យ៉ូស្វេ ២០:១-៩

២០  ក្រោយ​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ២  ​«​ចូរ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​ជ្រើស​រើស​ក្រុង​ខ្លះ​ធ្វើ​ជា​ក្រុង​ពំនាក់+ ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​តាម​រយៈ​ម៉ូសេ។ ៣  ក្រុង​ទាំង​នោះ​គឺ​សម្រាប់​អ្នក​ណា​ដែល​បាន​សម្លាប់​មនុស្ស​ដោយ​គ្មាន​ចេតនា ឬ​ដោយ​ចៃដន្យ។ អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ។ ក្រុង​ទាំង​នោះ​នឹង​ទៅ​ជា​ក្រុង​ពំនាក់​សម្រាប់​គាត់ ដើម្បី​ឲ្យ​គាត់​រួច​ផុត​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។*+ ៤  គាត់​អាច​រត់​ទៅ​ក្រុង​ពំនាក់​ណា​មួយ​ក៏​បាន+ ហើយ​គាត់​ត្រូវ​ឈរ​ត្រង់​មាត់​ទ្វារ​ក្រុង​នោះ+ ដើម្បី​ប្រាប់​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុង​នោះ​អំពី​រឿង​រ៉ាវ​របស់​គាត់។ បន្ទាប់​មក ពួក​បុរស​ចាស់​ទុំ​ត្រូវ​ទទួល​គាត់​ចូល​ក្នុង​ក្រុង ហើយ​ឲ្យ​ស្នាក់​នៅ​ទី​នោះ។ ៥  បើ​អ្នក​ដែល​សង​សឹក​តាម​រក​គាត់ ពួក​បុរស​ចាស់​ទុំ​មិន​ត្រូវ​ប្រគល់​គាត់​ទៅ​ឲ្យ​អ្នក​នោះ​ទេ ព្រោះ​គាត់​បាន​សម្លាប់​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ចេតនា ហើយ​គាត់​ក៏​មិន​បាន​ស្អប់​អ្នក​ស្លាប់​នោះ​ដែរ។+ ៦  គាត់​ត្រូវ​អាស្រ័យ​នៅ​ក្រុង​ពំនាក់​រហូត​ដល់​គាត់​បាន​ត្រូវ​វិនិច្ឆ័យ​នៅ​មុខ​ពួក​ជំនុំ+ ហើយ​ត្រូវ​បន្ត​នៅ​ទី​នោះ​រហូត​ដល់​សម្ដេច​សង្ឃ​នៅ​គ្រា​នោះ​ទទួល​មរណភាព។+ រួច​មក គាត់​អាច​ត្រឡប់​ទៅ​ផ្ទះ​និង​ក្រុង​របស់​គាត់​វិញ​បាន›​»។+ ៧  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​កំណត់​ក្រុង​មួយ​ចំនួន​ធ្វើ​ជា​ក្រុង​ពិសិដ្ឋ​គឺ ក្រុង​កេដេស+ក្នុង​ស្រុកកាលីឡេ​នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​ណែបថាលី និង​ក្រុង​ស៊ីគឹម+នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ព្រម​ទាំង​ក្រុង​គារីអាតអាបា+ គឺ​ក្រុង​ហេប្រុន នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​យូដា។ ៨  ចំណែក​ឯ​តំបន់​ទន្លេយ៉ូដាន់​ខាង​កើត​ក្រុង​យេរីខូ​វិញ ពួក​គេ​បាន​យក​ក្រុង​បេសឺ+នៅ​តំបន់​ស្ងាត់​ជ្រងំ ដែល​ស្ថិត​នៅ​តាម​ខ្ពង់​រាប​របស់​កុលសម្ព័ន្ធ​រូបេន និង​ក្រុង​រ៉ាម៉ូត+នៅ​ស្រុក​គីលាត​របស់​កុលសម្ព័ន្ធ​កាដ ព្រម​ទាំង​ក្រុង​កូឡាន+នៅ​តំបន់បាសាន​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ។+ ៩  ក្រុង​ទាំង​នោះ​បាន​ត្រូវ​ទុក​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ។ ម្ល៉ោះ​ហើយ បើ​អ្នក​ណា​ម្នាក់​បាន​សម្លាប់​មនុស្ស​ដោយ​គ្មាន​ចេតនា អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន។+ យ៉ាង​នេះ អ្នក​នោះ​អាច​រួច​ជីវិត​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក* មុន​ដែល​អ្នក​នោះ​បាន​ទទួល​ការ​វិនិច្ឆ័យ​នៅ​មុខ​ពួក​ជំនុំ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​អ្នក​ដែល​សង​សឹក​ឲ្យ​ឈាម​»​
ន័យ​ត្រង់​«​អ្នក​ដែល​សង​សឹក​ឲ្យ​ឈាម​»​