យ៉ូស្វេ ៦:១-២៧

  • កំពែង​ក្រុង​យេរីខូ​ដួល​រលំ (​១​-​២១)

  • រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​នាង​បាន​រួច​ជីវិត (​២២​-​២៧)

 ចំណែក​នៅ​ក្រុង​យេរីខូ​វិញ ទ្វារ​ក្រុង​បាន​ត្រូវ​បិទ​យ៉ាង​ជាប់ មិន​មាន​អ្នក​ណា​ចេញ​ចូល​ក្រុង​នោះ​ឡើយ ដោយ​សារ​តែ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល។+ ២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ​«​មើល! ខ្ញុំ​បាន​ប្រគល់​ក្រុង​យេរីខូ ពួក​ទាហាន​ខ្លាំង​ក្លា និង​ស្ដេច​នៃ​ក្រុង​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។+ ៣  ចូរ​ឲ្យ​ពួក​អ្នក​ចម្បាំង​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដើរ​ជុំ​វិញ​ក្រុង​នោះ​រយៈ​ពេល​៦​ថ្ងៃ គឺ​មួយ​ថ្ងៃ​ដើរ​មួយ​ជុំ។ ៤  ចូរ​ចាត់​សង្ឃ​៧​នាក់​ឲ្យ​ដើរ​ខាង​មុខ​ហឹប ទាំង​កាន់​ស្នែង​ចៀម​ឈ្មោល​ម្នាក់​មួយ​ៗ។ លុះ​ដល់​ថ្ងៃ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំ​វិញ​ក្រុង​នោះ​៧​ជុំ ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ស្នែង។+ ៥  ពេល​ឮ​សំឡេង​ផ្លុំ​ស្នែង​ភ្លាម ចូរ​ឲ្យ​កង​ទ័ព​ទាំង​អស់​ស្រែក​សម្រែក​សង្គ្រាម​យ៉ាង​ខ្លាំង នោះ​កំពែង​ក្រុង​នឹង​ដួល​រលំ+ រួច​ឲ្យ​ពួក​គេ​សម្រុក​ចូល​ក្រុង​នោះ​តាម​ខាង​រៀង​ៗ​ខ្លួន​»។ ៦  ដូច្នេះ យ៉ូស្វេ​ជា​កូន​ប្រុស​នុន​បាន​ហៅ​ពួក​សង្ឃ​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ហើយ​សង្ឃ​៧​នាក់​ត្រូវ​ដើរ​ខាង​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា ទាំង​កាន់​ស្នែង​ចៀម​ឈ្មោល​ម្នាក់​មួយ​ៗ​»។+ ៧  បន្ទាប់​មក យ៉ូស្វេ​ប្រាប់​កង​ទ័ព​ថា​៖ ​«​ចូរ​ដើរ​ជា​ក្បួន​ជុំ​វិញ​ក្រុង​នោះ។ កង​ទ័ព​ដែល​កាន់​គ្រឿង​ចម្បាំង+ត្រូវ​ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា​»។ ៨  ក្រោយ​ពី​យ៉ូស្វេ​បាន​បង្គាប់​កង​ទ័ព​រួច​ស្រេច​បាច់ សង្ឃ​៧​នាក់​ដែល​កាន់​ស្នែង​ម្នាក់​មួយ​ៗ​ក៏​ដើរ​បណ្ដើរ​ផ្លុំ​ស្នែង​បណ្ដើរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ហើយ​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ដើរ​តាម​ក្រោយ​ពួក​គេ។ ៩  ចំណែក​កង​ទ័ព​កាន់​គ្រឿង​ចម្បាំង​បាន​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ស្នែង ហើយ​មាន​កង​ទ័ព​ដើរ​ការ​ពារ​ពី​ក្រោយ​ហឹប ខណៈ​ដែល​ពួក​សង្ឃ​ផ្លុំ​ស្នែង​ឥត​ឈប់។ ១០  មិន​ត្រឹម​តែ​ប៉ុណ្ណោះ យ៉ូស្វេ​បាន​បញ្ជា​កង​ទ័ព​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្រែក​ឬ​បញ្ចេញ​សំឡេង​ឡើយ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​និយាយ​អ្វី​ទាល់​តែ​សោះ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ប្រាប់​ថា​៖ ‹ចូរ​ស្រែក!› នោះ​សឹម​ស្រែក​ចុះ​»។ ១១  យ៉ូស្វេ​បាន​ឲ្យ​ពួក​សង្ឃ​សែង​ហឹប​នៃ​ព្រះ​យេហូវ៉ា​ដើរ​ជុំ​វិញ​ក្រុង​នោះ​មួយ​ជុំ។ រួច​មក ពួក​គេ​វិល​ត្រឡប់​មក​ជំរំវិញ ហើយ​សម្រាក​នៅ​ទី​នោះ​នា​ពេល​យប់។ ១២  លុះ​ថ្ងៃ​បន្ទាប់ យ៉ូស្វេ​បាន​ក្រោក​ពី​ព្រលឹម។ ពួក​សង្ឃ​បាន​យក​ហឹប+នៃ​ព្រះ​យេហូវ៉ា ១៣  ហើយ​សង្ឃ​៧​នាក់​ផ្លុំ​ស្នែង​ឥត​ឈប់​ដើរ​ខាង​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា មាន​ទាំង​កង​ទ័ព​កាន់​គ្រឿង​ចម្បាំង​ដើរ​ខាង​មុខ​ពួក​គេ មាន​ទាំង​កង​ទ័ព​ដើរ​ការ​ពារ​ពី​ក្រោយ​ហឹប​នៃ​ព្រះ​យេហូវ៉ា។ ១៤  នៅ​ថ្ងៃ​ទី​២ ពួក​គេ​បាន​ដើរ​ជុំ​វិញ​ក្រុង​នោះ​មួយ​ជុំ រួច​ពួក​គេ​វិល​មក​ជំរំវិញ។ ពួក​គេ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​៦​ថ្ងៃ។+ ១៥  នៅ​ថ្ងៃ​ទី​៧ ពួក​គេ​បាន​ក្រោក​ពី​ព្រលឹម ហើយ​ពួក​គេ​ដើរ​ជុំ​វិញ​ក្រុង​នោះ​៧​ជុំ។ គឺ​នៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​ដែល​ពួក​គេ​ដើរ​ជុំ​វិញ​ក្រុង​៧​ជុំ។+ ១៦  លុះ​ដល់​ជុំ​ទី​៧ ពេល​ពួក​សង្ឃ​ផ្លុំ​ស្នែង យ៉ូស្វេ​បង្គាប់​កង​ទ័ព​ថា​៖ ​«​ចូរ​ស្រែក​ឡើង+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ក្រុង​នេះ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ! ១៧  ចូរ​បំផ្លាញ​ក្រុង​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​ក្រុង​នេះ​ចោល។+ អ្វី​ៗ​ទាំង​អស់​នោះ​ជា​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ចូរ​ទុក​ជីវិត​ឲ្យ​រ៉ាហាប+ជា​ស្ត្រី​ពេស្យា និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​នាង ព្រោះ​នាង​បាន​ជួយ​លាក់​ពួក​អ្នក​ស៊ើបការណ៍​របស់​យើង។+ ១៨  ម្យ៉ាង​ទៀត កុំ​ចូល​ទៅ​ជិត​របស់​ដែល​ព្រះ​បង្គាប់​ឲ្យ​បំផ្លាញ​ចោល​ឡើយ+ ក្រែង​លោ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ចង់​បាន​របស់​ណា​មួយ ហើយ​យក​របស់​នោះ។+ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​នាំ​អន្តរាយ​មក​លើ​ជំរំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បំផ្លាញ​ចោល​ដែរ។+ ១៩  ប៉ុន្តែ ប្រាក់​ទាំង​អស់​និង​មាស​ទាំង​អស់ ព្រម​ទាំង​គ្រឿង​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​ស្ពាន់​និង​ដែក ជា​អ្វី​ដែល​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា។+ ចូរ​យក​អ្វី​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ឃ្លាំង​ទ្រព្យ​នៅ​ត្រសាល​របស់​ព្រះ​យេហូវ៉ា​»។+ ២០  រួច​មក ពេល​ឮ​សំឡេង​ផ្លុំ​ស្នែង កង​ទ័ព​បាន​ស្រែក​សម្រែក​សង្គ្រាម​យ៉ាង​ខ្លាំង។+ ពេល​ដែល​ពួក​គេ​ស្រែក​ឡើង​ភ្លាម កំពែង​ក្រុង​ក៏​ដួល​រលំ​ទៅ។+ រួច​ពួក​គេ​សម្រុក​ចូល​ក្រុង​តាម​ខាង​រៀង​ៗ​ខ្លួន ហើយ​ចាប់​យក​ក្រុង​នោះ។ ២១  ពួក​គេ​បាន​បំផ្លាញ​អ្វី​ៗ​ទាំង​អស់​ក្នុង​ក្រុង​នោះ​ដោយ​ដាវ។ ពួក​គេ​សម្លាប់​ទាំង​ចាស់​ទាំង​ក្មេង ទាំង​ប្រុស​ទាំង​ស្រី ថែម​ទាំង​សត្វ​គោ​ឈ្មោល សត្វ​ចៀម និង​សត្វ​លា​ផង​ដែរ។+ ២២  យ៉ូស្វេ​និយាយ​ទៅ​បុរស​ពីរ​នាក់​ដែល​បាន​ទៅ​ស៊ើបការណ៍​នៅ​ស្រុក​នោះ​ថា​៖ ​«​ចូរ​ទៅ​ផ្ទះ​របស់​ស្ត្រី​ពេស្យា​នោះ ហើយ​នាំ​នាង​និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​នាង​មក ដូច​ដែល​ពួក​អ្នក​បាន​ស្បថ​នឹង​នាង​»។+ ២៣  ដូច្នេះ យុវជន​ស៊ើបការណ៍​ពីរ​នាក់​នោះ​បាន​ទៅ​ផ្ទះ​រ៉ាហាប ហើយ​នាំ​នាង ឪពុក​ម្ដាយ​នាង បង​ប្អូន​នាង និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​នាង​ចេញ​ពី​ក្រុង​នោះ​ដោយ​សុវត្ថិភាព។ ពួក​គេ​នាំ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​នាង+ទៅ​កន្លែង​មួយ​ដែល​នៅ​ខាង​ក្រៅ​ជំរំ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ២៤  បន្ទាប់​មក ពួក​អ៊ីស្រាអែល​ក៏​ដុត​ក្រុង​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​ក្រុង​នោះ។ ចំណែក​ឯ​ប្រាក់ មាស និង​គ្រឿង​ដែល​ធ្វើ​ពី​ស្ពាន់​និង​ដែក​វិញ ពួក​គេ​ទុក​ក្នុង​ឃ្លាំង​ទ្រព្យ​នៅ​ត្រសាល​របស់​ព្រះ​យេហូវ៉ា។+ ២៥  ក៏​ប៉ុន្តែ យ៉ូស្វេ​បាន​ទុក​ជីវិត​ឲ្យ​រ៉ាហាប​ជា​ស្ត្រី​ពេស្យា ពួក​អ្នក​ផ្ទះ​របស់​ឪពុក​នាង និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​នាង+ ដោយ​សារ​នាង​បាន​ជួយ​លាក់​បុរស​ពីរ​នាក់​ដែល​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើបការណ៍​នៅ​ក្រុង​យេរីខូ។+ ម្ល៉ោះ​ហើយ នាង​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​រហូត​មក​ដល់​សព្វ​ថ្ងៃ។+ ២៦  នៅ​ពេល​នោះ យ៉ូស្វេ​បាន​ប្រកាស​ពាក្យ​សម្បថ*ថា​៖ ​«​អ្នក​ណា​ដែល​ហ៊ាន​សង់​ក្រុង​យេរីខូ​ឡើង​វិញ អ្នក​នោះ​នឹង​ត្រូវ​បណ្ដា​សា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ ពេល​ណា​គាត់​ចាក់​គ្រឹះ​ក្រុង​នេះ ពេល​នោះ​កូន​ច្បង​របស់​គាត់​នឹង​ត្រូវ​ស្លាប់ ហើយ​ពេល​ណា​គាត់​ដាក់​ទ្វារ​ក្រុង ពេល​នោះ​កូន​ពៅ​របស់​គាត់​នឹង​បាត់​បង់​ជីវិត​»។+ ២៧  ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​យ៉ូស្វេ+ ហើយ​យ៉ូស្វេ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ​ទូ​ទាំង​ផែនដី។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​យ៉ូស្វេ​បាន​ឲ្យ​បណ្ដា​ជន​ធ្វើ​ពាក្យ​សម្បថ​»​