យ៉ូស្វេ ២៣:១-១៦

  • យ៉ូស្វេ​ផ្ដែ​ផ្ដាំ​ពួក​មេ​ដឹក​នាំ​របស់​អ៊ីស្រាអែល (​១​-​១៦)

    • គ្មាន​ប្រសាសន៍​ណា​មួយ​របស់​ព្រះ​យេហូវ៉ា​ដែល​មិន​កើត​ឡើង​ឡើយ (​១៤)

២៣  អស់​ជា​ច្រើន​ឆ្នាំ ព្រះ​យេហូវ៉ា​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​សេចក្ដី​សុខ​ក្សេម​ក្សាន្ត+ ដោយ​គ្មាន​ការ​វាយ​ប្រហារ​ពី​សត្រូវ​ជិត​ខាង​ទាំង​អស់។ រីឯ​យ៉ូស្វេ គាត់​មាន​អាយុ​ច្រើន​ហើយ។+ ២  យ៉ូស្វេ​បាន​ហៅ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់+ឲ្យ​មក​ជួប​គាត់ ពោល​គឺ​ពួក​បុរស​ចាស់​ទុំ ពួក​មេ​ដឹក​នាំ ពួក​អ្នក​សម្រេច​ក្ដី និង​ពួក​មន្ត្រី។+ គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​កាន់​តែ​ចាស់ ហើយ​អាយុ​ក៏​ច្រើន​ណាស់​ដែរ។ ៣  អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​គ្រប់​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ទៅ​លើ​ប្រជា​ជាតិ​ទាំង​អស់​នោះ​ដើម្បី​អ្នក​រាល់​គ្នា គឺ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​ច្បាំង​ដើម្បី​អ្នក​រាល់​គ្នា។+ ៤  មើល! ខ្ញុំ​បាន​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា+តាម​កុលសម្ព័ន្ធ​នីមួយ​ៗ គឺ​ទឹក​ដី​របស់​ប្រជា​ជាតិ​ដែល​ខ្ញុំ​បាន​ច្បាំង​ដណ្ដើម​យក+ និង​ទឹក​ដី​របស់​ប្រជា​ជាតិ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ច្បាំង​ដណ្ដើម​យក+ ចាប់​ពី​ទន្លេយ៉ូដាន់​រហូត​ដល់​ខាង​លិច​សមុទ្រ​ធំ។* ៥  ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា លោក​ជា​អ្នក​ដែល​បាន​កម្ចាត់​កម្ចាយ​ប្រជា​ជាតិ​នា​នា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា+ ហើយ​លោក​បណ្ដេញ​ពួក​គេ​ដើម្បី​អ្នក​រាល់​គ្នា។ រួច​មក អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​យក​ទឹក​ដី​របស់​ពួក​គេ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។+ ៦  ​«​ឥឡូវ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​អ្វី​ទាំង​អស់​ដែលបាន​កត់ទុក​ក្នុង​សៀវភៅ​ច្បាប់+ម៉ូសេ។ កុំ​បំពាន​លើ​ច្បាប់​នោះ​ឲ្យ​សោះ+ ៧  និង​កុំ​សេពគប់​ប្រជា​ជាតិ​នា​នា+ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ កុំ​បម្រើ​ឬ​លំឱន​កាយគោរព​ព្រះ​របស់​ពួក​គេ​ឡើយ+ សូម្បី​តែ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ក៏​អ្នក​រាល់​គ្នាមិន​ត្រូវ​និយាយ+ ឬ​ស្បថ​ដោយ​នូវ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ដែរ។ ៨  ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា+ ដូច​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​នឹង​លោក​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៩  ព្រះ​យេហូវ៉ា​នឹង​បណ្ដេញ​ប្រជា​ជាតិ​ផ្សេង​ៗ​ដែល​មាន​អំណាច​ខ្លាំង​ក្លា ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។+ រហូត​មក​ដល់​ពេល​នេះ គ្មាន​អ្នក​ណា​អាច​ច្បាំង​ឈ្នះ​អ្នក​រាល់​គ្នា​ទេ។+ ១០  សូម្បី​តែ​ម្នាក់​ពី​ចំណោម​អ្នក​រាល់​គ្នា ក៏​អាច​ដេញ​មនុស្ស​១.០០០​នាក់​បាន​ដែរ+ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ច្បាំង​ដើម្បី​អ្នក​រាល់​គ្នា+ ដូច​លោក​បាន​សន្យា។+ ១១  អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា+ ព្រោះ​ការ​ធ្វើ​ដូច្នេះ​នឹង​ការ​ពារ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​និច្ច។+ ១២  ​«​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​លោក ហើយ​លាយ​ឡំ​ខ្លួន*ជា​មួយ​នឹង​ប្រជា​ជាតិ​នា​នា​ដែល​នៅ​សល់+ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​រៀប​ការ+ជា​មួយ​នឹង​ពួក​គេ ហើយ​ទៅ​សេព​គប់​ពួក​គេ ១៣  អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ទុក​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​មិន​បណ្ដេញ​ប្រជា​ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។+ ពួក​គេ​នឹង​ដូច​ជា​អន្ទាក់​ឬ​អង្គប់​សម្រាប់​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​ដូច​ជារំពាត់​វាយ​ខ្នង+ និង​ដូច​ជា​បន្លា​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​បាត់​ពី​ទឹក​ដី​ដ៏​ល្អ​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​រាល់​គ្នា។ ១៤  ​«​មើល! ខ្ញុំ​ជិត​ស្លាប់​ហើយ។ ឯ​អ្នក​រាល់​គ្នា​ក៏​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា សេចក្ដី​សន្យា​ដ៏​ប្រសើរ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​រាល់​គ្នា គ្មាន​ប្រសាសន៍​ណា​មួយ​ដែល​មិន​កើត​ឡើង​ឡើយ។ សេចក្ដី​សន្យា​ទាំង​អស់​បាន​សម្រេច គ្មាន​ពាក្យ​ណា​មួយ​ដែល​មិន​ក្លាយ​ជា​ការ​ពិត​ទេ។+ ១៥  បើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ទាំង​អស់ ដែល​លោក​បាន​មាន​ប្រសាសន៍​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​បាន+ ព្រះ​យេហូវ៉ា​ក៏​នឹង​ធ្វើ​ឲ្យ​កើត​មាន​ទុក្ខ​វេទនា​មក​លើ​អ្នក​រាល់​គ្នា​ដូច​លោក​បាន​សន្យា​ដែរ ហើយ​បំផ្លាញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ ១៦  បើ​អ្នក​រាល់​គ្នា​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​តាម ហើយ​ទៅ​បម្រើ​និង​លំឱន​កាយ​គោរព​ព្រះ​ដទៃ នោះ​ព្រះ​យេហូវ៉ា​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង+ ហើយ​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទៅ​យ៉ាង​ឆាប់​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​លោក​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ
ន័យ​ត្រង់​«​ហើយ​ភ្ជាប់​ខ្លួន​»​