យ៉ូស្វេ ១៧:១-១៨

  • មត៌ក​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​ខាង​លិច (​១​-​១៣)

  • កូន​ចៅ​យ៉ូសែប​បាន​ទទួល​ទឹក​ដី​ថែម​ទៀត (​១៤​-​១៨)

១៧  ក្រោយ​មក កុលសម្ព័ន្ធ​ម៉ាណាសេ+បាន​ទទួល​ទឹក​ដី*ជា​មត៌ក+ ដោយ​សារ​ម៉ាណាសេ​ជា​កូន​ច្បង​របស់​យ៉ូសែប។+ រីឯ​ម៉ាគា+ជា​កូន​ច្បង​របស់​ម៉ាណាសេ និង​ជា​ឪពុក​របស់​គីលាត គាត់​បាន​ទទួល​ស្រុក​គីលាត​និង​តំបន់បាសាន​ជា​មត៌ក ព្រោះ​គាត់​ជា​អ្នក​ចម្បាំង​មួយ​រូប។+ ២  ចំណែក​ឯ​កូន​ចៅ​ឯ​ទៀត​របស់​ម៉ាណាសេ ពួក​គេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​វង្ស​ត្រកូល​របស់​ពួក​គេ​ដែរ។ ពួក​គេ​ជា​កូន​របស់​អាប៊ីអ៊ីសឺ+ កូន​របស់​ហេលេក កូន​របស់​អាសរៀល កូន​របស់​ស៊ីគឹម កូន​របស់​ហេផឺ និង​កូន​របស់​សិមមីដា។ ពួក​កូន​ប្រុស​ទាំង​នោះ​ជា​កូន​ចៅ​ម៉ាណាសេ​ដែល​ជា​កូន​របស់​យ៉ូសែប។+ ៣  ចំណែក​ស្លូផិហាត+ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ប៉ុណ្ណោះ។ ស្លូផិហាត​ជា​កូន​ហេផឺ ហេផឺ​ជា​កូន​គីលាត គីលាត​ជា​កូន​ម៉ាគា ម៉ាគា​ជា​កូន​ម៉ាណាសេ។ កូន​ស្រី​ៗ​របស់​ស្លូផិហាត​ឈ្មោះ ម៉ាឡា ណូអេ ហុកឡា មីលកា និង​ធើសា។ ៤  ពួក​នាង​មក​ជួប​អេលាសារ+ជា​សង្ឃ យ៉ូស្វេ​ជា​កូន​ប្រុស​នុន និង​ពួក​មេ​បណ្ដា​ជន រួច​និយាយ​ទៅ​ពួក​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ឲ្យ​ចែក​មត៌ក​ដល់​យើង​ខ្ញុំ​ដូច​សាច់​ញាតិ​របស់​យើង​ខ្ញុំ​បាន​ទទួល​ដែរ​»។+ ដូច្នេះ យ៉ូស្វេ​ក៏​ចែក​មត៌ក​ឲ្យ​ពួក​នាង​ជា​មួយ​នឹង​សាច់​ញាតិ​បង​ប្អូន​របស់​ឪពុក​ពួក​នាង តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។+ ៥  មិន​ត្រឹម​តែ​ប៉ុណ្ណោះ កុលសម្ព័ន្ធ​ម៉ាណាសេ​បាន​ទទួល​ទឹក​ដី​១០​ចំណែក​ថែម​ទៀត ពី​លើ​ទឹក​ដី​ស្រុក​គីលាត​និង​តំបន់បាសាន ដែល​នៅ​ត្រើយ​ម្ខាង*ទន្លេយ៉ូដាន់+ ៦  ដោយ​សារ​ពួក​កូន​ស្រី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ក៏​បាន​ទទួល​មត៌ក​ជា​មួយ​នឹង​ពួក​កូន​ប្រុស​ដែរ។ ទឹក​ដី​ស្រុក​គីលាត​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​ឯ​ទៀត​របស់​ម៉ាណាសេ។ ៧  ព្រំ​ប្រទល់​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ គឺ​ចាប់​ពី​ទឹក​ដី​កុលសម្ព័ន្ធ​អេស៊ើរ​ទៅ​ដល់​មីកមេថាត+ ដែល​នៅ​ទល់​មុខ​ក្រុង​ស៊ីគឹម+ ហើយ​បន្ត​ឆ្ពោះ​ទៅ​ខាង​ត្បូង​ដល់​ទឹក​ដី​របស់​ពួក​អ្នក​ក្រុង​អេ​ន​តេ​ពួរ។ ៨  ពិត​មែន​តែ​ទឹក​ដី​តេ​ពួរ+ជា​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ តែ​ក្រុង​តេ​ពួរ​ដែល​នៅ​ព្រំ​ប្រទល់​កុលសម្ព័ន្ធ​ម៉ាណាសេ ជា​របស់​កូន​ចៅ​អេប្រាអ៊ីម​វិញ។ ៩  ព្រំ​ប្រទល់​នោះ​ចុះ​ទៅ​ខាង​ត្បូង​ជ្រលង​ខាណា ហើយ​ក៏​មាន​ក្រុង​ខ្លះ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ដែរ។+ ព្រំ​ប្រទល់​កុលសម្ព័ន្ធ​ម៉ាណាសេ​គឺ​នៅ​ខាង​ជើង​ជ្រលង រួច​ចប់​ត្រឹម​សមុទ្រ​ធំ។*+ ១០  ហេតុ​នេះ ទឹក​ដី​ដែល​នៅ​ខាង​ត្បូង​ជា​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ទឹក​ដី​ដែល​នៅ​ខាង​ជើង​ជា​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ និង​មាន​សមុទ្រ​ធំ​ជា​ព្រំ​ប្រទល់​របស់​ពួក​គេ។+ ទឹក​ដី​ខាង​ជើង​របស់​ពួក​គេ*លាត​សន្ធឹង​ដល់​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេស៊ើរ ហើយ​ទឹក​ដី​ខាង​កើត​លាត​សន្ធឹង​ដល់​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ។ ១១  កុលសម្ព័ន្ធ​ម៉ាណាសេ​ក៏​បាន​ទទួល​ក្រុង​មួយ​ចំនួន​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ​និង​កុលសម្ព័ន្ធ​អេស៊ើរ​ដែរ គឺ​ក្រុង​បេតសៀន ក្រុង​អ៊ីបលាម+ ក្រុង​ដោ+ ក្រុង​អេនដោ+ ក្រុង​ថេអាណាក+ និង​ក្រុង​មេគីដោ គឺ​ក្រុង​បី​នោះ​នៅ​លើ​ទួល។ ១២  ប៉ុន្តែ កូន​ចៅ​ម៉ាណាសេ​មិន​អាច​បណ្ដេញ​ពួក​អ្នក​រស់​នៅ​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន​នោះ​បាន​ទេ។ ជន​ជាតិ​កាណាន​ប្ដេជ្ញា​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នោះ​ត​ទៅ​ទៀត។+ ១៣  ពេល​កូន​ចៅ​អ៊ីស្រាអែល​មាន​អំណាច​កាន់​តែ​រឹង​មាំ ពួក​គេ​បង្ខំ​ជន​ជាតិ​កាណាន​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក+ តែ​ពួក​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ឲ្យ​អស់​ពី​ក្រុង​ទាំង​នោះ​ឡើយ។+ ១៤  កូន​ចៅ​យ៉ូសែប​និយាយ​ទៅ​កាន់​យ៉ូស្វេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ឲ្យ​មត៌ក*តែ​មួយ​ចំណែក+មក​យើង​ដូច្នេះ? យើង​មាន​គ្នា​ច្រើន​ណាស់ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ព​រ​យើង​រហូត​មក​ដល់​ឥឡូវ​»។+ ១៥  យ៉ូស្វេ​តប​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ពួក​អ្នក​មាន​គ្នា​ច្រើន​យ៉ាង​នោះ ហើយ​តំបន់​ភ្នំ​នៅ​ស្រុក​អេប្រាអ៊ីម+មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​រាល់​គ្នា​ទេ ចូរ​ឡើង​ទៅ​តំបន់​ព្រៃ​របស់​ពួក​ពេរិស៊ីត+និង​ពួក​រេផែម+ ហើយ​កាប់​ឆ្ការ​ព្រៃ​យក​ដី​សម្រាប់​អ្នក​រាល់​គ្នា​ចុះ​»។ ១៦  កូន​ចៅ​យ៉ូសែប​និយាយ​ថា​៖ ​«​តំបន់​ភ្នំ​នោះ​មិន​ល្មម​សម្រាប់​ពួក​យើង​ទេ។ ម្យ៉ាង​ទៀត ជន​ជាតិ​កាណាន​ទាំង​អស់​ដែល​រស់​នៅ​ជិត​ជ្រលង* គឺ​នៅ​ក្រុង​បេតសៀន+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ព្រម​ទាំង​នៅ​ជ្រលង*ក្រុង​យេសរៀល+ ពួក​គេ​មាន​រទេះ​ចម្បាំង+ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ​»។ ១៧  ឮ​ដូច្នេះ យ៉ូស្វេ​និយាយ​ទៅ​កូន​ចៅ​យ៉ូសែប គឺ​កូន​ចៅ​អេប្រាអ៊ីម​និង​កូន​ចៅ​ម៉ាណាសេ ថា​៖ ​«​ពួក​អ្នក​មាន​គ្នា​ច្រើន​ណាស់ ថែម​ទាំង​មាន​អំណាច​ខ្លាំង​ក្លា​ទៀត​ផង។ ដូច្នេះ ពួក​អ្នក​នឹង​ទទួល​ទឹក​ដី​ថែម​ទៀត។+ ១៨  ប៉ុន្តែ ពួក​អ្នក​ក៏​ត្រូវ​យក​តំបន់​ភ្នំ​ទាំង​មូល​នោះ​ដែរ។+ ពិត​មែន​តែ​វា​ជា​តំបន់​ព្រៃ តែ​ពួក​អ្នក​ត្រូវ​កាប់​ឆ្ការ ហើយ​រស់​នៅ​ទី​នោះ​ទៅ។ ពួក​អ្នក​នឹង​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​បាន ទោះ​ជា​ពួក​គេ​ខ្លាំង​ក្លា​និង​មាន​រទេះ​ចម្បាំង​ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ​ក៏​ដោយ​»។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ទឹក​ដី​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត​»​
នេះ​សំដៅ​លើ​ខាង​កើត
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ
នេះ​សំដៅ​លើ​កុល​សម្ព័ន្ធ​ម៉ាណាសេ ឬ​ទឹក​ដី​របស់​កុល​សម្ព័ន្ធ​ម៉ាណាសេ
ន័យ​ត្រង់​«​ទឹក​ដី​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត​»​
ឬ​«​វាល​ទំនាប​»​
ឬ​«​វាល​ទំនាប​»​