យ៉ូហានទី១ ១:១-១០

  • ពាក្យ​ដែល​ផ្ដល់​ជីវិត (​១​-​៤)

  • ដើរ​ក្នុង​ពន្លឺ (​៥​-​៧)

  • ត្រូវ​សារភាព​ការ​ខុស​ឆ្គង (​៨​-​១០)

 យើង​កំពុង​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា អំពី​លោក​ដែល​មាន​នៅ​កាល​ពី​ដើម​ដំបូង ជា​អ្នក​ដែល​យើង​បាន​ឮ​និង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ថែម​ទាំង​បាន​សង្កេត​មើល ហើយ​ក៏​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់​ផង លោក​ជា​អ្នក​នាំ​ពាក្យ​ដែល​ផ្ដល់​ជីវិត+ ២  (​ជីវិត​នោះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ពិត​មែន។ យើង​បាន​ឃើញ និង​ជា​សាក្សី​អំពី​រឿង​នេះ+ ហើយ​កំពុង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ដែល​បាន​មក​ពី​បិតា​នៅ​ស្ថាន​សួគ៌ និង​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​)។ ៣  យើង​កំពុង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​ឮ ដើម្បី​ឲ្យ​អ្នក​អាច​រួម​ចំណែក​ជា​មួយ​នឹង​យើង​ដែរ។+ ដោយ​ធ្វើ​ដូច្នេះ យើង​ទាំង​អស់​គ្នា​ក៏​រួម​ចំណែក​ជា​មួយ​នឹង​លោក​យេស៊ូ​គ្រិស្ត​និង​បិតា​របស់​លោក។+ ៤  នេះ​ជា​មូលហេតុ​ដែល​យើង​សរសេរ​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​អំណរ​របស់​យើង​ទាំង​អស់​គ្នា​បាន​ពេញ​លេញ។ ៥  នេះ​ជា​បណ្ដាំ​ដែល​យើង​បាន​ឮ​ពី​លោក​យេស៊ូ ហើយ​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​គឺ​ជា​ពន្លឺ+ ហើយ​គ្មាន​ភាព​ងងឹត​នៅ​ក្នុង​ព្រះ​ឡើយ។ ៦  ប្រសិន​បើ​យើង​និយាយ​ថា​«​យើង​កំពុង​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​»​ ប៉ុន្តែ​យើង​នៅ​តែ​ដើរ​ក្នុង​ភាព​ងងឹត នោះ​មាន​ន័យ​ថា​យើង​ជា​អ្នក​ភូត​ភរ ហើយ​ក៏​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដែរ។+ ៧  ក៏​ប៉ុន្តែ ប្រសិន​បើ​យើង​ដើរ​ក្នុង​ពន្លឺ ដូច​ព្រះ​នៅ​ក្នុង​ពន្លឺ នោះ​យើង​កំពុង​រួម​ចំណែក​ជា​មួយ​គ្នា​មែន ហើយ​ឈាម​របស់​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ ក៏​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់។+ ៨  ប្រសិន​បើ​យើង​និយាយ​ថា​«​យើង​គ្មាន​ភាព​ខុស​ឆ្គង​ទេ​»​ នោះ​យើង​កំពុង​បញ្ឆោត​ខ្លួន+ ឯ​សេចក្ដី​ពិត​ក៏​មិន​នៅ​ក្នុង​យើង​ដែរ។ ៩  ក៏​ប៉ុន្តែ បើ​យើង​សារភាព​ការ​ខុស​ឆ្គង​របស់​យើង នោះ​ព្រះ​នឹង​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​នោះ ហើយ​នឹង​សម្អាត​យើង​ឲ្យ​អស់​លក្ខណៈ​មិន​សុចរិត ពី​ព្រោះ​លោក​ស្មោះ​ត្រង់​និង​សុចរិត។+ ១០  ប្រសិន​បើ​យើង​និយាយ​ថា​«​យើង​មិន​ធ្លាប់​ធ្វើ​ខុស​ទេ​»​ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះ​ជា​អ្នក​កុហក ហើយ​បណ្ដាំ​របស់​ព្រះ​មិន​នៅ​ក្នុង​យើង​ឡើយ។

កំណត់សម្គាល់