យ៉ូស្វេ ៣:១-១៧

  • បណ្ដា​ជន​អ៊ីស្រាអែល​ឆ្លង​ទន្លេយ៉ូដាន់ (​១​-​១៧)

 ក្រោយ​មក យ៉ូស្វេ​ក្រោក​ពី​ព្រលឹម។ គាត់​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ចាក​ចេញ​ពី​ស៊ីទីម+ ហើយ​មក​ដល់​ទន្លេយ៉ូដាន់។ ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ទី​នោះ​មុន​នឹង​ឆ្លង​ទន្លេ។ ២  បី​ថ្ងៃ​កន្លង​ផុត​ទៅ ពួក​មេ​បណ្ដា​ជន+បាន​ទៅ​ជំរំ​ទាំង​មូល ៣  ហើយ​បញ្ជា​បណ្ដា​ជន​ថា​៖ ​«​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពួក​សង្ឃ​លេវី​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា+ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហឹប​នោះ​ទៅ។ ៤  ប៉ុន្តែ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ហឹប​នោះ​ប្រហែល​២.០០០​ហត្ថ* ហើយ​មិន​ត្រូវ​ចូល​ទៅ​ជិត​ជាង​នេះ​ឡើយ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​អាច​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ទៅ ព្រោះ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ពី​មុន​ទេ​»។ ៥  យ៉ូស្វេ​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន*+ ព្រោះ​នៅ​ថ្ងៃ​ស្អែក​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​»។+ ៦  រួច​មក យ៉ូស្វេ​និយាយ​ទៅ​កាន់​ពួក​សង្ឃ​ថា​៖ ​«​ចូរ​សែង​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង ហើយ​ដើរ​នាំ​មុខ​បណ្ដា​ជន​»។ ដូច្នេះ ពួក​គេ​ក៏​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ហើយ​ដើរ​នាំ​មុខ​បណ្ដា​ជន។ ៧  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ​«​ថ្ងៃ​នេះ ខ្ញុំ​នឹង​តម្កើង​អ្នក​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់+ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក+ ដូច​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ។+ ៨  អ្នក​ត្រូវ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​ថា​៖ ‹ពេល​ពួក​អ្នក​ទៅ​ដល់​មាត់​ទន្លេ​យ៉ូដាន់ ពួក​អ្នក​ត្រូវ​ដើរ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​នោះ›​»។+ ៩  រួច​យ៉ូស្វេ​និយាយ​ទៅ​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​មក​ទី​នេះ ហើយ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។ ១០  បន្ទាប់​មក យ៉ូស្វេ​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ គឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​លោក​នឹង​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ហេវី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​កឺកាស៊ី ជន​ជាតិ​អាម៉ូរី និង​ជន​ជាតិ​យេប៊ូស ឲ្យ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។+ ១១  មើល! ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ម្ចាស់​ផែនដី​ទាំង​មូល នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ៉ូដាន់។ ១២  ឥឡូវ ចូរ​ជ្រើស​រើស​បុរស​១២​នាក់​ពី​កុលសម្ព័ន្ធ​ផ្សេង​ៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​យក​ម្នាក់​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ។+ ១៣  រួច​កាល​ណា​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ផែនដី​ទាំង​មូល ដាក់​ជើង​ចូល​ទៅ​ក្នុង​ទឹក​ទន្លេយ៉ូដាន់​ភ្លាម នោះ​ទឹក​ទន្លេ​ដែល​ហូរ​មក​ពី​លើ​នឹង​ឈប់ ហើយ​នៅ​នឹង​ថ្កល់ មើល​ទៅ​ដូច​ជា​ជញ្ជាំង​»។+ ១៤  ដូច្នេះ ពេល​ដែល​បណ្ដា​ជន​ចាក​ចេញ​ពី​ត្រសាល ហៀបនឹង​ឆ្លង​ទន្លេយ៉ូដាន់ ពួក​សង្ឃ​ដែល​សែង​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង បាន​ដើរ​នាំ​មុខ​ពួក​គេ។ ១៥  កាល​ពួក​សង្ឃ​ដែល​សែង​ហឹប​បាន​មក​ដល់​ទន្លេ​យ៉ូដាន់ ហើយ​ឈាន​ជើង​ចូល​មាត់​ទន្លេ (​ទឹក​ទន្លេ​យ៉ូដាន់​តែង​ឡើង​លិច​ច្រាំង​ទន្លេ+ពេញ​មួយ​រដូវ​ច្រូត​កាត់​) ១៦  ភ្លាម​នោះ ទឹក​ទន្លេ​ដែល​ហូរ​មក​ពី​លើ​ក៏​ឈប់ ហើយ​ច្រាល​ឡើង​ដូច​ជា​ជញ្ជាំង​ដែល​នៅ​ឆ្ងាយ​ពី​ពួក​គេ គឺ​ឈប់​នៅ​ត្រង់​ក្រុង​អាដាម​ជា​ក្រុង​ដែល​នៅ​ជិត​សារីថាន។ ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រ​អារ៉ាបា​គឺ​សមុទ្រ​អំបិល* ក៏​ហូរ​រីង​អស់​ទៅ។ រួច​មក បណ្ដា​ជន​ក៏​នាំ​គ្នា​ដើរ​ឆ្លង​ទន្លេយ៉ូដាន់​នៅ​ខាង​មុខ​ក្រុង​យេរីខូ។ ១៧  ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា បាន​បន្ត​ឈរ​លើ​ដី​ស្ងួត+នៅ​កណ្ដាល​ទន្លេយ៉ូដាន់ រហូត​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​ដើរ​ឆ្លង​ផុត​ទន្លេយ៉ូដាន់។+

កំណត់សម្គាល់

ប្រហែល​ជា​៨៩០​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​»​
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់