សៀវភៅយ៉ូហាន ១៤:១-៣១
១៤ «កុំឲ្យចិត្តរបស់អ្នករាល់គ្នាថប់បារម្ភឡើយ។+ ចូរបង្ហាញជំនឿលើព្រះ+ ហើយបង្ហាញជំនឿលើខ្ញុំដែរ។
២ ក្នុងលំនៅរបស់បិតាខ្ញុំមានទីអាស្រ័យជាច្រើន។ បើមិនមានច្រើនទេ ខ្ញុំមិននិយាយដូច្នេះទេ។ ប៉ុន្តែ ខ្ញុំនឹងទៅដើម្បីរៀបចំកន្លែងមួយឲ្យអ្នករាល់គ្នា។+
៣ ម្យ៉ាងទៀត ប្រសិនបើខ្ញុំទៅរៀបចំកន្លែងមួយឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងមកម្ដងទៀត រួចនឹងទទួលអ្នករាល់គ្នាទៅឯលំនៅរបស់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។+
៤ ឯកន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាស្គាល់ផ្លូវហើយ»។
៥ ថូម៉ាស់+និយាយទៅកាន់លោកថា៖ «លោកម្ចាស់ យើងមិនដឹងថាលោកនឹងទៅឯណាទេ តើយើងអាចស្គាល់ផ្លូវដូចម្ដេចបាន?»។
៦ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាផ្លូវ+ ជាសេចក្ដីពិត+ និងជាជីវិត។+ គ្មានអ្នកណាអាចមកឯបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ។+
៧ ប្រសិនបើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នានឹងស្គាល់បិតារបស់ខ្ញុំដែរ។ ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងស្គាល់លោក តាមពិតអ្នករាល់គ្នាបានឃើញលោកហើយ»។+
៨ ភីលីពនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ សូមបង្ហាញឲ្យយើងឃើញបិតានៅស្ថានសួគ៌ នោះគ្រប់គ្រាន់ហើយសម្រាប់យើង»។
៩ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ភីលីព ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាយូរហើយ តើអ្នកនៅតែមិនស្គាល់ខ្ញុំឬ? អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ។+ ហេតុដូចម្ដេចបានជាអ្នកនិយាយថា៖ ‹សូមបង្ហាញឲ្យយើងឃើញបិតាដែលនៅស្ថានសួគ៌›ដូច្នេះ?
១០ តើអ្នកមិនជឿថា ខ្ញុំរួបរួមជាមួយនឹងបិតានៅស្ថានសួគ៌ ហើយបិតានៅស្ថានសួគ៌ក៏រួបរួមជាមួយនឹងខ្ញុំដែរទេឬ?+ អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នា មិនមែនមកពីខ្ញុំឡើយ+ ប៉ុន្តែបិតានៅស្ថានសួគ៌ដែលរួបរួមជាមួយនឹងខ្ញុំជានិច្ច លោកកំពុងធ្វើកិច្ចការរបស់លោក។
១១ ចូរជឿខ្ញុំថា ខ្ញុំរួបរួមជាមួយនឹងបិតានៅស្ថានសួគ៌ ហើយបិតានៅស្ថានសួគ៌ក៏រួបរួមជាមួយនឹងខ្ញុំដែរ។ បើមិនដូច្នោះទេ ចូរជឿដោយសារការទាំងប៉ុន្មានដែលខ្ញុំបានធ្វើ។+
១២ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ អ្នកនោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើការដ៏ធំជាងនោះទៅទៀត+ ពីព្រោះខ្ញុំនឹងទៅឯបិតាដែលនៅស្ថានសួគ៌។+
១៣ ម្យ៉ាងទៀត អ្វីក៏ដោយដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើតាមសំណូមពរ ដើម្បីឲ្យបិតានៅស្ថានសួគ៌ទទួលការលើកតម្កើងតាមរយៈបុត្ររបស់លោក។+
១៤ ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើតាមសំណូមពរ។
១៥ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ នោះអ្នករាល់គ្នានឹងប្រព្រឹត្តតាមបញ្ញត្ដិរបស់ខ្ញុំ។+
១៦ ខ្ញុំនឹងសុំបិតានៅស្ថានសួគ៌ រួចលោកនឹងឲ្យអ្នកជួយ*មួយទៀតដល់អ្នករាល់គ្នា ដែលនឹងនៅជាមួយនឹងអ្នករាល់គ្នាជារៀងរហូត+
១៧ ពោលគឺឫទ្ធានុភាពដែលបង្ហាញពីសេចក្ដីពិត។+ ពិភពលោកនេះមិនអាចទទួលឫទ្ធានុភាពនោះបានទេ ពីព្រោះពិភពលោកនេះមិនឃើញ ហើយមិនស្គាល់ឫទ្ធានុភាពនោះឡើយ។+ អ្នករាល់គ្នាស្គាល់ឫទ្ធានុភាពនោះ ពីព្រោះឫទ្ធានុភាពនោះនៅជាប់ជាមួយនឹងអ្នករាល់គ្នា ក៏នៅក្នុងអ្នករាល់គ្នាទៀតផង។
១៨ ខ្ញុំនឹងមិនទុកឲ្យអ្នករាល់គ្នានៅកំព្រាឡើយ។ ខ្ញុំនឹងមកឯអ្នករាល់គ្នា។+
១៩ បន្តិចទៀតពិភពលោកនេះនឹងលែងឃើញខ្ញុំទៀត។ ប៉ុន្តែ អ្នករាល់គ្នានឹងឃើញខ្ញុំ+ ពីព្រោះខ្ញុំរស់ ហើយអ្នករាល់គ្នាក៏នឹងរស់ដែរ។
២០ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំរួបរួមជាមួយនឹងបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នារួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំរួបរួមជាមួយនឹងអ្នករាល់គ្នាដែរ។+
២១ អ្នកណាដែលមានបញ្ញត្ដិរបស់ខ្ញុំ ហើយប្រព្រឹត្តតាម អ្នកនោះស្រឡាញ់ខ្ញុំ ហើយអ្នកណាដែលស្រឡាញ់ខ្ញុំ បិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ថែមទាំងបង្ហាញខ្លួនជាចំហឲ្យអ្នកនោះឃើញផង»។
២២ យូដាស+ (មិនមែនអ៊ីស្ការីយ៉ុតទេ) បាននិយាយទៅកាន់លោកថា៖ «លោកម្ចាស់ តើអ្វីបានកើតឡើងបានជាលោកនឹងបង្ហាញខ្លួនជាចំហឲ្យយើងឃើញ តែមិនបង្ហាញខ្លួនឲ្យពិភពលោកឃើញ?»។
២៣ លោកយេស៊ូតបទៅគាត់ថា៖ «ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ+ ហើយបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងទាំងពីរនឹងមកឯអ្នកនោះ ហើយតាំងលំនៅជាមួយនឹងគាត់។+
២៤ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រព្រឹត្តតាមពាក្យរបស់ខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាកំពុងស្ដាប់ មិនមែនជាពាក្យរបស់ខ្ញុំទេ តែជាបណ្ដាំរបស់បិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក។+
២៥ «កាលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា។
២៦ ប៉ុន្តែ អ្នកជួយ*ដែលជាឫទ្ធានុភាពបរិសុទ្ធដែលបិតានៅស្ថានសួគ៌នឹងចាត់ឲ្យមកក្នុងឈ្មោះខ្ញុំ នឹងបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់ ហើយធ្វើឲ្យអ្នករាល់គ្នានឹកឃើញអ្វីៗដែលខ្ញុំបានប្រាប់។+
២៧ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា។ ខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា។+ ខ្ញុំមិនឲ្យតាមរបៀបដែលពិភពលោកនេះឲ្យទេ។ កុំឲ្យចិត្តរបស់អ្នករាល់គ្នាថប់បារម្ភ ហើយកុំមានចិត្តរួញរាឡើយ។
២៨ អ្នករាល់គ្នាបានឮខ្ញុំនិយាយថា៖ ‹ខ្ញុំនឹងទៅ រួចនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ›។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ នោះអ្នករាល់គ្នានឹងត្រេកអរដោយសារខ្ញុំទៅឯបិតាដែលនៅស្ថានសួគ៌ ពីព្រោះបិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ។+
២៩ ដូច្នេះ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នាមុនការទាំងនោះកើតឡើង ដើម្បីឲ្យអ្នករាល់គ្នាជឿ ពេលដែលការទាំងនោះកើតឡើង។+
៣០ ខ្ញុំនឹងមិននិយាយច្រើនជាមួយនឹងអ្នករាល់គ្នាថែមទៀតឡើយ ព្រោះអ្នកគ្រប់គ្រងពិភពលោកនេះ+ជិតមកដល់ហើយ។ អ្នកនោះមិនមានអំណាចលើខ្ញុំទេ+
៣១ ប៉ុន្តែ ដើម្បីឲ្យពិភពលោកនេះដឹងថាខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌ បានជាខ្ញុំកំពុងធ្វើអ្វីដែលបិតានៅស្ថានសួគ៌បានបង្គាប់ខ្ញុំឲ្យធ្វើ។+ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ។