យ៉ូស្វេ ១១:១-២៣

  • ការ​ដណ្ដើម​យក​បាន​ក្រុង​ផ្សេង​ៗ​នៅ​ទឹក​ដី​ទិសខាង​ជើង (​១​-​១៥)

  • សង្ខេប​ការ​ច្បាំង​ឈ្នះ​របស់​យ៉ូស្វេ (​១៦​-​២៣)

១១  ពេល​ដែល​យ៉ាប៊ីន​ជា​ស្ដេច​ក្រុង​ហាសោ​បាន​ឮ​អំពី​រឿង​នោះ​ភ្លាម គាត់​ក៏​ផ្ញើ​សារ​ទៅ​យ៉ូបាប​ស្ដេច​ក្រុង​ម៉ាដូន+ ទៅ​ស្ដេច​ក្រុង​ស៊ីមរ៉ុន ទៅ​ស្ដេច​ក្រុង​អាកសាប+ ២  ទៅ​ពួក​ស្ដេច​ដែល​នៅ​តំបន់​ភ្នំ​ខាង​ជើង ទៅ​ពួក​ស្ដេច​ដែល​នៅ​វាល​ទំនាប​ខាង​ត្បូង*គីនេរ៉េត ទៅ​ពួក​ស្ដេច​នៅ​តំបន់​សេភីឡា និង​ទៅ​ពួក​ស្ដេច​នៅ​ជម្រាល​ភ្នំ​ខាង​លិច​ក្រុង​ដោ។+ ៣  គាត់​ក៏​បាន​ផ្ញើ​សារ​ទៅ​ជន​ជាតិ​កាណាន+ដែល​នៅ​ខាង​កើត​និង​នៅ​ខាង​លិច ទៅ​ជន​ជាតិ​អាម៉ូរី+ ទៅ​ជន​ជាតិ​ហេត ទៅ​ជន​ជាតិ​ពេរិស៊ីត ទៅ​ជន​ជាតិ​យេប៊ូស​ដែល​នៅ​តំបន់​ភ្នំ និង​ទៅ​ជន​ជាតិ​ហេវី+ដែល​នៅ​ជើង​ភ្នំ​ហឺម៉ូន+ក្នុង​តំបន់​មីសប៉ា។ ៤  ដូច្នេះ ពួក​គេ​និង​កង​ទ័ព​ទាំង​អស់​បាន​លើក​គ្នា​ចេញ​ទៅ មាន​ចំនួន​ច្រើន​ឥត​គណនា​ប្រៀប​ដូច​ជា​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ ហើយ​មាន​ទាំង​សេះ​ទាំង​រទេះ​ចម្បាំង​ជា​ច្រើន​ផង។ ៥  ស្ដេច​ទាំង​អស់​នោះ​បាន​សន្យា​ជួប​ជុំ​គ្នា ហើយ​ពួក​គេ​ក៏​បាន​មក​ជួប​គ្នា​នៅ​ឯ​ធន​ធាន​ទឹក​របស់​ក្រុង​មេរ៉ុម រួច​បោះ​ទ័ព​នៅ​ទី​នោះ ដើម្បី​ប្រយុទ្ធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ+ ព្រោះ​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​នេះ ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទាំង​អស់​ឲ្យ​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ អ្នក​ត្រូវ​កាត់​សរសៃ​ជើង​សេះ+ ហើយ​ដុត​រទេះ​ចម្បាំង​របស់​ពួក​គេ​ចោល​»។ ៧  រួច​មក យ៉ូស្វេ​និង​កង​ទ័ព​ទាំង​អស់​បាន​សម្រុក​ចូល​ទៅ​វាយ​ប្រហារ​ពួក​គេ​នៅ​តាម​ផ្លូវ​ធន​ធាន​ទឹក​របស់​ក្រុង​មេរ៉ុម។ ៨  ព្រះ​យេហូវ៉ា​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​កង​ទ័ព​អ៊ីស្រាអែល។+ កង​ទ័ព​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​ពួក​គេ ហើយ​ដេញ​តាម​ពួក​គេ​រហូត​ដល់​ស៊ីដូន​ជា​ក្រុង​ដ៏​ធំ+ តំបន់​មីសរីផូតម៉េម+ និង​ជ្រលង​ភ្នំ​មីសពេ​ភាគ​ខាង​កើត ហើយ​សម្លាប់​ពួក​គេ​ចោល​ទាំង​អស់ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។+ ៩  រួច​មក យ៉ូស្វេ​បាន​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់ គឺ​គាត់​កាត់​សរសៃ​ជើង​សេះ ហើយ​ដុត​រទេះ​ចម្បាំង​របស់​ពួក​គេ​ចោល។+ ១០  បន្ទាប់​មក យ៉ូស្វេ​បាន​ត្រឡប់​ទៅ​ចាប់​យក​ក្រុង​ហាសោ រួច​សម្លាប់​ស្ដេច​ក្រុង​នោះ​ចោល+ ព្រោះ​ក្រុង​ហាសោ​ធ្លាប់​ជា​ក្រុង​ដ៏​សំខាន់​របស់​រាជាណាចក្រ​ទាំង​អស់​នេះ។ ១១  កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ+ សូម្បី​តែ​ម្នាក់​ក៏​មិន​ទុក​ឲ្យ​នៅ​រស់​ដែរ។+ រួច​មក យ៉ូស្វេ​ដុត​ក្រុង​ហាសោ​ចោល។ ១២  យ៉ូស្វេ​បាន​ច្បាំង​ឈ្នះ​ស្ដេច​ទាំង​អស់​នោះ ហើយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។+ គាត់​ប្រហារ​ជីវិត​ពួក​គេ+តាម​បង្គាប់​របស់​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ១៣  ក៏​ប៉ុន្តែ ពួក​អ៊ីស្រាអែល​មិន​បាន​ដុត​ក្រុង​ណា​មួយ​ដែល​នៅ​លើ​ទួល​ទេ លើក​លែង​តែ​ក្រុង​ហាសោ​ប៉ុណ្ណោះ​ដែល​យ៉ូស្វេ​បាន​ដុត។ ១៤  ពួក​អ៊ីស្រាអែល​បាន​យក​ជ័យ​ភណ្ឌ​ទាំង​អស់ រួម​ទាំង​ហ្វូង​សត្វ​ពី​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន​នោះ ទុក​សម្រាប់​ខ្លួន។+ ចំណែក​ឯ​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​ទាំង​នោះ ពួក​អ៊ីស្រាអែល​សម្លាប់​ចោល+គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។+ ១៥  ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​ម៉ូសេ​ជា​អ្នក​បម្រើ​លោក​យ៉ាង​ណា ម៉ូសេ​ក៏​បង្គាប់​ដល់​យ៉ូស្វេ+យ៉ាង​នោះ​ដែរ។ ដូច្នេះ យ៉ូស្វេ​បាន​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​ម៉ូសេ។+ ១៦  យ៉ូស្វេ​ច្បាំង​យក​បាន​ទឹក​ដី​ទាំង​អស់​នេះ ទាំង​តំបន់​ភ្នំ​ស្រុក​យូដា តំបន់​ណេកេប​ទាំង​មូល+ ក្រុង​កូសែន​ទាំង​មូល តំបន់​សេភីឡា+ តំបន់​អារ៉ាបា+ រួម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រាអែល និង​ដី​ទំនាប​នៃ​តំបន់​ភ្នំ​នោះ ១៧  ចាប់​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​តំបន់​ភ្នំ​សៀ និង​រហូត​ដល់​ក្រុង​បាលកាដ+នៅ​ជ្រលង​ភ្នំ​ស្រុក​លីបង់​នៅ​ឯ​ជើង​ភ្នំ​ហឺម៉ូន។+ យ៉ូស្វេ​បាន​ច្បាំង​ឈ្នះ​ស្ដេច​ទាំង​អស់​នោះ ហើយ​ចាប់​ពួក​គេ រួច​សម្លាប់​ចោល។ ១៨  យ៉ូស្វេ​បាន​ធ្វើ​សង្គ្រាម​នឹង​ស្ដេច​ទាំង​ប៉ុន្មាន​នោះ អស់​រយៈ​ពេល​យ៉ាង​យូរ។ ១៩  មិន​មាន​ក្រុង​ណា​មួយ​ដែល​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ មាន​តែ​ជន​ជាតិ​ហេវីដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។+ ក្រៅ​ពី​ក្រុង​នោះ ជន​ជាតិ​អ៊ីស្រាអែល​ច្បាំង​ដណ្ដើម​យក​ទាំង​អស់។+ ២០  ក្រុង​ទាំង​នោះ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​អ៊ីស្រាអែល ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ចិត្ត​ពួក​គេ​ទៅ​ជា​រឹង​ចចេស+ ដើម្បី​លោក​អាច​បំផ្លាញ​ពួក​គេ​ចោល​ដោយ​ឥត​ប្រណី។+ ពួក​គេ​បាន​ត្រូវ​បំផ្លាញ​ឲ្យ​វិនាស​ហិនហោច ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។+ ២១  នៅ​ពេល​នោះ យ៉ូស្វេ​បាន​សម្លាប់​កូន​ចៅ​អេណាគីម+ទាំង​អស់​ពី​តំបន់​ភ្នំ ពី​ក្រុង​ហេប្រុន ពី​ក្រុង​ដេបៀរ ពី​ក្រុង​អាណាប ពី​តំបន់​ភ្នំ​ទាំង​មូល​នៃ​ស្រុក​យូដា និង​ពី​តំបន់​ភ្នំ​ទាំង​មូល​នៃ​ស្រុក​អ៊ីស្រាអែល។ យ៉ូស្វេ​បាន​សម្លាប់​ពួក​គេ ហើយ​បំផ្លាញ​ក្រុង​ផ្សេង​ៗ​របស់​ពួក​គេ​ខ្ទេច​ខ្ទី​អស់។+ ២២  លែង​មាន​កូន​ចៅ​អេណាគីម​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៀត នៅ​សល់+តែ​ក្នុង​ក្រុង​កាសា+ ក្រុង​កាថ+ និង​ក្រុង​អាសូត​ប៉ុណ្ណោះ។+ ២៣  ដូច្នេះ យ៉ូស្វេ​បាន​គ្រប់​គ្រង​ទឹក​ដី​ទាំង​អស់ ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ម៉ូសេ។+ យ៉ូស្វេ​បាន​ប្រគល់​ទឹក​ដី​ជា​មត៌ក​ទាំង​អស់​នោះ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​កុលសម្ព័ន្ធ និង​តាម​ចំណែក​របស់​ពួក​គេ។+ រួច​មក ទឹក​ដី​ទាំង​នោះ​ក៏​លែង​មាន​សង្គ្រាម​ទៀត។+

កំណត់សម្គាល់

ឬ​«​អារ៉ាបា​»​