យ៉ូស្វេ ៤:១-២៤

  • ថ្ម​ទុក​ជា​សេចក្ដី​រំលឹក (​១​-​២៤)

 ក្រោយ​ពី​ប្រជា​ជាតិ​ទាំង​មូល​ដើរ​ឆ្លង​ផុត​ទន្លេ​យ៉ូដាន់​ភ្លាម ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ២  ​«​ចូរ​ហៅ​បុរស​១២​នាក់​ដែល​បាន​ជ្រើស​រើស​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ​មក+ ៣  ហើយ​បង្គាប់​ពួក​គេ​ថា​៖ ‹ចូរ​យក​ថ្ម​១២​ដុំ​ពី​កណ្ដាល​ទន្លេយ៉ូដាន់​ត្រង់​កន្លែង​ដែល​ពួក​សង្ឃ​ឈរ+ រួច​លី​ថ្ម​ទាំង​នោះ​ដើរ​ឆ្លង​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​នឹង​ស្នាក់​នៅ​នា​ពេល​យប់›​»។+ ៤  ដូច្នេះ យ៉ូស្វេ​ហៅ​បុរស​១២​នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​មក ៥  ហើយ​គាត់​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ដើរ​ទៅ​កណ្ដាល​ទន្លេយ៉ូដាន់​ខាង​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​លី​ថ្ម​ម្នាក់​មួយ​ដុំ​មក តាម​កុលសម្ព័ន្ធ​រៀង​ៗ​ខ្លួន។ ៦  ថ្ម​ទាំង​នេះ​នឹង​រំលឹក​អ្នក​រាល់​គ្នា​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា។ បើ​នៅ​ថ្ងៃ​មុខ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា​៖ ‹ហេតុ​អ្វី​មាន​ថ្ម​ទាំង​នេះ?›+ ៧  នោះ​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រោះ​ទឹក​ទន្លេយ៉ូដាន់​បាន​ឈប់​ហូរ​នៅ​មុខ​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា។ ពេល​សង្ឃ​ដែល​សែង​ហឹប​នោះ​ឆ្លង​ទន្លេ​យ៉ូដាន់ ទឹក​ទន្លេ​បាន​ឈប់​ទ្រឹង។ ថ្ម​ទាំង​នេះ​នឹង​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ជា​រៀង​រហូត›​»។+ ៨  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​របស់​យ៉ូស្វេ។ ពួក​គេ​បាន​យក​ថ្ម​១២​ដុំ​ពី​កណ្ដាល​ទន្លេយ៉ូដាន់ តាម​ចំនួន​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​យ៉ូស្វេ។ ពួក​គេ​បាន​លី​ថ្ម​ទាំង​នោះ​ទៅ​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ​នា​ពេល​យប់ ហើយ​ដាក់​នៅ​ទី​នោះ។ ៩  ម្យ៉ាង​ទៀត យ៉ូស្វេ​បាន​ដាំ​ថ្ម​១២​ដុំ​នៅ​កណ្ដាល​ទន្លេយ៉ូដាន់ ត្រង់​កន្លែង​ដែល​ពួក​សង្ឃ​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​ឈរ។+ ថ្ម​ទាំង​នោះ​បាន​នៅ​ទី​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១០  ពួក​បណ្ដា​ជន​ប្រញាប់​នាំ​គ្នា​ឆ្លង​ទន្លេ​យ៉ូដាន់ កាល​ដែល​ពួក​សង្ឃ​សែង​ហឹប​បន្ត​ឈរ​នៅ​កណ្ដាល​ទន្លេ។ ពួក​សង្ឃ​នៅ​ឈរ​ទី​នោះ​រហូត​ដល់​ពួក​គេ​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​យ៉ូស្វេ ហើយ​បាន​ធ្វើ​អ្វី​ដែល​ម៉ូសេ​បាន​បង្គាប់​យ៉ូស្វេ​ដែរ។ ១១  ក្រោយ​ពី​ពួក​បណ្ដា​ជន​បាន​ឆ្លង​ផុត​ទាំង​អស់​គ្នា​ភ្លាម ពួក​សង្ឃ​ដែល​សែង​ហឹប​របស់​ព្រះ​យេហូវ៉ា ក៏​ដើរ​ឆ្លង​ទន្លេ​ដែរ ហើយ​ពួក​បណ្ដា​ជន​កំពុង​មើល។+ ១២  កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ បាន​នាំ​គ្នា​ដើរ​ជា​ក្បួន​ទ័ព+នាំ​មុខ​ពួក​បណ្ដា​ជន​អ៊ីស្រាអែល​ឆ្លង​ទន្លេ ដូច​ដែល​ម៉ូសេ​បាន​បង្គាប់។+ ១៣  ពួក​ទាហាន​ប្រមាណ​៤០.០០០​នាក់​ប្រដាប់​ដោយ​គ្រឿង​ចម្បាំង បាន​ឆ្លង​ទន្លេ​នោះ​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​យេរីខូ ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ។ ១៤  នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​តម្កើង​យ៉ូស្វេ​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់+ ហើយ​ពួក​គេ​គោរព​គាត់​យ៉ាង​ជ្រាល​ជ្រៅ​រហូត​អស់​មួយ​ជីវិត​របស់​គាត់ ដូច​ដែល​ពួក​គេ​ធ្លាប់​គោរព​ម៉ូសេ​យ៉ាង​ជ្រាល​ជ្រៅ​ដែរ។+ ១៥  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ១៦  ​«​ចូរ​បញ្ជា​ពួក​សង្ឃ​ដែល​សែង​ហឹប+នៃ​សេចក្ដី​រំលឹក* ឲ្យ​ដើរ​ឆ្លង​ទន្លេយ៉ូដាន់​ចេញ​មក​»។ ១៧  ម្ល៉ោះ​ហើយ យ៉ូស្វេ​បញ្ជា​ពួក​សង្ឃ​ថា​៖ ​«​ចូរ​ដើរ​ឆ្លង​ទន្លេយ៉ូដាន់​ចេញ​មក​»។ ១៨  ពេល​ពួក​សង្ឃ​ដែល​សែង​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា ដើរ​ឆ្លង​ពី​កណ្ដាល​ទន្លេយ៉ូដាន់​មក​ជាន់​មាត់​ច្រាំង​ភ្លាម ទឹក​ទន្លេ​យ៉ូដាន់​ក៏​ចាប់​ផ្ដើម​ហូរ រហូត​ដល់​លិច​ច្រាំង​ទន្លេ+ដូច​ដើម​វិញ។ ១៩  នៅ​ថ្ងៃ​ទី​១០ ខែ​ទី​១ បណ្ដា​ជន​បាន​ឆ្លង​ទន្លេ​យ៉ូដាន់ ហើយ​ពួក​គេ​បាន​បោះ​ជំរំ​នៅ​ឯ​ក្រុង​គីលកាល+ ដែល​ស្ថិត​នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។ ២០  ចំណែក​ឯ​ថ្ម​១២​ដុំ​ដែល​ពួក​គេ​បាន​យក​ពី​ទន្លេយ៉ូដាន់ យ៉ូស្វេ​បាន​យក​ទៅ​ដាំ​នៅ​ក្រុង​គីលកាល។+ ២១  រួច​មក គាត់​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​នៅ​ថ្ងៃ​មុខ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា​៖ ‹តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?›+ ២២  នោះ​អ្នក​រាល់​គ្នា​ត្រូវ​ពន្យល់​ថា​៖ ‹ជន​ជាតិ​អ៊ីស្រាអែល​បាន​ដើរ​ឆ្លង​លើ​ដី​ស្ងួត​ក្នុង​ទន្លេ​យ៉ូដាន់+ ២៣  ពេល​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ទន្លេ​យ៉ូដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​គេ រហូត​ដល់​ពួក​គេ​ឆ្លង​ផុត​ទន្លេ​នោះ ដូច​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​សមុទ្រក្រហម​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​យើង រហូត​ដល់​ពួក​យើង​ឆ្លង​ផុត​ដែរ។+ ២៤  ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដឹង​ថា លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ណាស់+ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ›​»។

កំណត់សម្គាល់

ឬ​«​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​»​