យ៉ូស្វេ ២:១-២៤

  • យ៉ូស្វេ​ចាត់​អ្នក​ស៊ើបការណ៍​ពីរ​នាក់​ឲ្យ​ទៅ​ក្រុង​យេរីខូ (​១​-​៣)

  • រ៉ាហាប​នាំ​ពួក​អ្នក​ស៊ើបការណ៍​ទៅ​លាក់​ខ្លួន (​៤​-​៧)

  • ការ​សន្យា​នឹង​រ៉ាហាប (​៨​-​២១​ក)

    • ខ្សែ​ពួរ​ក្រហម​ជា​សញ្ញា​សម្គាល់ (​១៨)

  • ពួក​អ្នក​ស៊ើបការណ៍​ត្រឡប់​ទៅ​ឯ​យ៉ូស្វេ​វិញ (​២១​ខ​-​២៤)

 ក្រោយ​មក យ៉ូស្វេ​កូន​ប្រុស​នុន​ចាត់​បុរស​ពីរ​នាក់​ដោយ​សម្ងាត់​ពី​ស៊ីទីម+ឲ្យ​ទៅ​ស៊ើបការណ៍។ គាត់​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ស៊ើបការណ៍​នៅ​ក្នុង​ស្រុក​នោះ ជា​ពិសេស​ក្រុង​យេរីខូ​»។ ដូច្នេះ ពួក​គេ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ ហើយ​បាន​ទៅ​ដល់​ផ្ទះ​របស់​ស្ត្រី​ពេស្យា​ម្នាក់​ឈ្មោះ​រ៉ាហាប។+ ពួក​គេ​ក៏​ស្នាក់​នៅ​ទី​នោះ។ ២  ពេល​នោះ មាន​មនុស្ស​ទៅ​រាយ​ការណ៍​ប្រាប់​ស្ដេច​ក្រុង​យេរីខូ​ថា​៖ ​«​លោក​ម្ចាស់! យប់​នេះ មាន​បុរស​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​មក​ស៊ើបការណ៍​នៅ​ស្រុក​របស់​យើង​»។ ៣  ឮ​ដូច្នោះ ស្ដេច​ក្រុង​យេរីខូ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​រ៉ាហាប​ថា​៖ ​«​ចូរ​នាំ​ពួក​បុរស​ដែល​ស្នាក់​នៅ​ផ្ទះ​របស់​នាង​ចេញ​មក ព្រោះ​ពួក​គេ​បាន​ចូល​មក​ស៊ើបការណ៍​នៅ​ស្រុក​យើង​ទាំង​មូល​»។ ៤  ប៉ុន្តែ រ៉ាហាប​បាន​នាំ​បុរស​ទាំង​ពីរ​នាក់​នោះ​ទៅ​លាក់​ខ្លួន​រួច​ហើយ។ ដូច្នេះ ពេល​មនុស្ស​របស់​ស្ដេច​មក​ជួប​នាង នាង​និយាយ​ថា​៖ ​«​ចាស ពួក​គេ​បាន​មក​ផ្ទះ​ខ្ញុំ​មែន តែ​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ទេ។ ៥  លុះ​ព្រលប់ មុន​នឹង​ទ្វារ​កំពែង​ក្រុង​ត្រូវ​បិទ ពួក​គេ​បាន​ចេញ​ទៅ​បាត់​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​ទៅ​ឯ​ណា​ទេ ប៉ុន្តែ​បើ​ពួក​លោក​ឆាប់​ចេញ​ទៅ​តាម​ពួក​គេ ពួក​លោក​នឹង​ដេញ​តាម​ពួក​គេ​ទាន់​»។ ៦  (​តាម​ពិត នាង​បាន​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល ហើយ​ឲ្យ​ពួក​គេ​លាក់​ខ្លួន​នៅ​ក្នុង​គំនរ​ដើម​ផ្លេច*ដែល​តម្រៀប​ជា​ជួរ​នៅ​ទី​នោះ​)។ ៧  ម្ល៉ោះ​ហើយ មនុស្ស​របស់​ស្ដេច​ក៏​ចេញ​ទៅ​តាម​រក​បុរស​ពីរ​នាក់​នោះ។ ពួក​គេ​ទៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ទន្លេ​យ៉ូដាន់ ទៅ​កន្លែង​ដែល​អាច​លុយ​ទឹក​បាន។+ ក្រោយ​ពី​ពួក​គេ​ចេញ​ផុត ទ្វារ​កំពែង​ក្រុង​បាន​ត្រូវ​បិទ​ភ្លាម។ ៨  មុន​ពេល​បុរស​ពីរ​នាក់​នោះ​ដេក​លក់ រ៉ាហាប​ឡើង​មក​ជួប​ពួក​គេ​នៅ​លើ​ដំបូល។ ៩  នាង​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ស្រុក​នេះ​ទៅ​ពួក​លោក+ ហើយ​យើង​ភ័យ​ខ្លាច​ពួក​លោក។+ ពួក​លោក​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ក្នុង​ស្រុក​នេះ​ស្លុត​ចិត្ត​ខ្លាំង​ណាស់+ ១០  ព្រោះ​យើង​បាន​ឮ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រក្រហម​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក ពេល​ដែល​ពួក​លោក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ យើង​ក៏​បាន​ឮ​ដែរ​អំពី​អ្វី​ដែល​ពួក​លោក​បាន​ធ្វើ​ទៅ​លើ​ស្ដេច​ស៊ីហុន+ និង​ស្ដេច​អុក+ដែល​ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​នៅ​ត្រើយ​ម្ខាង*នៃ​ទន្លេយ៉ូដាន់ គឺ​ពួក​លោក​បាន​សម្លាប់​ពួក​គេ​ចោល។ ១១  ពេល​យើង​ឮ​អំពី​រឿង​ទាំង​នេះ យើង​គ្រប់​គ្នា​បាត់​បង់​ចិត្ត​ក្លាហាន ហើយ​តាំង​ភ័យ​ខ្លាច​ពួក​លោក ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​លោក គឺ​ជា​ព្រះ​តែ​មួយ​នៅ​ស្ថាន​សួគ៌​និង​លើ​ផែនដី។+ ១២  ឥឡូវ សូម​ពួក​លោក​មេត្តា​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា ពួក​លោក​នឹង​ជួយ*ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ ដោយ​សារ​ខ្ញុំ​បាន​ជួយ​ពួក​លោក ហើយ​ពួក​លោក​ត្រូវ​ឲ្យ​សញ្ញា​សម្គាល់​មួយ​ដល់​ខ្ញុំ​ដើម្បី​ខ្ញុំ​អាច​ទុក​ចិត្ត​បាន។ ១៣  ពួក​លោក​ត្រូវ​ទុក​ជីវិត​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ព្រម​ទាំង​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ ពួក​លោក​ត្រូវ​ជួយ​សង្គ្រោះ​ជីវិត*របស់​ពួក​យើង​»។+ ១៤  បុរស​ទាំង​ពីរ​នោះ​បាន​តប​ទៅ​នាង​វិញ​ថា​៖ ​«​យើង​សូម​យក​ជីវិត​មក​ធានា​ចំពោះ​នាង! បើ​នាង​មិន​ប្រាប់​រឿង​របស់​យើង​ដល់​អ្នក​ឯ​ទៀត នោះ​យើង​នឹង​ជួយ​នាង ហើយ​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​នាង ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ស្រុក​នេះ​ឲ្យ​ពួក​យើង​»។ ១៥  បន្ទាប់​មក នាង​ដាក់​ខ្សែ​ពួរ​ឲ្យ​បុរស​ពីរ​នាក់​នោះ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​នៅ​លើ​កំពែង​ក្រុង។+ ១៦  រួច​មក នាង​និយាយ​ទៅ​កាន់​បុរស​ពីរ​នាក់​នោះ​ថា​៖ ​«​សូម​ទៅ​តំបន់​ភ្នំ ហើយ​លាក់​ខ្លួន​នៅ​ទី​នោះ​បី​ថ្ងៃ​សិន ដើម្បី​កុំ​ឲ្យ​ពួក​គេ​រក​ពួក​លោក​ឃើញ។ ចាំ​ដល់​ពួក​គេ​ត្រឡប់​មក​វិញ សឹម​ពួក​លោក​បន្ត​ដំណើរ​ទៅ​ទៀត​»។ ១៧  បុរស​ពីរ​នាក់​នោះ​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​យើង​នឹង​ធ្វើ​តាម​ពាក្យ​សម្បថ​ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ជាប់​ទោស។+ ១៨  ប៉ុន្តែ ពេល​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពួរ​ក្រហម​នេះ​នៅ​នឹង​បង្អួច ដែល​នាង​បាន​ដាក់​ឲ្យ​យើង​ចុះ។ នាង​ក៏​ត្រូវ​នាំ​ឪពុក​ម្ដាយ បង​ប្អូន​របស់​នាង និង​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ឪពុក​នាង មក​ក្នុង​ផ្ទះ​នេះ។+ ១៩  ក៏​ប៉ុន្តែ បើ​មាន​អ្នក​ណា​ម្នាក់​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​នាង អ្នក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​របស់​ខ្លួន យើង​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ តែ​បើ​មាន​អន្តរាយ​កើត​ឡើង​ចំពោះ​អ្នក​ណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​នាង យើង​នឹង​ទទួល​ខុស​ត្រូវ។ ២០  ប៉ុន្តែ បើ​នាង​ប្រាប់​រឿង​របស់​យើង​ដល់​អ្នក​ឯ​ទៀត+ យើង​នឹង​រួច​ពី​សម្បថ​ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ​»។ ២១  នាង​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​តាម​សម្ដី​របស់​ពួក​លោក​»។ រួច​នាង​ឲ្យ​ពួក​គេ​ចេញ​ទៅ។ បន្ទាប់​មក នាង​ចង​ខ្សែ​ពួរ​ក្រហម​នៅ​នឹង​បង្អួច។ ២២  ដូច្នេះ ពួក​គេ​បាន​ឡើង​ទៅ​តំបន់​ភ្នំ ហើយ​លាក់​ខ្លួន​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ដល់​ពួក​អ្នក​ដែល​ដេញ​តាម​ពួក​គេ​ត្រឡប់​ទៅ​វិញ។ ពួក​អ្នក​ទាំង​នោះ​បាន​ស្វែង​រក​ពួក​គេ​គ្រប់​ច្រក​ល្ហក តែ​រក​មិន​ឃើញ​ទេ។ ២៣  ក្រោយ​មក បុរស​ពីរ​នាក់​នោះ​បាន​ចុះ​ពី​តំបន់​ភ្នំ ហើយ​ឆ្លង​ទន្លេ​មក​ជួប​យ៉ូស្វេ​ជា​កូន​ប្រុស​នុន។ ពួក​គេ​រៀប​រាប់​រឿង​រ៉ាវ​ទាំង​អស់​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គេ ឲ្យ​យ៉ូស្វេ​ស្ដាប់។ ២៤  ពួក​គេ​ប្រាប់​យ៉ូស្វេ​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ទឹក​ដី​ទាំង​មូល​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ។+ តាម​ពិត បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​នោះ​ភ័យ​ខ្លាច​ពួក​យើង​ខ្លាំង​ណាស់​»។+

កំណត់សម្គាល់

ដើម​ម្យ៉ាង​ដែល​គេ​ដាំ​តាំង​ពី​សម័យ​បុរាណ។ គេ​យក​សរសៃ​វា​ទៅ​ធ្វើ​ជា​ក្រណាត់
នេះ​សំដៅ​លើ​ខាង​កើត
ន័យ​ត្រង់​«​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​