+ ហើយ​ច្បាំង​នឹង​ក្រុង​នោះ។ ៣៩  គាត់​បាន​ចាប់​យក​ក្រុង​ដេបៀរ ស្ដេច​ក្រុង​នោះ និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​ក្រុង​នោះ ព្រម​ទាំង​សម្លាប់​មនុស្ស​ទាំង​អស់​ចោល+ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​រួច​ជីវិត​ឡើយ។+ យ៉ូស្វេ​បាន​ធ្វើ​ចំពោះ​ក្រុង​ដេបៀរ​និង​ស្ដេច​ក្រុង​នោះ ដូច​គាត់​បាន​ធ្វើ​ចំពោះ​ក្រុង​ហេប្រុន​និង​ក្រុង​លិបណា ព្រម​ទាំង​ស្ដេច​ក្រុង​ទាំង​នោះ​ដែរ។ ៤០  យ៉ូស្វេ​បាន​ដណ្ដើម​យក​ទឹក​ដី​ទាំង​អស់​ដែល​នៅ​តំបន់​ភ្នំ តំបន់​ណេកេប តំបន់​សេភីឡា+ ព្រម​ទាំង​តំបន់​ជម្រាល​ភ្នំ​ផង។ គាត់​បាន​ច្បាំង​ឈ្នះ​ស្ដេច​គ្រប់​រូប​នៅ​តំបន់​ទាំង​នោះ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ។ គាត់​សម្លាប់​មនុស្ស​ទាំង​អស់​ចោល*+ ដូច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់។+ ៤១  យ៉ូស្វេ​បាន​ច្បាំង​ឈ្នះ​ហើយ​ដណ្ដើម​យក​ទឹក​ដី​របស់​ពួក​គេ ចាប់​ពី​កាដេសបានា+ រហូត​ដល់​ក្រុង​កាសា+ និង​ក្រុង​កូសែន​ទាំង​មូល+ រហូត​ដល់​ក្រុង​គីបៀន។+ ៤២  យ៉ូស្វេ​បាន​ចាប់​ស្ដេច​ទាំង​អស់​នោះ ហើយ​ដណ្ដើម​យក​ទឹក​ដី​របស់​ពួក​គេ​ក្នុង​ពេល​តែ​មួយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ដើម្បី​ពួក​គេ។+ ៤៣  ក្រោយ​មក យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ត្រឡប់​ទៅ​ជំរំ​ជិត​ក្រុង​គីលកាល​វិញ។+

កំណត់សម្គាល់

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ឬ​«​វាល​ទំនាប​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​គាត់​សម្លាប់​អ្វី​ទាំង​អស់​ដែល​មាន​ដង្ហើម​»​