យ៉ូស្វេ ១៣:១-៣៣

  • ទឹក​ដី​ដែល​មិន​ទាន់​បាន​ច្បាំង​យក (​១​-​៧)

  • ការ​ចែក​ទឹក​ដី​នៅ​ខាង​កើត​ទន្លេយ៉ូដាន់ (​៨​-​១៤)

  • មត៌ក​របស់​កុលសម្ព័ន្ធ​រូបេន (​១៥​-​២៣)

  • មត៌ក​របស់​កុលសម្ព័ន្ធ​កាដ (​២៤​-​២៨)

  • មត៌ក​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​ខាង​កើត (​២៩​-​៣២)

  • ព្រះ​យេហូវ៉ា​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​លេវី (​៣៣)

១៣  ឥឡូវ យ៉ូស្វេ​កាន់​តែ​ចាស់ ហើយ​អាយុ​ក៏​ច្រើន​ណាស់​ដែរ។+ ដូច្នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ចាស់​ណាស់​ហើយ រស់​មិន​បាន​យូរ​ទៀត​ទេ តែ​នៅ​មាន​ទឹក​ដី​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​បាន​ច្បាំង​យក។ ២  ទឹក​ដី​ដែល​អ្នក​មិន​ទាន់​បាន​ច្បាំង​យក មាន​ដូច​ត​ទៅ​៖+ តំបន់​ទាំង​មូល​របស់​ជន​ជាតិ​ភីលីស្ទីន និង​របស់​ជន​ជាតិ​កេសឺ+ ៣  (​ចាប់​ពី​ដៃ​ទន្លេ​នីល*ដែល​នៅ​ខាង​កើត*ស្រុក​អេហ្ស៊ីប លាត​សន្ធឹង​ដល់​ព្រំ​ប្រទល់​ក្រុង​អេក្រុន​ដែល​នៅ​ខាង​ជើង។ ពី​មុន គេ​ចាត់​ទុក​តំបន់​នោះ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន​)+ រួម​បញ្ចូល​ទឹក​ដី​របស់​ពួក​មេ​ដឹក​នាំ​ទាំង​ប្រាំ​របស់​ជន​ជាតិ​ភីលីស្ទីន+គឺ ក្រុង​កាសា ក្រុង​អាសូត+ ក្រុង​អាសកាឡូន+ ក្រុង​កាថ+ និង​ក្រុង​អេក្រុន+ ក៏​មាន​ទាំង​ទឹក​ដី​របស់​ពួក​អាវីម+ ៤  ដែល​នៅ​ភាគ​ខាង​ត្បូង​ដែរ ព្រម​ទាំង​ទឹក​ដី​ទាំង​អស់​របស់​ជន​ជាតិ​កាណាន ក្រុង​ម៉ាអារ៉ា​ដែល​ជា​ទឹក​ដី​របស់​ពួក​អ្នក​ក្រុង​ស៊ីដូន+ ហើយ​លាត​សន្ធឹង​ដល់​ក្រុង​អាផែក​និង​ដល់​ព្រំ​ប្រទល់​របស់​ជន​ជាតិ​អាម៉ូរី ៥  ហើយ​មាន​ទឹក​ដី​ក្រុង​កេបាល+ និង​ផ្នែក​ខាង​កើត​នៃ​ស្រុក​លីបង់​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​បាលកាដ​ដែល​នៅ​ជើង​ភ្នំ​ហឺម៉ូន លាត​សន្ធឹង​ដល់​លេបូហាម៉ាត*+ ៦  ព្រម​ទាំង​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ពួក​អ្នក​ដែល​រស់​នៅ​តំបន់​ភ្នំ គឺ​ចាប់​ពី​ស្រុក​លីបង់+រហូត​ដល់​មីសរីផូតម៉េម+ និង​ទឹក​ដី​ទាំង​អស់​របស់​ពួក​អ្នក​ក្រុង​ស៊ីដូន។+ ខ្ញុំ​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ចំណែក​អ្នក​វិញ អ្នក​គ្រាន់​តែ​ប្រគល់​ទឹក​ដី​ជា​មត៌ក​នេះ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ ដូច​ខ្ញុំ​បាន​បង្គាប់​អ្នក។+ ៧  អ្នក​ត្រូវ​ចែក​ទឹក​ដី​ជា​មត៌ក​នេះ​ដល់​៩​កុលសម្ព័ន្ធ និង​ដល់​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​»។+ ៨  រីឯ​កុលសម្ព័ន្ធ​ម៉ាណាសេ​ពាក់​កណ្ដាល​ទៀត និង​កុលសម្ព័ន្ធ​រូបេន ព្រម​ទាំង​កុលសម្ព័ន្ធ​កាដ ពួក​គេ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដែល​ម៉ូសេ​បាន​ឲ្យ​ពួក​គេ​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ តាម​បង្គាប់​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​មាន​ដូច​ត​ទៅ​៖+ ៩  ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ+ដែលស្ថិតនៅលើច្រាំងជ្រលងអើណូន+ និង​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​នោះ រួម​ទាំង​ខ្ពង់​រាប​មេដេបា​ទាំងមូល រហូត​ដល់ក្រុង​ឌីបូន ១០  និង​ក្រុង​ទាំង​អស់​របស់​ស៊ីហុន​ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ដែល​គ្រប់​គ្រង​នៅ​ក្រុង​ហែសបូន រហូត​ដល់​ព្រំ​ប្រទល់​ជន​ជាតិ​អាំម៉ូន។+  ១១  ម្យ៉ាង​ទៀត ពួក​គេ​បាន​ទទួល​ទឹក​ដី​ស្រុក​គីលាត តំបន់​របស់​ជន​ជាតិ​កេសឺ តំបន់​របស់ជន​ជាតិ​ម៉ាអាកាត+ ភ្នំ​ហឺម៉ូន​ទាំង​មូល និង​តំបន់បាសាន​ទាំង​អស់+រហូត​ដល់​ក្រុង​សាលកា+ ១២  រួម​ទាំង​រាជាណាចក្រ​ទាំង​មូល​របស់​ស្ដេច​អុក​នៅ​តំបន់បាសាន។ អុក​គ្រប់​គ្រង​នៅ​ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី (​គាត់​ជា​បុរស​ម្នាក់​ក្នុង​ពួក​រេផែម​ដែល​នៅ​សល់​ចុង​ក្រោយ​)។+ ម៉ូសេ​បាន​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ។+ ១៣  ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​បណ្ដេញ+ជន​ជាតិ​កេសឺ និង​ជន​ជាតិ​ម៉ាអាកាត​ចេញ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៤  ប៉ុន្តែ មាន​តែ​កុលសម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ម៉ូសេ​មិន​បាន​ចែក​ដី​ជា​មត៌ក​ឲ្យ+ ព្រោះ​មត៌ក​ដែល​ព្រះ​បាន​សន្យា​ឲ្យ​ពួក​គេ​គឺ គ្រឿង​បូជា​ដុត​ដែល​បណ្ដា​ជន​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ១៥  រួច​មក ម៉ូសេ​បាន​ប្រគល់​មត៌ក​ឲ្យ​កុលសម្ព័ន្ធ​រូបេន តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ១៦  ទឹក​ដី​របស់​ពួក​គេ​គឺ​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​លើ​ច្រាំង​ជ្រលង​អើណូន និង​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​អស់​ដែល​នៅ​ជិត​ក្រុង​មេដេបា ១៧  ក្រុង​ហែសបូន និង​ក្រុង​ទាំង​អស់+ដែល​នៅ​លើ​តំបន់​ខ្ពង់​រាប ក្រុង​ឌីបូន ក្រុង​បាម៉ូតបាល ក្រុង​បេតបាលមេអន+ ១៨  ក្រុង​យេហាស+ ក្រុង​កេដេម៉ូត+ ក្រុង​មេផ្អាត+ ១៩  ក្រុង​គារីអាតថេម ក្រុង​ស៊ីបម៉ា+ និង​សេរ៉ែតសាហា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​នៃ​វាល​ទំនាប ២០  ថែម​ទាំង​បេតពេអរ ជម្រាល​ភ្នំ​ពីសកា+ បេតយេស៊ីម៉ូត+ ២១  ក្រុង​ទាំង​អស់​នៅ​តំបន់​ខ្ពង់​រាប និង​រាជាណាចក្រ​ទាំង​មូល​របស់​ស៊ីហុន​ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ដែល​គ្រប់​គ្រង​នៅ​ក្រុង​ហែសបូន។+ ម៉ូសេ​បាន​ច្បាំង​ឈ្នះ​ស្ដេច​ស៊ីហុន+ និង​ពួក​មេ​របស់​ជន​ជាតិ​ម៉ាឌាន​គឺ អេវ៉ាយ រេខេម សឺរ ហឺរ និង​រេបា។+ ពួក​មេ​ទាំង​នោះ​រស់​នៅ​ក្នុង​ទឹក​ដី​ដែល​នៅ​ក្រោម​ចំណុះ​របស់​ស៊ីហុន។ ២២  រីឯ​បាឡាម+កូន​ប្រុស​របស់​បេអ័រ គាត់​ជា​គ្រូ​ទាយ។+ គាត់​ក៏​បាន​ត្រូវ​ជន​ជាតិ​អ៊ីស្រាអែល​សម្លាប់​ចោល​ដែរ។ ២៣  ព្រំ​ប្រទល់​របស់​កុលសម្ព័ន្ធ​រូបេន​គឺ​ទន្លេយ៉ូដាន់។ នេះ​ជា​ទឹក​ដី​ដែល​កុលសម្ព័ន្ធ​រូបេន​បាន​ទទួល​ជា​មត៌ក​តាម​វង្ស​ត្រកូល​របស់​ពួក​គេ ដែល​រួម​បញ្ចូល​ក្រុង​និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ២៤  ម្យ៉ាង​ទៀត ម៉ូសេ​បាន​ឲ្យ​ទឹក​ដី​ជា​មត៌ក​ដល់​កុលសម្ព័ន្ធ​កាដ គឺ​កូន​ចៅ​កាដ​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ២៥  ទឹក​ដី​របស់​ពួក​គេ​រួម​បញ្ចូល​ក្រុង​យ៉ាសឺ+ ក្រុង​ទាំង​អស់​របស់​ស្រុក​គីលាត និង​ទឹក​ដី​ពាក់​កណ្ដាល​របស់​ជន​ជាតិ​អាំម៉ូន+ លាត​សន្ធឹង​ដល់​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​ទល់​មុខ​ក្រុង​រ៉ាបា+ ២៦  ហើយ​ចាប់​ពី​ក្រុង​ហែសបូន+រហូត​ដល់​ក្រុង​រ៉ាម៉ាតមីសប៉ា ក្រុង​បេថូនីម និង​ចាប់​ពី​ក្រុង​ម៉ាហាណែម+រហូត​ដល់​ព្រំ​ប្រទល់​ក្រុង​ដេបៀរ ២៧  ថែម​ទាំង​ទឹក​ដី​នៅ​តំបន់​វាល​ទំនាប​ដែល​មាន​ក្រុង​បេតហារ៉ាម ក្រុង​បេតនីមរ៉ា+ ក្រុង​សិកូត+ ក្រុង​សាផូន និង​ទឹក​ដី​ដែល​នៅ​សល់​ក្នុង​រាជាណាចក្រ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែសបូន+ ដោយ​មាន​ទន្លេយ៉ូដាន់​ជា​ព្រំ​ប្រទល់ គឺ​ចាប់​ពី​ចុង​សមុទ្រ​គីនេរ៉េត*+ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ២៨  នេះ​ជា​មត៌ក​របស់​កូន​ចៅ​កាដ​តាម​វង្ស​ត្រកូល​របស់​ពួក​គេ ដែល​រួម​បញ្ចូល​ក្រុង​និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ២៩  បន្ថែម​ទៅ​ទៀត ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ជា​មត៌ក​ឲ្យ​ទៅ​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណា​សេ តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ៣០  ទឹក​ដី​របស់​ពួក​គេ​គ្រប​ដណ្ដប់​តំបន់បាសាន​ទាំង​មូល និង​ចាប់​ពី​ក្រុង​ម៉ាហាណែម+ ព្រម​ទាំង​រាជាណាចក្រ​ទាំង​មូល​របស់​អុក​ជា​ស្ដេច​តំបន់បាសាន និង​ភូមិ​ត្រសាល​ទាំង​ប៉ុន្មាន​របស់​យ៉ាអៀ+ក្នុង​តំបន់បាសាន សរុប​មាន​៦០​ក្រុង។ ៣១  រីឯ​ទឹក​ដី​ស្រុក​គីលាត​ពាក់​កណ្ដាល ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី+ ដែល​សុទ្ធសឹងតែ​ជា​ក្រុង​នៃ​រាជាណាចក្រ​របស់​អុក​ស្ដេច​តំបន់បាសាន ម៉ូសេ​បាន​ប្រគល់​ទៅ​ឲ្យ​កូន​ចៅ​ម៉ាគា+ដែល​ជា​កូន​របស់​ម៉ាណាសេ គឺ​ឲ្យ​ដល់​ពាក់​កណ្ដាល​កូន​ចៅ​ម៉ាគា​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ៣២  នោះ​ហើយ​ជា​មត៌ក​ដែល​ម៉ូសេ​បាន​ប្រគល់​ឲ្យ​ពួក​គេ ពេល​ដែល​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស្រុក​ម៉ូអាប់​ដែល​នៅ​ខាង​នាយ​ទន្លេយ៉ូដាន់ ដែល​ស្ថិត​នៅ​ខាង​កើត​ក្រុង​យេរីខូ។+ ៣៣  ប៉ុន្តែ​សម្រាប់​កុលសម្ព័ន្ធ​លេវីវិញ ម៉ូសេ​មិន​បាន​ឲ្យ​ទឹក​ដី​ជា​មត៌ក​ដល់​ពួក​គេ​ទេ+ ពី​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល លោក​ជា​មត៌ក​របស់​ពួក​គេ​ដូច​ដែល​លោក​បាន​សន្យា។+

កំណត់សម្គាល់

ឬ​«​ចាប់​ពី​ស៊ីហូ​»​
ន័យ​ត្រង់​«​នៅ​ខាង​មុខ​នៃ​»​
ឬ​«​ដល់​ច្រក​ចូល​ក្រុង​ហាម៉ាត​»​
នេះ​សំដៅ​លើ​បឹង​កេណិសារ៉ែត​ឬ​សមុទ្រ​កាលីឡេ