យ៉ូស្វេ ៥:១-១៥

  • ការ​កាត់​ចុង​ស្បែក​នៅ​ក្រុង​គីលកាល (​១​-​៩)

  • ការ​ធ្វើ​បុណ្យ​រំលង និង​នំ​ម៉ាណា​លែង​មាន​ទៀត (​១០​-​១២)

  • មេ​ទ័ព​របស់​ព្រះ​យេហូវ៉ា (​១៣​-​១៥)

 ស្ដេច​ទាំង​អស់​របស់​ជន​ជាតិ​អាម៉ូរី+ដែល​នៅ​ខាង​លិច​ទន្លេ​យ៉ូដាន់ និង​ស្ដេច​ទាំង​អស់​របស់​ជន​ជាតិ​កាណាន+ដែល​នៅ​ជិត​សមុទ្រ បាន​បាត់​បង់​ចិត្ត​ក្លាហាន ហើយ​គ្រប់​គ្នា​តាំង​ភ័យ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល ពេល​ឮ​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេយ៉ូដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល រហូត​ដល់​ពួក​គេ​ឆ្លង​ផុត​ទន្លេ​នោះ។+ ២  នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ​«​ចូរ​អ្នក​យក​ថ្ម​សំលៀង​ធ្វើ​ជា​កាំបិត ហើយ​កាត់​ចុង​ស្បែក+បុរស​ជន​ជាតិ​អ៊ីស្រាអែល​ជា​លើក​ទី​២​»។ ៣  លុះ​ធ្វើ​កាំបិត​រួច យ៉ូស្វេ​ក៏​យក​កាំបិត​នោះ​ទៅ​កាត់​ចុង​ស្បែក​បុរស​ជន​ជាតិ​អ៊ីស្រាអែល នៅ​គីបៀតហារ៉ាឡុត។*+ ៤  មូលហេតុ​ដែល​យ៉ូស្វេ​កាត់​ចុង​ស្បែក​ពួក​គេ មាន​ដូច​ត​ទៅ​៖ ពួក​បុរស​ចម្បាំង*ទាំង​អស់​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប បាន​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ។+ ៥  បុរស​ទាំង​អស់​នោះ​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប បាន​ត្រូវ​កាត់​ចុង​ស្បែក​រួច​ហើយ។ ប៉ុន្តែ ពួក​អ្នក​ដែល​កើត​នៅ​តំបន់​ស្ងាត់​ជ្រងំ​មិន​ទាន់​កាត់​ចុង​ស្បែក​ទេ។ ៦  ជន​ជាតិ​អ៊ីស្រាអែល​បាន​ដើរ​អស់​៤០​ឆ្នាំ+ក្នុង​តំបន់​ស្ងាត់​ជ្រងំ រហូត​ដល់​ប្រជា​ជាតិ​ទាំង​មូល​បាន​ស្លាប់​អស់ គឺ​ពួក​បុរស​ចម្បាំង​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ក្រោយ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​គេ​ថា លោក​មិន​ឲ្យ​ពួក​គេ​ឃើញ​ស្រុក+ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​រាស្ត្រ​របស់​លោក*+ គឺ​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ច្រើន​ហូរហៀរ។+ ៧  ដូច្នេះ លោក​បាន​នាំ​កូន​ៗ​របស់​ពួក​គេ​ចូល​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ​វិញ+ គឺ​កូន​ៗ​ទាំង​នេះ​ហើយ​ដែល​យ៉ូស្វេ​បាន​កាត់​ចុង​ស្បែក​ឲ្យ ពី​ព្រោះ​អំឡុង​ពេល​ធ្វើ​ដំណើរ​ពួក​គេ​មិន​ទាន់​បាន​កាត់​ចុង​ស្បែក​នៅ​ឡើយ​ទេ។ ៨  ពេល​ប្រជា​ជាតិ​ទាំង​មូល​បាន​ត្រូវ​កាត់​ចុង​ស្បែក​រួច​រាល់​ហើយ ពួក​គេ​បន្ត​នៅ​ក្នុង​ជំរំ រហូត​ទាល់​តែ​បាន​ជា​សះ​ស្បើយ​ឡើង​វិញ។ ៩  រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ​«​ថ្ងៃ​នេះ ខ្ញុំ​បាន​ដក​ការ​តិះ​ដៀល​របស់​ជន​ជាតិ​អេហ្ស៊ីប​ចេញ​ពី​អ្នក​រាល់​គ្នា​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា​ក្រុង​គីលកាល*+ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១០  ជន​ជាតិ​អ៊ីស្រាអែល​បន្ត​នៅ​ក្នុង​ជំរំ​នៅ​ឯ​គីលកាល​ត្រង់​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​យេរីខូ ហើយ​ពួក​គេ​បាន​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤​នៃ​ខែ​នោះ​ឯង។+ ១១  នៅ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​រំលង គឺ​នៅ​ថ្ងៃ​នោះ​ឯង ពួក​គេ​បរិ​ភោគ​នំ​ប៉័ង​ឥត​ដំបែ+ និង​លាជ ដែល​ជា​ភោគ​ផល​របស់​ស្រុក​កាណាន។ ១២  តាំង​ពី​ថ្ងៃ​នោះ​មក នំ​ម៉ាណា​លែង​មាន​ទៀត។ ជន​ជាតិ​អ៊ីស្រាអែល​មិន​មាន​នំ​ម៉ាណា​បរិភោគ​ទៀត​ទេ។+ ដូច្នេះ​នៅ​ឆ្នាំ​នោះ ពួក​គេ​ចាប់​ផ្ដើម​បរិភោគ​ភោគ​ផល​របស់​ស្រុក​កាណាន​វិញ។+ ១៣  នៅ​ថ្ងៃ​មួយ ពេល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ គាត់​ងើប​មុខ​ទៅ​ឃើញ​បុរស​ម្នាក់+កំពុង​ឈរ​កាន់​ដាវ។+ យ៉ូស្វេ​ដើរ​ទៅ​ជិត​បុរស​នោះ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​នៅ​ខាង​យើង ឬ​នៅ​ខាង​សត្រូវ​របស់​យើង?​»។ ១៤  បុរស​នោះ​ឆ្លើយ​ថា​៖ ​«​ទេ ខ្ញុំ​មក​ក្នុង​នាម​ជា​មេ​ទ័ព​របស់​ព្រះ​យេហូវ៉ា​»។+ ពេល​យ៉ូស្វេ​ឮ​ដូច្នោះ គាត់​ក្រាប​ខ្លួន​ដល់​ដី​បង្ហាញ​ការ​គោរព ហើយ​និយាយ​ថា​៖ ​«​តើ​លោក​ម្ចាស់​មាន​អ្វី​ចង់​ប្រាប់​ខ្ញុំ​ជា​អ្នក​បម្រើ​ទេ?​»។ ១៥  មេ​ទ័ព​របស់​ព្រះ​យេហូវ៉ា​តប​ទៅ​យ៉ូស្វេ​ថា​៖ ​«​ចូរ​ដោះ​ស្បែក​ជើង​ចេញ ព្រោះ​កន្លែង​ដែល​អ្នក​ឈរ​គឺ​បរិសុទ្ធ​»។ យ៉ូស្វេ​ក៏​ប្រញាប់​ដោះ​ស្បែក​ជើង​ចេញ។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​ទួល​នៃ​ចុង​ស្បែក​»​
ឬ​«​ពួក​បុរស​ដែល​គ្រប់​អាយុ​ចូល​បម្រើ​កង​ទ័ព​»​
ន័យ​ត្រង់​«​ឲ្យ​យើង​»​
មាន​ន័យ​ថា​«​ប្រមៀល​ចេញ​ឆ្ងាយ​»​