យ៉ូស្វេ ១៨:១-២៨

  • ទឹក​ដី​ដែល​នៅ​សល់​បាន​ត្រូវ​បែង​ចែក​នៅ​ក្រុង​ស៊ីឡូរ (​១​-​១០)

  • មត៌ក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន (​១១​-​២៨)

១៨  ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​ស៊ីឡូរ។+ ពួក​គេ​ក៏​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ+ ព្រោះ​ពួក​គេ​បាន​កាន់​កាប់​ទឹក​ដី​រួច​ហើយ។+ ២  ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​នៅ​សល់​កុលសម្ព័ន្ធ​៧​ទៀត ដែល​មិន​ទាន់​បាន​ទទួល​ទឹក​ដី​ជា​មត៌ក។ ៣  យ៉ូស្វេ​សួរ​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​តើ​ដល់​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចូល​ទៅ​យក​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​បុព្វ​បុរស​អ្នក​រាល់​គ្នា​បាន​ឲ្យ?+ ៤  ក្នុង​កុលសម្ព័ន្ធ​នីមួយ​ៗ​ចូរ​ជ្រើស​រើស​បុរស​បី​នាក់។ ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ពិនិត្យ​មើល​ទឹក​ដី​នោះ​ទាំង​មូល ហើយ​ធ្វើ​ប្លង់​ដី​តាម​មត៌ក​របស់​ពួក​គេ រួច​ពួក​គេ​ត្រូវ​មក​ជួប​ខ្ញុំ​វិញ។ ៥  ពួក​គេ​ត្រូវ​ចែក​ទឹក​ដី​នោះ​ជា​៧​ចំ​ណែ​ក។+ កុលសម្ព័ន្ធ​យូដា​នឹង​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ​ដែល​នៅ​ខាង​ត្បូង+ ហើយ​កូន​ចៅ​យ៉ូសែប​នឹង​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ​ដែល​នៅ​ខាង​ជើង។+ ៦  រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ធ្វើ​ប្លង់​ដី ហើយ​ចែក​ទឹក​ដី​នោះ​ជា​៧​ចំណែក រួច​សឹម​យក​មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត+ឲ្យ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។ ៧  ប៉ុន្តែ កុលសម្ព័ន្ធ​លេវី​មិន​មាន​មត៌ក​ទេ+ ព្រោះ​ការ​បម្រើ​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​មត៌ក​របស់​ពួក​គេ​ហើយ។+ ចំណែក​ឯ​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ+ ពួក​គេ​បាន​ទទួល​មត៌ក​នៅ​ខាង​កើត​ទន្លេយ៉ូដាន់​រួច​ហើយ តាម​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ចែក​ឲ្យ​ពួក​គេ​»។ ៨  ដូច្នេះ ពួក​បុរស​ទាំង​នោះ​ក៏​រៀបចំ​ធ្វើ​ដំណើរ ហើយ​យ៉ូស្វេ​បង្គាប់​ពួក​អ្នក​ដែល​ត្រូវ​ធ្វើ​ប្លង់​ដី​ថា​៖ ​«​ចូរ​ទៅ​ពិនិត្យ​មើល​ទឹក​ដី​នោះ​ទាំង​មូល ហើយ​ធ្វើ​ប្លង់​ដី រួច​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីឡូរ​នេះ​»។+ ៩  រួច​មក ពួក​បុរស​ទាំង​នោះ​ក៏​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី​ទាំង​មូល ហើយ​ធ្វើ​ប្លង់​ដី​ក្រុង​នា​នា​ជា​៧​ប្លង់ រួច​កត់​ទុក​ក្នុង​សៀវភៅ​មួយ។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​ជួប​យ៉ូស្វេ​ក្នុង​ជំរំ​នៅ​ក្រុង​ស៊ីឡូរ​វិញ។ ១០  យ៉ូស្វេ​ចាប់​ឆ្នោត​ឲ្យ​ពួក​គេ​នៅ​ក្រុង​ស៊ីឡូរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+ គាត់​បាន​ចែក​ទឹក​ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​ចំណែក​របស់​ពួក​គេ។+ ១១  ឆ្នោត​ទី​១​បាន​ទៅ​លើ​កុលសម្ព័ន្ធ​បេនយ៉ាមីន​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល គឺ​នៅ​រវាង​ទឹក​ដី​របស់​កូន​ចៅ​យូដា+និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។+ ១២  នៅ​ខាង​ជើង ព្រំ​ប្រទល់​របស់​ពួក​គេ​គឺ​ចាប់​ពី​ទន្លេយ៉ូដាន់​ឡើង​ទៅ​ខាង​ជើង​ជម្រាល​ភ្នំ​ក្រុង​យេរីខូ+ ត​ទៅ​ប៉ែក​ខាង​លិច​រហូត​ដល់​ភ្នំ ហើយ​លាត​សន្ធឹង​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​បេតអាវេន+ ១៣  រួច​ត​ទៅ​ខាង​ត្បូង​ជម្រាល​ភ្នំ​ក្រុង​លូស​គឺ​ក្រុង​បេតអែល+ ហើយ​ទៅ​ដល់​ក្រុង​អាថារ៉ូតអាតដា+លើ​ភ្នំ ដែល​នៅ​ខាង​ត្បូង​ក្រុង​បេតហូរ៉ុន​ខាង​ក្រោម។+ ១៤  រីឯ​នៅ​ខាង​លិច ព្រំ​ប្រទល់​របស់​ពួក​គេ​វាង​ទៅ​ដល់​ខាង​ត្បូង ចាប់​ពី​ភ្នំ​ដែល​នៅ​ទល់​មុខ​ក្រុង​បេតហូរ៉ុន​ខាង​ត្បូង ហើយ​ចប់​ត្រឹម​ក្រុង​គារីអាតបាល គឺ​ក្រុង​គារីអាតយារីម+ដែល​ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នោះ​ជា​ព្រំ​ប្រទល់​ខាង​លិច។ ១៥  នៅ​ខាង​ត្បូង ព្រំ​ប្រទល់​គឺ​ចាប់​ពី​ចុង​បំផុត​នៃ​ក្រុង​គារីអាតយារីម ទៅ​ប៉ែក​ខាង​លិច​រហូត​ដល់​ប្រភព​ទឹក​ណេថូអា+ ១៦  រួច​ត​ទៅ​ជើង​ភ្នំ​ទល់​មុខ​ជ្រលង​ហ៊ីណំ*+ដែល​នៅ​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម+ ចុះ​តាម​ជ្រលង​ហ៊ីណំ​ដល់​ជម្រាល​ភ្នំ​របស់​ក្រុង​ជន​ជាតិ​យេប៊ូស+នៅ​ខាង​ត្បូង ហើយ​ទៅ​ដល់​អេនរ៉ូកេល+ ១៧  រួច​ត​ទៅ​ខាង​ជើង​ដល់​អេនសេមែស​ចេញ​ទៅ​កេលីឡូត​ដែល​នៅ​ខាង​មុខ​ច្រក​ភ្នំ​អាឌូមីម+ ចុះ​ទៅ​ដល់​ថ្ម​ធំ+របស់​បូហាន+ដែល​ជា​កូន​ចៅ​រូបេន ១៨  ហើយ​បន្ត​ទៅ​ខាង​ជើង​ជម្រាល​ភ្នំ​នៅ​ខាង​មុខ​តំបន់​អារ៉ាបា រួច​ទៅ​ដល់​តំបន់​អារ៉ាបា។ ១៩  ព្រំ​ប្រទល់​របស់​ពួក​គេ​ត​ទៅ​ខាង​ជើង​ជម្រាល​ភ្នំ​ក្រុង​បេតហុកឡា+ ហើយ​ចប់​ត្រឹម​ខាង​ជើង​ឈូង​សមុទ្រ​អំបិល*+ ដែល​នៅ​ចុង​ខាង​ត្បូង​ទន្លេយ៉ូដាន់។ នោះ​ជា​ព្រំ​ប្រទល់​ខាង​ត្បូង។ ២០  ព្រំ​ប្រទល់​ខាង​កើត​គឺ​ទន្លេយ៉ូដាន់។ ព្រំ​ប្រទល់​ទាំង​អស់​នោះ​ជា​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ២១  ក្រុង​ផ្សេង​ៗ​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន​តាម​វង្ស​ត្រកូល​របស់​ពួក​គេ មាន​ដូច​ត​ទៅ​៖ ក្រុង​យេរីខូ ក្រុង​បេតហុកឡា ក្រុង​អេមាក់កេសីស ២២  ក្រុង​បេតអារ៉ាបា+ ក្រុង​សេម៉ារេម ក្រុង​បេតអែល+ ២៣  ក្រុង​អាវីម ក្រុង​ផារ៉ា ក្រុង​អូប្រា ២៤  ក្រុង​កេផាអាម៉ូនី ក្រុង​អូបនី និង​ក្រុង​កេបា។+ សរុប​ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ២៥  ក្រុង​គីបៀន+ ក្រុង​រ៉ាម៉ា ក្រុង​បៀរ៉ូត ២៦  ក្រុង​មីសពេ ក្រុង​កេភីរ៉ា ក្រុង​ម៉ូសារ ២៧  ក្រុង​រេខេម ក្រុង​អឺភាល ក្រុង​ថារ៉ាឡា ២៨  ក្រុង​ស៊ីឡា+ ក្រុង​ហាអ៊ីលិប ក្រុង​យេប៊ូស​ឬ​ក្រុង​យេរូសាឡិម+ ក្រុង​គីបៀ+ និង​ក្រុង​គារីអាត។ សរុប​ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ នោះ​ជា​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ជ្រលង​របស់​កូន​ចៅ​ហ៊ីណំ​»​
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់