យ៉ូស្វេ ១៤:១-១៥

  • ការ​ចែក​ទឹក​ដី​នៅ​ខាង​លិច​ទន្លេយ៉ូដាន់ (​១​-​៥)

  • កាលែប​បាន​ក្រុង​ហេប្រុន​ជា​មត៌ក (​៦​-​១៥)

១៤  នេះ​ជា​ទឹក​ដី​ក្នុង​ស្រុក​កាណាន​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​ជា​មត៌ក។ អេលាសារ​ជា​សង្ឃ យ៉ូស្វេ​ជា​កូន​ប្រុស​នុន និង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នានា​នៃ​កុលសម្ព័ន្ធ​ជន​ជាតិ​អ៊ីស្រាអែល បាន​ប្រគល់​ទឹក​ដី​ទាំង​នេះ​ឲ្យ​ពួក​គេ។+ ២  ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​តាម​រយៈ​ម៉ូសេ មត៌ក​ទាំង​នេះ​បាន​ចែក​ឲ្យ​៩​កុលសម្ព័ន្ធ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​មួយ​ទៀត+ ដោយ​ការ​ចាប់​ឆ្នោត។+ ៣  ចំណែក​ឯ​ពីរ​កុលសម្ព័ន្ធ​និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​មួយ​ទៀត ម៉ូសេ​បាន​ចែក​មត៌ក​នៅ​ត្រើយ​ម្ខាង*ទន្លេ​យ៉ូដាន់​ឲ្យ​ពួក​គេ​រួច​ហើយ។+ ប៉ុន្តែ ម៉ូសេ​មិន​បាន​ចែក​មត៌ក​ឲ្យ​កុលសម្ព័ន្ធ​លេវី​ទេ។+ ៤  កូន​ចៅ​យ៉ូសែប​បាន​ត្រូវ​ចាត់​ទុក​ជា​២​កុលសម្ព័ន្ធ+ គឺ​កុលសម្ព័ន្ធ​ម៉ាណាសេ​និង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។+ រីឯ​កុលសម្ព័ន្ធ​លេវី ពួក​គេ​មិន​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ឡើយ។ ពួក​គេ​បាន​ទទួល​តែ​ក្រុង​មួយ​ចំនួន+ដើម្បី​រស់​នៅ រួម​ទាំង​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។+ ៥  ម្ល៉ោះ​ហើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចែក​ទឹក​ដី ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។ ៦  ក្រោយ​មក ពួក​បុរស​យូដា​បាន​មក​ជួប​យ៉ូស្វេ​នៅ​ក្រុង​គីលកាល។+ ពេល​នោះ កាលែប+ជា​កូន​ប្រុស​យេផុនណា​ដែល​ជា​គេនិស៊ីត​បាន​និយាយ​ទៅ​យ៉ូស្វេ​ថា​៖ ​«​ដូច​អ្នក​បាន​ដឹង​ច្បាស់​ហើយ នៅ​កាដេសបានា+ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍+ទៅ​ម៉ូសេ​ជា​តំណាង​ព្រះ​ពិត+ អំពី​អ្នក​និង​ខ្ញុំ។ ៧  ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ ពេល​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ពី​កាដេសបានា​ឲ្យ​មក​ស៊ើបការណ៍​នៅ​ស្រុក​នេះ+ ហើយ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ប្រាប់​នូវ​របាយការណ៍​ពិត។+ ៨  ទោះ​បី​ជា​បង​ប្អូន​ដែល​ធ្វើ​ដំណើរ​ទៅ​ស៊ើបការណ៍​ជា​មួយ​នឹង​ខ្ញុំ បាន​ប្រាប់​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​បណ្ដា​ជន​បាត់​បង់​ចិត្ត​ក្លាហាន​ក៏​ដោយ តែ​ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+ ៩  នៅ​ថ្ងៃ​នោះ ម៉ូសេ​បាន​ស្បថ​ថា​៖ ‹ទឹក​ដី​ណា​ដែល​អ្នក​ឈាន​ជើង​ចូល ទឹក​ដី​នោះ​នឹង​ក្លាយ​ជា​មត៌ក​របស់​អ្នក​និង​កូន​ចៅ​អ្នក​ត​រៀង​ទៅ ដោយ​សារ​អ្នក​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត›។+ ១០  សែសិប​ប្រាំ​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ម៉ូសេ​ដូច្នោះ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ដើរ​នៅ​តំបន់​ស្ងាត់​ជ្រងំ+ ហើយ​ព្រះ​យេហូវ៉ា​បាន​រក្សា​ជីវិត​ខ្ញុំ​រហូត​មក​ដល់​ឥឡូវ​នេះ+ ដូច​លោក​បាន​សន្យា។+ ឥឡូវ​ខ្ញុំ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ។ ១១  សព្វ​ថ្ងៃ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ពេល​ដែល​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ស៊ើបការណ៍​នោះ។ ខ្ញុំ​នៅ​មាន​កម្លាំង​ចេញ​ទៅ​ធ្វើ​សង្គ្រាម និង​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ទៀត​ដូច​មុន​ដែរ។ ១២  ដូច្នេះ សូម​អ្នក​ឲ្យ​ទឹក​ដី​តំបន់​ភ្នំ​នេះ​មក​ខ្ញុំ តាម​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នៅ​ថ្ងៃ​នោះ។ នៅ​ថ្ងៃ​នោះ អ្នក​ក៏​បាន​ឮ​ដែរ​ថា​នៅ​ទឹក​ដី​នោះ​មាន​ពួក​អេណាគីម+ និង​មាន​ក្រុង​ធំ​ៗ​ដែល​មាន​កំពែង​រឹង​មាំ។+ ប៉ុន្តែ ព្រះ​យេហូវ៉ា​ច្បាស់​ជា​នៅ​ជា​មួយ​នឹង​ខ្ញុំ+ បាន​ជា​ខ្ញុំ​អាច​បណ្ដេញ​ពួក​គេ​ចេញ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​»។+ ១៣  យ៉ូស្វេ​បាន​ឲ្យ​ពរ​ដល់​កាលែប​ជា​កូន​ប្រុស​យេផុនណា ព្រម​ទាំង​ឲ្យ​ក្រុង​ហេប្រុន​ទៅ​គាត់​ទុក​ជា​មត៌ក។+ ១៤  ដោយ​សារ​មូលហេតុ​នោះ ក្រុង​ហេប្រុន​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​កាលែប​ជា​កូន​ប្រុស​យេផុនណា​ដែល​ជា​ជន​ជាតិ​គេនិស៊ីត ទុក​ជា​មត៌ក​រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​គាត់​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+ ១៥  កាល​ពី​ដើម ក្រុង​ហេប្រុន​មាន​ឈ្មោះ​ថា​ក្រុង​គារីអាតអាបា+ (​ពួក​អេណាគីម​ចាត់​ទុក​អាបា​ជា​មនុស្ស​ឧត្ដម​បំផុត​ក្នុង​ចំណោម​ពួក​គេ​)។ តាំង​ពី​ពេល​នោះ​មក ទឹក​ដី​នោះ​ក៏​ស្ងប់​សង្គ្រាម។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ខាង​កើត