យ៉ូស្វេ ៨:១-៣៥

  • យ៉ូស្វេ​ពួន​ចាំ​វាយ​ឆ្មក់​ក្រុង​អៃ (​១​-​១៣)

  • ដណ្ដើម​បាន​ក្រុង​អៃ​ដោយ​ជោគ​ជ័យ (​១៤​-​២៩)

  • អាន​ច្បាប់​នៅ​ភ្នំ​អេបាល (​៣០​-​៣៥)

 ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូស្វេ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​ឡើយ។+ ចូរ​អ្នក​នាំ​កង​ទ័ព​ទាំង​អស់​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​អៃ។ មើល! ខ្ញុំ​បាន​ប្រគល់​ក្រុង​អៃ ស្ដេច ប្រជារាស្ត្រ និង​ស្រុក​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។+ ២  ចូរ​ចាត់​ការ​ក្រុង​អៃ​និង​ស្ដេច​ក្រុង​នោះ ដូច​ដែល​អ្នក​បាន​ចាត់​ការ​ក្រុង​យេរីខូ​និង​ស្ដេច​ក្រុង​នោះ​ដែរ។+ ប៉ុន្តែ លើក​នេះ​អ្នក​រាល់​គ្នា​អាច​យក​ជ័យ​ភណ្ឌ​និង​ហ្វូង​សត្វ​ពី​ក្រុង​នោះ​ទុក​សម្រាប់​ខ្លួន​បាន។ ចូរ​ពួន​ចាំ​វាយ​ឆ្មក់​នៅ​ខាង​ក្រោយ​ក្រុង​នោះ​»។ ៣  ដូច្នេះ យ៉ូស្វេ​និង​កង​ទ័ព​ទាំង​អស់​បាន​ឡើង​ទៅ ដើម្បី​ច្បាំង​នឹង​ក្រុង​អៃ។ យ៉ូស្វេ​បាន​ជ្រើស​រើស​ពួក​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​ចំនួន​៣​ម៉ឺន​នាក់ ហើយ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ​នៅ​ពេល​យប់។ ៤  គាត់​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ទៅ​ពួន​ចាំ​វាយ​ឆ្មក់​នៅ​ខាង​ក្រោយ​ក្រុង​នោះ តែ​កុំ​ទៅ​ឆ្ងាយ​ពី​ក្រុង​ពេក។ ចូរ​អ្នក​ទាំង​អស់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច។ ៥  រីឯ​ខ្ញុំ​និង​កង​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយនឹងខ្ញុំ យើង​នឹង​ចូល​ទៅ​ជិត​ក្រុង​នោះ។ ពេល​ដែល​ពួក​គេ​ចេញ​មក​ច្បាំង​នឹង​យើង​ដូច​លើក​មុន+ យើង​នឹង​ដក​ថយ​ពី​ពួក​គេ។ ៦  ពេល​នោះ ពួក​គេ​នឹង​ដេញ​តាម​យើង ព្រោះ​ពួក​គេ​គិត​ថា​៖ ‹ពួក​សត្រូវ​ដក​ថយ​ដូច​លើក​មុន​ដែរ›។+ តាម​ពិត យើង​ដក​ថយ​ក្នុង​បំណង​បញ្ឆោត​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង​នោះ។ ៧  បន្ទាប់​មក ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង​លាក់​ខ្លួន ហើយ​ទៅ​ចាប់​យក​ក្រុង​នោះ​ទៅ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រគល់​ក្រុង​នោះ​ឲ្យ​អ្នក​រាល់​គ្នា។ ៨  ក្រោយ​ពី​ចាប់​បាន​ក្រុង​នោះ​ភ្លាម អ្នក​រាល់​គ្នា​ត្រូវ​ដុត​ក្រុង​នោះ​ចោល។+ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ មើល! ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​រួច​រាល់​ហើយ​»។ ៩  រួច​មក យ៉ូស្វេ​ចាត់​កង​ទ័ព​វាយ​ឆ្មក់​ឲ្យ​ចេញ​ទៅ។ ពួក​គេ​ក៏​ធ្វើ​ដំណើរ​ទៅ​ខាង​លិច​ក្រុង​អៃ ហើយ​លាក់​ខ្លួន​នៅ​ខាង​ក្រោយ​ក្រុង​នោះ គឺ​នៅ​រវាង​ក្រុង​បេតអែល​និង​ក្រុង​អៃ។ នៅ​យប់​នោះ យ៉ូស្វេ​សម្រាក​ជា​មួយ​នឹង​កង​ទ័ព​ដែល​នៅ​សល់។ ១០  យ៉ូស្វេ​បាន​ក្រោក​ពី​ព្រលឹម ហើយ​ឲ្យ​កង​ទ័ព​មក​ជួប​ជុំ​គ្នា។ រួច​គាត់​និង​ពួក​បុរស​ចាស់​ទុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នាំ​មុខ​ពួក​គេ​ឡើង​ទៅ​ក្រុង​អៃ។ ១១  កង​ទ័ព​ទាំង​អស់+ដែល​នៅ​ជា​មួយ​នឹង​យ៉ូស្វេ ធ្វើ​ដំណើរ​ទៅ​ដល់​ខាង​មុខ​ក្រុង​អៃ ហើយ​បោះ​ទ័ព​នៅ​ខាង​ជើង​ក្រុង​នោះ។ នៅ​ទី​នោះ​មាន​ជ្រលង​ភ្នំ​នៅ​កណ្ដាល​ពួក​គេ​និង​ក្រុង​អៃ។ ១២  ពេល​នោះ​ដែរ កង​ទ័ព​វាយ​ឆ្មក់​ប្រហែល​៥.០០០​នាក់​ដែល​គាត់​បាន​ចាត់​នោះ+ ពួក​គេ​បាន​ទៅ​លាក់​ខ្លួន​នៅ​ខាង​លិច​ក្រុង​អៃ គឺ​នៅ​រវាង​ក្រុង​បេតអែល+និង​ក្រុង​អៃ។ ១៣  ដូច្នេះ កង​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​យ៉ូស្វេ ពួក​គេ​នៅ​ខាង​ជើង​ក្រុង+ ហើយ​កង​ទ័ព​វាយ​ឆ្មក់​បាន​លាក់​ខ្លួន​នៅ​ខាង​លិច​ក្រុង។+ នៅ​យប់​នោះ យ៉ូស្វេ​បាន​ចេញ​ទៅ​កណ្ដាល​ជ្រលង​ភ្នំ។ ១៤  ពេល​ស្ដេច​ក្រុង​អៃ​ឃើញ​ដូច្នោះ គាត់​និង​ពួក​ទាហាន​ស្រូត​ចេញ​ពី​ព្រលឹម ដើម្បី​ទៅ​ច្បាំង​នឹង​កង​ទ័ព​អ៊ីស្រាអែល​នៅ​កន្លែង​មួយ​ដែល​អាច​មើល​ទៅ​ឃើញ​តំបន់​ស្ងាត់​ជ្រងំ។ ប៉ុន្តែ គាត់​មិន​ដឹង​ថា​មាន​កង​ទ័ព​សត្រូវ​លាក់​ខ្លួន​ចាំ​វាយ​ឆ្មក់​នៅ​ខាង​ក្រោយ​ក្រុង​ទេ។ ១៥  ពេល​យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ឃើញ​ពួក​ទាហាន​ក្រុង​អៃ​ចេញ​មក​ច្បាំង​នឹង​ពួក​គេ នោះ​ពួក​គេ​ក៏​នាំ​គ្នា​គេច​ខ្លួន​ទៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។+ ១៦  រួច​មក ពួក​ទាហាន​ក្រុង​អៃ​ដែល​នៅ​សល់​ក្នុង​ក្រុង​ក៏​បាន​ត្រូវ​ហៅ​ឲ្យ​ទៅ​ដេញ​តាម​កង​ទ័ព​អ៊ីស្រាអែល​ដែរ។ ពួក​ទាហាន​ក្រុង​អៃ​បាន​ដេញ​តាម​យ៉ូស្វេ កាន់​តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុង​របស់​ពួក​គេ។ ១៧  ពួក​គេ​ទាំង​អស់​បាន​ដេញ​តាម​កង​ទ័ព​អ៊ីស្រាអែល មិន​មាន​សល់​ទាហាន​ណា​ម្នាក់​នៅ​ក្នុង​ក្រុង​អៃ​និង​ក្រុង​បេតអែល​ឡើយ។ ពួក​គេ​បាន​ចេញ​ទៅ​ដោយ​ទុក​ទ្វារ​ក្រុង​ឲ្យ​នៅ​ចំហ។ ១៨  ពេល​នោះ ព្រះ​យេហូវ៉ា​ប្រាប់​យ៉ូស្វេ​ថា​៖ ​«​ចូរ​លើក​លំពែង​ខ្លី​តម្រង់​ទៅ​ក្រុង​អៃ+ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​ក្រុង​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​»។+ ដូច្នេះ យ៉ូស្វេ​ក៏​លើក​លំពែង​ខ្លី​តម្រង់​ទៅ​ក្រុង​នោះ។ ១៩  ពេល​កង​ទ័ព​វាយ​ឆ្មក់​ឃើញ​យ៉ូស្វេ​លើក​លំពែង​ភ្លាម ពួក​គេ​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន ទៅ​ចាប់​យក​ក្រុង​នោះ។ បន្ទាប់​មក ពួក​គេ​ក៏​ដុត​ក្រុង​នោះ​ចោល​ភ្លាម​ៗ។+ ២០  ពេល​ពួក​ទាហាន​ក្រុង​អៃ​ងាក​ក្រោយ ពួក​គេ​ឃើញ​ផ្សែង​ហុយ​ទ្រ​លោម​ចេញ​ពី​ក្រុង​របស់​ពួក​គេ។ ពួក​គេ​ក៏​លែង​មាន​កម្លាំង​រត់​គេច​ខ្លួន​ទៅ​ខាង​ណា​ឡើយ។ ពេល​ឃើញ​ដូច្នោះ កង​ទ័ព​អ៊ីស្រាអែល​ដែល​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ក៏​បែរ​មក​វាយ​ពួក​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ ២១  គឺ​ពេល​យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ឃើញ​កង​ទ័ព​វាយ​ឆ្មក់​ដណ្ដើម​បាន​ក្រុង​អៃ ហើយ​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ក្រុង​នោះ ពួក​គេ​បាន​បែរ​មក​វាយលុក​ពួក​ទាហាន​ក្រុង​អៃ​វិញ។ ២២  រីឯ​កង​ទ័ព​វាយ​ឆ្មក់ ពួក​គេ​ក៏​បាន​ចេញ​ពី​ក្រុង​អៃ​មក​វាយលុក​ពួក​ទាហាន​ក្រុង​អៃ​ដែរ ធ្វើ​ឲ្យ​ពួក​ទាហាន​ក្រុង​អៃ​ជាប់​នៅ​កណ្ដាល ព្រោះ​មាន​កង​ទ័ព​អ៊ីស្រាអែល​ទាំង​ខាង​មុខ​ទាំង​ខាង​ក្រោយ។ កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​គេ​អស់​គ្មាន​សល់​សូម្បី​តែ​ម្នាក់។+ ២៣  ប៉ុន្តែ កង​ទ័ព​អ៊ីស្រាអែល​បាន​ចាប់​ស្ដេច​ក្រុង​អៃ+ទាំង​រស់ ហើយ​នាំ​ទៅ​ជួប​យ៉ូស្វេ។ ២៤  ក្រោយ​ពី​កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​ទាហាន​ក្រុង​អៃ​ទាំង​អស់​ដែល​ដេញ​តាម​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ​រួច​ហើយ កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​បាន​ត្រឡប់​ទៅ​ក្រុង​អៃ ហើយ​សម្លាប់​មនុស្ស​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​នោះ។ ២៥  នៅ​ថ្ងៃ​នោះ ពួក​អ្នក​ក្រុង​អៃ​ទាំង​ប្រុស​ទាំង​ស្រី​ដែល​បាន​ត្រូវ​សម្លាប់ គឺ​មាន​ចំនួន​១២.០០០​នាក់។ ២៦  យ៉ូស្វេ​មិន​បាន​ដាក់​លំពែង​ចុះ​ឡើយ+ ទាល់​តែ​ពួក​អ្នក​ក្រុង​អៃ​ទាំង​អស់​បាន​ត្រូវ​សម្លាប់​គ្មាន​សល់។+ ២៧  ក៏​ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​បាន​យក​ហ្វូង​សត្វ​និង​ជ័យ​ភណ្ឌ​ពី​ក្រុង​នោះ​ទុក​សម្រាប់​ខ្លួន ស្រប​តាម​បង្គាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​យ៉ូស្វេ។+ ២៨  រួច​មក យ៉ូស្វេ​បាន​ដុត​បំផ្លាញ​ក្រុង​អៃ​ឲ្យ​ទៅ​ជា​គំនរ​បាក់​បែក+ ហើយ​គំនរ​នោះ​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ២៩  យ៉ូស្វេ​បាន​សម្លាប់​ស្ដេច​ក្រុង​អៃ ហើយ​យក​សាក​សព​ទៅ​ព្យួរ​លើ​បង្គោល​មួយ​រហូត​ដល់​ពេល​ល្ងាច។ ពេល​ថ្ងៃ​ហៀប​លិច គាត់​ឲ្យ​គេ​យក​សាក​សព​នោះ​ចុះ​មក​វិញ។+ រួច​មក ពួក​គេ​បោះ​សាក​សព​នោះ​ទៅ​មាត់​ច្រក​ទ្វារ​កំពែង​ក្រុង ហើយ​យក​ថ្ម​ជា​ច្រើន​មក​គរ​ពី​លើ​សាក​សព​នោះ ហើយ​គំនរ​ថ្ម​នោះ​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៣០  ក្រោយ​មក យ៉ូស្វេ​បាន​សង់​ទី​បូជា​មួយ​នៅ​លើ​ភ្នំ​អេបាល+ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ៣១  ដូច​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល និង​ដូច​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់+ម៉ូសេ​ថា​៖ ​«​ចូរ​សង់​ទី​បូជា​មួយ​ធ្វើ​ពី​ដុំ​ថ្ម ដោយ​មិន​ដាប់​ដុំ​ថ្ម​ទាំង​នោះ​ឡើយ​»។*+ នៅ​លើ​ទី​បូជា​នោះ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ទៅ​ព្រះ​យេហូវ៉ា។+ ៣២  រួច​មក យ៉ូស្វេ​បាន​សរសេរ​ច្បាប់​ម៉ូសេ​នៅ​លើ​ថ្ម​ទាំង​នោះ គឺ​ជា​ច្បាប់+ដែល​ម៉ូសេ​បាន​សរសេរ​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ៣៣  ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​រូប រួម​ទាំង​ពួក​បុរស​ចាស់​ទុំ ពួក​អ្នក​នាំ​មុខ និង​ពួក​អ្នក​សម្រេច​ក្ដី ពួក​គេ​ទាំង​អស់​គ្នា​បាន​ឈរ​អម​សង​ខាង​ពួក​សង្ឃ​លេវីដែល​កំពុង​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា ទាំង​បែរ​មុខ​ទៅ​ពួក​សង្ឃ។ ពួក​ជន​បរទេស​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។+ បណ្ដា​ជន​ពាក់​កណ្ដាល​ឈរ​នៅ​មុខ​ភ្នំ​កេរិស៊ីម ហើយ​ពាក់​កណ្ដាល​ទៀត​ឈរ​នៅ​មុខ​ភ្នំ​អេបាល+ (​ដូច​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​បង្គាប់​)+ ដើម្បី​ឲ្យ​ពរ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។ ៣៤  បន្ទាប់​មក យ៉ូស្វេ​អាន​ដោយ​សំឡេង​ឮ​ៗ​នូវ​គ្រប់​បញ្ញត្តិ​ទាំង​អស់+ រួម​ទាំង​ពរ+ ទាំង​បណ្ដាសា+ ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​ម៉ូសេ។ ៣៥  យ៉ូស្វេ​អាន​គ្រប់​ពាក្យ​ដែល​ម៉ូសេ​បាន​បង្គាប់ គ្មាន​ខ្វះ​ពាក្យ​ណា​មួយ​ឡើយ។ គាត់​បាន​អាន​ឮ​ៗ​នៅ​ចំពោះ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់+ រួម​ទាំង​ស្រី​ៗ កូន​ក្មេង និង​ពួក​ជន​បរទេស+ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ដោយ​មិន​ប្រើ​ឧបករណ៍​ដែក​ឡើយ​»​