យ៉ូហានទី២ ១:១-១៣

  • ការ​សួរ​សុខ​ទុក្ខ (​១​-​៣)

  • ចូរ​បន្ត​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត (​៤​-​៦)

  • ចូរ​ប្រយ័ត្ន​ពួក​អ្នក​បោក​បញ្ឆោត (​៧​-​១១)

    • កុំ​ជម្រាប​សួរ​ឲ្យ​សោះ (​១០, ១១)

  • គម្រោង​ទៅ​លេង​និង​ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ (​១២, ១៣)

១  ពី​ខ្ញុំ​ជា​បុរស​ចាស់​ទុំ* ជូន​ចំពោះ​ស្ត្រី​ដែល​បាន​ត្រូវ​រើស​តាំង និង​កូន​របស់​នាង ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ស្មោះ។ មិន​ត្រឹម​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ស្រឡាញ់ តែ​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ ២  យើង​ស្រឡាញ់​អ្នក​រាល់​គ្នា ដោយ​សារ​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ចិត្ត​យើង ហើយ​សេចក្ដី​ពិត​នោះ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​យើង​ជា​រៀង​រហូត។ ៣  យើង​ទាំង​អស់​គ្នា​នឹង​ទទួល​គុណ​ដ៏​វិសេស​លើស​លប់ សេចក្ដី​មេត្តា​ករុណា សេចក្ដី​សុខ​សាន្ត សេចក្ដី​ពិត និង​សេចក្ដី​ស្រឡាញ់ ពី​ព្រះ​ដែល​ជា​បិតា​និង​ពី​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​ព្រះ។ ៤  ខ្ញុំ​មាន​អំណរ​ក្រៃ​លែង ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​កូន​ខ្លះ​របស់​នាង​កំពុង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត+ ដូច​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ ៥  ដូច្នេះ នាង​អើយ! ឥឡូវ​ខ្ញុំ​សុំ​ឲ្យ​យើង​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក (​អ្វី​ដែល​ខ្ញុំ​សរសេរ​មក​នេះ មិន​មែន​ជា​បញ្ញត្ដិ​ថ្មី​ឡើយ តែ​ជា​បញ្ញត្ដិ​ដែល​យើង​រាល់​គ្នា​បាន​ទទួល​ពី​ដើម​ដំបូង​)។+ ៦  ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ន័យ​ថា យើង​បន្ត​កាន់​តាម​បញ្ញត្ដិ​របស់​លោក+ ហើយ​បញ្ញត្ដិ​របស់​លោក​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​ដំបូង​គឺ អ្នក​ត្រូវ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ត​ទៅ​ទៀត។ ៧  ព្រោះ​មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់​បាន​លេច​មក​ក្នុង​ពិភព​លោក​នេះ។+ អ្នក​ទាំង​នោះ​មិន​ព្រម​ទទួល​ស្គាល់​ថា លោក​យេស៊ូ​គ្រិស្ត​ធ្លាប់​បាន​មក​កើត​ជា​មនុស្ស​ទេ។+ គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​សត្រូវ​របស់​គ្រិស្ត។+ ៨  ចូរ​ប្រយ័ត្ន! ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​ប្រយោជន៍​ពី​កិច្ច​ការ​ដែល​យើង​ខំ​ប្រឹង​ធ្វើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ពេញ​លេញ​វិញ។+ ៩  អ្នក​ណា​ដែល​ចេះ​តែ​រុល​ទៅ​មុន ហើយ​មិន​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​គ្រិស្ត អ្នក​នោះ​មិន​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​ឡើយ។+ ប៉ុន្តែ អ្នក​ណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​គ្រិស្ត អ្នក​នោះ​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក​ពេញ​ចិត្ត​វិញ។+ ១០  ប្រសិន​បើ​មាន​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​សេចក្ដី​នេះ កុំ​ទទួល​អ្នក​នោះ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក+ ឬ​ជម្រាប​សួរ​អ្នក​នោះ​ឡើយ។ ១១  ព្រោះ​ថា​អ្នក​ដែល​ជម្រាប​សួរ​អ្នក​នោះ គាត់​ក៏​រួម​ចំណែក​ក្នុង​អំពើ​ទុច្ចរិត​របស់​អ្នក​នោះ​ដែរ។ ១២  ទោះ​ជា​មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ដោយ ខ្ញុំ​មិន​ចង់​សរសេរ​នៅ​ក្នុង​សំបុត្រ​ទេ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ឯ​អ្នក​រាល់​គ្នា ហើយ​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ។ ១៣  កូន​ៗ​របស់​បង​ស្រី​នាង គឺ​បង​ស្រី​ដែល​ព្រះ​បាន​រើស​តាំង បាន​ផ្ដាំ​សួរ​សុខ​ទុក្ខ។

កំណត់សម្គាល់

ឬ​«​បុរស​វ័យ​ចាស់​»​