យ៉ូស្វេ ២២:១-៣៤

  • កុលសម្ព័ន្ធ​ដែល​នៅ​ទិស​ខាង​កើត​ត្រឡប់​ទៅ​ទឹក​ដី​ពួក​គេ​វិញ (​១​-​៨)

  • ការ​សង់​ទី​បូជា​នៅ​ជិត​ទន្លេយ៉ូដាន់ (​៩​-​១២)

  • ការ​ពន្យល់​មូលហេតុ​ដែល​សង់​ទី​បូជា (​១៣​-​២៩)

  • ការ​បញ្ចប់​ជម្លោះ (​៣០​-​៣៤)

២២  ក្រោយ​មក យ៉ូស្វេ​បាន​ហៅ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​ឲ្យ​មក​ជួប​គាត់។ ២  គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ខ្ញុំ​ដែរ។+ ៣  តាំង​ពី​មុន​រហូត​ដល់​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មិន​បាន​ចាក​ចេញ​ពី​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទេ+ អ្នក​រាល់​គ្នា​តែង​តែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ជា​និច្ច។+ ៤  នៅ​បច្ចុប្បន្ន ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា លោក​បាន​ឲ្យ​បង​ប្អូន​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ​សាន្ត​ដូច​ដែល​លោក​សន្យា។+ ដូច្នេះ ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អាច​ត្រឡប់​ទៅ​ទឹក​ដី​នៅ​ត្រើយ​ម្ខាង*ទន្លេយ៉ូដាន់ ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​រាល់​គ្នា។+ ៥  សូម​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​បញ្ញត្តិ និង​ច្បាប់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​រាល់​គ្នា+ គឺ​ដោយ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា+ ដោយ​ប្រើ​ជីវិត​តាម​ផ្លូវ​របស់​លោក+ ដោយ​បន្ត​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក+ ដោយ​នៅ​ជាប់​ជា​មួយ​នឹង​លោក+ និង​ដោយ​បម្រើ​លោក+អស់​ពី​ដួង​ចិត្ត​និង​អស់​មួយ​ជីវិត​»។*+ ៦  រួច​មក យ៉ូស្វេ​បាន​ឲ្យ​ពរ​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ទឹក​ដី​របស់​ពួក​គេ​វិញ។ ៧  រីឯ​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​វិញ ម៉ូសេ​បាន​ចែក​ទឹក​ដី​នៅ​តំបន់​បាសាន+ឲ្យ​ពួក​គេ​រួច​ហើយ។ ដូច្នេះ ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ទៀត​ដែល​នៅ​សល់ យ៉ូស្វេ​បាន​ឲ្យ​ទឹក​ដី​នៅ​ខាង​លិច​ទន្លេយ៉ូដាន់+ទៅ​ពួក​គេ​និង​បង​ប្អូន​របស់​ពួក​គេ។ រួច​មក យ៉ូស្វេ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ទឹក​ដី​របស់​ពួក​គេ ហើយ​បាន​ឲ្យ​ពរ​ពួក​គេ ៨  ថែម​ទាំង​និយាយ​ថា​៖ ​«​សូម​ត្រឡប់​ទៅ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ក្រៃ មាន​មាស ប្រាក់ ស្ពាន់ ដែក សម្លៀក​បំពាក់​ជា​ច្រើន និង​ហ្វូង​សត្វ​ច្រើន​សន្ធឹក​ទៅ​ជា​មួយ​ផង។+ សូម​យក​ជ័យ​ភណ្ឌ​ដែល​អ្នក​រាល់​គ្នា​បាន​រឹប​អូស+ពី​ពួក​សត្រូវ ចែក​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ចុះ​»។ ៩  បន្ទាប់​មក កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ពាក់​កណ្ដាល បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត គឺ​ពី​ក្រុង​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន ត្រឡប់​ទៅ​ស្រុក​គីលាត+ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​តាំង​លំនៅ ដូច​ដែលព្រះ​យេហូវ៉ា​បាន​បង្គាប់​តាម​រយៈ​ម៉ូសេ។+ ១០  ពេល​ដែល​កុលសម្ព័ន្ធ​រូបេន កុល​សម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​បាន​មក​ដល់​តំបន់​ទន្លេយ៉ូដាន់​ក្នុង​ស្រុក​កាណាន ពួក​គេ​បាន​សង់​ទី​បូជា​ដ៏​ធំ​សម្បើម​មួយ​នៅ​ជិត​ទន្លេយ៉ូដាន់។ ១១  ក្រោយ​មក ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​បាន​ឮ​អំពី​រឿង​នោះ+ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​មើល! កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ បាន​សង់​ទី​បូជា​នៅ​ព្រំ​ប្រទល់​ទឹក​ដី​ស្រុក​កាណាន​នៃ​តំបន់​ទន្លេយ៉ូដាន់​ដែល​នៅ​ខាង​ពួក​យើង​»។ ១២  ពេល​ឮ​ដូច្នោះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​ស៊ីឡូរ+ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ។ ១៣  រួច​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​ភីនេហាស+កូន​ប្រុស​របស់​អេលាសារ​ជា​សង្ឃ ឲ្យ​ទៅ​ជួប​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​ក្នុង​ទឹក​ដី​ស្រុក​គីលាត ១៤  មាន​មេ​១០​នាក់​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ពួក​គេ​ទាំង​នោះ​ជា​ប្រមុខ​លើ​វង្ស​ត្រកូល​នា​នា​នៃ​កុលសម្ព័ន្ធ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​ម្នាក់​ៗ​ជា​ប្រមុខ​លើ​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់។+ ១៥  ពេល​ពួក​គេ​បាន​មក​ជួប​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​ក្នុង​ទឹក​ដី​ស្រុក​គីលាត ពួក​គេ​និយាយ​ថា​៖ ១៦  ​«​បណ្ដា​ជន​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ចង់​សួរ​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់+ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដូច្នេះ? ថ្ងៃ​នេះ ពួក​អ្នក​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា ដោយ​សង់​ទី​បូជា​ដើម្បី​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា។+ ១៧  តើ​អំពើ​ខុស​ឆ្គង​នៅ​ពេអរ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​យើង​ទេ​ឬ? តើ​ពួក​អ្នកភ្លេច​ទុក្ខ​វេទនា​ដែល​បាន​កើត​ឡើង​ចំពោះ​បណ្ដា​ជន​របស់​ព្រះ​យេហូវ៉ា​ហើយ​ឬ? រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​នៅ​ឡើយ​ទេ។+ ១៨  ឥឡូវ​ពួក​អ្នក​ហ៊ាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ទៀត! បើ​ថ្ងៃ​នេះ​ពួក​អ្នក​ប្រឆាំង​ព្រះ​យេហូវ៉ា នោះ​ថ្ងៃ​ស្អែក​លោក​នឹង​ខឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។+ ១៩  ប្រសិន​បើ​ពួក​អ្នក​គិត​ថា​ទឹក​ដី​របស់​ពួក​អ្នក​មិន​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ទេ ចូរ​ឆ្លង​មក​ទឹក​ដី​របស់​ព្រះ​យេហូវ៉ា+ដែល​មាន​ត្រសាល​នៃ​ព្រះ​យេហូវ៉ា+ ហើយ​មក​រស់​នៅ​ជា​មួយ​នឹង​ពួក​យើង​ចុះ។ ប៉ុន្តែ សូម​កុំ​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា​ឡើយ។ យើង​រាល់​គ្នា​មាន​ទី​បូជា​នៃ​ព្រះ​យេហូវ៉ា​រួច​ហើយ ដូច្នេះ​កុំ​នាំ​ឲ្យ​ពួក​យើង​ជាប់​ឈ្មោះ​ជា​អ្នក​បះ​បោរ​ប្រឆាំង ដោយ​សារ​ពួក​អ្នក​សង់​ទី​បូជា​មួយ​ទៀត។+ ២០  ពេល​ដែល​អេកាន+កូន​ប្រុស​សេរ៉ា​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​លួច​របស់​ដែល​ត្រូវ​បំផ្លាញ​ចោល តើ​ព្រះ​មិន​បាន​ខឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ទេ​ឬ?+ មិន​មែន​តែ​គាត់​ម្នាក់​ទេ​ដែល​ស្លាប់​នោះ តែ​អ្នក​ឯ​ទៀត​ក៏​ស្លាប់​ដោយ​សារ​កំហុស​របស់​គាត់​ដែរ›​»។+ ២១  ពេល​ឮ​ដូច្នោះ កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ បាន​ឆ្លើយ​ទៅ​ពួក​ប្រមុខ​នៃ​ជន​ជាតិ​អ៊ីស្រាអែល*ថា​៖+ ២២  ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ! ព្រះ​យេហូវ៉ា​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ!+ លោក​ដឹង​មូលហេតុ​ដែល​ពួក​យើង​សង់​ទី​បូជា​នោះ ហើយ​ពួក​យើង​ក៏​ចង់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ដែរ។ បើ​ពួក​យើង​បះ​បោរ ហើយ​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា សូម​លោក​កុំ​ទុក​ជីវិត​ឲ្យ​ពួក​យើង​នៅ​ថ្ងៃ​នេះ​ឡើយ។ ២៣  បើ​ពួក​យើង​សង់​ទី​បូជា​នោះ​ដើម្បី​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព នោះ​ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ទោស​ពួក​យើង។+ ២៤  ប៉ុន្តែ មិន​មែន​ដូច្នោះ​ទេ យើង​សង់​ទី​បូជា​នោះ ព្រោះ​យើង​គិត​ថា​៖ ‹នៅ​ថ្ងៃ​មុខ បើ​កូន​ចៅ​ពួក​អ្នក​សួរ​កូន​ចៅ​ពួក​យើង​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ពាក់​ព័ន្ធ​អ្វី​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល? ២៥  ព្រោះ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទន្លេយ៉ូដាន់​ធ្វើ​ជា​ព្រំ​ប្រទល់​ខណ្ឌ​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា​ដែល​ជា​កូន​ចៅ​រូបេន​និង​កូន​ចៅ​កាដ។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ពាក់​ព័ន្ធ​អ្វី​នឹង​ព្រះ​យេហូវ៉ា​ទេ​»។ រួច​មក កូន​ចៅ​របស់​ពួក​អ្នក​នឹង​រា​រាំង​កូន​ចៅ​របស់​ពួក​យើង​មិន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា›។ ២៦  ​«​ម្ល៉ោះ​ហើយ យើង​និយាយ​គ្នា​ថា​៖ ‹ចូរ​យើង​សង់​ទី​បូជា​មួយ មិន​មែន​ដើម្បី​ជូន​គ្រឿង​បូជា​ដុត ឬ​គ្រឿង​បូជា​ផ្សេង​ៗ​ទេ។ ២៧  ប៉ុន្តែ ពួក​យើង​សង់​ទី​បូជា​នោះ​ដើម្បី​ជា​ភ័ស្តុតាង​បញ្ជាក់​រវាង​ពួក​អ្នក​និង​ពួក​យើង+ និង​កូន​ចៅ​ជំនាន់​ក្រោយ​ថា ពួក​យើង​ក៏​មាន​សិទ្ធិ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​នៃ​មេត្រី​ភាព និង​គ្រឿង​បូជា​ផ្សេង​ៗ​ដល់​លោក​ដែរ។+ ដូច្នេះ នៅ​ថ្ងៃ​មុខ កូន​ចៅ​របស់​ពួក​អ្នក​មិន​អាច​និយាយ​មក​កូន​ចៅ​របស់​ពួក​យើង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ពាក់​ព័ន្ធ​នឹង​ព្រះ​យេហូវ៉ា​ទេ​»​›។ ២៨  ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ​គ្នា​ថា​៖ ‹បើ​ថ្ងៃ​ក្រោយ ពួក​គេ​និយាយ​មក​ពួក​យើង​និង​កូន​ចៅ​ពួក​យើង​យ៉ាង​ដូច្នោះ នោះ​ពួក​យើង​នឹង​និយាយ​ថា​៖ ​«​សូម​មើល​ទី​បូជា​ដែល​បុព្វ​បុរស​របស់​យើង​បាន​ធ្វើ​ទុក មាន​រូប​រាង​ដូច​ទី​បូជា​របស់​ព្រះ​យេហូវ៉ា តែ​មិន​មែន​ដើម្បី​ជូន​គ្រឿង​បូជា​ដុត ឬ​គ្រឿង​បូជា​ផ្សេង​ៗ​ទេ។ ទី​បូជា​នេះ​ជា​ភ័ស្តុតាង​បញ្ជាក់​ថា ពួក​យើង​ជា​អ្នក​បម្រើ​ព្រះ​ដូច​ពួក​អ្នក​ដែរ​»​›។ ២៩  ដូច្នេះ មិន​អាច​ទៅ​រួច​ទេ​ដែល​ពួក​យើង​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ហើយ​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា+ ដោយ​សង់​ទី​បូជា​មួយ​ទៀត​ដើម្បី​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ផ្សេង​ៗ ក្រៅ​ពី​ទី​បូជា​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដែល​នៅ​មុខ​ត្រសាល​របស់​លោក!​»។+ ៣០  ពេល​ភីនេហាស​ជា​សង្ឃ និង​ពួក​មេ​ដឹក​នាំ​បណ្ដា​ជន​ដែល​ជា​ប្រមុខ​លើ​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់ បាន​ឮ​ពាក្យ​សម្ដី​របស់​កូន​ចៅ​រូបេន កូន​ចៅ​កាដ និង​កូន​ចៅ​ម៉ាណាសេ នោះ​ពួក​គេ​ក៏​ពេញ​ចិត្ត។+ ៣១  ពេល​នោះ​ភីនេហាស​កូន​ប្រុស​អេលាសារ​ជា​សង្ឃ បាន​និយាយ​ទៅ​កូន​ចៅ​រូបេន កូន​ចៅ​កាដ និង​កូន​ចៅ​ម៉ាណាសេ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ យើង​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យើង​ទាំង​អស់​គ្នា​ពិត​មែន ព្រោះ​ពួក​អ្នក​មិន​បាន​ធ្វើ​អ្វី​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​មិន​ដាក់​ទោស​យើង​ទាំង​អស់​គ្នា​ឡើយ​»។ ៣២  រួច​មក ភីនេហាស​កូន​ប្រុស​អេលាសារ​ដែល​ជា​សង្ឃ​និង​ពួក​មេ​ដឹក​នាំ ក៏​ចាក​ចេញ​ពី​កុលសម្ព័ន្ធ​រូបេន​និង​កុលសម្ព័ន្ធ​កាដ​ក្នុង​ទឹក​ដី​ស្រុក​គីលាត ត្រឡប់​ទៅ​ស្រុក​កាណាន​វិញ។ ពួក​គេ​ក៏​បាន​មក​រាយ​ការណ៍​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត។ ៣៣  បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​ឡាយ​ពេញ​ចិត្ត​ដំណឹង​នោះ។ ពួក​គេ​នាំ​គ្នា​សរសើរ​ព្រះ ហើយ​ឈប់​និយាយ​អំពី​រឿង​ទៅ​ច្បាំង​បំផ្លាញ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ​ទៀត។ ៣៤  ក្រោយ​មក កុលសម្ព័ន្ធ​រូបេន​និង​កុលសម្ព័ន្ធ​កាដ​បាន​ដាក់​ឈ្មោះ​ទី​បូជា*នេះ។ ពួក​គេ​និយាយ​ថា​៖ ​«​ទី​បូជា​នេះ​ជា​សាក្សី​របស់​ពួក​យើង​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ខាង​កើត
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​ពួក​ប្រមុខ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់​»​
តាម​ការ​ពន្យល់ ទី​បូជា​នោះ​ទំនង​ជា​បាន​ត្រូវ​ដាក់​ឈ្មោះ​ថា​សាក្សី